ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អ៊ីរ៉ង់​ប្រើ​ប្រាស់​ការ​ចាប់​ខ្លួន​និង​ការ​ត្រួត​ពិនិត្យ​ដើម្បី​បំបិទ​មាត់​ការ​រាយ​ការណ៍​អំពី​ជំងឺកូវីដ១៩


មនុស្ស​ពាក់​សម្លៀក​បំពាក់​ការពារ​កំពុង​ដើរ​នៅ​ចន្លោះ​គ្រែ​ចំនួន ២,០០០ នៅ​មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​តេហេរ៉ង់ កាល​ពី​ថ្ងៃទី​២៦ មីនា ២០២០។
មនុស្ស​ពាក់​សម្លៀក​បំពាក់​ការពារ​កំពុង​ដើរ​នៅ​ចន្លោះ​គ្រែ​ចំនួន ២,០០០ នៅ​មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​តេហេរ៉ង់ កាល​ពី​ថ្ងៃទី​២៦ មីនា ២០២០។

នៅ​ពេល​ដែល​មេរោគ​កូរ៉ូណា​រាល​ដាល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ អាជ្ញាធរ​បាន​ចាត់​វិធាន​ការ​យ៉ាង​លឿន​និង​គឃ្លើន​ក្នុង​ការ​ទប់ទល់​នឹង​ការ​រាយ​ការណ៍​ឯករាជ្យ​អំពី​វិបត្តិ​នេះ​ដោយ​យាយី ​ឃាត់​ខ្លួន​និង​ត្រួត​ពិនិត្យ​ពួក​អ្នក​កាសែត​និង​ពួក​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម។​

រដ្ឋាភិបាល​ក្រុង​តេហេរ៉ង ​បាន​សួរ​ចម្លើយ​ ឬ​ឃាត់​ខ្លួន​ពួក​អ្នក​កាសែត​ដែល​រាយ​ការណ៍​ផ្ទុយ​ពី​សេចក្តី​រាយ​ការណ៍​ជា​ផ្លូវការ​ឬសាកសួរ​អំពី​របាយ​ការណ៍​ទាំង​នេះ ​ដោយ​ព្រមាន​ថា​ ពួក​អ្នក​កាសែត​ដែល​ផ្សាយ​ស្ថិតិ​ខុស​ពី​តួ​លេខ​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​ចាប់​ខ្លួន​ហើយ​បាន​បញ្ជា​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ផង​ដែរ។ ​មាន​មួយ​ករណី​យ៉ាង​តិចដែល​អ្នក​សែត​ម្នាក់​បាន​ត្រូវ​បង្ខំ​ឱ្យ​ដក​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម។

ពួក​មេដឹកនាំ​អ៊ីរ៉ង់​មើល​ស្រាល​ការ​រាលដាល​មេរោគនេះ​កាលពី​ខែ​កុម្ភៈនៅ​ពេល​មាន​ការ​រាយ​ការណ៍​អំពី​ករណី​ឆ្លង​ដំបូងៗ។​ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​តាម​វិទ្យុ​និង​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​១៣​ខែ​មីនា ​មេដឹក​នាំ​កំពូល​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់ «កុំ​បារម្ភ​ខ្លាំង​ពេក»​អំពី​មេរោគនេះ។​ ពួក​មន្ត្រីរបប​គ្រប់គ្រង​នេះ​ ​រួមមាន​លោក ​Hossein Salami​ ប្រធាន​កង​ឆ្មាំ​បដិវត្តន៍ ​អ៊ិស្លាម​ ​នៃ​ប្រទេសអ៊ី​រ៉ង់​ផង​ដែរ​ ​បាន​និយាយ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​រដ្ឋ​ថា​ ​មេរោគនេះ​«ប្រហែល​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​ជីវសាស្ត្រ​ដោយ​ប្រទេស​អាមេរិក»។​

លោក ​Mehdi Yahyanejad ​ អ្នក​សរសេរ​ប្លុក ​មាន​មូលដ្ឋាន​នៅ​ក្នុង​ស.រ.អា.​និង​ជា​អ្នក​បង្កើត​គេហទំព័រ​ចែកចាយ​ព័ត៌មាន ​Balatarin ​និង​អ្នក​កាសែត​ឯ​ទៀតៗ​បាន​និយាយ​ថា​ អាជ្ញាធរ​អ៊ីរ៉ង់​បាន​រក្សា​កណ្តាប់​ដៃ​ដែក​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន។​

