ប្រធានាធិបតីអភិរក្សនិយមថ្មីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi បានស្បថចូលកាន់តំណែងដោយបានសន្យាអនុវត្តការទូតដើម្បីលុបចោលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានធ្វើឲ្យមានការឆ្លើយតបដោយការប្រុងប្រយ័ត្នពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Raisi ដែលកាលពីពេលមុនបានធ្វើជាប្រធានតុលាការរបស់អ៊ីរ៉ង់បានស្បថចូលកាន់តំណែងនៅឯសភាអ៊ីរ៉ង់នៅក្នុងពិធីមួយកាលពីថ្ងៃព្រហស្បតិ៍គឺ២ថ្ងៃបន្ទាប់អាណត្តិរបស់លោកបានចាប់ផ្តើមជាផ្លូវការដោយមានការយល់ព្រមពីមេដឹកនាំកំពូលលោក Ayatollah Ali khamenei។
លោក Raisi ដែលលោក Khemenei បានទំនុកបម្រុងជាយូរអង្វែងមកហើយនោះបានឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមិថុនាដោយមានអ្នកបោះឆ្នោតតិច។ ក្រុមប្រឹក្សាឆ្មាំអ៊ីរ៉ង់ដែលសុទ្ធតែជាអ្នកស្មោះត្រង់នឹងលោក Khamenei ដែលទទួលបន្ទុកពិនិត្យបេក្ខជនប្រធានាធិបតីនោះបានជម្រុះគូប្រជែងល្បីៗភាគច្រើនរបស់លោក Raisi មិនឲ្យឈរឈ្មោះដែលធ្វើឲ្យសាធារណជនធ្លាក់ទឹកចិត្តនៅក្នុងការបោះឆ្នោត។ សហរដ្ឋអាមេរិកនិងក្រុមសកម្មជនបក្សប្រឆាំងច្រានចោលជ័យជម្នះរបស់លោក Raisi ដោយនិយាយថាការបោះឆ្នោតនោះមិនសេរីនិងមិនយុត្តិធម៌។
ក្នុងសន្ទរកថាទៅកាន់សភា លោក Raisi បាននិយាយថា៖ «ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ត្រូវតែលុបចោលហើយយើងនឹងគាំទ្រផែនការការទូតដែលសម្រេចគោលដៅនេះ»។
សេដ្ឋកិច្ចរបស់អ៊ីរ៉ង់បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៨មក នៅពេលរដ្ឋបាលលោកប្រធានាធិបតីDonald Trump បានចាប់ផ្តើមរឹតបន្តឹងទណ្ឌកម្មជាឯកតោភាគីប្រឆាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់។
អ៊ីរ៉ង់បានសងសឹកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៩ដោយធ្វើនុយក្លេអ៊ែរលើសការកំណត់ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយមហាអំណាចពិភពលោក៕