ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អ៊ូ វីរៈ៖ ​គណបក្ស​នយោបាយ​ត្រូវ​ប្រើ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ជៀសវាង​ហិង្សា​ក្រោយ​ការ​បោះឆ្នោត

  • ម៉ែន គឹមសេង

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
វ៉ាស៊ីនតោន​ -​ គណបក្ស​ធំៗ​ពីរ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៨​ខែ​កក្កដា​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដល់​ក្រុម​យុវជនប៉ុន្តែ​បញ្ហា​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោតនា​ពេល​បច្ចុប្បន្ន​នេះជា​សញ្ហា​បង្ហាញ​យ៉ាង​ច្បាស់​ថា​គេត្រូវ​ធ្វើការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជា​ចាំ​បាច់​ដើម្បី​ជៀស​វាង​ហិង្សា​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​លើ​កក្រោយ​។ នេះ​បើតាម​ការ​បញ្ជាក់​របស់អ្នក​សង្កេតការណ៍​បោះឆ្នោត​នេះ។​

លោក​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​ថា​ការបោះឆ្នោត​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ធំ​ដែល​ពលរដ្ឋ​គួរ​តែ​សប្បាយរីករាយ​និង​សាទរដោយ​សារ​វា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើហិង្សា​ធំដុំ​អ្វី​កើត​ឡើង។

យ៉ាង​ណា​ក៏​ដោយ​លោក​អ៊ូ​វីរៈ​បានស្នើ​សុំ​ឱ្យ​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ«បន្ធូរបន្ថយ​សំដី​និង​ការនិយាយ​ស្តី​ណា​ដែល​ប៉ះពាល់​ទៅនឹង ស្ថិរភាព​នៅ ពេល​បច្ចុប្បន្ននេះ» ក្នុង​ខណៈ​ពេល​ដែល​កំពុង​ជាប់​គាំង​លើ​វិធី​ដោះស្រាយ​យ៉ាង​ណា​ដើម្បី​ឱ្យ​ភាគី​ទាំង​ពីរ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត។

លោ​កវីរៈ​បាន​បញ្ជាក់​ថា​ការលើក​ឡើង​ពី​បាតុកម្ម​គឺ​ជា​ការ​និយាយ​លឿន​ពេក​ព្រោះ នៅ​មិន​ទាន់​ប្រើ​ប្រាស់​អស់​យន្តការ​អហិង្សា​នៅឡើយទេ។ លោក​បាន​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​ចាស់​ទុំ​ត្រូវ​ជំរុញ​ការ​សម្របសម្រួល​ដោយ​លូក​ដៃ​ទៅ​រក​គណបក្ស​ប្រឆាំង​មុនដើម្បី​ជៀសវាង​អំពើ​ហិង្សា​ណាមួយ​ដែល​អាច​ខូច​ប្រយោជន៍​ជាតិ។​

លោ​ក​បានសង្កេត​ឃើញ​ថា​មាន​បញ្ហា​ជាច្រើន​គឺ​មន្ត្រី គណបក្ស​ប្រជាជន​មាន​ចូលរួម​ពាក់​ព័ន្ធ​ក្នុង​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ជា​ប្រព័ន្ធ​ហើយបើ​មិន​មាន​ការលួច​បន្លំ​ទេ​អាច​នឹង​ផ្លាស់​ប្តូរ​លទ្ធផល​ឆ្នោត​ដែល​នាំ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​យ៉ាង​ច្បាស់។​

យោង​តាម​លទ្ធផ​ល​ដែល​ផ្សាយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​គណបក្ស​កាន់​អំណាច​ទទួល​បាន​អសនៈ​ចំនួន​៦៨​ហើយ​គណបក្ស​ប្រឆាំង​ទទួល​បាន​តែ​៥៥​ប៉ុណ្ណោះ។​ នេះ​ជា​ការ​បាត់​បង់​អសនៈ​ចំនួន​២២​ដែល​គណបក្ស​កាន់​អំណាច​មាន​រហូតដល់​៩០។​

កត្តា​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​ធ្លាក់​ចុះ​ប្រជាប្រិយ៍ភាព​យ៉ាងខ្លាំង​ដោយ​សារ​បាន​ទទួល​ជោគជ័យ​ហើយ​បាន​ភ្លេច​ខ្លួន ហើយ​ធ្វើ​ខ្លួន​ដូច​ជា​ជិះសេះ​ដ៏​លឿន​លែង​ដៃ​និង​ធាក់​មនុស្ស​តាម​ផ្លូវ​ទៀត។ នេះ​បើ​តាម​ការ​ប្រៀបធៀប​របស់​លោ​កអ៊ូ វីរៈ។

កត្តាចំពោះ​មុខដែល​អាច​ជៀសវាង​ភាព​ជាប់​គាំង​នៅ​ក្រោយ​ពី​ការ​បោះឆ្នោតគឺ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជា​ប្រព័ន្ធ​ លើ​គ.ជ.ប បើ​មិន​ដូច្នេះ​ទេ​អាច​នឹង​ទៅ​ជា​ហិង្សា​នៅ​ពេល​ក្រោយ និង​បន្ទាប់​មក​ទៀត​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធទូរទស្សន៍​មិន​ឱ្យមាន​ការ​ធ្វើ​សេចក្តីរាយ ការណ៍ដោយ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ដូច​ពេល​បច្ចុប្បន្ន​ទេ៕
XS
SM
MD
LG