ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គំរាម​វាយ​ប្រហារ​កន្លែង​វប្បធម៌​របស់​អ៊ីរ៉ង់


បុរស​អ៊ីរ៉ង់​ម្នាក់​កាន់​រូប​របស់​លោក Qassem Soleimani នៅ​ក្នុង​ពេល​ដង្ហែ​ក្បួន​សព​របស់​លោក Qassem Soleimani នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។
បុរស​អ៊ីរ៉ង់​ម្នាក់​កាន់​រូប​របស់​លោក Qassem Soleimani នៅ​ក្នុង​ពេល​ដង្ហែ​ក្បួន​សព​របស់​លោក Qassem Soleimani នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ចន្ទ​នេះ មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ដើម្បី​កាន់​ទុក្ខ​ឧត្ដមសេនីយ៍​កំពូល​អ៊ីរ៉ង់​លោក Qassem Soleimani ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

លោក Esmail Qaani ដែល​បាន​ឡើង​កាន់​តំណែង​ជំនួស​លោក Soleimani បាន​សន្យា​សងសឹក​សហរដ្ឋ​អាមេរិក ចំណែក​ឯ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump វិញ បាន​គំរាម​វាយ​ប្រហារ​កន្លែង​វប្បធម៌​អ៊ីរ៉ង់ ប្រសិនបើ​អ៊ីរ៉ង់​ពិតជា​សងសឹក​មែន។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​នៅ​លើ​យន្តហោះ Air Force One កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ពួកគេ​អាច​សម្លាប់​ពលរដ្ឋ​អាមេរិកាំង។ ពួកគេ​អាច​ធ្វើ​ទារុណកម្ម និង​ធ្វើ​ឲ្យ​រង​របួស​ដល់​ពលរដ្ឋ​អាមេរិកាំង។ ពួកគេ​អាច​ប្រើ​គ្រាប់​បែក​ដាក់​តាម​ផ្លូវ​ដើម្បី​បំផ្ទុះ​ពលរដ្ឋ​អាមេរិកាំង ហើយ​ពួក​យើង​មិន​អាច​ប៉ះ​ពាល់​កន្លែង​វប្បធម៌​របស់​ពួកគេ​មែន​ទេ? វា​មិន​អាច​អញ្ចឹង​នោះ​ទេ‍»។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ផ្ញើ​ទៅ​កាន់​សហសេវិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​អ្នកស្រី​ថា រដ្ឋសភា​នឹង​បោះ​ឆ្នោត​នៅ​ក្នុង​សប្ដាហ៍​នេះ​លើ​សេចក្ដី​សម្រេច​អំពី​សិទ្ធិ​អំណាច​របស់​ប្រធានាធិបតី​នៅ​ក្នុង​ការ​ប្រកាស​សង្គ្រាម «ដើម្បី​ដាក់​កំហិត​ចំពោះ​ទង្វើ​យោធា​របស់​ប្រធានាធិបតី​ទាក់ទិន​នឹង​រឿង​អ៊ីរ៉ង់‍»។

អ្នកស្រី Pelosi បាន​ហៅ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​នេះ​ថា​ជា «ការ​បង្ក​ហេតុ និង​គ្មាន​លក្ខណៈ​សមាមាត្រ»។ អ្នកស្រី​បាន​បន្ថែម​ថា វា​បាន​បង្ក​គ្រោះថ្នាក់​ដល់​ទាហាន​អាមេរិកាំង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បង្កើន​ភាព​តានតឹង​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា សារ​តាម​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​របស់​លោក «គឺ​ជា​ការ​ជូន​ដំណឹង​ដល់​សភា​សហរដ្ឋ​អាមេរិក​ថា ប្រសិនបើ​អ៊ីរ៉ង់​វាយ​ប្រហារ​លើ​ពលរដ្ឋ​អាមេរិកាំង​ណា​ម្នាក់ ឬ​ក៏​ទីតាំង​ណា​មួយ​របស់​សហរដ្ឋ​អាមេរិក សហរដ្ឋ​អាមេរិក​នឹង​វាយ​ប្រហាត​តបត​វិញ​យ៉ាង​លឿន និង​ពេញ​ទំហឹង និង​ប្រហែល​ជា​ក្នុង​ទម្រង់​មួយ​ដែល​មិន​មាន​លក្ខណៈ​សមាមាត្រ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG