ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សូម្បី​​ក្រោយ​ស្លាប់ មេបញ្ជាការ​យោធា​កំពូល​អ៊ីរ៉ង់​​​អាច​​បន្ត​ស្ថិត​នៅ​​​ជា​សត្រូវ​​​ដ៏​ស្វិតស្វាញ​​​​​


ក្រុម​បាតុករ​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល ខណៈ​ដែល​ពួក​គេ​កាន់​បដា​មាន​​រូប​លោក Qasem Soleimani ក្នុង​ដែន​ដី​កាស្មៀរ​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា ឆ្នាំ​២០២០។

លោក​ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការ​ដ៏មាន​ឥទ្ធិពល​លើសលុប​នៃ​កងកម្លាំង​ពិសេស Quds របស់​អ៊ីរ៉ង់ បាន​រួច​ផុត​ពី​ការ​ស្លាប់​ជាច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​លើក​នេះ លោក​មិន​អាច​រួច​ផុត​ពី​គ្រាប់​មីស៊ីល​ដែល​បញ្ជា​ដោយ​ដ្រូន​របស់​សហរដ្ឋ​អាមេរិក​ ដែល​បាន​វាយប្រហារ​ទៅ​លើ​ក្បួន​យោធា​របស់​លោក ភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ទៅ​ដល់​ទីក្រុង​បាដាដ ក្នុង​ដំណើរ​វិលត្រឡប់​ពី​ប្រទេស​លីបង់​វិញ​ទេ។

ផលវិបាក​ដែល​កើត​ចេញ​ពី​ការ​វាយប្រហារ​ទៅ​លើ​ផ្លូវមួយ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​បាដាដ​ កាល​ពី​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា​កន្លង​ទៅ​នេះ នឹង​នៅ​ស្ថិត​ស្ថេរ​យូរ​ជាង​ ភាព​ខ្ទេចខ្ទី​ដែល​កើតឡើង​ដោយ​សារ​តែ​ការ​វាយប្រហារ​នេះ។

លោក Soleimani គឺ​ជា​អ្នក​យុទ្ធសាស្ត្រ​យោធា​និង​ជា​អ្នក​រៀបចំ​យុទ្ធវិធី​ដ៏​សំខាន់​បំផុត​របស់​អ៊ីរ៉ង់​នៅ​ក្នុង​យុទ្ធនាការ​ជា​យូរ​មក​ហើយ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ក្នុង​ការ​ពង្រីក​សាសនា​ឥស្លាម​និកាយ Shi'ite ​និង​ការ​ពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា។ លោក Dexter Filkins ដែល​ជា​អ្នក​ប្រវត្តិសាស្ត្រ​ជើងចាស់​ម្នាក់​ដែល​សិក្សា​អំពី​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​ពណ៌នា​លោក Soleimani នៅ​ក្នុង​អត្ថបទ​មួយ​ដែល​សរសេរ​អំពី​ជីវប្រវត្តិ​របស់​លោកក្នុង​ទស្សនាវដ្ដី New Yorker ថា​ ជា​ «ភ្នាក់ងារ​សម្ងាត់​ដែលមាន​អំណាច​បំផុត​តែម្នាក់​គត់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»។

នេះក៏​ជា​ការ​វាយតម្លៃ​មួយ​ដែល​មន្ត្រី​អតីត​និង​បច្ចុប្បន្នរបស់​សហរដ្ឋ​អាមេរិក​យល់​ស្រប។

លោក Patrick Kimmitt ដែល​ជា​អតីត​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​យោធា​បាន​ថ្លែង​ថា៖ «យើង​បាន​សម្លាប់​បុគ្គល​ដ៏​សំខាន់​បំផុត​ម្នាក់​នៅ​ក្នុង​រដ្ឋាភិបាល​អ៊ីរ៉ង់។ ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​បញ្ហា​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ និង​បញ្ហា​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ាក់​ឈាន​ដល់​កម្រិតថ្មី​មួយ​ទាំងស្រុង។ នេះ​គឺ​ជា​ចំណុច​របត់​មួយ យ៉ាង​ពិត​ប្រាកដ»។

លោក Soleimani វ័យ​៦២​ឆ្នាំ មិនមែន​គ្រាន់​តែ​ជា​មេបញ្ជាការ​យោធា​សាមញ្ញមួយ​រូបនោះ​ទេ។ លោក​គឺ​ជា​បុរស​មាន​អំណាច​ខ្លាំង​បំផុត​ទី​ពីរ​នៅ​អ៊ីរ៉ង់ ដែល​ទទួល​បញ្ជា​តែ​ពីមេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ali Hosseini Khamenei តែ​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត លោក​គឺ​ជា​អ្នក​នៅ​ចំណុច​កណ្តាល​ដែល​គ្រប់គ្រង​និង​ភ្ជាប់​បណ្តាញ​រវាង​កងកម្លាំង​របស់​អ៊ីរ៉ង់​នានានៅ​ក្នុង​តំបន់​នេះ។

លោក Phillip Smyth អ្នក​វិភាគ​ម្នាក់នៃ​វិទ្យាស្ថាន​វ៉ាស៊ីនតោន​សម្រាប់ការ​សិក្សាគោល​នយោបាយ​តំបន់​ក្បែរ​ខាង​កើត ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​សរសេរ​សារ​លើ​ Twitter ថា «លោក​គឺ​ជា​បុគ្គល​ចម្បង​ម្នាក់ ដែល​ដឹកនាំ​បណ្ដាញ​ឥស្លាម​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់ ដែល​មាន​យុទ្ធជន​រាប់​ម៉ឺន​នាក់​ មក​ពី​ដែនដី​ប៉ាឡេស្ទីន លីបង់ អ៊ីរ៉ាក់ បារ៉ែន និង​ស៊ីរី ជាដើម»។

លោក Charles Lister អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា The Syrian Jihad ​និយាយ​ថា៖ «ផល​វិបាក​ពីការ​សម្លាប់​លោក Soleimani ធំធេង​ពិបាក​នឹង​ប៉ាន់ស្មាន​ណាស់ ហើយ​នេះ​នឹង​ស្ថិត​នៅជា​រឿង​ធំ​បំផុត​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត។

លោក Lister បាន​ថ្លែង​ទៀត​ថា៖ «ការ​សម្លាប់លោក Soleimani មាន​ឥទ្ធិពល​លើស​លុប​ខ្លាំង​ជាង​ការ​សម្លាប់លោក​ Osama Bin Laden ឬ​លោក Baghdadi ដែល​ជា​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម បើ​និយាយ​អំពី​សារៈសំខាន់​ផ្នែក​យុទ្ធសាស្ត្រ​និង​ផលវិបាក​ដែល​កើត​ចេញ​ពី​រឿង​នេះ។ សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​បាន​ពាក់ព័ន្ធ​គ្នា​នៅ​ក្នុង​ការ​សងសឹក​ដ៏​គ្រោះថ្នាក់​មួយ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ប៉ុន្តែ​[ព្រឹត្តិការណ៍​ចុងក្រោយ​]​នេះបាន​នាំភាព​តានតឹង​នេះ​ដល់​កម្រិត​ធ្ងន់ធ្ងរខ្លាំង។ អ៊ីស្រាអែល​បាន​បោះបង់​ចោល​ឱកាស​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ព្រម​សម្លាប់​លោក Soleimani នោះ​ទេ ដោយ​ភ័យ​ខ្លាច​ពី​ផល​វិបាក​ដែលកើត​ចេញ​ពី​ការ​សម្លាប់ភ្នាក់ងារ​សម្ងាត់ដ៏​មាន​អំណាច​បំផុត​របស់​អ៊ីរ៉ង់ ដែល​លោក​ស្ដាប់​តែ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​តែម្នាក់​ប៉ុណ្ណោះ។ ការ​ស្លាប់​របស់​លោក​គឺ​ជា​ការ​បាត់បង់​ដ៏​ធំធេង​ចំពោះ​របៀបវារៈ​ក្នុង​តំបន់​របស់​អ៊ីរ៉ង់»។

