ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍​៖ ជម្រើស​ការងារ​របស់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​កាត់ដេរ និង​ការរក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ


ស្ត្រី​កម្ពុជា​មួយ​ក្រុម (រូប​ថត​ដោយ៖ AP)

កំណត់​និពន្ធ៖ នៅ​ប្រទេស​កម្ពុជា ជម្រើស​ការងារ​សម្រាប់​ស្ត្រី​មាន​ចំនួន​តិចតួច លើក​លែង​តែ​ក្នុង​វិស័យ​កាត់​ដេរ និង​ការ​រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ។ បញ្ហា​នេះ​អាច​ជំរុញ​ឲ្យ​មាន​ការ​យល់​ឃើញ​ថា ដើម្បី​ស្ថានភាព​សេដ្ឋកិច្ច ស្ត្រី​មួយ​ចំនួន​ធំ​ជៀស​មិន​រួច​ពី​ការ​ធ្វើការ​រោង​ចក្រ ហើយ​ក្នុង​ករណី​ខ្លះ​ធ្វើ​ការ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី Anne Elizabeth Moore អ្នក​សិល្បៈ អ្នក​និពន្ធ និង​អ្នក​យក​ព័តមាន សញ្ជាតិ​អាមេរិក​ដ៏​ល្បី​ល្បាញ​ម្នាក់។ អ្នក​ស្រី Anne Elizabeth Moore បាន​ទៅ​កាន់​ប្រទេស​កម្ពុជា​ជា​ច្រើន​ដង ហើយ​ថ្មីៗ​នេះ​នៅ​ដើម​ឆ្នាំ២០១៤។ អ្នក​ស្រី​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ New Girl Law: Drafting a Future for Cambodia។

ទែន សុខស្រីនិត នៃ VOA បាន​សម្ភាសន៍​អ្នក​ស្រី Anne Elizabeth Moore តាម​ Skype ជុំវិញ​បញ្ហា​នេះ។

VOA៖ ខ្ញុំ​បាន​អាន​អត្ថបទ​របស់​អ្នក​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​លើ​គេហទំព័រ opendemocarcy.net ហើយ​ខ្ញុំ​គិត​ថា នេះ​គឺជា​ឱកាស​មួយ ដែល VOA Khmer ចង់​សន្ទនា​ជាមួយ​នឹង​អ្នក​ស្រី​ម្តង​ទៀត​ជុំវិញ​បញ្ហា ដែល​អ្នក​ស្រី​បាន​លើក​ឡើង​នៅ​ក្នុង​អត្ថបទ​នោះ។ តើ​អ្នក​ស្រី​បាន​ទៅ​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤​មែន​ទេ?

Anne Elizabeth Moore៖ ច៎ាស គឺ​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤។

VOA៖ តើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​កម្ពុជា​លើក​នោះ​មាន​រយៈពេល​ប៉ុន្មាន​ដែរ?

Anne Elizabeth Moore៖ សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​ទៅ​កាន់​ប្រទេស​កម្ពុជា​លើក​នោះ​គឺ​មាន​រយៈពេល​មួយ​ខែ ហើយ​វា​មាន​រយៈពេល​ខ្លី​បំផុត ដែល​ខ្ញុំ​ធ្លាប់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជាពី​មុនៗ។

លោក​ស្រី Anne Elizabeth Moore សិល្បករ និង​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក។ (រូបថត៖ Anne E. Moore)
លោក​ស្រី Anne Elizabeth Moore សិល្បករ និង​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក។ (រូបថត៖ Anne E. Moore)

VOA៖ តើ​អ្នក​ស្រី​ទៅ​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​ក្នុង​គោល​បំណង​អ្វី​ដែរ? ហើយ​តើ​អ្នក​ស្រី​បាន​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​នៅ​ទី​នោះ?

Anne Elizabeth Moore៖ ខ្ញុំ​តែង​តែ​ចង់​ទៅ​ប្រទេស​កម្ពុជា។ ហើយ​សម្រាប់​លើក​នេះ ខ្ញុំ​ទទួល​បាន​មូលនិធិ​របស់​កម្មវិធី Fulbright របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​ទៅ​បង្រៀន និង​ធ្វើការ​ជាមួយ​នឹង​និស្សិត​សកល​វិទ្យាល័យ​មួយ​ទាក់​ទង​នឹង​ប្រព័ន្ធ​សារព័ត៌មាន។ ដូច្នេះ ខ្ញុំ​មិន​រំពឹង​ថា ខ្ញុំ​នឹង​មាន​ពេល​ដើម្បី​តាម​ដាន​មើល​កិច្ច​ការ​របស់​អង្គការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ប៉ុន្មាន​ទេ។ ក្នុង​ចន្លោះ​ខែ​មករា និង​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​ហ្នឹង មាន​ចលាចល​ខាង​នយោបាយ​ច្រើន ហើយ​ខ្ញុំ​មិន​សូវ​បាន​ទៅ​បង្រៀន​ប៉ុន្មាន​ទេ។ តែ​ខ្ញុំ​មាន​សំណាង ដែល​បាន​ទៅ​មើល​អង្គការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​មួយ​ចំនួន​ដែរ។

VOA៖ តើ​អ្នក​នាង​យល់​ឃើញ​យ៉ាង​ដូច​ម្តេច​ខ្លះ​លើ​បញ្ហា​ការងារ​របស់​កម្មករ​រោង​ចក្រ​នៅ​កម្ពុជា ជា​ពិសេស​គឺ​ស្ត្រី​តែ​ម្តង?

Anne Elizabeth Moore៖ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​រាយ​ការណ៍​ច្រើន​អំពី​វិស័យ​កាត់​ដេរ​នេះ។ ហើយ​ខ្ញុំ​យល់​ឃើញ​ថា ជម្រើស​ការងារ​មាន​តិច​តួច​ណាស់​សម្រាប់​ស្ត្រី​ខ្មែរ។ ហើយ​បញ្ហា​នេះ​បណ្តាល​ឲ្យ​ពួក​គេ​យល់​ថា ដើម្បី​ស្ថាន​ភាព​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ ពួក​គេ​ជៀស​មិន​រួច​ពី​ការ​ធ្វើ​ជា​កម្មករ​រោង​ចក្រ។ ក៏​ប៉ុន្តែ វា​មិន​ចាំ​បាច់​ក្នុង​ការ​ធ្វើ​ដូច្នេះ​ទេ។ ខ្ញុំ​យល់​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​រំឭក​អ្នក​គ្រប់​គ្នា​អំពី​ការងារ​ជា​កម្មករ​រោង​ចក្រ​នេះ។ មូល​ហេតុ​ដែល​ការងារ​ជា​កម្មករ​រោងចក្រ​នេះ​បាន​ក្លាយ​ជា​ជម្រើស​ការងារ​ដ៏​ចាំ​បាច់​សម្រាប់​ស្ត្រី​ខ្មែរ នោះ​គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ពង្រីក និង​បង្កើត​ជម្រើស​ការងារ​ផ្នែក​ផ្សេងៗ​ទៀត​ឲ្យ​បាន​ច្រើន​ដល់​ស្ត្រី។

ក្នុង​ករណី​នេះ មាន​ការ​យល់​ឃើញ​ថា ការ​ធ្វើ​ការងារ​ឲ្យ​រោងចក្រ​កាត់​ដេរ​គឺ​ជា​ការងារ​បែប​បង្ខំ។ ក៏​ប៉ុន្តែ សម្រាប់​អ្នក​សារព័ត៌មាន​ជា​អន្តរជាតិ​ដូច​ជា​រូប​ខ្ញុំ នៅ​ពេល​យើង​សង្កេត​មើល​ការ​ធ្វើ​ការងារ​បែប​បង្ខំ យើង​ពិនិត្យ​មើល​ការ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ទាសភាព​ខាង​ផ្លូវ​ភេទ​ជា​ពិសេស។ ហើយ​នៅ​សហរដ្ឋអាមេរិក​វិញ យើង​និយាយ​ច្រើន​អំពី​ស្ថានភាព​ដ៏​វេទនា ដែល​ស្ត្រី​ខ្មែរ​ក្នុង​ឧស្សាហកម្ម​ពេស្យាចារ​នៅ​កម្ពុជា​ជួប​ប្រទះ និង​ពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​បាន​ជួញ​ដូរ។ ភាគ​ច្រើន​របាយ​ការណ៍​ស្តី​អំពី​បញ្ហា​នេះ​តែង​តែ​ដក​ស្រង់​ការ​លើក​ឡើង​របស់​អ្នក​ស្រី ម៉ម សូម៉ាលី ដែល​បច្ចុប្បន្ន​នេះ​មិន​សូវ​មាន​កត្តិយស និង​កេរ្តិ៍​ឈ្មោះ​ល្អ​ប៉ុន្មាន​ទេ។

អ្នកស្រី ម៉ម សូម៉ាលី សកម្មជន​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ចូល​រូម​ពិធី​ស្រមោលសរ​របស់​មូល​និធិ ម៉ម សូម៉ាលី នៅ​ថ្ងៃ​ពុធ ទី២៣ ខែ​តុលា ឆ្នាំ២០១៣ នៅ​ទីក្រុង​ញូយ៉ក។ (រូបថត​ដោយ៖ Andy Kropa/Invision/AP)
អ្នកស្រី ម៉ម សូម៉ាលី សកម្មជន​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ចូល​រូម​ពិធី​ស្រមោលសរ​របស់​មូល​និធិ ម៉ម សូម៉ាលី នៅ​ថ្ងៃ​ពុធ ទី២៣ ខែ​តុលា ឆ្នាំ២០១៣ នៅ​ទីក្រុង​ញូយ៉ក។ (រូបថត​ដោយ៖ Andy Kropa/Invision/AP)

ហើយ​លើស​ពី​នេះ អង្គការ​ជា​ច្រើន​ដែល​បង្កើត​ឡើង​ក្រោយ​ពី​ពេល​ដែល​អ្នក​ស្រី ម៉ម សូម៉ាលី និយាយ​អំពី​បញ្ហា​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នេះ ហាក់​បី​ដូច​ជា​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ពិភព​លោក​សម្រាប់​ស្ត្រី ពី​ព្រោះ​ថា បើ​ស្ត្រី​មិន​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​ទេ នោះ​ពួក​គេ​ជៀស​មិន​រួច​ពី​ការ​ធ្វើការ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ។ ហើយ​បើ​គេ​មិន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការងារ​នេះ​ទេ នោះ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ជួញ​ដូរ​ឲ្យ​ក្លាយ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ។ ការ​លើក​ឡើង​ទាំង​អស់​នេះ វា​វិល​ចុះ​វិល​ឡើង។ ក៏​ប៉ុន្តែ ទាំង​អស់​នេះ​មិន​មែន​ជា​អ្វី ដែល​ខ្ញុំ​បាន​ឃើញ តាម​រយៈ​ការងារ​របស់​ខ្ញុំ​ទេ។

VOA៖ តើ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ការងារ​រក​ស៊ី​ផ្លូវ​ភេទ និង​ការងារ​ជា​កម្មករ​រោងចក្រ ដែល​វិល​ចុះ​វិល​ឡើង​នេះ​បាន​ដោយ​របៀប​ណា​ទៅ?

Anne Elizabeth Moore៖ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ដោយ​ពេញ​លេញ​បាន​ទេ។ តែ​ខ្ញុំ​បាន​គំនិត​មួយ​ចំនួន។ ទីមួយ គឺ​ថា បើ​ទោះ​បី​ជា​អ្នក​ស្រី ម៉ម សូម៉ាលី បាន​ចំណាយ​ពេល​ច្រើន​និយាយ​ថា រាល់​ស្រ្តី​ដែល​រស់នៅ និង​ទទួល​បាន​ជំនួយ​ពី​មូល​និធិ​របស់​គាត់​សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ក៏​ដោយ ក៏​តាម​រយៈ​ការ​សាក​សួរ​ជាមួយ​នឹង​អ្នក​ដែល​រស់នៅ​ក្នុង​មូលនិធិ និង​ទទួល​ជំនួយ​ពី​មូល​និធិ​របស់​គាត់ និង​ជាមួយ​អ្នក​ដែល​បម្រើ​ឲ្យ​អង្គការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ផ្សេងៗ ខ្ញុំ​បាន​រក​ឃើញ​ថា ស្ត្រី​ទាំង​នោះ​មិន​មែន​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ទេ។ ភាគ​ច្រើន ពួក​គេ​និយាយ​ថា​ជា​អ្នក​ធ្វើ​ការ​រក​ស៊ី​ផ្លូវ​ភេទ ហើយ​និងអ្នក​ខ្លះ​ថា​ជា​អ្នក​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ទាប។ មូល​ហេតុ​គឺ​ដោយ​សារ​តែ ឱកាស​ដែល​ពួក​គេ​ទទួល​បាន​ពី​អង្គការ និង​មូល​និធិ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ទាំង​អស់​នេះ​មាន​ស្ថានភាព​ប្រសើរ​ជាង​ស្ថានភាព​ការងារ ដែល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ប្រឈម​មុខ។

កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញ​ពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៤
កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញ​ពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៤

ដូច្នេះ ការ​យល់​ឃើញ​ថា ស្ត្រី​ទាំង​នោះ​ត្រូវ​តែ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នោះ​មិន​មែន​ពិត​ទាំង​ស្រុង​ទេ។ អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​គឺ​ថា បញ្ហា​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​គឺ​ជា​បញ្ហា​ដ៏​ស្មុគ​ស្មាញ​ណាស់ ដោយ​សារ​តែនៅ​តាម​អង្គការ​ប្រឆាំង​ជួញ​ដូរ​មនុស្ស យើង​ឃើញ​មាន​ស្ត្រី​ខ្លះ​ទទួល​បាន​កាងារ​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ការងារ​រក​ស៊ី​ផ្លូវ​ភេទទេ។ ក៏​ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មិន​ទទួល​បាន​ជម្រើស​ការងារ​អ្វី​ផ្សេង​ក្រៅ​ពី​ការងារ​ជា​កម្មករ​រោង​ចក្រ​ទេ។ ដូច្នេះ ស្ថានភាព​ជាក់​ស្តែង​គឺ​ថា ស្ត្រី​ខែ្មរ​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ទាប​ជាង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​សម្រាប់​ការងារ​ជា​កម្មករ​រោងចក្រ​កាត់​ដេរ។ ហើយ​បញ្ហា​ប្រាក់​បៀរវត្សរ៍​ទាប​នេះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​ចិត្ត ហើយ​បោះបង់​ចោល​ការងារ​ជា​កម្មករ​កាត់​ដេរ។ ដូច្នេះ យើង​ឃើញ​ថា ស្ត្រី​ខ្មែរ​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ទាប ហើយ​ធ្វើ​ការ​ប្រើ​កម្លាំង​ដូច​គ្នា​នឹង​ការងារ​ដែល​ប្រើ​កម្លាំង​ផ្សេងៗ​ទៀត។ ហើយ​នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ជុំវិញ​សំណួរ​ថា​តើ អ្វី​ទៅ​ជា​ការងារ​បែប​បង្ខំ និង​មិន​បង្ខំ?

VOA៖ នៅ​ក្នុង​អត្ថបទ​ដែល​អ្នក​ស្រី​បាន​សរសេរ​នោះ អ្នក​ស្រី​បាន​លើក​ឡើង​ថា អ្នក​ដែល​ទទួល​ផល​ចំណេញ​ពី​កម្មករ​រោងចក្រ​កាត់​ដេរ​គឺ​ក្រុមហ៊ុន​រោងចក្រ និង​ក្រុម​ហ៊ុន​ទិញ​សម្លៀក​បំពាក់ ដែល​មួយ​ភាគ​ធំ​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក។ នាង​ខ្ញុំ​ចង់​ដឹង​ថា តើ​រដ្ឋាភិបាល​អាមេរិក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ឲ្យ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​មួយ​ដ៏​សមរម្យ​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ?

Anne Elizabeth Moore៖ ពិតណាស់ កម្មករ​រោងចក្រ​កាត់​ដេរ​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ទាប ហើយ​រាប់​ទាំង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ផង​ដែរ។ លើស​ពី​នេះ មុខ​តំណែង​របស់​ស្រ្តី​ខ្មែរ​ភាគ​ច្រើន​តែង​តែ​មាន​ប្រាក់​បៀរវត្សរ៍​ទាប។ ក៏​ប៉ុន្តែ បញ្ហា​ទាំង​អស់​នេះ​មិន​មែន​ជា​បញ្ហា​មួយ ដែល​ពាក់​ព័ន្ធ​ទាំង​ស្រុង​នឹង​ក្រុមហ៊ុន​ទិញ​សម្លៀក​បំពាក់​ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ។ ហើយ​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ផ្សេងៗ​ទៀត​មាន​ទីតាំង​នៅ​អ៊ឺរ៉ុប​ដែរ។ តាម​ពិត បញ្ហា​គឺ​ថា ទីមួយ ស្ត្រី​ទទួល​បាន​ជម្រើស​ការងារ​តិចតួចក្នុង​ឧស្សាហកម្ម​មួយ​ចំនួន​តូច។ វិស័យ​ការងារ​ដែល​ស្ត្រី​ខ្មែរ​ភាគ​ច្រើន​កំពុង​ប្រឡូក គឺ​ពាក់​ព័ន្ធ​នឹង​សារាពាង្គកាយ​របស់​ស្ត្រី។ ដូច​ដែល​យើង​បាន​ឃើញ ការ​រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ​ពាក់​ព័ន្ធ​នឹង​រូបរាង​កាយ​ស្ត្រី ហើយ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​ក៏​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​រូប​រាង​កាយ​ដែរ ដូច​ជា​ប្រភេទ​សម្លៀក​បំពាក់​ដែល​មនុស្ស​និយម​ពាក់ និង​និយម​ផលិត។

ក៏​ប៉ុន្តែ បញ្ហា​ទាំង​អស់​នេះ​អាច​ផ្លាស់​ប្តូរ​បានភ្លាមៗ​។ ការ​ពឹង​ផ្អែក​លើ​ពលកម្ម​របស់​ស្ត្រី​ក្នុង​វិស័យ​រោងចក្រ​កាត់​ដេរ និង​ការ​រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ​អាច​ផ្លាស់​ប្តូរ​ភ្លាមៗ ប្រសិន​បើ​ប្រទេស​ជាតិ​មួយ ដូច​ជា​កម្ពុជា​ខិតខំ​បង្កើត​ឱកាស​ការងារ​ឲ្យ​ច្រើន​គ្រប់​វិស័យ​ទាំង​អស់​ដល់​ស្ត្រី។ បើ​សិន​ជា​មាន​ជម្រើស​ការងារ​ច្រើន​ឲ្យ​ស្ត្រី ដែល​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​គាំ​ទ្រ​មែន​នោះ ស្ថានភាព​ការងារ​កម្លាំង​ពលកម្ម​របស់​ស្ត្រី​អាច​ខុស​ពី​ស្ថានភាព​បច្ចុប្បន្ន​នេះ។

ដូច្នេះ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​បញ្ហា​ការ​ទិញ​ដូរ និង​អតិថិជន​ទេ។ យើង​មិន​អាច​ធ្វើ​អ្វី ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទិញ​ទំនិញ​បាន​យល់​ដឹង និង​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ទាំង​នេះ​បាន​ទេ ទោះ​បី​ជា​ខ្ញុំ​ទទួល​ស្គាល់​ថា ការ​ធ្វើ​ដូច​នេះ​ពិត​ជា​អាច​ជួយ​ក៏​ដោយ។ ទាំង​អស់​នេះ​គឺ​ជា​បញ្ហា​គោល​នយោបាយ។ ដូច្នេះ ទាក់​ទិន​នឹង​សំណួរ​ថា​តើ​សហរដ្ឋអាមេរិក​អាច​ធ្វើ​យ៉ាង​ដូច​ម្តេច​ខ្លះ​ចំពោះ​បញ្ហា​កម្លាំង​ពលកម្ម​នេះ ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក​ត្រូវ​តែ​ស្វែង​រក​វិធីសាស្ត្រ​ថ្មី ដើម្បី​គាំ​ទ្រ​គោល​នយោបាយ​លុប​បំបាត់​ភាព​ក្រីក្រ​ជុំវិញ​ពិភព​លោក ហើយ​ជា​ពិសេស គឺ​រក​វិធីសាស្ត្រ​គាំ​ទ្រ និង​បង្កើត​ឱកាស​ការងារ​ដល់​ស្ត្រី​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន។

VOA៖ ក្នុង​សៀវភៅ «‍ច្បាប់​ស្រី​ថ្មី» របស់​អ្នក​ស្រី យើង​បាន​ស្តាប់​ឮ​សម្លេង និង​ការ​យល់​ឃើញ​របស់​ស្ត្រី​ខ្មែរ​វ័យ​ក្មេង ដែល​ខិត​ខំ​ស្វែង​រក​ចំណេះ​ដឹង​សម្រាប់​អនាគត​របស់​គេ ក្រៅ​ពី​គោរព​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ។ តែ នៅ​កម្ពុជា ដូច​ដែល​យើង​បាន​ពិភាក្សា​គ្នា​មុន​នេះ មាន​ស្ត្រី​មួយ​ចំនួន​ធំ​កំពុង​តែ​ធ្វើការ​ជា​កម្មករ​រោង​ចក្រ​ដែល​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ទាប និង​ប្រើ​កម្លាំង​ច្រើន។ តើ​អ្នក​ស្រី​គិត​ថា ស្ត្រី​ផ្សេងៗ​ទៀត ជា​ពិសេស​គឺ​ស្ត្រី​ខ្មែរ​ដែល​ជា​អ្នក​តាក់​តែង​គោល​នយោបាយ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ស្ត្រី​មួយ​ភាគ​ធំ​នេះ​ឲ្យ​ទទួល​បាន​ឱកាស​ប្រសើរ​ជាង​នេះ?

Anne Elizabeth Moore៖ ខ្ញុំ​គិត​ថា ស្រីនិត បាន​ដឹង​ថា ខ្ញុំ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ស្ត្រី​ខ្មែរ​ដែល​ជា​អ្នក​តាក់​តែង​គោល​នយោបាយ​នៅ​កម្ពុជា។ តាម​ពិត​ទៅ ខ្ញុំ​មិន​សូវ​ឲ្យ​តម្លៃ​ស្ត្រី​អាមេរិក ដែល​ជា​អ្នក​តាក់​តែង​គោល​នយោបាយ ដូច​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​ស្ត្រី​នៅ​កម្ពុជា​ទេ។ សម្រាប់​ខ្ញុំ អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​កម្ពុជា​ជួយ​នោះ គឺ​បង្រៀន​ស្ត្រី​អាមេរិក​ថា​តើយើង​អាច​ធ្វើ​អ្វី​បាន ដើម្បី​កាត់​បន្ថយ​បញ្ហា​ជុំវិញ​គម្លាត​ប្រាក់​បៀរវត្សរ៍​នៅ​សហរដ្ឋ​អាមេរិក និង​ដោះ​ស្រាយ​បញ្ហា​ការ​ខ្វះ​ខាត​តំណាង​ស្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​អាមេរិក។

ខ្ញុំ​យល់​ថា ស្ត្រី​ខ្មែរ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជុំវិញ​បញ្ហា​ដ៏​ចម្បង​ជា​ច្រើន។ ស្ត្រី​ទាំង​អស់​នេះ​ដឹង​ថា ការ​ផ្គត់​ផ្គង់ និង​គោរព​តម្លៃ​គ្រួសារ សេរីភាព​រូបរាង​កាយ និង​សេរីភាព​ខាង​សេដ្ឋកិច្ច​គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ ហើយ​ខ្ញុំ​យល់​ថា ការ​បន្ត​ជំរុញ​ឲ្យ​ស្ត្រី​ទទួល​បាន​សិទ្ធិ​សម្រាប់​ការងារ​ពេញ​ម៉ោង និង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ល្អ​សមរម្យ​សម្រាប់​ការ​ងារ ដែល​ពួក​គាត់​ចាប់​អារម្មណ៍ ហើយ​ការ​លុប​បំបាត់លម្អៀង​សមភាព​ភេទ​ក្នុង​វិស័យ​អប់រំ និង​ការងារ អាច​ជួយ​បង្កើត និង​គាំ​ទ្រ​សេរីភាព​ខាង​សេដ្ឋកិច្ច​របស់​ស្ត្រី​នៅ​កម្ពុជា​បាន​ច្រើន។ ក៏​ប៉ុន្តែ ខ្ញុំ​ក៏​ដឹង​ថា បញ្ហា​ទាំង​អស់​នេះ​ក៏​ត្រូវ​តែ​ដោះ​ស្រាយ​ដែរ​នៅ​សហរដ្ឋ​អាមេរិក។

កម្មករ​រោងចក្រ​កាត់ដេរ​តវ៉ា​ទាមទារ​តម្លើង​ប្រាក់​បៀរវត្សរ៍​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៤
កម្មករ​រោងចក្រ​កាត់ដេរ​តវ៉ា​ទាមទារ​តម្លើង​ប្រាក់​បៀរវត្សរ៍​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ២០១៤

VOA៖ សម្រាប់​សំណួរ​ចុង​ក្រោយ កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ លោក​ស្រី Michelle Obama ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​អប់រំ​របស់​ក្មេងស្រី។ ជា​ទូទៅ ការ​អប់រំ​គឺ​ជា​គន្លឹះ​មួយ ដើម្បី​ពង្រឹង​អំណាច​សេដ្ឋកិច្ច និង​វិជ្ជាជីវៈ​របស់​ស្ត្រី។ ក៏​ប៉ុន្តែ សម្រាប់​ស្ត្រី​ដែល​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ ហើយ​ត្រូវ​ធ្វើ​ការ​ទាំង​បង្ខំ​នៅ​ក្នុង​វិស័យ​កាត់​ដេរ និង​ការ​រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ធានា​ថា​ការ​អប់រំ​នេះ​អាច​នាំ​មក​នូវ​សេរីភាព​ខាង​សេដ្ឋកិច្ច និង​វិជ្ជាជីវៈ​ដល់​ពួក​គាត់?

Anne Elizabeth Moore៖ ខ្ញុំ​យល់​ថា យើង​ត្រូវ​តែ​ជ្រើស​រើស​យក​បញ្ហា​ម្តង​មួយៗ​មក​ដោះ​ស្រាយ។ ហើយ​ខ្ញុំ​គិត​ថា បញ្ហា​ភាព​ក្រីក្រ​គឺ​ពិត​ជា​សំខាន់​ជាង​បញ្ហា​សីលធម៌។ ដូច្នេះ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​ទាក់​ទង​នឹង​បញ្ហា​ស្ត្រី​ជុំវិញ​ពិភព​លោក​នោះ គឺ​ស្វែង​រក​គោល​នយោបាយ​ដែល​មិន​គិត​អំពី​ការងារ​ដែល​ពួក​គាត់​ចង់​ធ្វើ ឬ​មិន​ចង់​ធ្វើ​នោះ​ទេ តែ​ផ្តោត​ទៅ​លើ​ការ​ធានា​ថា ស្ត្រី​នឹង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ដ៏​សមរម្យ​តាម​បទដ្ឋាន​រស់​នៅ សម្រាប់​រាល់​ការងារ​ដែល​ពួក​គាត់​ធ្វើ។ ខ្ញុំ​គិត​ថា គោលនយោបាយ​បែប​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ។

ក៏​ប៉ុន្តែ គោល​នយោបាយ​បែប​នេះ​ក៏​មាន​ន័យ​ថា យើង​អាច​គាំទ្រ​សិទ្ធិ​របស់​ស្ត្រី​ខ្លះ ដែល​ធ្វើ​ការ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ បើ​សិន​ជា​ពួក​គាត់​ចង់​ធ្វើ​ការ​នេះ។ ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​ចាំបាច់​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជួយ​ស្ត្រី​ទាំង​អស់​នេះ​ឲ្យ​រួច​ផុត​ពី​ប្រព័ន្ធ​នៃ​គំនាម​សេដ្ឋកិច្ច ដែល​ថា ពួក​គេ​ត្រូវ​តែ​ធ្វើ​ការ​នេះ បើ​មិន​ដូច្នោះ​ទេ​ពួកគេ​មិន​អាច​មាន​ជីវភាព​រស់​នៅ​សមរម្យ​បាន​ទេ។ លុះ​ត្រា​តែ​យើង​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ទើប​យើង​អាច​ធានា​បាន​ថា មនុស្ស​គ្រប់​រូប​ទទួល​បាន​ស្ថានភាព​រស់នៅ​ដ៏​ល្អ​ប្រសើរ​មួយ ដែល​ពួក​គេ​ចង់​បាន​ដើម្បី​សុខភាព​ល្អ និង​សុភមង្គល។ ខ្ញុំ​យល់​ថា ភាព​ក្រីក្រ​គឺ​ជា​បញ្ហា​ដ៏​ចម្បង​បំផុត​មួយ​នៅ​ក្នុង​សាកល​លោក ដែល​កើត​ឡើង​ជា​ពិសេស​លើ​ស្ត្រី ដូច​នៅ​កម្ពុជា​ជា​ដើម។

ខ្ញុំ​យល់​ថា នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ចូលរួម​ពាក់​ព័ន្ធ​នឹង​ការ​តាក់​តែង​គោល​នយោបាយ​នោះ អាមេរិក​តែង​តែ​រួម​បញ្ចូល​សំណួរ​ពាក់​ព័ន្ធ​នឹង​ឱកាស​បង្កើត​សេដ្ឋកិច្ច​ជាមួយ​នឹង​សំណួរ​ពាក់​ព័ន្ធ​នឹង​សីលធម៌។ ហើយ​អាមេរិក​តែង​តែ​យល់​ថា ស្ត្រី​មិន​ចង់​ធ្វើ​ការ​ជា​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ទេ។ ប៉ុន្តែ ជាក់​ស្តែង​ទៅ មាន​ស្ត្រី​ខ្លះ​ចង់​ធ្វើ​ការងារ​បែប​នេះ ហើយ​ប្រាកដ​ណាស់ ការងារ​បែប​នេះ​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​ពួក​គាត់​ទេ តែ វា​អាច​ជា​ឱកាស​រក​ប្រាក់​កម្រៃ​ដ៏​ប្រសើរ​មួយ។ ក៏​ប៉ុន្តែ មាន​ករណី​ខ្លះ​ស្ត្រី​គាត់​ចង់​ធ្វើ​ការ​នេះ​តែ​ម្តង បើ​ទោះ​បី​ជា​គាត់​មាន​ជម្រើស​ការងារ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ។ ដូច្នេះ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ​ថា យើង​ត្រូវ​តែ​បង្កើត​ឱកាស និង​ជម្រើស​ការងារ​ដល់​ស្ត្រី​ជុំវិញ​ពិភព​លោក​ឲ្យ​បាន​ច្រើន។ បន្ទាប់​មក​ទៀត យើង​អាច​ចាប់​ផ្តើម​គិត​អំពី​មធ្យោបាយ​ជួយ​រំដោះ​ស្ត្រី​ឲ្យ​រួច​ផុត​ពី​ការងារ​បែប​បង្ខំ និង​ពី​ការងារ​ដែល​មាន​ប្រាក់​បៀរវត្សរ៍​ទាប។

VOA៖ សូម​អរគុណ​ច្រើន Anne ដែល​បាន​សន្ទនា​ជាមួយ​នឹង VOA ខ្មែរ​ម្តង​ទៀត។

Anne Elizabeth Moore៖ អរគុណ​ស្រីនិត៕

XS
SM
MD
LG