ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​នយោបាយ៖ ​អន្តរជាតិ​អាច​ជួយ​ទម្លាយ​ភាព​ទ័លច្រក​នៅ​កម្ពុជា


លោកស្រី ​Shihoko ​Goto​ ជា​អ្នក​ស្រាវ​ជ្រាវ​អំពី​នយោបាយ​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​ Wilson Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន
លោកស្រី ​Shihoko ​Goto​ ជា​អ្នក​ស្រាវ​ជ្រាវ​អំពី​នយោបាយ​តំបន់​អាស៊ី​នៃ​មជ្ឈមណ្ឌល​ Wilson Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន
ក្រុម​អ្នក​វិភាគ​អន្តរជាតិ​ខ្លះ​និយាយ​ថា​ ការ​គាប​សង្កត់​ជា​អន្តរជាតិ​និង​ការ​ចូល​រួម​ពាក់ព័ន្ធ​របស់​សហគមន៍​អន្តរ​ជាតិ​អាច​ទម្លាយ​ភាព​ទាល់ច្រក​ខាង​នយោបាយ​កម្ពុជា​ដែល​គេ​គិត​ថា ​ទំនង​ជា​កំពុង​ជាប់​គាំង។​ ពីរដ្ឋធានី​វ៉ាស៊ីន​តោន លោក​សុខ ខេមរា​នៃ​វីអូអេ ដែល​បាន​ត្រួត​ពិនិត្យ​ពី​ស្ថាន​ការណ៍​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៣ ​ សូមជូន​សេចក្តី​រាយ​ការណ៍នេះ។​

នៅពេល​ដែល​ការ​ជាប់គាំង​នយោបាយ​ក្រោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទំនង​ជា​អាច​កើត​មាន​នោះ​ ក្រុម​អ្នក​ជំនាញ​និង​អ្នក​វិភាគ​ខ្លះ​ក្នុង​ប្រទេស​អាមេរិក​បាន​សម្លឹង​ឃើញ​ថា ​ការ​ដាក់​សម្ពាធ​ជា​អន្តរជាតិ​អាច​ជា​វិធីល្អ​ដើម្បី​ឈាន​ទៅ​ដល់​ការ​រៀបចំ​រដ្ឋាភិបាល​កម្ពុជា​ថ្មីមួយ​បាន​ឆាប់។​

គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អះអាង​ថា​ ខ្លួន​ជាអ្នក​ឈ្នះ​ការ​បោះឆ្នោត​នោះ​បាន​ប្រកាស​មិន​ទទួល​យក​ការ​ប្រកាស​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ថា​ ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​នោះ​ទេ។​ ការ​ជាប់​គាំង​នយោបាយ​នេះ​ទំនងជា​អាច​នាំ​ទៅ​ដល់​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ជំទាស់​ចំពោះ​កិច្ច​ប្រជុំ​បង្កើត​សភា​ស្របច្បាប់​លើក​ដំបូង​ដែល​កំណត់​ធ្វើ​ឡើង​៦០​ថ្ងៃ​យ៉ាងយូរ ​ក្រោយ​ការ​បោះឆ្នោត​ ហើយ​រឿង​នេះ​អាច​ឈាន​ទៅ​ដល់​ការ​គាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ស្រប​ច្បាប់​ផង​នោះ។​

គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ជា​សាធារណៈ​ ប្រសិន​បើការ​ស៊ើប​អង្កេត​ឯករាជ្យ​មិនអាច​កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​រឿង​ភាព​មិន​ប្រក្រតី​ដែល​អាច​ផ្តល់​យុត្តិធម៌​និង​ដឹង​ការចាញ់​ឈ្នះ​ពិត​ប្រាកដ​នោះ។​

បញ្ហា​ប្រទាញ​ប្រទង់​គ្នា​នេះ​មិន​ទាន់​ច្បាស់​ ថា​តើ​សហគមន៍​អន្តរ​ជាតិ​អាច​ធ្វើ​យ៉ាង​ណា​ទៀត​ទេ​ ហើយ​ ថា​តើគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​អំណាច​៣០ឆ្នាំ​ អាច​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ពាក់​ព័ន្ធ​ពី​អន្តរ​ជាតិ​នោះ​ឬ​យ៉ាង​ណា​ទេ។​

លោក​បណ្ឌិត​ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari)​ សាស្ត្រាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​ Gerald Ford​ School ​of Public Policy ​ នៅសាកល​វិទ្យាល័យ​ University ​of Michigan ​បាន​ថ្លែង​ថា៖ «រឿងនេះ​ទំនង​ណាស់​ដែល​ការ​ស៊ើប​អង្កេត​របស់​អ.ស.ប.​អាច​បើក​កកាយ​ឃើញ​ភស្តុតាង​ខ្លះ​អំពី​ការ​ក្លែង​បន្លំ​ក្នុង​ការ​បោះឆ្នោត​ថ្មីៗ​នៅ​ប្រទេស​កម្ពុជា។ រឿង​នោះ​នឹង​អាច​ជា​សម្ពាធ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ ឡើង​វិញ ឬ​បាត់​អាសនៈ​បន្ថែម។ ​ ហេតុផល​នេះ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជាមិនព្រម​ឲ្យ​មាន​ការ​ស៊ើប​អង្កេតណាមួយ​ដែល​គ្មាន​ផល​ប្រយោជន៍​ដល់​ខ្លួន»។​

ទោះជា​យ៉ាងណា​ លោក​សាស្ត្រាចារ្យ​ចន ស៊ីយ៉ូស៊ីយ៉ារី​ (John Ciorciari) ​បាន​ថ្លែង​ថា ​ភាគី​ទាំងពីរ​អាច​សម្រប​សម្រួល​គ្នា​តាម​រយៈការ​ផ្តល់​សម្បទាន​អំណាច​និង​គោល​នយោបាយ​បាន​ដែរ។​

លោក​និយាយថា៖​ «នៅ​មាន​ចន្លោះ​ទំនេរ​យ៉ាង​ច្រើន​សម្រាប់​ការ​សម្រប​សម្រួល​ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ល្អ​ប្រសើរ​សម្រាប់​គណបក្ស​ទាំង​ពីរ​ និង​សម្រាប់​ប្រទេស​ជា​ជាង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​បាតុ​កម្ម​នៅ​តាម​ដង​ផ្លូវ។​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ផ្តល់​ការ​តែង​តាំងមុខ​តំណែង​នានា ​ សន្យា​កែ​ទម្រង់​គោល​នយោបាយ​ជាក់លាក់​ បើ​ពុំ​ដូច្នោះ​ទេ ​ត្រូវ​ទទួល​យក​ជំហាន​ដែល​ជា​ការ​ព្រមព្រៀង​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ពេញ​លេញ​ពី​អ.ស.ប.។​ យុទ្ធ​សាស្ត្រ​ល្អ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​គឺ​នៅ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​តាម​រយៈ​ការ​តវ៉ា​ដោយ​អហិង្សា ​ហើយ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ដំណាល​គ្នា​នឹង​ការ​ចរចា​ជា​សម្ងាត់ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ឲ្យ​មាន​សម្បទាន។​ ម៉្យាង​ទៀត ​ការ​តវ៉ា​របស់​គណបក្ស​ជំទាស់​ត្រូវ​តែ​ធ្វើ​ដោយ​សន្តិវិធី​ដើម្បី​បញ្ជៀស​ល្បិច​កល​នៃ​ការ​ប្រើប្រាស់​ស្ថាន​ការណ៍​នោះ​ដើម្បី​បង្ក្រាប​បាតុ​កម្ម»។​

លោក​បាន​បន្ថែម​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រហែល​ជា​ពិបាក​ទិញ​ទឹក​ចិត្ត​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ឲ្យ​គាំទ្រ​ខ្លួន​ណាស់​លើក​នេះ​ តែ​លោក​សាស្ត្រចារ្យ​បាន​បញ្ជាក់​ថា ​ការ​ពន្យារពេល​ដោយ​គ្មាន​រដ្ឋាភិបាល​ក្នុង​ប្រទេស​ក៏​មិនមែន​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា​ដែរ។ ​លោក​បាន​បន្ថែម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពេល​នេះ​ក៏​មិន​មើល​ឃើញ​ថា ​អ.ស.ប.​និង​បស្ចឹម​ប្រទេស​ជា​អ្នក​សម្រប​សម្រួល​ស្មោះ​ត្រង់​ដែរ​ ហើយ​មើល​ទៅ​ទំនង​ជាការ​ពិបាក​ដល់​ពួក​គេ​ក្នុង​ការ​ដើរ​តួនាទី​សម្រប​សម្រួល​ស្ថាន​ការណ៍​កម្ពុជា។​

លោក​និយាយថា៖​ «តួនាទី​ស្ថាបនា​ដ៏​សំខាន់​សម្រាប់​អ.ស.ប.​និង​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​ ដែល​អាច​ធ្វើ​បាន​គឺ​រក្សា​សម្ពាធ​ការ​ទូត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​អាច​បន្ថយ​ការ​បង្ក្រាប​ទៅ​លើ​បាតុកម្ម​អហិង្សា​ ហើយ​អាច​ធ្វើ​ការ​សម្រប​សម្រួល​បាន​ច្រើន​ជាង​នេះ​ទៀត។​ ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ី​និង​ក្រុម​ប្រទេស​ ដូច​ជា​សមាគម​អាស៊ាន​ជាទូទៅ​ តែង​តែ​ជៀស​វាង​ការ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នយោបាយ​ក្នុង​ស្រុក។​ ដូច្នេះ​ខ្ញុំ​មិន​សង្ឃឹម​ថា​ នឹង​ឃើញ​ពួក​គេ​ដើរ​តួនាទី​សំខាន់​ផ្នែក​ណា​មួយ​ទេ»។​

លោក​ស្រីស្ស៊ីហូកុ ហ្គោតុ ​(Shihoko Goto) ​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​តាក់​តែង​គោល​នយោបាយ​របស់​ស.រ.អា.​នៃ​មជ្ឈមណ្ឌល​ Woodrow ​Wilson ​Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ថ្លែង​ថា ​ពល​រដ្ឋ​កម្ពុជា​នៅ​តែ​មាន​ជំនឿ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ ​ហើយ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ឡើង​វិញ​គួរមាន​ការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់។

អ្នកស្រី​និយាយ​ថា៖ ​«សហគមន៍​អន្តរ​ជាតិ​ រួម​ទាំង​ស.រ.អា.​ អាច​ដាក់​សម្ពាធ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យធ្វើ​កិច្ចការ​នោះ»។​

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​ លោកស្រី​បាន​ថ្លែង​បន្ត​ថា​ ការ​បន្ត​ភាព​ទល់ច្រក​អាច​នាំ​ទៅ​ដល់​បញ្ហា​រំជើប​រំជួល​ ហើយ​នឹង​អាច​នាំ​ទៅ​ដល់​ការ​បង្ក្រាប​ផង​ដែរ។​

អ្នកស្រីនិយាយ​ថា៖​ «នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​បាន​អំពាវ​នាវឲ្យ​មាន​ភាព​សុខ​ដុម​រម្យនា​ ក្រោយ​ការ​បោះ​ឆ្នោត​គឺ​ជា​ការ​ភ័យ​ខ្លាច​ពិត​ប្រាកដ​ដែល​រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ក្រុម​បាតុករ។​ បញ្ហា​នេះ​គួរ​តែ​ជៀស​វាង​ ទោះ​ជា​ប្រើ​វិធី​អ្វី​ក៏​ដោយ។ ​ជា​រឿង​ដ៏គួរ​ឲ្យ​សោក​ស្តាយ​ដែល​គោល​បំណង​របស់​សហគមន៍​អន្តរ​ជាតិ​មាន​តិចតួច​នៅឡើយ​ក្នុង​ការ​ចាត់​វិធាន​ការ​ការពារ​ជា​មុន​ នៅ​ក្នុង​ដំណាក់​កាល​នេះ ​ខណៈ​ដែលពួក​គេ​រំពឹង​ថា ​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន​នានា​ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត​អាច​ត្រូវ​ដោះស្រាយ​បាន​ដោយ​យន្តការ​ក្នុង​ស្រុក»។​

លោក​ប្រេដ អាដាំ ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក ​Human ​Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​តែ​មួយ ​តែ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ត្រូវ​តែ​ធានា​ឲ្យ​ប្រាកដ​ប្រជា​ថា ​ជំនួយរបស់​ពួក​គេ​មិន​ផ្តល់​ជូន​រដ្ឋាភិបាល​ដែល​កើត​ឡើង​ចេញ​ពី​ការ​លួចបន្លំ​សន្លឹកឆ្នោត​ទេ។​

​លោក​និយាយថា៖​ «បញ្ហា​វា​អាស្រ័យ​ទៅលើ​នយោបាយ។​ តើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ខ្លាំង​ល្មម​ក្នុង​ការ​មិន​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ​ ស្ថាប័ន​ឯករាជ្យ​ចូលរួម​ក្នុង​ដំណើរការ​ផ្ទៀង​ផ្ទាត់​ភាព​មិន​ប្រក្រតី​ទេ?​ ខ្ញុំ​គិត​ថា​ ប្រសិន​បើ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​សម្រាប់​កម្ពុជា​ជំរុញ​រឿង​នេះ​ នោះ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុញ្ញាត​នោះ​ទេ»។​

លោក​បាន​អះអាង​បន្ថែម​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​បង្ករ​ភាព​មិន​ ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​នោះ​ មិន​ចូលចិត្ត​ភ្នែក​និង​ត្រចៀក​ឯករាជ្យ​ពី​អន្តរ​ជាតិ​ទេ។

លោក​បន្តថា៖ ​«អ.ស.ប.​គួរតែ​ចូលរួម​ពាក់ព័ន្ធ។ ​ពួកគេ​ជា​អ្នក​ទទួល​ខុសត្រូវ​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​ទីក្រុង​បារីស​ និង​ពី​សម័យ​អ៊ុនតាក់។​ ហើយ​ស.រ.អា.​គួរតែ​ចូលរួម​ពាក់​ព័ន្ធ។​ សហភាព​អឺរ៉ុប​ត្រូវតែ​ធ្វើ​សេចក្តី​អំពាវនាវ​ដូច​គ្នា​នេះ​ដែរ ​ហើយ​ជប៉ុន​ចាំ​បាច់​ត្រូវ​ចូលរួម​ពាក់ព័ន្ធ។​ ពួក​គេ​ត្រូវ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដើម្បី​ធានា​ការ​ស៊ើប​អង្កេតដោយ​ឯករាជ្យ​ និង​តម្លាភាព​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​ការ​ជឿ​ជាក់​ចំពោះ​លទ្ធផល​បោះឆ្នោត។​ ​ឥឡូវនេះ​គ្មាន​ហេតុផល​អ្វី​ធ្វើ​ឲ្យ​ពលរដ្ឋ​ជឿ​ជាក់​ទេ»។​

តែ​អ្នក​នាំ​ពាក្យ​រង​របស់​លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន់​ គីម៊ូន​គឺ​លោក​ស្រី​ម៉ូរាណា សុង ​(Morana Song) ​បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ពី​ទីក្រុង​ញូយ៉ក​មក​ថា ​លោក​អគ្គលេខា​ធិការ​កំពុង​តាម​ឃ្លាំមើល​ស្ថាន​ការណ៍កម្ពុជា​យ៉ាង​ដិត​ដល់។​

អ្នកស្រី​ថ្លែងថា៖​ «ដូច​យើង​បាន​បញ្ជាក់​ច្បាស់​ហើយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃ​សុក្រ​គឺ​ថា ​លោក​អគ្គ​លេខាធិការ​អ.ស.ប.​បាន​ស្វាគមន៍​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដោយ​សន្តិវិធី កាល​ពី​ថ្ងៃទី​២៨​ ខែ​កក្កដា។​ ដោយ​មាន​របាយ​ការណ៍​ច្របូក​ច្របល់​អំពី​បញ្ហា​ភាព​មិនប្រក្រតី ​អ.ស.ប.​លើក​ទឹក​ចិត្ត​អាជ្ញាធរ​មាន​សមត្ថកិច្ចដោះស្រាយ​បណ្តឹង​ដោយ​យុត្តិធម៌​និង​ដោយ​តម្លាភាព​ ក្នុង​បំណង​ជា​សំខាន់​ដើម្បី​ធានា​ការ​តាំងចិត្ត​ដ៏​ត្រឹមត្រូវ​ និង​គោរព​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា។​ លោក​អគ្គ​លេខាធិការ​បាន​បន្ត​ថា ​នឹង​បន្តឃ្លាំ​មើល​ស្ថាន​ការណ៍​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​យក​ចិត្ត​ទុក​ដាក់»។​

ដោយ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ សហគមន៍​អន្តរ​ជាតិ​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​ ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​ ត្រឹមត្រូវ​ទេ​មក​ទល់​ពេល​នេះ ​តែទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​ និង​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​ការ​បាត់ឈ្មោះ​ បញ្ជី​ឈ្មោះ​ប៉ោង ​ការ​ចេញ​បណ្ណ​បោះឆ្នោត​ច្រើនហួស​ហេតុ ​ទឹក​ថ្នាំ​ជ្រលក់​ម្រាម​ដៃអាច​លុប​ជ្រះដែល​បង្ករ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​បាន​លើស​ពី​ម្តង​ជាដើម។

​គ.ជ.ប.​គ្រោង​នឹង​ប្រកាស​លទ្ធផល​បឋម​ជា​ផ្លូវការនៅ​ថ្ងៃទី​១០​ ខែ​សីហា​ តែ​គម្រោង​នេះ​អាច​មាន​ការ​ពន្យារ​ពេល​ដោយ​សារ​មាន​បណ្តឹង​ជាច្រើន​ដែល​មិន​ទាន់ដោះ​ស្រាយ​រួច៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG