មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអញ្ជើញជាអធិបតីនៅក្នុងពិធីកាន់ទុក្ខនៅថ្ងៃចន្ទនេះចំពោះការស្លាប់របស់ឧត្ដមសេនីយ៍កំពូលអ៊ីរ៉ង់លោក Qassem Soleimani នៅពេលដែលមនុស្សរាប់សែននាក់បានចូលរួមនៅក្នុងពិធីនេះនៅក្នុងទីក្រុងតេហេរ៉ង់។
រយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់លោក Soleimani នៅក្នុងប្រទេសអ៊ីរ៉ាក់ លោក Khamenei បានចូលរួមជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងមន្ត្រីអ៊ីរ៉ង់កំពូលៗផ្សេងទៀតនៅក្នុងពិធីកាន់ទុក្ខដែលមានការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋនេះ។
ប្រទេសអ៊ីរ៉ង់កំពុងកាន់ទុក្ខរយៈពេល ៣ ថ្ងៃ ចំពោះការស្លាប់របស់លោក Soleimani នេះ មុនពេលសាកសពរបស់លោកត្រូវបានបញ្ចុះនៅក្នុងទីក្រុង Kerman ដែលជាស្រុកកំណើតរបស់លោកនៅថ្ងៃអង្គារស្អែក។
ក្នុងនាមជាមេបញ្ជាការនៃកងកម្លាំង Quds របស់អ៊ីរ៉ង់ លោក Soleimani អាយុ ៦២ ឆ្នាំរូបនេះ បានជួយគ្រប់គ្រងបញ្ជាប្រតិបត្តិការយោធា និងប្រតិបត្តិការសម្ងាត់នានារបស់រដ្ឋាភិបាលអ៊ីរ៉ង់នៅក្រៅប្រទេស។
សហរដ្ឋអាមេរិកបានចាត់ទុកកងកម្លាំង Quds ដែលជាទាហាននៃឆ្មាំបដិវត្តន៍ឥស្លាមជ្រុលនិយមរបស់អ៊ីរ៉ង់នៅក្រៅប្រទេសនេះ ថាជាអង្គការភេរវកម្មបរទេស។
លោក Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនទំនងជាដោយយន្តហោះដ្រូន នៅពេលដែលក្បួនរថយន្តរបស់លោកធ្វើដំណើរចាកចេញពីប្រលានយន្តហោះទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់នៅពេលព្រឹកព្រលឹមថ្ងៃទី ៣ ខែមករាកន្លងទៅនេះ៕