ក្រុមប្រទេសទាំងនោះ នឹង ទំនងជាធ្វើសេចក្តីថ្លែងការណ៍ដ៏រឹងប៉ឹង ជួយដល់គូប្រជែងដែនសមុទ្រចិននានា ហើយនឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅជិតផ្លូវទឹកដែលមានជម្លោះ នៅឆ្នាំនេះ នេះបើតាមការអះអាងរបស់ក្រុមអ្នកវិភាគ។
ប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន ហើយនឹងស.រ.អា. ជាក្រុមមួយដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្ត ទំនងជានឹងចាត់វិធានការដូច្នោះ ជាជាងប្រជែងនឹងចិនដោយផ្ទាល់ ដើម្បីទាមទារដាក់កងទ័ពខ្លួនក្នុងចំណោមកោះតូចៗចំនួន៥០០នោះ។
បើតាមការអះអាងរបស់ លោក Stuart Orr សាស្ត្រាចារ្យផ្នែកគ្រប់គ្រងយុទ្ធ សាស្ត្រនៅឯសាកលវិទ្យាល័យ Deakin University ក្នុងប្រទេសអូស្ត្រាលីបាន បញ្ជាក់ថា៖
«ទី១ វត្តមានទំនងជាត្រូវការ ការជំរុញពីស.រ.អា.ហើយបើសិនខ្ញុំត្រូវទស្សទាយ ខ្ញុំអាចនិយាយថាឥណ្ឌានឹងធ្វើតាម ហើយជប៉ុននឹងមានតួនាទីតិចតួចដូចជាប្រទេសអូស្ត្រាលីធ្វើ គឺការផ្តល់ការគាំទ្រលំដាប់ខ្ពស់ផ្នែកសម្ភារៈភស្តុភា»។ ក្រុមប្រទេសសម្ព័ន្ធមិត្តទាំងបួនចង់រក្សាទុកសមុទ្រដែលមានទំហំ ៣ លានគីឡូម៉ែត្រក្រឡាកន្លះ ដែលសម្បូរទៅដោយធនធាននានាអាចប្រើប្រាស់បាន ខណៈ ពេលដែលពួកគេការពារចំណងសេដ្ឋកិច្ចរបស់ពួកគេជាមួយក្រុងប៉េកាំង។ នេះបើតាមការអះអាងរបស់ក្រុមអ្នកជំនាញដែលតាមដានបញ្ហានេះ។ មានប្រទេសជាច្រើនធ្វើនាវាចរណ៍ នេសាទត្រី និងរុករកប្រេង ក្នុងសមុទ្រចិនខាងត្បូងសព្វ ថ្ងៃនេះ។
ការព្រមានជាសាធារណៈ
ប្រមុខរដ្ឋមកពីប្រទេសសម្ព័ន្ធមិត្តទាំងបួនបានជួបប្រជុំគ្នាក្នុងរដ្ឋធានីម៉ានីលកាល ពីខែវិច្ឆិកាដើម្បីពិភាក្សាគ្នាលើបញ្ហារក្សាទុកសមុទ្រចិនខាងត្បូងដើម្បីប្រើប្រាស់ ជាសាកល។ ប្រទេសអូស្ត្រាលី និង ជប៉ុន ពេលនោះបានអំពាវនាវឲ្យមាន«បទ បញ្ជាផ្អែកតាមច្បាប់» ហើយនឹង «ការគោរពច្បាប់អន្តរជាតិ» ក្នុងសមុទ្រចិនខាងត្បូង។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រាប់ក្រុមមេដឹកនាំមកពីប្រទេស អាស៊ីអាគ្នេយ៍ទាំង១០រួមទាំងប្រទេស៤ដែលប្រជែងនឹងចិនចំពោះដែនអធិបតេយ្យផ្ទៃទឹកកាលពីថ្ងៃទី២៦ ខែ មករា ថាប្រទេសឥណ្ឌាប្តេជ្ញាធ្វើកិច្ចការរួមគ្នាថែមទៀតលើបញ្ហាដែនសមុទ្រ។
ក្រុមអ្នកវិភាគបានថ្លែងថា មានការរំពឹងទុកថានឹងមានសេចក្តីថ្លែងការណ៍ថែម ទៀតក្នុងបំណងទប់ទល់នឹងចិន។ លោក Ben Ho អ្នកវិភាគជាន់ខ្ពស់មកពី កម្មវិធីសិក្សាស្រាវជ្រាវអំពីកងទ័ព នៅឯសាលាអន្តរជាតិ S. Rajaratnam ក្នុងប្រទេសសិង្ហបុរីបានថ្លែងថា៖
«ខ្ញុំគិតថាបញ្ហាដែលសំខាន់បំផុតគេអាចធ្វើគឺការចេញសេចក្តីថ្លែងការណ៍អំពី បញ្ហាជម្លោះសមុទ្រចិនខាងត្បូង ហើយទោះជាធ្វើដូច្នោះក្តី ខ្ញុំគិតថាប្រទេសចិន ទំនងជាមិនត្រូវគេនិយាយឈ្មោះចំៗក្នុងសេចក្តីថ្លែងការណ៍បែបនោះដែរ»។
ប្រទេសចិនបានទាមទារគ្រប់គ្រងសឹងតែ៩០ភាគរយនៃដែនសមុទ្រដោយខ្លួន ឯង។ ការពង្រីកការគ្រប់គ្រងចាប់តាំងពីឆ្នាំ២០១០មក បានបង្កឲ្យមានការខឹង សម្បាពីគូប្រជែងទាមទារដែនកម្មសិទ្ធនេះ ដូចជាប្រទេស ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ហើយនឹងវៀតណាម។ រដ្ឋាភិបាលទាំងនោះ ដែលមានកម្លាំង យោធាខ្សោយជាងក្រុងប៉េកាំងមានការខឹងសម្បាពេលដែលចិនពង្រឹងកូនកោះ តូចៗដែលមានជម្លោះទាំងនោះសម្រាប់ការប្រើប្រាស់ផ្នែកយោធា ហើយបើក កប៉ាល់ល្បាតឆ្លងកាត់តំបន់ទឹកមានជម្លោះ។
ក្រុងប៉េកាំងនិយាយថាកំណត់ត្រាប្រវត្តិសាស្ត្របានបញ្ជាក់ជាភស្តុតាងនៃការ ទាមទាររបស់ខ្លួនចំពោះដែនសមុទ្រនេះ ហើយក៏ជាអំណះអំណាងមួយដែលធ្វើ ឲ្យចិនទាត់ចោលសាលដីការបស់តុលាការមជ្ឈកម្មពិភពលោកកាលពីឆ្នាំ ២០១៦។
សមយុទ្ធយោធារួម
ក្រុមអ្នកជំនាញបាននិយាយថា ការធ្វើសមយុទ្ធរួមគ្នានៃប្រទេសទាំងបួន ទំនង ជាអាចនឹងបើកនាវាយោធាជើងទឹកកាត់សមុទ្រចិនខាងត្បូង ជាពិសេសកាត់ តាមដែនទឹកនៃឆ្នេរសមុទ្រប្រទេសតូចៗដែលចង់បានជំនួយ ដើម្បីប្រឆាំងតបតនឹងកប៉ាល់ចិន។
ស.រ.អា.ដែលជាប្រទេសមហាអំណាចកំពូលខាងយោធាលើពិភពលោកបាន បញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់ដែនទឹកសមុទ្រចិនខាងត្បូង៥លើកក្រោម ការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបន្តការអនុវត្តន៍គោល ការណ៍របស់អតីតប្រធានាធិបតី Obama ដើម្បីបង្ហាញគោលជំហររបស់រដ្ឋធានីវ៉ាស៊ីនតោន ដែលថាសមុទ្រចិនខាងត្បូងត្រូវតែអនុញាតឲ្យមានសេរីភាពនៃការធ្វើនាវាចរណ៍។
ប្រទេសជប៉ុនទំនងជាធ្វើតាម ខណៈដែលជប៉ុនព្យាយាមបញ្ឈប់ការដាក់កំហិត ខ្លួនឯងមិនជ្រៀតជ្រែកបញ្ហានេះ។ នេះបើតាមការអះអាងរបស់លោក Oh Ei Sun សាស្ត្រាចារ្យផ្នែកការសិក្សាស្រាវជ្រាវអន្តរជាតិ នៃសាកលវិទ្យាល័យ Singapore Nanyang។
រដ្ឋាភិបាលក្រុងតូក្យូបានបើកនាវាដឹកឧទ្ធម្ភាគចក្ររបស់ខ្លួនឆ្លងកាត់សមុទ្រចិនខាងត្បូងកាលពី ខែមិថុនាឆ្នាំ២០១៧។ ប្រទេសជប៉ុនជាគូប្រជែងនឹងចិនលើបញ្ហាតំបន់ទឹកនៃ សមុទ្រខាងកើតប្រទេសចិនផងដែរ។ ក្រុមមេដឹកនាំក្នុងទីក្រុងតូក្យូកំពុងសិក្សា អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីផ្តល់អំណាចដល់យោធាថែមទៀត។ លោក Oh និយាយថា៖
«លោកអ្នកនឹងឃើញថាជប៉ុន ព្យាយាមបំពេញទស្សនកិច្ចតាមកប៉ាល់ចម្បាំង ញឹកញាប់ថែមទៀត និងធ្វើសមយុទ្ធយោធារួមគ្នាពិតៗថែមទៀត ហើយនឹងផ្តល់ ការហ្វឹកហ្វឺន និងជំនួយផ្សេងៗទៀតទៅកាន់ប្រទេសទាំងនោះ»។
ប្រទេសឥណ្ឌានិងអូស្ត្រាលី គាំទ្រសកម្មភាពយោធាទាំងឡាយណាដែលមាន បំណងព្រមានដល់ចិន។ នេះបើតាមការអះអាងរបស់អ្នកវិភាគ។ ប្រទេសអូស្ត្រាលី អាចក្លាយជាកន្លែងឃ្លាំមើល ដំណើរវិវឌ្ឍន៍ និង កន្លែងតាមមើលសកម្មភាពបន្ត»។ នេះជាការអះអាងរបស់លោក Orr។
ប្រទេសឥណ្ឌានឹងបញ្ចេញកប៉ាល់ចម្បាំង ហើយចូលរួមក្នុងសកម្មភាពល្បាត ផ្នែកយោធាជើងទឹកជាមួយនឹងប្រទេសផ្សេងៗទៀត។ នេះបើតាមការអះអាង របស់លោកSameer Lalwani នាយករងនៃអង្គការតាក់តែងគោលនយោបាយ អាមេរិក The Stimson Center ផ្នែកកម្មវិធីអាស៊ីអាគ្នេយ៍។
ប្រទេសឥណ្ឌាប្រជែងនឹងចិនពាក់ព័ន្ធនឹងការគ្រប់គ្រងភូមិសាស្ត្រនយោបាយ ក្នុងតំបន់អាស៊ីខាងត្បូងនិងអាស៊ីកណ្តាល។
«ប្រទេសឥណ្ឌាអាចពង្រីកសមយុទ្ធយោធារបស់ខ្លួនមួយចំនួនផងដែរ ទាំងថ្នាក់ ជាតិនិងទាំងការចូលរួមជាមួយប្រទេសនានាដើម្បីបង្កើនសមត្ថភាព ពង្រឹងកិច្ច សហប្រតិបត្តិការ ហើយនឹងសមត្ថភាពខាងការផ្តល់សញ្ញា (ព័ត៌មាន) ជាការពិត កិច្ចសហការជាក់ស្តែងថែមទៀតជាមួយស.រ.អា.នឹងបញ្ជូនសារកាន់តែខ្លាំងឡើង»។
ការផ្គត់ផ្គង់អាវុធ
ប្រទេសជប៉ុននឹងបន្តពង្រីកសមត្ថភាពប្រទេសសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់អាស៊ាន។នេះបើតាមការអះអាងរបស់ Stephen Nagy ជាសាស្ត្រាចារ្យរងនៃការសិក្សា ស្រាវជ្រាវនយោបាយនិងកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ។ លោកបន្តថា មានការរំពឹងអំពីសមយុទ្ធ យោធា គ្រឿងសញ្វាវុធថ្មីៗ ហើយនឹងកប៉ាល់ពិឃាដចំនួន២ នឹងបំពេញទស្សន កិច្ចទៅកាន់ប្រទេសវៀតណាមនៅឆ្នាំនេះ ដែលការណ៍នេះគឺជាសារមួយប្រាប់ ថាទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
វៀតណាមក្លាយជាប្រទេសដែលទាមទារដែនសមុទ្រចិនខាងត្យូងពីប្រទេសចិន យ៉ាងសកម្មបំផុត។ កាលពីខែមករាឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានសន្យាផ្តល់កប៉ាល់ល្បាតចំនួន៦គ្រឿងដល់ឆ្មាំសមុទ្រវៀតណាម។ រដ្ឋាភិបាលស.រ.អា.កំពុងមានផែនការផងដែរក្នុងការអនុញាតឲ្យនាវាផ្ទុកយន្ត ហោះចម្បាំងរបស់ខ្លួនបំពេញទស្សនកិច្ចក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ លោក Nagy បានថ្លែងថា៖
«បើស.រ.អា.បញ្ជូនកប៉ាល់ចម្បាំងដែរនោះ វៀតណាមនិងប្រទេសផ្សេងទៀតត្រូវ បានទាក់ទាញឲ្យធ្វើជាដៃគូសន្តិសុខកាន់តែខ្លាំង»។
ឥណ្ឌាកាលពីអតីកាលបានជួយវៀតណាមក្នុងការរុករកប្រេងក្នុងដែនសមុទ្រ។ ឥណ្ឌាទំនងជាសម្លឹងមើលសម្ព័ន្ធមិត្តដើម្បីរកឱកាសធ្វើឲ្យមានការរីកចម្រើនដល់ សេដ្ឋកិច្ច បច្ចេកវិទ្យា ហើយនឹងទំនាក់ទំនងការបរទេសរបស់ខ្លួន។ នេះបើតាមជំនឿរបស់អ្នកជំនាញ។
ប្រតិកម្មរបស់ចិន
ប្រទេសចិនរំពឹងថានឹងប្រតិកម្មចំពោះសម្ព័ន្ធមិត្តម្តងមួយៗ។ ប្រសិនបើប្រទេសទាំងបួនធ្វើសេចក្តីថ្លែងការណ៍ ចិននឹងប្រើពាក្យពេចន៍តបតវិញ។ នេះជាការអះអាងរបស់ លោក Ho។ ប្រសិនបើប្រទេសផ្សេងធ្វើសមយុទ្ធយោធា ចិននឹងដាក់កម្លាំងទ្វេ ឡើងលើកោះតូចៗ ដែលខ្លួនកាន់កាប់បច្ចុប្បន្ននេះ នៅជួរកោះ Paracel និង Spratly ។
ឥណ្ឌានិងជប៉ុនទំនងជាមិនជំរុញខ្លាំងពេកលើបញ្ហាជាទូទៅខណៈដែលប្រទេសទាំងពីរមានរឿងចម្រូងចម្រាសជាមួយនឹងរឿងជម្លោះខ្លួនឯងជាមួយចិន។ នេះ ជាការអះអាងរបស់លោក Ho។ លោកថាឥណ្ឌានិងចិនកំពុងទាមទារតំបន់ ចំនួនពីរនៃតំបន់ភ្នំរបស់ខ្លួននៅជិតព្រំដែន។
ប្រទេសចិនអាចប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនដើម្បីទប់ទល់នឹងក្រុម សម្ព័ន្ធមិត្តវិញ។ ជាឧទាហរណ៍ ប្រទេសអូស្ត្រាលី ចាត់ទុកចិនជាដៃគូពាណិជ្ជ កម្មលេខ ១ របស់ខ្លួន ដោយមានកំណើននាំចេញរហូតដល់ទៅ២៧ ភាគរយ ក្នុងឆ្នាំ ២០១៦ និងឆ្នាំ២០១៧។ នេះបើតាមទិន្នន័យផ្លូវការរបស់អូស្ត្រាលី។ លោក Hoថា សមយុទ្ធយោធាជើងទឹកទំនងជាមិនអាចកើតមានឡើងទេ។
«ខ្ញុំគិតថាក្រុង Canberra ជាប់ជំពាក់ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចច្រើនពេកជាមួយ ក្រុងប៉េកាំង ដែលពិបាកចាត់វិធានការធ្ងន់ធ្ងរបែបនេះ។ ជាទីបញ្ចប់ប្រទេសចិន នឹងក្លាយជាដៃគូពាណិជ្ជកម្មចម្បងរបស់អូស្រ្តាលី ទាំងការនាំចេញនិងការនាំ ចូលហើយក្រុង Canberra នឹងមិនធ្វើអ្វីឲ្យខូចដល់ទំនាក់ទំនងរបស់ខ្លួនទេ»៕
ប្រែសម្រួលដោយ សុខ ខេមរា VOA