ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្ដមសេនីយ៍​យោធា​អាមេរិក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​មេបញ្ជាការនៅអាហ្វហ្គានីស្ថាន​ ដើម្បី​ជា​​និមិត្តរូប​​ក្នុង​ការ​បញ្ចប់​សង្រ្គាម​


លោកឧត្តមសេនីយ៍ Austin Miller ដែល​ដឹកនាំ​កង​ទ័ព​អាមេរិក​ក្នុង​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន ថ្លែង​សុន្ទរកថា​ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ (Photo by WAKIL KOHSAR / AFP)
លោកឧត្តមសេនីយ៍ Austin Miller ដែល​ដឹកនាំ​កង​ទ័ព​អាមេរិក​ក្នុង​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន ថ្លែង​សុន្ទរកថា​ នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ (Photo by WAKIL KOHSAR / AFP)

ឧត្តមសេនីយ៍​យោធា​សហរដ្ឋ​អាមេរិក​លោក Austin Miller ដែល​ដឹកនាំ​កង​ទ័ព​អាមេរិក​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​ចុះចេញ​ពី​តួនាទី​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាមេរិក ខណៈ​ពេល​ដែល​ក្រុម​ឧទ្ទាម​តាលីបង់​កំពុង​រុល​ទៅ​មុខ​យ៉ាង​ខ្លាំង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Miller នឹង​ក្លាយ​ជា​ឧត្ដមសេនីយ៍​យោធា​អាមេរិក​ផ្កាយ​៤​ចុង​ក្រោយនៅ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​កាប៊ុល​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​មុនថ្ងៃប្រកាសបិទ​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​បេសកកម្ម​យោធា​អាមេរិក​ក្នុង​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ខាង​មុខ​ដែល​ជា​ថ្ងៃដែលប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ដាក់​ចេញ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដក​កង​កម្លាំង​យោធាអាមេរិក​ទាំង​អស់​ចេញ​ពី​សង្គ្រាម​ដែល​មាន​រយៈ​ពេល២ទសវត្សរ៍​នេះ​នៅ​ក្នុង​ប្រទេស​នេះ។

ទោះបី​ជា​ពិធី​នេះ​ជា​ការ​បង្ហាញ​ពី​អត្ថន័យ​ខ្លះៗនៃ​ការ​បញ្ចប់​សង្គ្រាមសម្រាប់យុទ្ធជន​ជើង​ចាស់​អាមេរិក​ដែល​ធ្លាប់បាន​បំពេញ​បេសកកម្ម​ក្នុង​អាហ្វហ្គានីស្ថាន​ក៏ដោយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​គេ​នឹងទទួល​បាន​ជោគជ័យក្នុង​ការធានាដល់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មួយដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​នោះ​ឬយ៉ាង​ណានោះ ស្រប​ពេល​ដែល​ក្រុម​ឧទ្ទាម​តាលីបង់​កំពុង​ធ្វើ​ការ​វាយ​ប្រហារ ​និង​កាន់​កាប់​ទឹក​ដីជា​ច្រើន​កន្លែង​ថែម​ទៀត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ចាប់​តាំង​ពី​សង្គ្រាមនេះ​កើត​មាន​ឡើង។​

ឧត្តម​សេនីយ៍​យោធា​ម៉ារីន​អាមេរិក​លោក Kenneth McKenzie ដែល​ទីបញ្ជាការដ្ឋាន​កណ្តាលរបស់​លោក​ស្ថិត​ក្នុង​រដ្ឋ Floridaជា​អ្នក​ត្រួត​ពិនិត្យ​កង​កម្លាំង​អាមេរិក​ក្នុង​តំបន់សង្គ្រាម​មួយ​ចំនួន​ ដែល​រួម​មាន​ប្រទេស​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់​ និង​ស៊ីរី​ បាន​ធ្វើដំណើរ​តាមយន្តហោះ​ទៅ​កាន់​រដ្ឋធានី​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​ដើម្បីបញ្ជាក់​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​អាមេរិកក្នុង​ពេល​អនាគត​ដល់​កង​កម្លាំង​សន្តិសុខ​របស់​ប្រទេស​នេះ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូចនេះ​ថា៖ «យើង​ទទួល​ស្គាល់​ថា ការ​ជួយ​ឧបត្ថម្ភ​របស់​អាមេរិកក្នុង​ពេល​ខាង​មុខ​នឹង​មាន​ភាព​ខុស​គ្នា​ខ្លាំងពី​អតីតកាល។ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ថា​វាមាន​ភាព​ខុស​គ្នា​ប៉ុណ្ណា​នោះ​ទេ​ ក៏​ប៉ុន្តែយើង​នឹង​តែ​ជួយ​ពួក​គេ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​បាន​ថ្លែងដោយ​ប្រុង​ប្រយ័ត្ន​ថា បើ​តាមទស្សនៈ​របស់​លោក​ ក្រុម​តាលីបង់​ ហាក់​ដូច​ជា​កំពុង​ស្វះ​ស្វែងរក​ដំណោះ​ស្រាយ​យោធា​មួយលើ​សង្គ្រាម​នេះ​ដែល​អាមេរិក​បាន​ព្យាយាមមិន​បាន​ជោគជ័យដើម្បី​បញ្ចប់​វាតាម​តាមរយៈ​កិច្ច​ព្រមព្រៀងសនិ្តភាព​មួយ​រវាងក្រុម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នោះ។

លោក​បន្ត​ទៀត​ថា ទី​រួមខេត្ត​មួយ​ចំនួនរបស់​អាហ្វហ្គានីស្ថាន​កំពុង​ស្ថិត​ក្នុង​ហានិភ័យ ប៉ុន្តែ​លោក​កត់​សម្គាល់​ថា កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ដែល​គាំទ្រ​ដោយ​អាមេរិក​មាន​ការ​តាំង​ចិត្ត​ដើម្បីតស៊ូ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​សម្រាប់​ទី​រួម​ខេត្ត​ទាំង​នោះ។ ទោះបី​លោក​ឧត្តម​សេនីយ៍ Miller ចុះចេញ​ពី​តំណែង​ជា​មេបញ្ជាការដឹកនាំកម្លាំង​ប្រយុទ្ធ​ក្នុង​អាហ្វហ្គានីស្ថាន​ក្តី ក៏​លោក​ឧត្ដមសេនីយ៍ McKenzie អាច​បញ្ជាការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​លើ​ក្រុម​តាលីបង់​ផង​ដែរ​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែ​សីហាខាង​មុខ​ដើម្បី​គាំទ្រ​ដល់​កង​កម្លាំងរបស់​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

ប៉ុន្តែ​បន្ទាប់​ពី​ពេលនោះ ការវាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អាមេរិក​នៅ​ក្នុង​អាហ្វហ្គានីស្ថាន​គឺ​ផ្តោត​លើប្រតិបត្តិការប្រឆាំង​ភេរវកម្ម ក្រុម​អាល់ខាយដា (al Qaida) និង​ក្រុម​រដ្ឋ​ឥស្លាម​វិញ​៕

XS
SM
MD
LG