ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ជួប​អ្នក​កាសែត​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​ដែល​ជា​គោលដៅ​ចាប់​ពង្រាត់


រូប​ឯកសារ៖ អ្នក​កាសែត​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​អ្នកស្រី Alinejad Masih ថត​បង្ហាញ​រថយន្ត​ FBI ដែល​ចត​​យាម​នៅ​ក្រៅ​ផ្ទះ​អ្នកស្រី​​ក្នុង​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១។
រូប​ឯកសារ៖ អ្នក​កាសែត​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​អ្នកស្រី Alinejad Masih ថត​បង្ហាញ​រថយន្ត​ FBI ដែល​ចត​​យាម​នៅ​ក្រៅ​ផ្ទះ​អ្នកស្រី​​ក្នុង​ទី​ក្រុង New York កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ Antony Blinken ​បាន​និយាយ​ថា​អ្នក​កាសែត​អាមេរិក​ដើម​កំណើត​អ៊ីរ៉ង់​ម្នាក់​ដែល​ជា​គោល​ដៅ​នៃ​អ្វី​ដែល​ក្រសួង​យុត្តិធម៌​អាមេរិក​ហៅ​ថា​ផែនការ​ចាប់​ពង្រាត់​ជន​ជាតិ​អ៊ីរ៉ង់​នោះ​បាន​ «បង្ហាញ​ភាព​ក្លាហាន​ដ៏​ខ្លាំង​ក្លា»។​

លោក​ Blinken​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ Twitter នៅ​ថ្ងៃ​ច័ន្ទ​ថា​លោក​មាន​ការ ​«សន្ទនា​មួយ​ដ៏​ល្អ​មួយ»​ ជា​មួយ​អ្នកស្រី​ Masih Alinejad ពិធី​ការិនី​ទូរទស្សន៍ម្នាក់​របស់​វីអូអេ​ភាសា Farsi (VOA Persian)​ និង​ជា​អ្នក​រិះគន់​ដ៏​ខ្លាំង​ម្នាក់​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់។​

សារ​របស់​លោក​ Blinken​ មាន​ខ្លឹម​សារ​ថា៖​ «ខ្ញុំ​សូម​បញ្ជាក់​ថា​សហ​រដ្ឋ​អាមេរិក​តែង​តែ​គាំទ្រ​ការងារ​ដ៏​សំខាន់​របស់​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​ជុំវិញ​ពិភពលោក។​យើង​មិន​អត់​ឱន​សកម្មភាព​ណា​ដែល​បំភិត​បំភ័យ​ឬ​បំបិទ​សំឡេង​អ្នក​សារ​ព័ត៌មាន​នោះ​ទេ»។​

អ្នក​ស្រី​ Alinejad​ និយាយ​ថាអ្នក​ស្រី ​និង​លោក​ Blinken​ បាន​និយាយ​គ្នា​ចំនួន​១៥​នាទី​ហើយ​ប្រមុខ​ការ​ទូត​អាមេរិក​រូប​នេះ​លើក​ឡើង​ថា​ ការណ៍​ដែល​ប្រទេស​អ៊ីរ៉ង់​ចង់​ចាប់​ពង្រាត់​អ្នក​ស្រី​លើ​ទឹក​ដី​អាមេរិក​នេះ​ជា​«ផែន​ការដ៏​អាក្រក់»។

អ្នក​ស្រី ​Alinejad​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ធ្វីតធឺ​ថា ​«រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​និយាយ​ថា​រដ្ឋបាល​របស់​លោក ​Joe Biden​ បាន​ចាត់​ទុក​ថា​ការ​គំរាម​កំហែង​របស់​ប្រទេស​អ៊ីរ៉ង់​អាក្រក់​ខ្លាំង​ ណាស់​ ហើយ​ថា​សហ​រដ្ឋ​អាមេរិក​បាន​ដឹង​ពី​គំនិត​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​មក​លើ​ទៅ​លើ​អ្នក​ប្រឆាំង​ខ្លួន​ក្នុង​សហ​រដ្ឋ​អាមេរិក​និង​ទ្វីប​អឺរ៉ុប។​លោក​បាន​ធានា​នឹង​ខ្ញុំ​ថា​សហរដ្ឋ​អាមេរិក​នឹង​ឲ្យ​របប​អ៊ីរ៉ង់​ទទួល​ខុស​ត្រូវ​ចំពោះ​ផែនការ​នេះ»។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​លោក​ Saeed Khatibzadeh​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ដោយ​និយាយ​នៅ​ក្នុង​ប្រព័ន្ធ​ឃោសនា​រដ្ឋ​អ៊ីរ៉ង់​ថា​«នេះ​ជា​ការ​ចោទ​ប្រកាន់គ្មាន​មូលដ្ឋាន​និង​គួរ​ឲ្យ​អស់​សំណើចហើយ​ដែល​គ្មាន​តម្លៃ​ត្រូវ​ឆ្លើយ​តប​ទេ»៕

XS
SM
MD
LG