ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល៖​អំពើ​រើស​អើង​នយោបាយ​និង​ការ​គំរាម​កំហែង​កើន​ឡើង ក្រោយពី​គណបក្ស​កាន់អំណាច​ធ្លាក់​សំឡេង​គាំទ្រ


លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​នីកហ្វិក ធ្វើជា​វាគ្មឹន​ក្នុង​កម្មវិធីហេឡូ​វីអូអេ​ អំពី​ដំណើរ​ការបោះឆ្នោត។​​
លោក​ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​នីកហ្វិក ធ្វើជា​វាគ្មឹន​ក្នុង​កម្មវិធីហេឡូ​វីអូអេ​ អំពី​ដំណើរ​ការបោះឆ្នោត។​​
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​និយាយ​ថា ​កំណើន​នៃ​អំពើ​រើស​អើង​នយោបាយ​និងការ​គំរាម​កំហែង​ពលរដ្ឋ​ដែល​មិន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​ការ​ប៉ះ​ទង្គិច​ដល់​ដំណើរការ​ប្រជាធិប​តេយ្យ។ ​លោក​សុខ ខេមរា​នៃវីអូអេ​ ពីរដ្ឋ​ធានី​វ៉ាស៊ីន​តោន​ បាន​រាយ​ការណ៍​ថា ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​សេរីភាព​នៃ​ការ​អនុវត្ត​សិទ្ធិស្រប​ច្បាប់។​

ការ​បោះឆ្នោត​ជាតិថ្ងៃ​ទី២៨​ ខែ​កក្កដា​បង្កើត​ជា​លទ្ធផល​ចម្រូង​ចម្រាស​មួយ​ដែល​មិនអាច​បែងចែក​ខុសត្រូវ​ឃើញ​ ជា​ពិសេស​ការ​ស៊ើប​អង្កេត​រឿង​ភាព​មិន​ប្រក្រតី។​ តែ​កំណើន​សំឡេង​គណបក្ស​ជំទាស់​ហើយ​នឹង​ការ​ធ្លាក់​សំឡេង​គាំទ្រ​យ៉ាងច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​បាន​បង្ករ​បញ្ហា​ដល់​ប្រជា​ពលរដ្ឋ ​ដែល​គ្រាន់តែ​ប្រើ​សិទ្ធិ​តាមច្បាប់​និង​ប្រជាធិបតេយ្យ​ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស។​

ពលរដ្ឋ​ត្រូវ​រង​នូវការ​គម្រាម​កំហែង​ពី​អាជ្ញាធរ​និង​អ្នក​មាន​និន្នាការ​ដែល​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្ទើរតែ​គ្រប់​ខេត្ត។​ បញ្ហា​ទាំងនោះ​មាន​ដូចជា ការប្រើ​ពាក្យ​សំដី​ដៀមដាម​ ការ​សម្លុត​គំរាម​កំហែង​នានា ​ដោយ ផ្ទាល់​មាត់​ ឬតាម​កិច្ច​ប្រជុំ​ និង​អំពើ​បំភិត​បំភ័យ​ផ្សេងៗ​ទៀត​លើ​ពលរដ្ឋ​ដែល​មិនបាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។​

លោកបណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​ និចហ្វ៊ិច​ បានថ្លែង​ថា​ បើ​អាជ្ញាធរ​ ឬ​ជនណានៅ​តែ​បន្ត​កៀប​សង្កត់​ប្រជាពលរដ្ឋ​ នោះ​បញ្ជាក់ថា​ ដំណើរការ​ប្រជា​ធិតេយ្យ​នៅ​កម្ពុជា​កំពុង​ជួប​នឹង​បញ្ហា​ហើយ។​

លោក​និយាយថា៖​ «បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​លោក​អះអាង​ពីការ​ពង្រីក​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ប៉ុន្តែបើ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​មិន​អនុវត្ត​នូវ​ការ​ពង្រីក​ ​ផ្ទុយ​ទៅវិញ​កៀប​សង្កត់​ទៅ​លើ​ប្រជា​ពលរដ្ឋ​ នោះ​គឺ​បង្ហាញ​ថា ​គាត់​បាន​រារាំង​ដល់​ដំណើរ​ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ឬ​ក៏​រារាំង​ដល់​ការ​រីកចម្រើន​នៃ​លទ្ធិ​ប្រជា​ធិតេយ្យ»។​

លោក​បាន​អះអាង​ថា ​ពលរដ្ឋ​កម្ពុជា​នៅ​តែ​មាន​ក្តី​បារម្ភ​ក្រោយ​ការ​បោះ​ឆ្នោត​ ដោយសារការរើស​អើង​នយោបាយ​និង​សកម្មភាព​រិតត្បិត​របស់​អាជ្ញាធរ។​

