រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ បានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកនៃគណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ាក់រំពឹងថា នឹងសម្រេចកិច្ចព្រមព្រៀងនៅថ្ងៃសុក្រជាមួយរដ្ឋបាលលោកប្រធានាធិបតី Joe Biden ដើម្បីបញ្ចប់បេសកកម្មប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូអេភាសាឃឺដ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein បានពិភាក្សាអំពីលក្ខណៈកិច្ចសហប្រតិបត្តិការ ដែលស្នើឡើងរវាងប្រទេសលោក និងកងកម្លាំងសហរដ្ឋអាមេរិក នៅពេលមានកិច្ចព្រមព្រៀង ជាពិសេសការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។
លោកប្រាប់វីអូអេថា «តាមគំនិតរបស់ខ្ញុំ យើងមានកិច្ចព្រមព្រៀងនៅថ្ងៃសុក្រ បន្ទាប់មកនឹងត្រូវប្រកាសថា កងកម្លាំងប្រយុទ្ធរបស់អាមេរិក នឹងមិននៅក្នុងប្រទេសអ៊ីរ៉ាក់ទៀតទេ។ ប៉ុន្តែពួកគេមិននៅតាមរបៀបណា ហើយពេលណាពួកគេចាកចេញ គឺទាក់ទងទៅនឹងការកំណត់ពេលវេលា ព្រមព្រៀងដោយភាគីទាំងពីរ ហើយនឹងបញ្ហាបច្ចេកទេស និងបញ្ហាផ្សេងទៀតទាក់ទងនឹងសន្តិសុខរបស់កងកម្លាំង»។
កិច្ចពិភាក្សានៅរដ្ឋធានីវ៉ាស៊ីនតោន កំពុងកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំនៅថ្ងៃចន្ទរវាងលោកប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhimi នៅសេតវិមាន។ លោកទាំងពីរមានផែនការពិភាក្សាលើប្រធានបទជាច្រើន រួមមានកិច្ចសហប្រតិបត្តិការបញ្ហានយោបាយ សេដ្ឋកិច្ច សន្តិសុខ និងវប្បធម៌។
លោក Hussein នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃសុក្រ។ មន្ត្រីអ៊ីរ៉ាក់បានប្រាប់វីអូអេថា កិច្ចពិភាក្សារបស់លោកទាំងពីរ«នឹងផ្តោតលើបញ្ហាជាច្រើនរួមមានប្រេង ថាមពល អគ្គិសនី ឧស្ម័ន វប្បធម៌ សុខភាព យោធា និងសន្តិសុខ ហើយនឹងហិរញ្ញវត្ថុ»។
កាលពីដើមសប្តាហ៍ គ្រាប់បែកអត្តឃាតមួយបានផ្ទុះនៅរដ្ឋធានីប្រទេសអ៊ីរ៉ាក់ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៣៤នាក់។ ការវាយប្រហារដែលប្រកាសទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាមនេះ គឺជាអំពើហិង្សាដែលកងកម្លាំងអ៊ីរ៉ាក់បណ្តុះបណ្តាល និងបំពាក់សម្ភារៈដោយសហរដ្ឋអាមេរិក កំពុងព្យាយាមទប់ស្កាត់៕
Jeff Seldin និង Rikar Hussein រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