ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ពាន់​នាក់​កាន់​ទុក្ខ​មរណភាព​មេដឹកនាំ​យោធា​អ៊ីរ៉ង់​និង​មេដឹកនាំ​យោធា​អ៊ីរ៉ាក់​


ក្រុម​អ្នក​កាន់ទុក្ខ​ចូលរួម​ដង្ហែសព​មេ​បញ្ជាការ​កង​ទ័ព​អ៊ីរ៉ង់ Qassem Soleimani និង​មេបញ្ជាការ​កង​ទ័ព​អ៊ីរ៉ាក់ Abu Mahdi al-Muhandis ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បាញ់​សម្លាប់ នៅ​ទីក្រុង​បាក​ដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី​០៤ មករា ២០២០។
ក្រុម​អ្នក​កាន់ទុក្ខ​ចូលរួម​ដង្ហែសព​មេ​បញ្ជាការ​កង​ទ័ព​អ៊ីរ៉ង់ Qassem Soleimani និង​មេបញ្ជាការ​កង​ទ័ព​អ៊ីរ៉ាក់ Abu Mahdi al-Muhandis ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បាញ់​សម្លាប់ នៅ​ទីក្រុង​បាក​ដាដ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី​០៤ មករា ២០២០។

មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៅ​ក្រុង​បាកដាដ​ កាល​ពី​ថ្ងៃសៅរ៍​ដើម្បី​កាន់​ទុក្ខ​មរណភាព​មេដឹកនាំ​យោធា​អ៊ីរ៉ង់ ​និង​មេដឹកនាំ​យោធា​អ៊ីរ៉ាក់​ដែល​ត្រូវ​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​ ដែល​បាន​បង្កើន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ដែល​កំពុង​មាន​បញ្ហា​ស្រាប់​នោះ។

នាយក​រដ្ឋមន្រ្តី​អ៊ីរ៉ាក់​លោក Adel Abdul Mahdi ​បាន​ចូល​រួម​ជាមួយ​អ្នក​ដង្ហែរបុណ្យ​សព​ដែល​ភាគ​ច្រើន​បាន​ស្រែក​ពាក្យ​ស្លោក​ថា​ «ងាប់​ទៅ​អាមេរិក» ​និង​«អាមេរិក​ជា​បិសាច​ដ៏ធំ»។​

ក្នុង​ចំណោម​អ្នក​កាន់ទុក្ខ​ក៏​មាន​ក្រុម​យោធាស្លៀក​ពាក់​ខ្មៅ​ដែល​ស្មោះ​ត្រង់​នឹង​ឧត្តម​សេនីយ៍​ Qassem Soleimani ​មេ​ដឹកនាំ​កង​ទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃសុក្រ​នៅ​ជិត​ព្រលាន​យន្តហោះ​ក្រុង​បាកដាដ ប្រទេសអ៊ីរ៉ាក់​នោះ។​

បន្ទាប់ពី​ត្រូវ​បាន​ដឹក​ទៅ​ខេត្ត ​Khuzestan ​ប្រទេស​អ៊ីរ៉ង់កាល​ពី​ថ្ងៃសៅរ៍​ សព​របស់​លោក​ Soleimani​ ត្រូវ​ដឹកទៅ​ក្រុង​ Mashhad ​ដែល​ទីក្រុង​ពិសិដ្ឋរបស់​អ៊ីរ៉ង់​ ហើយ​បន្ទាប់​មក​ដឹក​ទៅ​រដ្ឋធានី​តេហេរ៉ង់ ​មុន​ ​ពេល​ពេល​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ​នៅ​ឯ​ស្រុក​កំណើត​របស់​លោក។ ឧត្តម​សេនីយ៍​វ័យ​៦២​ឆ្នាំ​នេះ​គឺជា​មេបញ្ជាការ​យោធា​ដែល​គេ​គោរព​បំផុត​នៅ​អ៊ីរ៉ង់ហើយ​លោក​ជា​មេ​ដឹកនាំ​ពង្រីក​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​មជ្ឈិម​បូព៌ា។ ការ​សម្លាប់​លោក Soleimani បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធ​មិត្តក្នុង​តំបន់​ជា​ពិសេស​អ៊ីស្រាអែល​ និង​អារ៉ាប់ប៊ីសាអូឌីត​ពិនិត្យ​របៀប​ប្រឈម​មុខ​ជាមួយ​អ៊ីរ៉ង់​និង​ក្រុម​ជីវពល​អ៊ីរ៉ង់​នៅ​ទូទាំង​តំបន់។

អង្គការ​អូតង់​ដែល​បាន​បណ្តុះ​បណ្តាល​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​អំពីវិធី​ទប់ទល់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នោះ​ ​បាន​ផ្អាក​បេសក​កម្ម​បណ្តុះ​បណ្តាល​របស់​ខ្លួន​នៅ​អ៊ីរ៉ាក់។ ​អ្នក​នាំពាក្យ​របស់​អង្គការ​អូតង់​លោក ​Dylan White ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍កាលពី​ថ្ងៃសៅរ៍​ថា​ «សុវត្ថិភាព​របស់​បុគ្គលិក​របស់​យើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​គឺ​មាន​សារៈ​សំខាន់​បំផុត» ​តែ​លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​នោះ​ទេ។​

នៅ​ពេល​ភាព​តាន​តឹងនៅ​ក្នុង​តំបន់កើន​ឡើង​នោះ​ ​ក្រសួង​ការពារជាតិ​បាន​និយាយ​ថា ទាហាន​អាមេរិក​ចំនួន​ជាង​៣​ពាន់​៥០០​នាក់​បន្ថែម​ទៀត​នឹង​ត្រូវ​បញ្ជូន​ទៅ​កូវ៉ែត​ចូលរួម​ជាមួយ​កងទ័ព​អាមេរិក​ប្រមាណ​១ម៉ឺន​៤ពាន់​នាក់​នៅ​ក្នុង​តំបន់​នេះ​ជាស្រេច​ទៅ​ហើយ​នោះ។ ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ បាន​និយាយ​ថា​ ការ​សម្លាប់​លោក​ Soleimani ​គួរ​ធ្វើ​យូរ​មក​ហើយ៕​

XS
SM
MD
LG