​លោក​និយាយ​ថា៖​ «ការ​រើស​អើង​នេះ​ទៀត​គឺ​សំដៅ​ទៅ​លើ​អាជ្ញាធរ​ខ្លះ​ ដែល​កត់​សម្គាល់​ថា ​ពលរដ្ឋ​ដែល​មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន។​ អញ្ចឹង​សកម្ម​ភាព​នេះ​ធ្វើ​ឡើង​តាម​របៀប​ការ​អញ្ជើញជួប​ អញ្ជើញ​ហៅ​ប្រជុំ ​ហើយ​នឹង​មាន​ការ​ប្រើ​ពាក្យ​ដៀមដាម​ឬ​ដើរ​កាត់​មុខ​ផ្ទះ​ប្រើពាក្យ​មិន​សមរម្យ​ទៅលើពលរដ្ឋ​របស់​ខ្លួន»។​

លោក​ពុទ្ធា ហង្ស​បាន​អះអាង​ថា​ បញ្ហានេះ​កើត​ឡើង​សឹងតែ​គ្រប់ខេត្ត​ដែល​រដ្ឋា​ភិបាល​គួរ​ណាស់​មានវិធានការ​បង្គ្រាប​រឿង​នេះ។​

ប្រសិនបើ​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​គឺ​សំឡេង​៦៨​ទល់​និង​៥៥​ដូច​ការ​អះអាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មែន​នោះ​ វា​បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​កាន់​កាប់​អំណាច​៣០ឆ្នាំ​ ត្រូវ​គេ​ដឹង​ថា​ មាន​ការ​ធ្លាក់​សំឡេង​ឆ្នោត​២២​អាសនៈ ​បើប្រៀប​ធៀប​ទៅនឹការ​បោះឆ្នោត​ឆ្នាំ​២០០៨​ ដែល​គណបក្ស​នេះ​ទទួល​បាន​៩០​អាសនៈ។

​ក្រុម​សង្គម​ស៊ីវិល​និង​អ្នក​វិភាគ​ខ្លះ​បាន​អះអាងថា បញ្ហានេះ​ហើយ​ដែល​ជា​ការ​បង្ករ​ ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​ខ្លាំង​ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន។ ការ​គំរាម​កំហែង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​សុខចិត្ត​និង​ការ​មិន​គោរព​ដល់​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត ​ហើយថែម​ទាំង​ការ​សង​សឹក​គម្រាម​កំហែង​ផង​ដែរ។​

លោក​សួន ប៊ុនសក្តិ​ ប្រធាន​លេខា​ធិការដ្នាន​នៃ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ឬ​ហៅ​ថា​ អង្គការ​ប្រព្រឹត្តិ​កម្ម​ដែល​មាន​សមាជិក​២០ ​បាន​អះអាង​ថា​ មាន​ការ​រក​ឃើញករណី​គំរាម​កំហែង​ខ្លះ​រវាង​ប្រជា​ពលរដ្ឋ​និង​ប្រជា​ពលរដ្ឋ​ និង​ការ​គំរាម​ពី​អាជ្ញា​ធរ​ទល់​នឹង​ប្រជា​ពលរដ្ឋ​ដោយ​សារ​អាជ្ញាធរ​ហ្នឹង​មាន​និន្នាការ​នយោបាយ​ទៅរក​គណបក្ស​ដែលគាត់​គាំទ្រ។​

លោក​និយាយថា៖​ «បញ្ហា​នេះ​គឺប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទីមួយ​គឺ​សិទ្ធិ​ប្រជា​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ។ ​បើសិន​គេ​ចង់​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ ដែល​គេ​មានជំនឿ​ទៅលើ​គោល​នយោបាយ​នៃ​គណបក្ស​ហ្នឹង​គឺ​ជា​សិទ្ធិ​និង​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។ ​ហើយបញ្ហា​នេះ​ក៏​ប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​គេ​ក្នុង​ការ​ចូលរួម​សម្រេចជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​ដែល​គេចង់​ឲ្យ​ដឹកនាំ​អញ្ចឹង​ទៅ»។​

លោក​ថ្លែង​បន្ត​ថា​ ប្រសិន​បើ​រឿង​នេះ​នៅតែ​បន្ត​ដោយ​គ្មាន​ការ​ទប់ស្កាត់​នោះ​នឹង​ធ្វើឲ្យ​មាន​ការ​បែកបាក់​ បែងចែក​បក្ខពួក​ក្នុង​សង្គម។ ​

លោក​និយាយ​ថា៖​ «តាម​ពិតទៅ​ ក្រោយ​ពីការ​បោះឆ្នោត​ហ្នឹង​ យើង​នៅ​តែ​ជា​ប្រជារាស្ត្រ​ដែល​យើង​ត្រូវ​រាប់​អានគ្នា​ ស្រឡាញ់គ្នា ដើម្បី​កសាង​សង្គម​មួយ​ដ៏​រឹងមាំ​ជាមួយ​គ្នា។​ យើង​មិន​ត្រូវ​មាន​អ្វី​ដែល​គុំគួន​ ឬ​ក៏​មាន​ការ​រើសអើង​ខ្លាំង​ក្លា​អី​ទៀត​ទេ»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ហ្វ៊ីល រ៉ូប៊ឺតសុន​ នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​អះអាង​ថា​ អង្គការ​របស់​លោក​បាន​ឮព័ត៌មាន​នេះ ​តែមិន​ទាន់​បាន​ទទួល​របាយ​ការណ៍​ជាក់លាក់​ទេ។​

លោក​និយាយថា៖​ «ដូច្នេះ​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch​ នឹង​បន្តស៊ើប​អង្កេត​បញ្ហា​នេះ ​ហើយ​យើង​នឹង​ស្រាវ​ជ្រាវ​រក​មើល​ ​ថាតើ​បញ្ហា​នេះ​វា​កំពុង​កើត​មាន​មែន​ឬ​ទេ។​ ជា​ការណ៍​ពិត ​ប្រសិនបើ​បញ្ហា​នេះ​កើត​ឡើង​មែន​ វា​ជា​ក្តី​បារម្ភ​និង​ជា​បញ្ហា​ធ្ងន់ធ្ងរ ​ព្រោះ​ថា​ មិន​គួរ​មាន​នរណា​ម្នាក់​ត្រូវ​គេ​សង​សឹក​ចំពោះ​ការ​បោះឆ្នោត​ឲ្យ​គណបក្ស ណា​នោះ​ទេ។​ ជាថ្មី​ម្តង​ទៀត​ យើង​មិន​ទាន់​មាន​អ្វី​ជា​ភស្តុតាង​ថា​ រឿងនេះ​កើត​មាននៅ​ឡើយ​ទេ។​ យើង​ក៏មិន​ទាន់​មាន​ភស្តុតាង​ដែរ»។​

អ្នក​នាំពាក្យ​ប៉ូលិស​គឺ​លោកឧត្តម​សេនីយ៍​ឯក​គាត ច័ន្ទថារិទ្ធិ បាន​អះអាង​ថា​ លោក​ក៏​ពុំទាន់​ទទួល​បាន​របាយ​ការណ៍​អំពី​ការ​គម្រាម​កំហែង​ដែរ។​

លោក​និយាយថា៖​ «ខ្ញុំអត់​បាន​ទទួល​របាយ​ការណ៍​ហ្នឹង​ទេ។​ ខ្ញុំ​អត់​មាន​សោះ​ក្នុង​របាយ​ការណ៍​ខ្ញុំ​ ប្រចាំថ្ងៃ។​ សេចក្តី​រាយ​ការណ៍​ដែល​បាន​ទទួលគឺ​ថា​ ស្ថានភាព​ល្អ​ប្រសើរ​ អត់​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ» ។​

នៅពេល​សួរ​ ថា​តើនឹង​មាន​វិធាន​ការ​ទេ​ ប្រសិន​បើ​រឿង​នេះ​កើត​មាន ហើយ​វា​បង្កឲ្យ​មាន​ការ​បារម្ភ​ដល់​ពលរដ្ឋ។

លោក​ថ្លែង​បន្ត​ថា៖ «រឿង​ហ្នឹងបើសិន​ជា​ករណី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ទាក់ទង​នឹង​ច្បាប់​ រឿង​ហ្នឹង​បើ​គេប្តឹង​ទៅ​ប៉ូលិស​ ​នោះប៉ូលិស​នឹង​ចាត់ការ​ស៊ើប​អង្កេត​ តាមដាន​តាម​ច្បាប់ តាម​ទម្លាប់​របស់​ភារកិច្ច​ប៉ូលិស​ហ្នឹង​ហើយ»។​

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ​អំពើហិង្សា​ផ្សេង​ទៀត​មាន​រហូត​ដល់​វាយ​សម្លាប់​មួយ​ករណី​នៅ​ស្រុកកៀន​ស្វាយ ​ខេត្តកណ្តាល ​និង​ការ​ដុតផ្ទះ​ផង​ដែរនៅ​ខេត្តកំពត​ និង​ខេត្ត​កំពង់ចាម ​ដោយសារ​តែ​ការ​រើសអើង​នយោបាយ​នេះ។​

រឿងនេះ​ត្រូវ​គេ​ដឹង​ថា​ កើត​ចេញពីការ​បោះ​ឆ្នោត។​ នៅ​ឯ​ថ្នាក់​ជាតិ​វិញ​ គេ​សង្កេត​ឃើញ​មាន​ការ​ដាក់​ពង្រាយ​កងទ័ព​ដែល​មន្ត្រី​រដ្ឋាភិបាល​បកស្រាយ​ថា​ ជា​កាតព្វ​កិច្ច​ការពារ​ស្ថិរភាព ​និង​សុវត្តិភាព​ នៅពេល​ក្រុម​ជំទាស់​ប៉ុនប៉ង​ធ្វើ​មហាបាតុ​កម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ ដែល​គេចាត់​ទុក​ ថា​កើត​ចេញ​ពី​ការ​លួច​បន្លំ​នោះ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG