ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាថា នឹងបង្កើនសមាមាត្រនៃចំនួនតំណាងស្ត្រីនៅក្នុងសភាជាតិឱ្យបានដល់៣០ភាគរយ (ឬ៣៦រូប) នៅឆ្នាំ២០១៥នេះមិនទទួលជោគជ័យទេ ហើយបរាជ័យនេះក៏មាននៅខាងផ្នែកព្រឹទ្ធសភាផងដែរ។
ទាំងនេះជាផ្នែកមួយនៃគោលដៅទីបីនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលមាន៩គោលដៅធំៗហើយប្រទេសក្រីក្រមួយនេះសន្យាថាត្រូវធ្វើឱ្យសម្រេចបាននៅត្រឹមខែកញ្ញាឆ្នាំ២០១៥ដែលជាពេលមួយត្រូវរាយការណ៍ជូនដល់មហាសន្និបាតអង្គការសហប្រជាជាតិអំពីសមិទ្ធិផលរយៈពេល១៥ឆ្នាំនេះ។
គោលដៅទីបីនេះពិនិត្យមើលលើគំលាតយេនឌ័រនៅក្នុងស្ថាប័នសាធារណៈ ចំនួនសិស្សប្រុសនិងស្រីនៅក្នុងវិស័យអប់រំជាតិ ប្រាក់បៀវត្សរ៍ដែលស្ត្រីរកបាន និងអំពើហិង្សាលើស្រ្តីជាដើម។
ការលើកកម្ពស់យេនឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្រ្តីនេះត្រូវបានអ្នកជំនាញមើលឃើញថាមិនទាន់សម្រេចបាននៅឡើយទេជាពិសេសលើការលុបបំបាត់គំលាតយេនឌ័រនៅក្នុងស្ថាប័នសាធារណៈ។
តួលេខនៅឆ្នាំ២០១៥នេះគឺមានតែសមាជិកសភាជាស្ត្រី តែ២៥នាក់ដែលត្រូវជា២០ភាគរយប៉ុណ្ណោះនៅក្នុងអណត្តិសភានីតិកាលទី៥នេះ។ នេះជាការជ្រុំជើងមួយកន្លែងបើប្រៀបធៀបនឹងឆ្នាំ២០០៣ដែលមាន១៩ភាគរយទៅហើយនោះ។ ហើយស្ត្រីដែលជាសមាជិកព្រឹទ្ធសភាមានតែ៩នាក់ដែលត្រូវជា១៤,៧ភាគរយប៉ុណ្ណោះគឺមានការប្រែប្រួលតិចបំផុតបើប្រៀបធៀបនឹងសមាមាត្រដែលមាន១៣ភាគរយកាលពីឆ្នាំ២០០៣។
លោកស្រីធីតា ឃឹះ នាយិការអង្គការសីលការដែលពិនិត្យមើលបញ្ហាស្ត្រីនិងតាមដានលើគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍បានដាក់ការស្តីបន្ទោសលើរដ្ឋាភិបាលថា៖
«សួរថាហេតុអ្វីគាត់លើកគោលដៅហើយគាត់ធ្វើអត់បានគឺគាត់គ្មានមធ្យោបាយពិសេសច្បាស់លាស់ថាដាក់ស្ត្រីគ្រាន់តែថាដាក់ប៉ុន្តែអត់មានវិធានការសមធម៌ដើម្បីធ្វើយ៉ាងណាឱ្យស្ត្រីបានទទួលតួនាទីនិងបានឱកាសក្នុងការបានតំណែងជាតំណាងប្រជាពលរដ្ឋ។ យើងមានស្ត្រីនៅក្នុងប្រទេសយើងដល់ទៅ៥២ភាគរយក៏ប៉ុន្តែដល់តំណាងយើងមានតែត្រឹមឥឡូវនេះ២០ភាគរយហើយនៅ ថ្នាក់មូលដ្ឋានយើងមាន១៧,៧ភាគរយ»។
តំណាងនៅថ្នាក់មូលដ្ឋាន១៧,៧ភាគរយដែលលោកស្រីធីតា ឃឹះ បានលើកឡើងនេះគឺសំដៅលើសមាមាត្រនៃស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលកម្ពុជាប្តេជ្ញាថានឹងបង្កើនឱ្យដល់២៥ភាគរយនៅឆ្នាំនេះប៉ុន្តែមិនអាចធ្វើបាន។
បរាជ័យមួយទៀតគឺទាក់ទងនឹងការខិតខំ ប្រឹងប្រែងជំរុញឱ្យស្រ្តី កាន់តំណែងជារដ្ឋមន្ត្រី។ កម្ពុជាប្តេជ្ញាថានឹងបង្កើនចំនួនស្រ្តីជារដ្ឋមន្ត្រីឱ្យបានដល់១៥ភាគរយឬ៤នាក់ក៏បរាជ័យដែរដោយសារតែក្នុងពេលបច្ចុប្បន្នមានរដ្ឋមន្ត្រីស្រ្តីតែពីរនាក់និងមានឧបនាយករដ្ឋមន្ត្រីជាស្ត្រីមួយរូប។ ហើយស្រដៀងគ្នានេះដែរចំនួនអនុរដ្ឋលេខាធិការជាស្ត្រីមានចំនួន៤៤រូបត្រូវជា១៨,៧ភាគរយប៉ុណ្ណោះលើគោលដៅ២០ភាគរយ។
រហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានអភិបាលរាជធានីខេត្តជាស្រ្តីនៅឡើយទេដែលជាការបរាជ័យមួយទៀតនៃការខិតខំជំរុញឱ្យស្ត្រីដែលកាន់តំណែងនេះពី០ភាគរយក្នុងឆ្នាំ២០០៣ឱ្យបានរហូតដល់១០ភាគរយប៉ុន្តែបែរជានៅជ្រុំជើងមួយកន្លែង។ នេះបើតាមការបញ្ជាក់របស់របាយការណ៍គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាចេញផ្សាយដើមឆ្នាំ២០១៤។
យ៉ាងណាក៏ដោយកម្ពុជាមានចំណុចខ្លះដែលគួរជាទីមោទនៈដែរនោះគឺការសម្រេចបានលើសមាមាត្រនៃអភិបាលខេត្តរងជាស្រ្តី សមាមាត្រនៃស្រ្តីជារដ្ឋលេខាធិការ និងផលធៀបសិស្សប្រុសនិងស្រីក្នុងវិស័យអប់រំសិក្សាធិការជាតិ។
នៅក្នុងសៀវភៅផែនការយុទ្ធសាស្រ្ត នារីរតនៈទី៤ ដែលផ្តោតលើការផ្តល់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចដល់ស្រ្តីហើយបានចេញផ្សាយចុងឆ្នាំ២០១៤អះអាងថាអភិបាលរងជាស្ត្រីនៃគណៈអភិបាលរាជធានី ខេត្តកើនឡើងដល់២០ភាគរយដែលលើសពីការរំពឹងទុកក្នុងគោលដៅទីបីនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលកំណត់តែត្រឹម១៥ភាគរយ។
របាយការណ៍ចងក្រងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយក្រោយពីការបង្កើតរដ្ឋាភិបាលអណត្តិទីប្រាំនេះបានរកឃើញថាចំនួនរដ្ឋលេខាធិការជាស្ត្រីមានចំនួន៣៦រូបត្រូវជា២០,២ភាគរយលើសពី គោលដៅដែលកំណត់តែ១៨ភាគរយ។
រីឯលើផ្នែកសិក្សាធិការដែលត្រូវជំរុញឱ្យមានសមាមាត្ររវាងសិស្សស្រីនិងសិស្សប្រុសនៅកម្រិតមធ្យមសិក្សាបឋមភូមិនិងកម្រិតឧត្តមសិក្សាអាចសម្រេចបាន។
លោកស្រី អ៊ឹង កន្ថាផាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានថ្លែងនៅក្នុងសន្និសីទអាស៊ីនិងប៉ាស៊ីហ្វិកស្តីពីសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្ត្រីដែលបានរៀបចំឡើងកាលពីខែវិច្ឆិកាឆ្នាំ២០១៤ នាទីក្រុងបាងកកប្រទេសថៃដោយបញ្ជាក់ថា៖
«ទោះបីជាសូចនាករបានបង្ហាញពីវឌ្ឍនភាពនៃសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងប្រទេសកម្ពុជាក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន។ នាពេលអនាគត ជាពិសេសផែនការអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ប្រទេសកម្ពុជាប្តេជ្ញាចិត្តថានឹងជំរុញល្បឿននៃការសម្រេចបាននូវផែនការសកម្មភាពទីក្រុងប៉េកាំង ជាផ្នែកមួយនៃការអភិវឌ្ឍរួមគ្នាប្រកបដោយចីរភាព»។
ការខិតខំដែលលោកស្រីរដ្ឋមន្ត្រី បានលើកឡើងនេះមានបង្ហាញនៅក្នុងយុទ្ធសាស្រ្តនារីរតនៈទី៤ដោយដាក់គោលដៅដដែលឡើងវិញសម្រាប់ទិសដៅឆ្នាំ២០១៨។ ដូចជាការជំរុញសមាមាត្រស្ត្រីជាសមាជិករដ្ឋសភាពី២០ភាគរយឱ្យដល់៣០ភាគរយ ព្រឹទ្ធសភាពី១៤,៧ភាគរយឱ្យដល់៣០ភាគរយនិងសមាមាត្រស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានការកើនឡើងដល់២៥ភាគរយជាដើម។ ទាំងនេះគឺជាគោលដៅដ៏មោះមុតមួយដែលត្រូវសម្រេចឱ្យបានក្នុងរយៈពេលខ្លីគឺសល់ពេលតែ៤ឆ្នាំទៀតបើប្រៀបធៀបនឹងការប្តេជ្ញាលើកមុនហើយចំណាយពេល១៥ឆ្នាំតែកម្ពុជានៅតែជ្រុំជើងមួយកន្លែង។
អ្នកនាំពាក្យក្រសួងកិច្ចការនារីបានបដិសេធជាច្រើនដងនៅពេលដែលVOA ព្យាយាមសុំសម្ភាស។
លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាលនិងកិច្ចការនារីនៃសភាជាតិបានដាក់បន្ទុកនេះខ្លាំងទៅលើរដ្ឋាភិបាល៖
«បើយើងចង់សម្រេចបានលុះ ត្រាតែរដ្ឋាភិបាលត្រូវមើលឃើញចំណុចអវិជ្ជមានដែលកំពុងតែប្រឈមក្នុងប្រទេសកម្ពុជាទាក់ទងទៅនឹងផ្នត់គំនិត ទាក់ទងទៅនឹងការប្រើអំពើហិង្សា ការគំរាមកំហែង ការរើសអើង ហើយកាត់បន្ថយភាពក្រីក្រ»។
លោកស្រីកែ សុវណ្ណរតន៍ដែលជាថ្នាក់ដឹកនាំមួយរូបមកពីគណបក្សក្រៅរដ្ឋាភិបាលបានត្អូញត្អែរពីការលំបាកក្នុងការទាក់ទាញស្រ្តីមកចូលរួមក្នុងឆាកនយោបាយ។
«បញ្ហាទាំងអស់នេះមិនមែនតែ តួនាទីតែគណបក្សប្រឆាំងទេបើការគំរាមកំហែងអំពើហិង្សាការរើសអើងក្នុងសង្គមមិនបានបញ្ចប់ទេគណបក្សដែលមិនបានជោគជ័យក្នុងការជំរុញស្ត្រីហ្នឹងគឺគណបក្សប្រឆាំងតែម្តងពីព្រោះគេអត់ចូលទេបញ្ហាទាំងអស់នៅតែ កើតមានឡើងនៅតែរើសអើងនៅ តែ លាបពណ៌នៅ តែសំឡុតនោះ អត់បានជោគជ័យទេ។ សូម្បីតែគណបក្សកាន់អំណាចហ្នឹងក៏ ពិបាកបង្គ្រប់ឱ្យបាន៣០ភាគរយដែរ»។
សមភាពរវាងស្រ្តីនិងបុរសក្នុងការទទួលបានប្រាក់កម្រៃក៏នៅមិនទាន់សម្រេចបាននៅឡើយដែរដោយមានតែចន្លោះពី៤២ទៅ៤៥ភាគរយដែលទាបជាងគោលដៅ៥០ភាគរយហើយមានស្ត្រីជាច្រើនធ្វើការនៅក្នុងគ្រួសារដោយគ្មានទទួលបានប្រាក់កម្រៃដែលអាចធ្វើឱ្យ«មានការប៉ះពាល់ដល់កំណើនទីផ្សារពលកម្មនៅក្រោយឆ្នាំ២០១៥»។ នេះបើតាមការបញ្ជាក់របស់របាយការណ៍គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ២០១៤។
នៅលើផ្នែកអំពើហិង្សាលើស្ត្រីគឺមានភាពល្អក់កករនៅឡើយបើទោះបីជារបាយការណ៍គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាបញ្ជាក់ថាចំនួនស្ត្រីដែលមានការយល់ដឹងពីគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលលើផ្នែកអំពើហិង្សាថាជាបទល្មើសឧក្រិដ្ឋសម្រេចបានក៏ដោយ ក៏ស្ត្រីនិងកុមារីនៅតែបន្តជាកម្មវត្ថុនៃអំពើហិង្សាលើរូបរាងកាយផ្លូវចិត្តនិងផ្លូវភេទនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាសាធារណៈនិងឯកជន។ នេះបើតាមការលើកឡើងរបស់ឯកសារផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីដែលបានចេញផ្សាយចុងឆ្នាំ២០១៤៕