សហរដ្ឋអាមេរិកនិងអង់គ្លេសកាលពីថ្ងៃអាទិត្យបានបន្ទោសប្រទេសអ៊ីរ៉ង់ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីសប្តាហ៍មុនលើនាវាដឹកប្រេងមួយគ្រឿងនៅសមុទ្រអូម៉ង់ដែលបានសម្លាប់មនុស្សពីរនាក់។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជឿជាក់ថា អ៊ីរ៉ង់បានធ្វើការវាយប្រហារនេះ»។ លោកថ្លែងដូច្នេះ ខណៈលោកចោទរដ្ឋាភិបាលក្រុងតេហេរ៉ង់ថា បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកកាន់តែច្រើននៅទូទាំងតំបន់។
អ្នកការទូតកំពូលអាមេរិករូបនេះបាននិយាយថា ការវាយប្រហារនៅសមុទ្រអារ៉ាប់ភាគខាងជើងលើនាវាដឹកប្រេងឈ្មោះ Mercer Street មិនមានយុត្តិកម្មទេ។ កប៉ាល់នេះគ្រប់គ្រងដោយក្រុមហ៊ុន Zodiac Maritime មានមូលដ្ឋាននៅទីក្រុងឡុងដ៍របស់មហាសេដ្ឋីអ៊ីស្រាអែលឈ្មោះ Eyal Ofer។
លោកBlinken បាននិយាយថា ការវាយប្រហារនេះគំរាមកំហែងសេរីភាពនាវាចរណ៍តាមផ្លូវទឹកដ៏សំខាន់នេះ ការដឹកជញ្ជូននិងពាណិជ្ជកម្មអន្តរជាតិ ហើយនឹងជីវិតរបស់អ្នកនៅលើកប៉ាល់។ លោកថា សហរដ្ឋអាមេរិកកំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តនិងរដ្ឋាភិបាលនៅមជ្ឈិមបូព៌ា«ស្តីពីវិធានការឆ្លើយតបសមស្របនាពេលខាងមុខ»។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយថា៖ « យើងជឿជាក់ថា ការវាយប្រហារនេះគឺជាការរំលោភច្បាប់អន្តរជាតិដោយមានចេតនាច្បាស់លាស់ដោយប្រទេសអ៊ីរ៉ង់»។
លោកបាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយឬច្រើនគ្រឿងត្រូវបានប្រើនៅក្នុងការវាយប្រហារនេះ។
មិនមានអ្នកអះអាងទទួលខុសត្រូវទេ ហើយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកSaeed Khatibzadeh ថា ការចោទថា ប្រទេសអ៊ីរ៉ង់បានធ្វើការវាយប្រហារនេះគឺជាការចោទគ្មានមូលដ្ឋាន។
សហរដ្ឋអាមេរិកអង់គ្លេសនិងអ៊ីស្រាអែលមិនទាន់បង្ហាញភស្តុតាងជាក់ស្តែងឬព័ត៌មានផ្សេងទៀតដែលបង្ហាញពីមូលហេតុបន្ទោសប្រទេសអ៊ីរ៉ង់ទេ។ ប្រទេសអ៊ីស្រាអែលក៏បានបន្ទោសប្រទេសអ៊ីរ៉ង់ដែរ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកNaftali Bennett បានគំរាមសងសឹក៕
(សេចក្តីរាយការណ៍នេះមានព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន AP និង AFP)