ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកបានបញ្ជាឲ្យមានការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ ដែលបានសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់មួយរូបនៅប្រលានយន្តហោះទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ដើម្បីរារាំងមិនឲ្យមានការវាយប្រហារដែលអាចនឹងជិតកើតឡើងណាមួយលើពលរដ្ឋអាមេរិកាំងនៅក្នុងតំបន់។
ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនេះបានបង្កើតឲ្យមាននូវ «ភាពចលាចលដ៏ខ្លាំងក្លា» មួយ ដែលនឹងមាន «ផលប៉ះពាល់ដោយប្រយោលនៅជុំវិញពិភពលោក»។ នេះបើតាមការបញ្ជាក់ប្រាប់ VOA របស់លោក Jason Brodsky ប្រធានផ្នែកគោលនយោបាយនៃអង្គការ United Against Nuclear Iran។
លោក Brodsky ថ្លែងដូច្នេះថា៖ «លោក Qassem Soleimani មិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពល និងអំណាចដ៏ខ្លាំងក្លានៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ ភាពជានិមិត្តរូបនេះកើតឡើងដោយសារតែលោកត្រូវបានមេដឹកនាំកំពូលអ៊ីរ៉ង់ចាត់ទុកថាជាទុក្ករបុគ្គល។ ហើយភាពខ្លាំងក្លានៃឥទ្ធិពលរបស់លោកគឺកើតចេញមកពីសិទ្ធិអំណាចរបស់លោកនៅក្នុងការសម្រេចបានលទ្ធផលហួសពីការស្មាននៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់។ លោកមិនត្រឹមតែជាអ្នកបញ្ជាកងកម្លាំងតំណាងឲ្យអ៊ីរ៉ង់នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកធ្វើអន្តរាគមន៍នៅក្នុងនយោបាយក្នុងប្រទេសអ៊ីរ៉ង់ផងដែរ»។
ក្នុងនាមជាអ្នកយុទ្ធសាស្ត្រយោធាកំពូលរបស់ប្រទេសអ៊ីរ៉ង់ និងជាមេដឹកនាំនៃកងកម្លាំងឆ្មាំបដិវត្តន៍ Quds កំពូលរបស់អ៊ីរ៉ង់ លោក Soleimani គឺជា «និមិត្តរូបនៃក្រុមប្រឆាំងនឹងបស្ចិមប្រទេស និងសម្ព័ន្ធមិត្តអ៊ីស្រាអែល»។ នេះបើតាមការបញ្ជាក់របស់លោក Brodsky។
លោក Brodskyបានបន្ថែមថា៖ «ការណ៍ដែលមេដឹកនាំកំពូលអ៊ីរ៉ង់តែងតាំងលោក Esmail Qaani ដែលមានឋានៈបន្ទាប់ពីលោក Soleimani ឲ្យកាន់តំណែងជំនួសលោក Soleimani នេះ គឺជាវិធានការដ៏គួរឲ្យចាប់អារម្មណ៍មួយ»។
លោក Ilan Berman អនុប្រធានជាន់ខ្ពស់នៃអង្គការ American Foreign Policy Council បាននិយាយថា ការសម្លាប់លោក Soleimani នេះ គឺ «មានទម្ងន់ស្មើ» នឹងការសម្លាប់លោក bin Laden កាលពីសម័យលោក Barack Obama ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក និងការវាយប្រហាររបស់រដ្ឋបាលលោក Trump លើលោក al-Baghdadi ដូច្នេះដែរ។
លោក Berman បញ្ជាក់ដូច្នេះថា៖ «ការពាក់ព័ន្ធរបស់លោក Soleimani នៅក្នុងអស្ថិរភាពក្នុងតំបន់ ការដឹកនាំបញ្ជា និងសម្របសម្រួលដោយផ្ទាល់របស់លោកលើកងកម្លាំងភេរវកម្មជាច្រើនតំណាងឲ្យអ៊ីរ៉ង់នៅទូទាំងតំបន់គឺត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ដែលជាការពិតគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់អំពីរឿងនេះ។ ខ្ញុំគិតថា ការវាយប្រហារនេះគឺជាសញ្ញាដ៏សំខាន់បំផុតមួយ ដែលបង្ហាញថា រដ្ឋបាលរបស់លោក Trump បានត្រៀមខ្លួនរួចរាល់នៅក្នុងការវាយប្រហារលើជនដូចជាលោក Soleimani នេះ ដែលជាអ្នកពាក់ព័ន្ធនៅក្នុងសកម្មភាពដូចនេះ»។
លោក Berman បានបន្ថែមថា ប្រទេសអ៊ីរ៉ង់ទំនងជានឹងសងសឹកវិញ ដោយសារតែការសម្លាប់លោក Soleimani នេះ គឺជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិត្យានុភាពរបស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់នឹងមិនធ្វើការសងសឹកគ្រប់មធ្យោបាយដោយមិនបានគិតគូរជាមុននោះទេ ដោយសារតែយោធាសហរដ្ឋអាមេរិកមានឥទ្ធិពលខ្លាំង និងដោយសារតែឥឡូវនេះអ៊ីរ៉ង់ដឹងថាសហរដ្ឋអាមេរិកគឺមិនមែនលេងសើចនោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Morgan Ortagus បាននិយាយថា លោក Trump «បានប្រឈមនឹងការសម្រេចចិត្តដ៏ពិបាកមួយ ដែលនោះគឺថាតើសហរដ្ឋអាមេរិកនឹងមានសុវត្ថិភាពជាងមុនឬក៏អត់ នៅពេលដែលលោក Qassem Soleimani ស្លាប់ ឬក៏នៅពេលដែលជននេះនៅរស់។ នៅទីបំផុត លោក Trump បានសម្រេចថា ពិភពលោកនឹងមានសុវត្ថិភាពជាងមុន ប្រសិនបើលោក Soleimani ស្លាប់»៕
ប្រែសម្រួលដោយលោក ភី សុភាដា