ប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលជួបនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi នៅសេតវិមាននៅថ្ងៃចន្ទនេះ ដោយប្រធានបទសំខាន់នៃជំនួបនោះ គឺវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងពេលខាងមុខ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Fuad Hussein បានប្រាប់វីអូអេភាសាឃឺដ កាលពីសប្តាហ៍មុនថា លោករំពឹងថា ភាគីទាំងពីរ នឹងឯកភាពគ្នាលើការបញ្ចប់បេសកកម្មប្រយុទ្ធរបស់កងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។
សហរដ្ឋអាមេរិកមានកងទ័ពក្នុងប្រទេសអ៊ីរ៉ាក់ប្រមាណ២.៥០០នាក់ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៤។
ប្រទេសទាំងពីរ បានយល់ស្របគ្នាកាលពីខែមេសាកន្លងទៅក្នុងការផ្លាស់ប្តូរបេសកកម្មកងទ័ពអាមេរិក ដោយផ្តោតទៅលើតួនាទីបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាយោបល់ក្នុងការជួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ប៉ុន្តែពុំមានកំណត់ពេលវេលាច្បាស់លាស់ក្នុងការបញ្ចប់អន្តរកាលនោះឡើយ។
ប្រទេសអ៊ីរ៉ាក់ បានប្រកាសពីជ័យជម្នះលើពួកសកម្មជនរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះជាយ៉ាងណាក្តី ក្រុមនេះនៅរក្សាវត្តមាននៅក្នុងតំបន់ ដោយកាលពីសប្តាហ៍មុនបានដាក់គ្រាប់បែកអត្តឃាតក្នុងផ្សារមួយក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សយ៉ាងតិច៣០នាក់។
ជំនួបនៅថ្ងៃចន្ទកើតមានឡើងខណៈពេលដែលមូលដ្ឋានកងទ័ពអាមេរិកមួយចំនួនក្នុងប្រទេសអ៊ីរ៉ាក់ បន្តរងការវាយប្រហារជាបន្តបន្ទាប់ ដោយសហរដ្ឋអាមេរិកចោទក្រុមជីវពលដែលមានបណ្តាញទាក់ទងនឹងប្រទេសអ៊ីរ៉ង់។ កាលពីថ្ងៃទី២៤ ខែកក្កដា មេបញ្ជាការនៃកងជីវពលគាំទ្រអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគំរាមកំហែងវាយប្រហារកងកម្លាំងអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និងអំពាវនាវឲ្យដកកងទ័ពអាមេរិកចេញពីប្រទេសនេះ៕