លោក ​Yahyanejad ​បាន​និយាយ​ថា៖ ​«ពួក​អ្នក​កាសែត​ឯករាជ្យ​មិន​បាន​ត្រូវ​អនុញ្ញាត​ឱ្យ​រាយ​ការណ៍​ដោយ​សេរី​អំពី​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​ទេ។ ​មាន​របាយ​ការណ៍​អំពី​កំណើន​ការ​ត្រួត​ពិនិត្យ​លើ​ពួក​អ្នក​សារ​ព័ត៌មាន​ដែល​រាយ​ការណ៍​អំពីការ​រាតត្បាត​នៃ​ជំងឺ​នេះ​ឬ ​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់»។​

ទីភ្នាក់ងារ​ព័ត៌មាន ​ISNA​ ពាក់​កណ្តាល​ផ្លូវ​ការ​របស់​ពួក​និស្សិត​ បាន​រាយ​ការណ៍​ថារដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ គឺលោក​ Mohammad Jafar Montazeri ​បាន​ព្រមាន​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​សម្រាប់​ការ​បោះ​ពុម្ព​ផ្សាយ​តួលេខ​ចេញ​ពី​ប្រភព​ក្រៅ​ផ្លូវ​ការ។​

អាជ្ញាធរ​បាន​កោះ​ហៅ​ ឬ​ចាប់​ខ្លួន​អ្នក​កាសែត​និង​ពលរដ្ឋ​មួយ​ចំនួន​ដោយសារ​របាយ​ការណ៍​របស់​ពួក​គេ​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ឬ​អត្ថបទ​ដែល​ពួកគេ​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម។ ​ពួកជន​ទាំង​នេះ​រួម​មាន​លោក ​Fardin Mostafaei បណ្ណាធិការ​នៃ​គេហ​ទំព័រ​ព័ត៌មាន​ Saghezrud ​ ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចេញ​ផ្សាយ​ស្ថិតិ​ចំនួន​អ្នក​ជំងឺ​និង​អ្នក​ស្លាប់​នៅ​ក្នុង​ក្រុង ​Saghez​ លោក ​Mohammad Mokhtari​ ប្រធាន​ក្រុម​កីឡាករ​បាល់​ទាត់ ​Damash Gilan ​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ខេត្ត ​Gilan ​និង​អំពី​មនុស្ស​ស្លាប់​យ៉ាង​តិច​ណាស់​១៥​នាក់​ទៀត​នៅ​ក្នុង​ក្រុង​តហេរ៉ង់​, ក្រុង​Rasht ​និង​ក្រុង ​Qom ​ដោយ​បាន​ផ្សព្វផ្សាយ​តួលេខ​ក្រៅ​ផ្លូវការ​ឬ​ឆ្ងល់​អំពី​ស្ថិតិ​របស់​រដ្ឋាភិបាល​ក្រងតេហេរ៉ង់ ​តាមរយៈ​ WhatsApp ​ឬ​ Telegram Chat apps។

ពួក​ភ្នាក់ងារ​របស់​កងឆ្មាំ​បដិវត្តន៍ ​ឥស្លាម​ នៃ​ប្រទេស​អ៊ីរ៉ង់​ហៅ​កាត់​ថា IRGC​បាន​ចាប់​ខ្លួន​លោក ​Mokhtari ក្រោយ​ពី​លោក​បាន​សាកសួរ​អំពី​ភាព​ត្រឹមត្រូវ​នៃ​តួលេខ​ជា​ផ្លូវការ​ដែល​បាន​បង្ហោះ​តាម ​Instagram។​ គេហ​ទំព័រ​ព័ត៌មាន ​Iran International ​មាន​មូលដ្ឋាន​នៅ​ក្នុង​ចក្រភព​អង់គ្លេស​និង​ផ្នែក​ផ្សាយ​ជា​ភាសា​ អារ៉ាប់​នៃ​វីអូអេ​បាន​រាយ​ការណ៍​ថា ​«មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​ខេត្ត ​Gilan​ ហើយ​មាន​សាកសព​គរ​គ្នា។គ្មាន​ផ្នូរ​សម្រាប់​បញ្ចុះ​សព​ទាំង​នេះ​ទេ»។​

យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ករណី​មួយ​ អ្នក​កាសែត​ម្នាក់​បាន​ត្រូវ​បង្ខំ​ឱ្យ​លុបចោល​សារ​នៅ​លើ​ Twitter មួយ​ហើយ​ចេញ​ផ្សាយ​សារ​ថ្មី​មួយ​ដែល​សុំ​អភ័យ​ទោស​ ដោយសារ​បាន​រិះ​គន់ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ដល់​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា។​

ជន​ជាតិ​អ៊ីរ៉ង់​កំពុង​កប់​សាក​សព​អ្នក​កាសែតAbdollah Zavieh ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​កន្លែង​បញ្ចុះសាក​សពBehesht Zahra ក្នុង​ទីក្រុង​តេហេរ៉ង កាល​ពី​ថ្ងៃ​ទី​២៤​ មីនា ២០២០។
ជន​ជាតិ​អ៊ីរ៉ង់​កំពុង​កប់​សាក​សព​អ្នក​កាសែតAbdollah Zavieh ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​កន្លែង​បញ្ចុះសាក​សពBehesht Zahra ក្នុង​ទីក្រុង​តេហេរ៉ង កាល​ពី​ថ្ងៃ​ទី​២៤​ មីនា ២០២០។

គេហ​ទំព័រ​ខាង​សិទ្ធិ​មនុស្ស​បាន​រាយ​ការណ៍​ថា​ នៅ​ក្នុង​ក្រុង ​Rasht ​ទីរួម​ខេត្ត ​Gilan ក្រសួង​សុខាភិបាល​នៃ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង ​ បាន​និយាយ​ថា ​ចំនួន​ករណី​អ្នក​ផ្ទុក​មេរោគ​នេះ​បាន​កើន​ឡើង​ពីរ​ដង​នៅ​ក្នុង​សប្តាហ៍​ទីមួយ​នៃ​ការ​រាលដាល​មេរោគ​នេះ។ ពួក​ភ្នាក់ងារ​ខាង​ការ​ស៊ើប​ការណ៍​សម្ងាត់​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ពីរ​នាក់​ដែល​បាន​ត្រូវ​កោះ​ហៅ​មក​សាក​សួរ​ចម្លើយ​ថា​ «យើង​កំពុង​ឋិត​ក្នុង​ស្ថានភាព​មួយ​ស្រដៀង​គ្នា​នឹង​ពេល​មាន​សង្គ្រាម​ហើយ​ការ​ផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ពេល​រសើប​នេះ​ដូច​គ្នា​នឹង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​រដ្ឋ​សត្រូវ​ដែរ»។​

គណៈ​បេសក​កម្ម​អចិន្ត្រៃយ៍​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ឯ​អ.ស.ប.​ក្នុង​បូរី​ ញូយ៉ក​ មិន​បាន​ឆ្លើយ​តប​ជា​បន្ទាន់​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​តាម​អ៊ីមែល​ នៅ​ឡើយ​ទេ។​

ពួក​អ្នក​កាសែត​និង​ពួក​អ្នក​វិភាគ​បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​និយាយ​ប្រាប់​ផ្នែក​ព័ត៌មាន​របស់​វីអូអេ​ថា បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​អ៊ីរ៉ង់​មាន​ឱកាស​តិច​តួច​ក្នុង​ការ​រាយ​ការណ៍​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ដោយ​សារ​មាន​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង។​

អ្នក​វិភាគ​បណ្តាញ​ផ្សាយ​ព័ត៌មាន​និង​ជា​អ្នក​សារ​ព័ត៌មាន​ម្នាក់​មក​ពីក្រុង​តេហេរ៉ង់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះតាម​វីអូអេ​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ បាន​និយាយ​ថា​«នៅ​ក្នុង​ប្រព័ន្ធ​មួយ​ដែល​នៅ​ទីនោះ​រដ្ឋាភិបាល​ត្រួត​ត្រា​ទីភ្នាក់ងារ​ព័ត៌មាន​និង​អង្គការ​ព័ត៌មាន​សឹងតែ​ទាំងអស់ ​ហើយ​ត្រួតត្រា​លើ​កាសែត​និង​គេហទំព័រ​ព័ត៌មាន​ភាគ​ច្រើន​នោះ​ ​លោក​អ្នក​មិន​អាច​រំពឹង​ថា​ ព័ត៌មាន​រសើប​ដូច​នេះ​អាច​ត្រូវ​ផ្សព្វផ្សាយ​បាន​ទេ»។​

លោក ​Reza Haghighatnejad ​អ្នក​សរសេរ​ប្លុក ​អ៊ីរ៉ង់​ដែល​ជា​អ្នក​សារ​ព័ត៌មាន​និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ប្រាក ​ក្នុង​សាធារណរដ្ឋ​ឆែក​ បាន​និយាយ​ថា​ក្រសួង​វប្បធម៌​និង​ការ​ណែនាំ​តាម​សាសនា ​អ៊ិស្លាម​នៃ​ប្រទេស​អ៊ីរ៉ង់​ដែល​ត្រួតត្រា​បណ្តាញ​ផ្សាយ​ព័ត៌មាន​ ​បាន​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​ពីរ​អំពី​ការ​រាយ​ការណ៍​អំពី​មេរោគ​កូរ៉ូណា។​

សេចក្តី​ណែនាំ​ទាំង​នេះ​ដែល​បាន​ត្រូវ​បកប្រែ​និង​ត្រូវ​បាន​អាន​ដោយ​ផ្នែក​ព័ត៌មាន​នៃ​វីអូអេ​បាន​បញ្ជា​ឲ្យ​បណ្តាញ​ផ្សាយ​ព័ត៌មានប្រើតែ​ប្រភព​និង​ស្ថិតិ​ផ្លូវការ​នៅ​ពេល​រាយ​ការណ៍​អំពី​មេរោគ​នេះ។សេចក្តី​ណែនាំ​ទាំង​នេះ​បានប្រាប់​ឲ្យ​ពួក​អ្នក​កាសែតចៀសវាង​កុំ​ធ្វើ​ការ​រាយ​ការណ៍​បែប​ស៊ើប​អង្កេត​ឬ​សាកសួរ​ប្រភព​ឯទៀតៗ​ដើម្បី​រក​ទិន្នន័យ​ឬ​ព័ត៌មាន។​

លោក​ Haghighatnejad ​បាន​និយាយ​ថា​«បទ​បញ្ជា​ទាំង​នេះ​ចែង​ច្បាស់​លាស់​ថា​ប្រភព​តែ​មួយ​គត់​ដែល​ត្រូវ​យកតាម​គឺ​ប្រភព​ផ្លូវ​ការ​ ហើយ​មិន​គួរ​ប្រើ ​ប្រភព​ឯទៀត​ឬ​មិន​ត្រូវ​ពិចារណា​អំពី​ប្រភព​ឯ​ទៀត​ទេ»។​

លោក​ Haghighatnejad ​បាន​និយាយ​ថា​«បន្ថែម​លើ​នេះ​ទៀត ​មាន​គំនាប​សង្កត់​ជា​ច្រើន​លើ​ពួក​អ្នក​កាសែត​និង​ក្រុម​អ្នក​រាយ​ការណ៍​ដែល​ព្យាយាម​ធ្វើ​ការ​រាយ​ការណ៍​បែប​ស៊ើប​អង្កេត»​ដោយ​លោក​និយាយ​យោង​ដល់​ការ​រឹតត្បិត​មិន​ឱ្យ​ទទួល​ព័ត៌មាន​និង​ថា​ ពួក​បណ្ណាធិការ​និង​ពួក​អ្នក​ធ្វើ​សេចក្តី​សម្រេច​នៅ​ក្នុង​អង្គការ​ផ្សាយ​ព័ត៌មាន​ ជា​ញឹក​ញយ​បាន​ច្រានចោល​សេចក្តី​រាយ​ការណ៍​បែប​ស៊ើប​អង្កេត​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ការ​សង​សឹក​ពី​អាជ្ញាធរ។

អ្នក​សារ​ព័ត៌មាន​ធ្វើការ​នៅ​ក្នុង​ក្រុង​តេហេរ៉ង ​រូប​នេះ​ដែល​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​និយាយ​ថា​ អាជ្ញាធរ​បាន​ធ្វើ​មិន​ឱ្យ​មាន​ការ​រាយ​ការណ៍​ឯករាជ្យ។​

អ្នក​កាសែត​រូប​នេះ​បាន​ថ្លែង​ថា​ «ពួក​អ្នក​សារ​ព័ត៌មាន​បែប​ស៊ើប​អង្កេត​មិន​អាច​មាន​ឱកាស​ធ្វើការ​ស្រាវជ្រាវ​ដោយ​មិន​ត្រូវបាន​យាយី​ពី​ពួក​ភ្នាក់ងារ​សន្តិសុខ​ទេ​ហើយ​ពួក​គេមិន​អាច​បោះពុម្ព​ផ្សាយ​ការ​រក​ឃើញ​របស់​ពួក​គេ​ទេ»។​

ពួក​អ្នក​សារ​ព័ត៌មាន​ឯទៀតៗ​បាន​និយាយ​ថា​ការ​ត្រួត​ពិនិត្យ​ក៏​មិន​ខុស​ពី​បញ្ហា​ឯ​ទៀតៗ​ដែល​អាជ្ញាធរ​មិន​ចង់​ឱ្យ​និយាយ​ដែរ។​

លោក​ Mohsen Behzad Karimi ​ដែល​ជា​អ្នក​កាសែត​អ៊ីរ៉ង់​ម្នាក់​មាន​មូលដ្ឋាន​នៅ​ក្នុង​ចក្រភព​អង់គ្លេស​បាន​និយាយ​ប្រាប់​ផ្នែក​ព័ត៌មាន​នៃ​វីអូអេ​ថា​«មាន​មេរោគ​កូរ៉ូណា​ ឬ​គ្មាន​មេរោគ​នេះ​ក៏ដោយ​ ក៏​មិន​មាន​សេរីភាព​កាសែត​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឡើយ»៕

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG