ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍​សេដ្ឋកិច្ច៖ ស្ត្រី និង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច


សកម្មភាព​កម្មករ​រោងចក្រ​នៅប្រទេស​​កម្ពុជា។​
សកម្មភាព​កម្មករ​រោងចក្រ​នៅប្រទេស​​កម្ពុជា។​

កំណត់​និពន្ធ៖ ការ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពុំ​មាន​ភាព​ពេញ​លេញ​ឡើយ ប្រសិន​បើ​គ្មាន​ការ​លើក​ឡើង​អំពី​តួនាទី​របស់​ស្ត្រី និង​សមធម៌​រវាង​បុរស និង​ស្ត្រី។ លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​រដ្ឋធានីវ៉ាស៊ីនតោន ឲ្យ​ដឹង​ថា ដោយ​សារ​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុជា​គឺជា​ស្ត្រី នោះ​ការ​ពង្រឹង​ការ​ចូលរួម ជំនាញ និង​ការ​យល់​ដឹង​របស់​ស្ត្រី​អាច​ជួយ​លើក​កម្ពស់​ផលិត​ភាព និង​កំណើន​សេដ្ឋកិច្ច​បាន​មួយ​កម្រិត។ នាង ទែន សុខស្រីនិត នៃ VOA បាន​សន្ទនាជាមួយ​នឹង​លោក ហេង ឌីណា ជុំវិញ​តួនាទី​របស់​ស្រ្តី​ក្នុង​ការ​ពង្រឹង និង​អភិវឌ្ឍ​សេដ្ឋកិច្ច។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ ហេតុអ្វី​បាន​ជា​មាន​ការ​ពិភាក្សា​ដោយ​ឡែក​អំពី​តួនាទី​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច? តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​ខុស​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បុរស?

លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​មួយរូប​ប្រចាំនៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ)
លោក ហេង ឌីណា សេដ្ឋវិទូ​ខ្មែរ​មួយរូប​ប្រចាំនៅ​រដ្ឋធានី​វ៉ាស៊ីតោន។ (រូបថត​ផ្តល់​ឲ្យ)

លោក ហេង ឌីណា៖ ជា​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ពឹង​លើ​ស្ថេរភាព​នយោបាយ សេ្ថរភាព​ម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ធនធាន​មនុស្ស។ ចំពោះ​ធនធាន​មនុស្ស​នេះ ស្រ្តី​មាន​ពាក់​កណ្តាល​នៃ​ធនធាន​មនុស្ស​របស់​កម្ពុជា ហើយ​ក៏​ដើរ​តួនាទី​សំខាន់​ដូច​បុរស​ក្នុង​ការ​ចូលរួម​កម្លាំង​សេដ្ឋកិច្ច​តាមរយៈ​បញ្ញា ជំនាញ និង​សមត្ថភាព ឬ​អាច​ច្រើន​ជាង​បុរស​នៅ​ក្នុង​វិស័យ​មួយ​ចំនួន។ ប្រទេស​មួយ​ចំនួន​ធំ ជាពិសេស​នៅ​តាម​ប្រទេស​កំពុង​អភវិឌ្ឍន៍​មាន​ឧបសគ្គ​ច្រើន ដែល​រារាំង​ដល់​ឱកាស និង​ការ​ចូលរួម​របស់​ស្ត្រី​ឲ្យ​បាន​ពេញលេញ ដូចជា​របាំង​សាសនា ឬ​កង្វះ​សេវា​សាធារណៈ​សម្រាប់​ស្ត្រី​ដែល​មាន​ធម្មជាតិ​ខ្លះ​ខុស​ពី​បុរស។ នៅ​កម្ពុជា​យើង​ក៏​មាន​ឧបសគ្គ​មួយ​ចំនួន​សម្រាប់​ស្ត្រី​ដែរ​ដូចជា អំពើ​ហិង្សា​ក្នុង​គ្រួសារ សម្ពាធ​គ្រួសារ និង​ទសន្សនៈ​ចាស់​គំរិល​មួយ​ចំនួន​ជាដើម។

បទ​ពិសោធន៍​បណ្តា​ប្រទេស​ជោគជ័យ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ពង្រឹង​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ត្រី​ដ៏​ពេញលេញ​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍន៍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ច្រើន។ អ្វី​ដែល​សំខាន់​ទាក់ទង​នឹង​បរិបទ​ប្រទេស​កម្ពុជា​យើង​នោះ គឺ​តួនាទី​ស្រ្តី​ក្នុង​គ្រួសារ ដូចជា​ចាត់ចែង​ចំណាយ​សម្រាប់​ម្ហូប​អាហារ ការ​អប់រំ​កូន​ចៅ សុខភាព និង​សុខមាលភាព​គ្រួសារ ដែល​ទាំងនេះ​ជា​ធាតុ​ដ៏​សំខាន់​សម្រាប់​អនាគត​គ្រួសារ សង្គម និង​សក្តានុពល​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​មូល។ ក្នុង​ន័យ​នេះ ដើម្បី​ពង្រឹង​គ្រួសារ យើង​ចាំបាច់​ត្រូវ​ពង្រឹង​សម្ថភាព និង​ឱកាស និង​ការ​ចូលរួម​របស់​ស្រ្តី​ក្នុង​សកម្មភាព​សេដ្ឋកិច្ច។

VOA៖ បើ​ធៀប​នឹង​១០ឆ្នាំ​មុន តើ​ឱកាស​ចូលរួម​បង្កើន​សេដ្ឋកិច្ច​របស់​ស្ត្រី​បាន​វិវត្តន៍​ដល់​កម្រិត​ណា​ហើយ?

លោក ហេង ឌីណា៖ ជា​រូបភាព​រួម យើង​ឃើញ​មាន​ការ​ចូល​រួម​របស់​ស្រ្តី​ច្រើន​ជាង​មុន​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា។ អត្រា​ចូលរួម​ការងារ​របស់​ស្ត្រី​អាយុ​ចន្លោះ​ពី១៥ ទៅ​៦៤ឆ្នាំ បាន​កើន​ដល់​៧៨កណ្តក់​សញ្ញា​៧ភាគរយ​នៅ​ឆ្នាំ​២០១២ បើ​ធៀប​នឹង​៩០ភាគរយ​នៃ​ចំនួន​បុរស។បច្ចុប្បន្ន ស្ត្រី​កម្ពុជា​កំពុង​ដើរ​តួនាទី​ទ្រទ្រង់​វិស័យ​កាត់ដេរ ទេសចរណ៍ សេវាកម្ម កសិកម្ម និង​អាជីវកម្ម​ខ្នាត​តូច ក៏​ដូចជា​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ។

ក្នុង​នោះ​៥០ភាគរយ​ធ្វើការ​ពាក់​ព័ន្ធ​នឹង​កសិកម្ម ២០ភាគរយ​ទាក់ទង​នឹង​សេវាកម្ម​ដូចជា​ទេសចរណ៍ ភោជនីយដ្ឋាន និង​កំសាន្ត និង២០ភាគរយ​ទៀត​ទាក់ទង​នឹង​ឧស្សាហកម្ម ដែល​មាន​វិស័យ​កាត់ដេរ​ជាចម្បង។ សូម​ជម្រាប​ថា ៩០ភាគរយ​នៃ​បុគ្គលិក​ក្នុង​វិស័យ​វាយនភ័ណ្ឌ​នេះ​ជា​ស្រ្តី។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្នុង​ចំណោម​ស្ត្រី​ដែល​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ ៦០ភាគរយ​ចំណាក​មក​ភ្នំពេញ ៣០ភាគរយ ទៅ​បរទេស​ដូចជា ម៉ាឡេស៊ី និង​ថៃ និង​១០ភាគរយ​ទៀត​ទៅ​ខេត្ត​ដទៃ។ ឱកាស​សេដ្ឋកិច្ច និង​ការងារ​ទាំងនេះ​អាច​ផ្តល់​កម្រៃ និង​លទ្ធភាព​មួយ​កម្រិត ដែល​ស្ត្រី​អាច​ជួយ​ទ្រទ្រង់​គ្រួសារ​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី មាន​ឧបសគ្គ​ជា​ច្រើន​ទៀត​ដែល​ស្ត្រី​ត្រូវ​ប្រឈម។ ជា​ឧទាហរណ៍ ៧០ភាគរយ​នៃ​ស្រ្តី​ស្ថិត​នៅក្នុង​ការងារ​ដែល​ងាយ​រងគ្រោះ​ថ្នាក់ ពោល​គឺ ការងារ​គ្រួសារ​ដែល​គ្មាន​ប្រាក់​កម្រៃ​ច្បាស់លាស់ ការងារ​ផ្ទាល់​ខ្លួន​ដូចជា ធ្វើការ​នៅ​តាម​ផ្ទះ និង​ការងារ​មួយ​ចំនួន​ទៀត​ដែល​ពុំ​មាន​ប្រាក់​បៀរវត្សរ៍ ឬ​ស្តង់ដារ ឬ​សុខមាលភាព​សមរម្យ​ច្បាស់លាស់។ លើស​ពី​នេះ ការ​ទទួល​បាន​ប្រាក់​ចំណូល និង​ការ​ចូលរួម​នៅ​ក្នុង​វិស័យ​ទាំងនេះ​នៅ​មាន​កម្រិត​មួយ​ផ្នែក​ធំ ដោយ​សារ​កម្រិត​នៃ​ជំនាញ ឬ​ស្ថានភាព​នៃ​ការងារ។ សូម​ជម្រាប​ថា តាម​របាយការណ៍​អង្កេត​ផ្លូវ​ការ ៨០ភាគរយ​នៃ​ស្ត្រី​ដែល​ធ្វើការ​មាន​កម្រិត​អប់រំ​ខ្ពស់​បំផុត​ត្រឹម​តែ​ថ្នាក់ទី៦​នៅ​បឋម​សិក្សា​តែ​ប៉ុណ្ណោះ។

ដោយកម្ពុជា​មាន​ដី​កសិកម្ម​រហូត​ដល់​២លាន​៧សែនហិកតា អ្នក​ជំនាញ​ខាង​កសិកម្ម​សង្ឃឹម​ថា វិធីសាស្ត្រ​ថ្មី​និង​ស្រូវ​ពូជ​ថ្មី​នេះ​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​អាច​សម្រេច​បាន​នូវ​គោលដៅនាំ​ចេញ​ស្រូវ​ចំនួន​១លាន​តោន​ក្នុង​មួយ​ឆ្នាំនៅ​ឆ្នាំ​២០១៥។
ដោយកម្ពុជា​មាន​ដី​កសិកម្ម​រហូត​ដល់​២លាន​៧សែនហិកតា អ្នក​ជំនាញ​ខាង​កសិកម្ម​សង្ឃឹម​ថា វិធីសាស្ត្រ​ថ្មី​និង​ស្រូវ​ពូជ​ថ្មី​នេះ​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​អាច​សម្រេច​បាន​នូវ​គោលដៅនាំ​ចេញ​ស្រូវ​ចំនួន​១លាន​តោន​ក្នុង​មួយ​ឆ្នាំនៅ​ឆ្នាំ​២០១៥។

បន្ថែម​លើ​នេះ វិស័យ​ធំៗ​ទំាងនេះ ពោល​គឺ​វិស័យ​កាត់ដេរ ទេសចរណ៍​អាច​មាន​ភាព​រង្គោះ​រង្គើ និង​ងាយ​ទទួល​រង​ឥទ្ធិពល ដោយសារ​កត្តា​សេដ្ឋកិច្ច​ខាង​ក្រៅ។ កម្ពុជា​កំពុង​មាន​ទំនោរ​ចំណាក​ស្រុក​ដើម្បី​ស្វែងរក​ការងារ​ខ្ពស់ ដោយសារ​ទីមួយ កម្ពុជា​មាន​យុវជន​ច្រើន អាយុ​ជា​មធ្យម២១ឆ្នាំ ហើយ​៧០ភាគរយ​មាន​អាយុ​ក្រោម​៣០ឆ្នាំ។ ហើយ​ទីពីរ ដោយសារ​កង្វះ​ការងារ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ជាពិសេស នៅ​រដូវ​ប្រាំង។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា ទោះ​បីជា​មធ្យម​ស្ត្រី​មាន​ចំណូល​ទាប​ជាង​បុរស ប៉ុនែ្ត​ពួក​គាត់​ផ្ញើរ​លុយ​មក​ផ្ទះ​ច្រើន​ជាង​បុរស។

ស្ត្រី​មាន​ចំណូល​ទាប​ជាង​បុរស​ដោយសារ​ធ្វើការ​នៅ​តាម​ផ្ទះ និង​ការងារ​មួយ​ចំនួន​ទៀត​ដែល​ពុំមាន​ប្រាក់​បៀរវត្សរ៍ ឬ​សុខមាលភាព​សមរម្យ​ច្បាស់លាស់។ ចំពោះ​វិស័យ​សាធារណៈ យើង​ឃើញ​ថា​បុគ្គលិក​រាជការ​ជា​ស្រ្តី​មាន១​ភាគ​បី ហើយ​មាន​តែ​១៨ភាគរយ​ប៉ុណ្ណោះ​នៃ​ស្ត្រី​មាន​ឋានៈ​ជា​អគ្គនាយក​ឡើង​លើ។

VOA៖ ច៎ាស ការ​ស្រាវជ្រាវ​ជា​ច្រើន​តែង​តែ​លើកឡើង​ថា កត្តា​ទំនៀម​ទម្លាប់​ប្រពៃណី និង​ជំនឿ​បែប​បុរាណ​ដែល​ថា​ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ​ជា​កត្តា​ប្រឈម​របស់​ស្ត្រី​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ។ នាង​ខ្ញុំ​ឆ្ងល់​ថា តើ​រហូត​មក​ដល់​ពេល​នេះ កត្តា​ទំនៀម​ទម្លាប់​ប្រពៃណី និង​ជំនឿ​បែប​បុរាណ​នេះ​នៅ​តែ​ជា​កត្តា​ប្រឈម​ដល់​កម្រិត​ណា?

លោក ហេង ឌីណា៖ ទោះ​បី​ជា​មាន​កម្រិត​ទាប​ជាង​មុន​ក៏​ដោយ ស្រ្តី​កម្ពុជា​នៅ​តែ​ជួប​ឧបសគ្គ​មួយ​ចំនួន​សម្រាប់​ការ​អប់រំ និង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច។ ស្ត្រី​នៅ​តែ​ប្រឈម​នឹង​ទំនៀម​ទម្លាប់​ចាស់​គំរិល​ក្នុង​គ្រួសារ​ខ្លះ ដែល​រារាំង​ដល់​ការ​ស្វែងរក​ការងារ និង​បន្ត​ការ​សិក្សា ដូចជា​ សម្ពាធ​ឲ្យ​មាន​គូរស្រករ និង​ការ​បង្ខំ​ឲ្យ​រៀបការ​ជា​ដើម។ ក្រៅ​ពី​នេះ ស្ត្រី​អាច​ជួប​ហានិភ័យ​ច្រើន​ជាង​បុរស ដូចជា ការ​ឈប់​រៀន​ដោយ​ជីវភាព​គ្រួសារ កាលៈទេសៈ​ដែល​ត្រូវ​ជួយ​ការងារ​ផ្ទះ ហានិភ័យ​ពេល​មាន​ផ្ទៃពោះ និង​សម្រាល​កូន​ជា​ដើម។ ជាសំណាង ស្រ្តី​កម្ពុជា​យើង​ពុំ​ជួប​របាំង​ជាតិ​សាសន៍ ឬ​សាសនា ដូច​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​នោះ​ទេ។

អ្វី​ដែល​ជា​ឧបសគ្គ​ចម្បង​គឺ​ការ​យល់​ដឹង​របស់​ឪពុក​ម្តាយ និង​ការ​ទទួល​បាន​ការ​អប់រំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ការ​កែប្រែ​ទស្សនៈ​ចំពោះ​កូន​ស្រី ការ​លើក​កម្ពស់​ការ​យល់ដឹង​របស់​ឪពុកម្តាយ​អំពី​សក្តានុពល​កូនស្រី​ក៏​ដូចជា​កូន​ប្រុស និង​ការ​ពង្រឹង​វិស័យ​អប់រំ​សាធារណៈ​អាច​ជួយ​រំដោះ​ឧបសគ្គ​ទាំង​នេះ​បាន។ ខ្ញុំ​គិត​ថា ភាព​ក្រីក្រ កង្វះ​ខាត​ធនធាន​ដើម្បី​បញ្ជូន​កូន​ទៅ​រៀន​ជា​របាំង​ចម្បង ដោយសារ​កម្ពុជា​គ្មាន​របាំង​សាសនា។

VOA៖ ច៎ាស ខ្ញុំ​ក៏​យល់​ឃើញ​ថា កមិ្រត​ការ​អប់រំ​របស់​ឪពុក​ម្តាយ និង​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​ពួក​គាត់​គឺ​ជា​កត្តា​មួយ ដែល​មាន​ឥទ្ធិពល​លើ​ការ​អប់រំ និង​ការ​រីក​លូត​លាស់​របស់​ស្ត្រី​ក្នុង​សង្គម។ លោក ឌីណា បើ​សិន​ជា​យើង​សម្លឹង​មើល​លើ​តួនាទី​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ មក​ដល់​ពេល​នេះ​តើ​មាន​ការ​ផ្លាស់ប្តូរ​ដែរ​ឬ​ទេ? ហើយ​តើ​ការ​ផ្លាស់​ប្តូរ​នេះ​មាន​លទ្ធផល​យ៉ាង​ដូច​ម្តេច​ដែរ?

លោក ហេង ឌីណា៖ ៦៥ភាគរយ​នៃ​អាជីវកម្ម​ខ្នាត​តូច​គឺ​ឋិត​នៅ​ក្រោម​កម្មសិទ្ធិ​របស់​ស្ត្រី ដែល​ភាគ​ច្រើន​មាន​បុគ្គលិក​តិច​ជាង​បួន​នាក់ ជាពិសេស ក្នុង​វិស័យ​លក់ដុំ និង​រាយ និង​ខាង​ម្ហូប​អាហារ។ ប៉ុន្តែ ប្រាក់​ចំណូល​ជា​មធ្យម​របស់​ស្ត្រី​មាន​ចំនួន​តិច​ជាង​បុរស​២០ភាគរយ។ យើង​ឃើញ​មាន​តួនាទី​របស់​ស្រ្តី​ដ៏​សំខាន់​ក្នុង​វិស័យ​នយោបាយ ក៏​ដូចជា​វិស័យ​ពាណិជ្ជកម្ម និង​សាធារណៈ។ មាន​ស្ត្រី​កម្ពុជា​ដែល​ដឹកនាំ​សហគ្រាស​ឆ្នើម និង​ធំៗ​មួយ​ចំនួន​ដែរ។ ហើយ​មាន​ស្ត្រី​ច្រើន ដែល​ជា​សសរ​ទ្រទ្រង់ និង​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ជោគជ័យ​ខាង​ពាណិជ្ជកម្ម​ធំ​ដែល​ដឹកនាំ​ដោយ​បុរស។

ក្រសួង​កសិកម្ម​ណែនាំ​អំពី​របៀប​នាំ​ចេញ​ទៅ​ប្រទេស​ចិន
ក្រសួង​កសិកម្ម​ណែនាំ​អំពី​របៀប​នាំ​ចេញ​ទៅ​ប្រទេស​ចិន

មាន​ស្រ្តី​ជា​ច្រើន​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា ហើយ​ឧទាហរណ៍​ទំាង​នេះ​ទោះបី​ជា​មាន​កម្រិត ក៏​អាច​ផ្តល់​ជា​គំរូ​ដល់​ស្ត្រី​ដទៃ​ទៀត​ក្នុង​ការ​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ការ​បំបាត់​គំនិត​ចាស់​គំរិល​លើ​ស្រ្តី។ សូម​ជម្រាប​ថា ការ​ដឹកនាំ និង​ជោគជ័យ​របស់​ស្រ្តី​ខ្មែរ​នៅ​ក្នុង​វិស័យ​ខ្លះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​ជំរុញ​ការ​ងើប​ឡើង​នៅ​ផលិតផល​វប្បធម៌​ខ្មែរ ដូចជា តម្បាញ សូត្យ ហូល និង​ផាមួង​ខែ្មរ​ជា​ដើម។ តាម​ការ​អង្កេត​តាម​បណ្តា​ប្រទេស​ជាច្រើន ស្ត្រី​ប្រើ​ជាង​៨០-៩០ភាគរយ​នៃ​ចំណូល​របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចាត់ចែង និង​មើល​ការ​ខុសត្រូវ​លើ​សុខមាលភាព​របស់​គ្រួសារ​តាមរយៈ​ម្ហូប​អាហារ និង​ការ​អប់រំ​កូន។

ហេតុ​ដូច​នេះ ការ​ពង្រឹង​តួនាទី និង​ការ​ចូលរួម​របស់​ស្រ្តី​តាមរយៈ​ការ​ផ្តល់​ឱកាស​អប់រំ ជំនាញ និង​ការ​យល់​ដឹង អាច​ជួយ​ឲ្យ​ស្រ្តី​មាន​ចំណូល​ច្រើន​សម្រាប់​ការ​ចំណាយ​លើ​គ្រួសារ និង​ការ​ចាត់ចែង​ក្នុង​គ្រួសារ ដូចជា​ម្ហូប​អាហារ ការ​អប់រំ និង​ផ្ទះ​សម្បែង ដែល​ទាំងនេះ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ខ្មែរ​ជា​ពង្សសាវតា​មួយ ដែល​ស្រ្តី​ធ្លាប់​ដើរ​តួនាទី​ដ៏​សំខាន់​ដូច​បុរស​ដែរ។ ដូច​នេះ ខ្ញុំ​សង្ឃឹម​យើង​អាច​ឃើញ​ស្ត្រី​ជំនាន់​ថ្មី ជាពិសេស ស្ត្រី​ដែល​កើត​ក្រោយ​សង្គ្រាម​កំពុង​បង្កើន និង​ដើរ​តួនាទី​សំខាន់។

VOA៖ ក្រៅ​ពី​ការ​អប់រំ តើ​អ្វី​ទៅ​អាច​ជា​វិធីសាស្ត្រ​ក្នុង​ការ​ពង្រឹង​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង?

លោក ហេង ឌីណា៖ គោល​នយោបាយ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី រួមមាន​ការ​ផ្តល់​វគ្គបំពាក់​បំប៉ន​សម្រាប់​ជំនាញ​វិជ្ជាជីវៈ​ដល់​ស្រ្តី​ឲ្យ​ត្រូវ​ទៅ​នឹង​តម្រូវការ​ទី​ផ្សារ សម្រាប់​ចាប់​យក​តម្លៃ​បន្ថែម​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម ការ​ហ្វឹក​ហ្វឺន ដែល​ជួយ​ស្ត្រី​ឲ្យ​មាន​សមត្ថភាព​ដឹកនាំ​ពាជីវកម្ម​ខ្នាត​តូច នឹង​ធំ និង​ក្រៅ​ផ្លូវ​ការ។

ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​សម្រាប់​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ និង​សុខមាលភាព​របស់​ស្រ្តី​ក្នុង និង​ក្រៅ​ស្រុក ដូចជា ការ​អនុញ្ញាត​ឲ្យ​ស្រ្តី​ឈប់​សម្រាក​បាន​ត្រឹមត្រូវ​ពេល​មាន​គក៌ និង​សម្រាល​កូន។ ការ​ពង្រឹង ការ​ទប់ស្កាត់ និង​ការ​ដាក់​ពិន័យ​លើ​ការ​រើស​អើង​បំពាន​លើ​ស្ត្រី​នៅ​កន្លែង​ធ្វើ​ការ ការ​ផ្តល់​សេវា​សុខភាព និង​តម្រូវ​ការ​របស់​សិស្ស​ស្រី ដូចជា​សាលារៀន​ត្រូវ​មាន​បង្គន់​ត្រឹមត្រូវ និង​មាន​អនាម័យ​សម្រាប់​សិស្ស​ស្រី។ វិធាន​ការ​ទាំងនេះ​អាច​ជួយ​ឲ្យ​មាន​ការ​ចូលរួម​របស់​ស្រ្តី​ឲ្យ​កាន់តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច៕

XS
SM
MD
LG