រដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសថា ខ្លួននឹងមិនអនុវត្តទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ទៀតទេ ហើយថា ខ្លួននឹងឈប់ដាក់កម្រិតទៅលើបរិមាណជាតិអ៊ុយរ៉ានីញ៉ូមដែលខ្លួនប្រើប្រាស់ទៀតហើយ។
ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្ដិសុខជាតិអ៊ីរ៉ង់បើកការប្រជុំជាបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីគោលនយោបាយនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្រោយពីមេដឹកនាំយោធាកំពូលអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Qassim Soleimani ត្រូវបានសហរដ្ឋអាមេរិកសម្លាប់ដោយការវាយប្រហារតាមអាកាស។
សេចក្ដីថ្លែងការណ៍នោះបានសរសេរថា៖ «សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងឈប់អនុវត្តទៅតាមការដាក់កម្រិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរទៀតហើយ។ ដូច្នេះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងគ្មានការដាក់កម្រិតនៅក្នុងការផលិតទេ ដែលរួមមានទាំងកម្រិតលើសមត្ថភាព ភាគរយ និងបរិមាណសារធាតុអ៊ុយរ៉ានីញ៉ូម ការស្រាវជ្រាវ និងការពង្រីកសមត្ថភាព»៕