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​និង​នៅ​ក្នុង​ចំណោម​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​ទាំងអស់​ដែល​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា លោក Soleimani មាន​ឥទ្ធិពល​ស្ទើរ​ដូច​ព្រះ ហើយ​លោក​ត្រូវ​បាន​ទស្សនាវដ្ដី Time ចាត់​ទុក​ថា​ជា​បុគ្គលម្នាក់​ក្នុង​ចំណោម​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​នាក់​លើ​ពិភពលោក ដែលមាន​ឥទ្ធិពល​ស្មើ​នឹង​ការ​បូកបញ្ចូល​គ្នា​រវាង​ «លោក James Bond លោក Erwin Rommel និង​អ្នកនាង Lady Gaga»។

ភាព​ល្បីល្បាញ​របស់​លោក Soleimani ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​គឺខុស​គ្នា​យ៉ាង​ឆ្ងាយ​ពី​ដើម​កំណើត​យ៉ាង​សាមញ្ញ​របស់​លោក​នៅ​ក្នុង​ភូមិ Qanat-e Malek ដែល​ជា​ភូមិ​តូច​មួយ ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ខេត្ត Kerman ក្នុង​ប្រទេស​អ៊ីរ៉ង់។ លោក​កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ។

កាល​នៅវ័យ​ជំទង់ លោក Soleimani ទៅ​រក​ការងារ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ទីក្រុង Kerman ហើយ​បានផ្ញើ​ប្រាក់​ដែល​លោក​រក​បាន​សឹង​តែ​ទាំងអស់​ទៅ​ឲ្យ​ឪពុកម្ដាយ​របស់​លោក។ ក្រោយ​មក​ លោក​បាន​ក្លាយ​ទៅ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ធ្វើ​ការងារ​ខាង​ប្រព័ន្ធ​ទឹក។

លោក​ចូលចិត្ត​ហាត់​ក្បាច់គុណ​និង​មាន​ខ្សែ​ក្រវាត់​ខ្មៅ​ការ៉ាតេ។ ក្រៅ​ពី​នោះ លោក​មាន​ចំណង់ចំណូលចិត្ត​ខាង​សាសនា​យ៉ាង​ខ្លាំង។ លោក​បាន​ក្លាយ​ទៅ​ជា​កូនចៅ​របស់​អ្នក​ស្និទ្ធ​នឹងលោក Ayatollah Khameinei ដែល​អាច​ឲ្យ​លោក​ចូលរួម​និង​ឡើងដល់តំណែងខ្ពស់​នៅ​ក្នុងកងកម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម។ ឆ្មាំ​បដិវត្តន៍​ឥស្លាម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៧៩​ដើម្បី​ការពារ​របប​ឥស្លាម​ថ្មី។ ក្នុង​នាម​ជា​ឆ្មាំ​ម្នាក់ លោក Soleimani បាន​ចូលរួម​នៅ​ក្នុង​ការគាបសង្កត់​ក្រុម​ឃឺដ​ដែល​ងើប​ឡើង​នៅ​ក្នុង​ខេត្ត West Azerbaijan។ ​

ក្រោយ​មក​ លោក​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ក្លាយ​ជា​មេបញ្ជាការ​នៅ​សមរភូមិ​ដ៏​ក្លាហាន​ក្នុង​សង្គ្រាម​រវាង​អ៊ីរ៉ង់​និង​អ៊ីរ៉ាក់។ នៅ​ក្នុង​អត្ថបទ​អំពី​ជីវប្រត្តិ​របស់​លោក​លើ​ទស្សនាវដ្ដី New Yorker លោក Dexter Filkins បាន​ស្រង់​សម្ដី​របស់​លោក Soleimani និយាយ​ថា៖ «ខ្ញុំ​ប្រឡូក​ក្នុង​សង្គ្រាម​នៅ​ក្នុង​បេសកកម្ម​មួយ​រយៈពេល​តែ​១៥​ថ្ងៃ ប៉ុន្តែ​សម្រេចនៅបន្ត​រហូត​ដល់​សង្គ្រាម​នោះ​ចប់។ យើង​ទាំងអស់​នៅ​ក្មេង ហើយ​ចង់​បម្រើ​ដល់​បដិវត្តន៍»។ លោក Soleimani បាន​ក្លាយ​ជា​មេបញ្ជាការ​កងពល​ធំ​ម្នាក់ ដែល​ជារឿយៗ​ដឹកនាំ​ការ​វាយឆ្មក់​កង​កុម្ម៉ង់ដូ​ចូល​ជ្រៅ​ទៅ​ក្នុង​ដែនដី​អ៊ីរ៉ាក់ និង​ធ្លាប់​រងរបួស​ធ្ងន់​នៅ​ក្នុង​ការ​វាយប្រហារ​មួយ។

នៅ​ក្នុង​ទសវត្សរ៍​១៩៩០ លោក Soleimani បាន​ក្លាយ​ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស al-Quds ដែល​ជា​កងកម្លាំង​ស្រមោល​មួយ ដែល​ធ្វើ​បេសកកម្ម​នៅ​ក្រៅ​ព្រំប្រទល់​អ៊ីរ៉ង់ ហើយ​ជារឿយៗ ធ្វើការ​ជាមួយ​នឹង​អ្នក​នៅ​ក្នុង​ប្រទេស​លីបង់ ​គឺ​ជា​មួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ Hezbollah កាន់​សាសនា​ឥស្លាម​និកាយ Shi'ite ដែល​កងកម្លាំង al-Quds បាន​ជួយ​បង្កើត​ក្រុម​នេះ​ឡើង។ នៅ​ក្នុង​តួនាទី​នោះ លោក Soleimani បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​ពង្រីក​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​របស់​អ៊ីរ៉ង់ ដែល​បាន​បង្កើត​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី និង​លីបង់ ដែល​ក្លាយ​ជា​តំបន់​ភូមិសាស្ត្រមួយ​មាន​រាង​ជា​អឌ្ឍចន្ទ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវបាន​ចាក់​ផ្សាយ​កាល​ពី​ខែ​តុលា លោក Soleimani បាន​លាតត្រដាង​ថា លោក​បាន​ស្ថិតនៅ​ក្នុង​ប្រទេស​លីបង់​កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​ជួយ​ដឹកនាំ​សមរភូមិ​របស់​ក្រុម Hezbollah ជាមួយ​នឹង​ប្រទេស​អ៊ីស្រាអែល។ ជីវប្រវត្តិ​មិន​ធម្មតា​របស់​លោក​នៅ​ក្នុង​សង្គ្រាម​បង្ហាញ​ថា លោក​សំខាន់​ណាស់​សម្រាប់​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អតីត​ក្រុម​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​និង​យោធា​សហរដ្ឋអាមេរិក​។ លោក​គឺ​ជា​អ្នក​រៀបចំ​យុទ្ធវិធី​ម្នាក់​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​របស់​អ៊ីរ៉ាក់​ដែល​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite ទៅ​លើ​ទាហាន​បស្ចិម​ប្រទេស បន្ទាប់​ពី​ការ​ឈ្លានពាន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០០៣​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ពេល​នោះ​អ៊ីរ៉ាក់​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Saddam Hussein។

លោក Patrick Kimmitt ដែល​ជា​អតីត​មន្ត្រី​របស់​សហរដ្ឋអាមេរិក​ម្នាក់​និយាយ​ថា៖ «យើង​បាន​ធ្វើ​បាន​សង្គ្រាម​ដោយ​ប្រយោល​ជាមួយ​នឹង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ តាមពិត​គឺ​លើស​ពី​១០​ឆ្នាំ​ទៅ​ទៀត។ លោក Qassem Soleimani និង​ក្រុម​របស់​លោក​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​កាល​ពី​ឆ្នាំ​២០០៥​និង​២០០៦»។​

លោក Kimmitt បាន​ថ្លែង​ទៀត​ថា កងកម្លាំង​ពិសេស Quds បាន​ផ្គត់ផ្គង់​គ្រឿង​ផ្ទុះ​ដ៏​ប្រល័យ​បំផុត​ដល់​កងកម្លាំង​អ៊ីរ៉ាក់​ដែល​កាន់​សាសនា​ឥស្លាម​និកាយ Shi'ites ដែល​សហរដ្ឋ​អាមេរិក​បាន​ឃើញ​គ្រឿង​ផ្ទុះ​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​ត្រូវ​បាន​កងកម្លាំង​ទាំង​នោះ​សម្លាប់។ ​

សង្គ្រាម​ធ្វើ​ឲ្យ​សត្រូវ​សហការ​គ្នា​កម្ចាត់​សត្រូវ​រួម​មួយ​ផ្សេង​ទៀត។ មេបញ្ជាការ​យោធា​សហរដ្ឋអាមេរិក​មិន​មាន​ជម្រើស​ផ្សេង​ច្រើន​ទេ​កាល​ពី​ឆ្នាំ​២០១៤ ក្រៅ​តែ​ពី​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​រួម​គ្នា​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ប្រឆាំង​នឹង​សត្រូវ​រួម​របស់​ពួកគេ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​នឹង​ក្រុម​ភេរវកម្ម​រដ្ឋឥ​ស្លាម។ ក្រោយ​ពី​រំដោះ​ក្រុង Mosul និង​ក្រុង​របស់​អ៊ីរ៉ាក់​ដទៃ​ទៀត​ពី​ក្រុម​រដ្ឋ​ឥស្លាម បាន​វិញ​ហើយ ​សម្ពន្ធភាព​បណ្ដោះអាសន្ននេះ​បាន​បែកបាក់​គ្នា​វិញ។ ក្រុម​អ្នក​វិភាគ​និយាយ​ថា លោក Soleimani បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាដាដ​ជា​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ដើម្បី​ជួយ​ដឹកនាំ​ការវាយប្រហារ​ដោយ​ផ្ទាល់​របស់​ពួក​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite ទៅ​លើ​កងកម្លាំង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ដឹកនាំ​ការ​តវ៉ា​នានា ដែល​មាន​គោលបំណង​ពង្រីក​ឥទ្ធិពល​អ៊ីរ៉ង់​ទៅ​លើ​អ៊ីរ៉ាក់។

លោក Soleimani បាន​លេច​មុខ​ជា​សាធារណៈ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​នាម​ជា​មេខ្លោង​យោធា​ម្នាក់​ ដែល​ត្រឡប់​មក​ត្រូវរ៉ូវ​គ្នា​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី គឺលោក​ប្រធានាធិបតី Bashar al-Assad។

លោក​បាន​សហការ​ជាមួយ​នឹង​ឧត្តមសេនីយ៍​រុស្ស៊ី​ធ្វើការ​វាយប្រហារ​រួម​គ្នា និង​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូស្គូ​ជា​ញឹកញាប់។ ក្រុម​អ្នក​វិភាគ​និយាយ​ថា លោក​គឺ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​កិច្ច​ខិតខំប្រឹងប្រែង​សម្របសម្រួល​ដល់​សមរភូមិ​រវាង​កងកម្លាំង​របស់​លោក Assad ជាមួយ​នឹង​ពួក​សកម្ម​ប្រយុទ្ធ​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite ដែល​អ៊ីរ៉ង់​បាន​ជួយ​បង្កើត​ក្រុម​នេះ​ពី​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់។ លោក Soleimani ត្រូវ​បណ្ដាញ​ព័ត៌មាន​ចុះ​ផ្សាយ​រូបថត​និង​ផ្សព្វផ្សាយ​ថា​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​នានា ហើយ​ថែម​ទាំង​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​របស់​អ៊ីរ៉ង់​ថែម​ទៀត​ផង។

កាល​ពី​ឆ្នាំ​មុន លោក Soleimani បាន​ព្រមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ក្នុង​សារ​វីដេអូ​ដ៏​អំនួត​មួយ​ថា៖ «ខ្ញុំ​សូម​ប្រាប់​ដល់​លោក ត្រាំ ដែល​ជា​អ្នក​ចូលចិត្ត​លេងល្បែង​សង្គ្រាម​នេះ​។ ខ្ញុំ​សូម​ប្រាប់​លោក​ថា យើង​ស្ថិត​នៅ​កន្លែង​មួយ​ដែល​នៅ​ជិត​លោក​យ៉ាង​ខ្លាំង ប៉ុន្តែ​លោក​មិន​គិត​ថា​យើង​នៅ​ទីនោះ​ទេ។ លោក​ជា​អ្នកចាប់​ផ្ដើម​សង្គ្រាម​នេះ ប៉ុន្តែ​យើង​គឺ​ជា​អ្នក​បញ្ចប់​វា»។

ការ​គំរាមកំហែង​នេះ​គឺ​ដូច​ទៅ​នឹង​អំនួត​របស់​លោក​កាល​ពី​ឆ្នាំ​២០១០​ទៅ​កាន់​ឧត្តមសេនីយ៍​សហរដ្ឋអាមេរិក លោក David Petraeus ដែល​ពេល​នោះ​លោក Petraeus ​គឺ​ជា​មេបញ្ជាការ​កងកម្លាំង​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ មេដឹកនាំ​យោធា​ទាំង​ពីរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​លោក Petraeus បាន​បញ្ចេញ​ព័ត៌មាន​ថា លោកឧត្តមសេនីយ៍​អ៊ីរ៉ង់​បាន​ផ្ញើ​ជា​សារ​មួយ​ដល់​លោក​ថា៖ «អ្នក​គួរ​តែ​ដឹង​ថា ខ្ញុំ Qassem Soleimani ត្រួតត្រា​គោល​នយោបាយ​របស់​អ៊ីរ៉ង់​ ចំពោះ​ប្រទេសអ៊ីរ៉ាក់ លីបង់ ដែនដី​កាហ្សា និង​អាហ្វហ្គានីស្ថាន»។

បាតុករ​អ៊ីរ៉ង់​ម្នាក់​កាន់​រូបលោក​ឧត្តមសេនីយ៍ Qassem Soleimani ក្នុង​អំឡុង​ពិធី​កាន់​ទុក្ខ​មរណភាព​របស់​លោក។
បាតុករ​អ៊ីរ៉ង់​ម្នាក់​កាន់​រូបលោក​ឧត្តមសេនីយ៍ Qassem Soleimani ក្នុង​អំឡុង​ពិធី​កាន់​ទុក្ខ​មរណភាព​របស់​លោក។

លោកSoleimani ទំនង​ក្លាយ​ជាសត្រូវ​ដែល​ពិបាក​កម្ចាត់ សូម្បី​ក្រោយ​ការ​ស្លាប់​របស់​លោក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​វិភាគ​និង​អតីត​ក្រុម​មន្ត្រី​បស្ចិម​ប្រទេស​និង​មន្ត្រី​បច្ចុប្បន្ន។ អ្នក​ខ្លះ​រិះគន់​ការ​សម្លាប់​មន្ត្រី​យោធា​កំពូល​អ៊ីរ៉ង់​រូប​នេះ ដោយ​និយាយ​ថា បណ្ដា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មុន​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ មិន​បាន​យក​លោក Soleimani ជា​គោលដៅ​សម្លាប់​ទេ ដោយ​ភ័យខ្លាច​ថា អាច​កើត​មាន​ភាព​ចលាចល​និង​ផលវិបាក​ដ៏​ហិង្សា​នានា។

អ្នក​វិភាគ លោក Charles Lister និយាយ​ថា ក្រោយ​ពី​លោក Soleimani ស្លាប់ សហរដ្ឋអាមេរិក​នឹង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​នានា​ទាំង​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​តែ​អ៊ីរ៉ង់​ចង់សងសឹក​យ៉ាង​ខ្លាំង។

លោក​ Lister ថ្លែង​ថា៖ «វត្តមាន​របស់​កងកម្លាំងសហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ឥឡូវ​នេះ​មើល​ទៅ​ដូចជា​ងាយ​នឹង​រងគ្រោះ​ណាស់ ដោយ​សារ​កងកម្លាំង​មាន​តិច​ជាង​មុន ហើយ​ខ្សោយ​ជាង​មុន ព្រោះ​តែ​គេ​មិន​សូវ​ទុកចិត្ត​ហើយ​បាត់បង់​ជំនឿ​ពី​ដៃគូ។ ការ​វាយប្រហារ​តែ​មួយ​ទៅ​លើ​កងកម្លាំង​សហរដ្ឋអាមេរិក​អាច​នាំ​ឲ្យ​មាន​ការ​ដក​កម្លាំង​យោធា​ចេញ ហើយ​សហរដ្ឋអាមេរិក​អាច​នឹង​បោះបង់​ចោល​ក្រុម​ឃឺដ​។ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ស្ថានទូត​និង​មូលដ្ឋាន​យោធា​របស់​សហរដ្ឋ​អាមេរិក​ស្ទើរ​តែប្រាកដ​ជា​ត្រូវ​រង​ការ​វាយប្រហារ​ក្នុង​ទម្រង់​ណា​មួយ​និង​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​មិន​ខាន»។

លោក Lister គូស​បញ្ជាក់​ទៀត​ថា ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ប្រតិកម្ម​អាច​នឹង​ស្មុគស្មាញនិង​អាច​បង្ក​ឲ្យ​សកម្មជន​កាន់​សាសនា​ឥស្លាម​និកាយ Sunni ដែល​ប្រឆាំង​នឹង​អ៊ីរ៉ង់ ក្រោក​ឡើង។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ការ​តវ៉ា​រាប់​សប្ដាហ៍​នៅ​ទូទាំង​អ៊ីរ៉ាក់​បាន​បង្ហាញ​ថា ចលនាប្រជាជន​អាច​នឹង​ប្រឆាំង​នឹង​អ៊ីរ៉ង់​ ហើយ​ស្ថានភាព​តានតឹង​ថ្មីៗ​ទាំង​នេះ​អាច​បង្កើត​នូវ​បរិយាកាស​មួយ​សម្រាប់​អ៊ីរ៉ង់​ឲ្យ​គេ​យល់​ថា ជា​ប្រភព​នៃ​បញ្ហា​កាន់​តែ​ច្រើន ជាជាង​ប្រភព​នៃ​ដំណោះស្រាយ»។

អ្នក​វិភាគ​ដទៃ​ទៀត​និយាយ​ថា វិធានការរបស់​សហរដ្ឋអាមេរិកនេះ​នឹង​ផ្ញើ​ជា​សារ​បំភ័យ​យ៉ាង​ច្បាស់​ក្រឡែត​មួយ​ទៅ​កាន់​រដ្ឋាភិបាល​តេហេរ៉ង់​ថា គ្មាន​នរណា​នៅ​ក្នុង​របប​អ៊ីរ៉ង់​មាន​សុវត្ថិភាព​នោះ​ទេ។

លោក Olivier Guitta ដែល​ជា​អ្នក​វិភាគ​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​អំពី​ហានិភ័យ GlobalStrat ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ មាន​ប្រសាសន៍​ថា៖ «រាល់​ការ​និយាយ​អំពី​សង្គ្រាម​ក្នុង​ទ្រង់ទ្រាយ​ធំ​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​ទាក់ទិន​នឹង​ការ​សម្លាប់​លោក Qassem Soleimani ដែល​ជាមេខ្លោង​ភេរវកម្ម​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ការពិត​គឺ​ថា ឥឡូវ​នេះ​អ៊ីរ៉ង់​ដឹង​ថា សហរដ្ឋ​អាមេរិក​មិនមែន​ជា​ខ្លា​ក្រដាស​ទៀត​ទេ ហើយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Khameinei នឹង​ចាំ​ជានិច្ច។

លោក Guitta បាន​បន្ថែម​ទៀត​ថា៖ «ទោះ​ជា​របប​អ៊ីរ៉ង់​ប្រកាស​ថា ​នឹង​ធ្វើ​ការ​សងសឹក​វិញ ហើយ​អាច​នឹង​មាន​ការ​វាយប្រហារ​លើ​ផលប្រយោជន៍​សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល​ដែល​ស្ថិត​នៅ​បរទេស​ក៏​ដោយ ក៏​របប​ឥស្លាម​មួយ​នេះ​នឹង​ចង់​រក្សា​សុវត្ថិភាព​របស់​ខ្លួន​ជាង​អ្វីៗ​ទាំងអស់ ហើយ​ក៏​មិន​មាន​លទ្ធភាព​ដើម្បី​ធ្វើ​សង្គ្រាម​ពេញ​ទំហឹងជាមួយ​នឹង​សហរដ្ឋអាមេរិក​បាន​ដែរ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG