ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឃ្លាំមើល៖ ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​រុស្ស៊ី​និង​អ៊ីរ៉ង់​ស្ថិត​ក្រោម​ការវាយ​ប្រហារ​ពី​«អ្នក​ជិះជាន់​ឌីជីថល»


រូបឯកសារ៖ ផ្លាកសញ្ញាសម្គាល់របស់ក្រុម​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រុស្ស៊ី ​Roskomnadzor ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ ផ្លាកសញ្ញាសម្គាល់របស់ក្រុម​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រុស្ស៊ី ​Roskomnadzor ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ Reporters Without Borders ​ឬ​ហៅកាត់​ជា​ភាសា​បារាំង​ថា Reporters Sans Frontières​ បាន​ដាក់អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​គាំទ្រ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង និយតករ​សារគមនាគមន៍​រុស្ស៊ី​ និង​ស្ថាប័ន​រដ្ឋ​អ៊ីរ៉ង់​មួយ​ដែល​ពិនិត្យឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណេត ​ ចូល​ទៅ​ក្នុង​បញ្ជី​«អ្នក​ជិះជាន់​សេរីភាព​សារ​ព័ត៌មាន​ឌីជីថល​អាក្រក់​បំផុត»​ចំនួន​២០​ដែល​អង្គការ​នេះនិយាយ​ថា​តំណាង​ឱ្យ​«គ្រោះ​ថ្នាក់​យ៉ាង​ច្បាស់​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​និង​យោបល់»។​

អង្គការ​ឃ្លាំមើល​សេរីភាព​សារ​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​នេះ​នៅ​មុន​ទិវា​ពិភព​លោក​ប្រឆាំង​នឹង​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​មុន​ផ្សាយ​តាម​អ៊ីនធឺណិត ​(Cybercensorship)​ ដែល​ត្រូវ​បាន​ប្រារព្វ​ធ្វើនៅ​ថ្ងៃ​ទី​១២ ​ខែ​មីនា។​

បញ្ជី​នេះ​ដែល​អង្គការអ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​និយាយ​ថា​ ​មិន​ទាន់​មាន​ភាព​ពេញលេញ​នោះ ​រួម​បញ្ចូល​«ក្រុម​រដ្ឋ​និយម»​និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ផ្តាច់ការ។ បញ្ជី​នេះ​ក៏​គ្រប​ដណ្តប់​លើ​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ឯកទេស​ស៊ើប​ការណ៍​សម្ងាត់​តាម​អ៊ីនធឺណេត ដែល​មាន​គោល​ដៅ​វាយ​ប្រហារ​លើ​អ្វីដែល​ក្រុម​នេះ​ចោទ​ថា ​ជា​ក្រុម​ចារកម្ម​អ៊ីនធឺណិត​ ​មាន​មូលដ្ឋាន​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​ ដូចជា​សហ​រដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ជាដើម។​

អគ្គលេខាធិការ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែនគឺ​លោក ​Christophe Deloire ​បាន​និយាយក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ ​

«ជន​ផ្តាច់ការ​ដែល​នៅ​ពីក្រោយ​សកម្មភាព​ជិះជាន់​សេរីភាព​សារព័ត៌មាន​កំពុង​តែ​ពង្រីក​ដែន​របស់​ពួកគេ​ចូល​ទៅ​ក្នុង​ពិភព​ឌីជីថល​ដោយ​មាន​ជំនួយ​ពី​ក្រុម​អ្នក​សម​គំនិត​ អ្នក​ក្រោម​បង្គាប់​និង​អ្នក​ដើរ​តាម​ដែល​ត្រូវ​បាន​រៀបចំ​និង​កំណត់​ទុក​ជា​ស្រេច​ក្នុង​នាម​ជាអ្នក​ជិះជាន់​ឌីជីថល»។​

​លោក​ Deloire ​និយាយ​ថា៖ ​«អ្នក​សម​គំនិត​ទាំង​នេះ​ ពេល​ខ្លះ​ធ្វើ​សកម្មភាព​មក​ពី​ ឬ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​តែ​ម្តង»។

លោក​បន្ថែម​ថា៖​ «ការ​ប្រឆាំង​នឹង​របប​ជិះជាន់​ក៏​ការ​ធានា​ថា អាវុធ​ក្នុង​ការ​បង្ក្រាប​សារ​ព័ត៌មាន​មិន​ត្រូវ​បាន​ប្រគល់​ឱ្យ​ពួក​គេ​ពី​ក្រៅ​បរទេស​នោះ​ដែរ»។​

ក្នុង​ប្រទេស​រុស្ស៊ី​និង​អ៊ីរ៉ង់«កងបង្កហេតុតាមអ៊ីនធឺណេត​troll ​របស់​វិមាន​ក្រឹមឡាំង»​គឺ​ក្រុម​ឃ្លាំ​មើល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រុស្ស៊ី ​Roskomnadzor ​និង​ឧត្តម​ក្រុម​ប្រឹក្សា​អ៊ីនធឺណេត ​(Cyberspace) ​អ៊ីរ៉ង់​ ប្រើ​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​«ស៊ើប​ការណ៍​និង​យាយី”​ អ្នក​សារ​ព័ត៌មាន​ និង​ជាលទ្ធផល​«ធ្វើ​ឱ្យ​អន្តរាយ»​ដល់​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ដំណឹង។ នេះ​បើ​យោង​តាម​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន។​

អង្គការ​នេះ​ បាន​និយាយ​ថា​ ​តួ​អង្គ​ដែល​គាំទ្រ​វិមានក្រឹមឡាំង​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ផ្សាយ​របាយ​ការណ៍​ព័ត៌មាន​និង​វីដេអូ​«មិនពិត» និង​ចេញ​ផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួននិង​វាយ​ប្រហារ​កេរ្តិ៍​ឈ្មោះ​អ្នក​សារព័ត៌មាន។​

មួយ​ក្នុង​ចំណោម​គោលដៅ​របស់​ពួកគេ​រួម​មាន​អ្នក​កាសែត​ស៊ើប​អង្កេត​ហ្វាំងឡង់​គឹ​អ្នក​នាង​ Jessikka Aro ​ដែល​ក្នុង​សៀវភៅ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ថ្មីៗ​នេះ​ បង្ហាញ​ពី​ការ​ឃោសនា​ដែល​ពួកគេ​បាន​ផ្សព្វផ្សាយ​អំពី​អ្នក​ទាំងឡាយ​ណា​ដែល​បាន​បរិហារ​សកម្ម​ភាព​របស់​ពួក​គេ។​

ឧទាហរណ៍​អ្នក​កាសែត​រុស្ស៊ី​ លោក Igor Yakovenko និង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មូស្គូ​គឺ​អ្នក​នាង Isabelle Mandraud ​និង​លោក ​Shaun Walker ​ជាញឹកញាប់​គឺ​ជា​គោលដៅ​របស់​ក្រុម​បង្កហេតុតាមអ៊ីនធឺណេតtroll ​នេះ។​ នេះ​បើ​យោង​តាម​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន។​

ទន្ទឹម​ពេល​គ្នា​នេះ​ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែននិយាយ​ថា​ ក្រុម ​Roskomnadzor ​បាន​បិទ​គេហទំព័រ​ច្រើន​ជាង​៤៩០.០០០ ​ដោយ​គ្មាន​សញ្ញា​ឱ្យ​ដឹង​ជាមុន​ ​ហើយមិន​បាន​គោរព​នីតិវិធី​ច្បាប់​ និង​មាន​បញ្ជី​ខ្មៅ​សម្ងាត់​នៃ​គេហទំព័រ​ដែល​ត្រូវ​ហាម​ឃាត់​នានា។​

គោលដៅ​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​នេះ​រួមមាន​ទីភ្នាក់ងារ​ហ្វែរហ្កាណា (Ferghana) និង​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្សេង​ទៀត​ ព្រមទាំង​គេហទំព័រ​ស៊ើប​អង្កេត​ដូចជា ​Listok និង ​Grani.ru ហើយទស្សនាវដ្តី​នយោបាយ​រួមទាំង​ ej.ru និង ​mbk.news ​ផង​ដែរ។​

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ​និយាយ​ថា ​ក្រុម​ Roskomnadzor ​ក៏​បាន​«រាំងខ្ទប់​វេទិកា​និង​កម្មវិធី​ទូរស័ព្ទ​ដៃ​នានា​ដែល​បដិសេធ​មិន​រក្សា​ទុក​ទិន្នន័យ​របស់​ពួកគេ​លើ​ម៉ាស៊ីន​មេ​ក្នុង​ប្រទេស​រុស្ស៊ី​ ឬ​មិន​ផ្តល់​ឱ្យ​អាជ្ញាធរ​រុស្ស៊ី​នូវ​កូន​សោរ​សម្រាប់​ដោះ​លេខ​កូដ​សម្ងាត់​ដើម្បី​មើល​សារផ្សេងៗ​បាន»។ ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​លើក​ឡើង​ដូច្នេះ​ដោយ​ដក​ស្រង់​ឧទាហរណ៍​នៃ​សេវា​កម្ម​ផ្ញើ​សារដែល​បាន​បំឡែង​លេខ​កូដ​ ដូចជា ​ProtonMail​ ដែល​ត្រូវ​បាន​រាំងខ្ទប់​ដោយ​អន្លើរ​នៅ​ដើម​ឆ្នាំ​នេះ។​

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែនបាន​និយាយ​ថា ​ឧត្តម​ក្រុមប្រឹក្សាអ៊ីនធឺណេត​អ៊ីរ៉ង់​ប្រើ​«ការ​ចូល​មើល​ និង​ការ​ជ្រើស​រើស​តាម​អ៊ីនធឺណិត» ​និង​រារាំង​គេហទំព័រ​ព័ត៌មាន​ វេទិកា​និង​កម្មវិធី​ទូរស័ព្ទ​នានា ដូចជា ​Telegram, Signal, WhatsApp, Facebook និង ​Twitter ដើម្បី​ឱ្យ​រដ្ឋ​អាច​ធ្វើ​ការ​ត្រួតពិនិត្យ​ខ្លឹម​សារ​មុន​ផ្សាយ។​

អង្គការ​ឃ្លាំមើល​នេះ បាន​និយាយ​ថា ​ ឧត្តម​ក្រុមប្រឹក្សានេះត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​២០១២ ដោយមាន​សមាសភាព​ឥស្សរជន​យោធា​ និង​នយោបាយ​ជាន់ខ្ពស់។ ឧត្តម​ក្រុមប្រឹក្សានេះ​«កំពុង​សាង​សង់​ជញ្ជាំង​រាំងខ្ទប់​ព័ត៌មាន​ដោយ​ប្រើ​បច្ចេកទេស​ចម្រោះ​តាម​អ៊ីនធឺណិត»។​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែនបាន​បន្ថែម​ថា៖​

«ការបិទ​អ៊ីនធឺណេត​ត្រូវបាន​គេ​ប្រើ​កាន់តែខ្លាំង​ឡើង​ដើម្បី​ទប់ស្កាត់​និង​គាប​សង្កត់​រលក​នៃ​ការ​តវ៉ា​តាម​ដងផ្លូវ​និង​ដើម្បី​រឹតត្បិត​ការ​បញ្ជូន ​និង​ការចែកចាយ​ព័ត៌មាន​ឯករាជ្យ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ មាន​សន្តានជា​ការ​ប្រឆាំង​បដិវត្តន៍​«ឬ​វិទ្ធង្សនា»៕​

ប្រែសម្រួល​ដោយ សាយ មុន្នី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG