ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​កម្ពុជា​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​ចិន​​ ដើម្បី​ប្រឆាំង​​ភេរវកម្ម


រូបឯកសារ៖ កងទ័ព​ដែល​ត្រូវ​បាន​បញ្ជូន​មក​ត្រៀម​ចូល​រួមកម្មវិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)
រូបឯកសារ៖ កងទ័ព​ដែល​ត្រូវ​បាន​បញ្ជូន​មក​ត្រៀម​ចូល​រួមកម្មវិធី​បើក​ការ​ប្រកួត​កីឡា​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/VOA)

ប្រទេស​កម្ពុជា​ត្រៀម​ធ្វើសមយុទ្ធយោធា​ឈ្មោះ​នាគ​មាស​ជាមួយ​ប្រទេសចិន​ ​ក្រោយពី​ប្រទេស​កម្ពុជា​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​មួយ​កង​ទ័ព​សហ​រដ្ឋ​អាមេរិក​កាល​ពីឆ្នាំ​ ២០១៧។

កង​យោពល​ខេមរ​ភូមិន្ទ​ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ នឹង​បើក​សមយុទ្ធ​យោធា​រួម​មួយ​ដែល​ផ្តោត​លើ​ការ​ «ប្រឆាំង​ភេរវកម្ម​ និង​ការ​ងារ​មនុស្ស​ធម៌»។ ​នេះបើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជាដែលបាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។​

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការពារ​ជាតិ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ សមយុទ្ធ​យោធារួម​ ដែល​នឹង​មាន​ការ​ប្រើ​គ្រាប់​ពិត​នេះ​ មាន​ឈ្មោះ​ថា​ «នាគ​មាស​ឆ្នាំ​២០១៨»។​ ការ​ធ្វើ​លំហាត់​យោធា​រួម​រវាង​កងទ័ព​ខ្មែរ​ និង​ចិននេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ភូមិ​សាស្ត្រ​តំបន់ភ្នំធំ​ ម្រះ​ព្រៅ​ ស្ថិត​ក្នុង​ភូមិ​ថ្លុក​ដូន​ស​ ឃុំ​ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់​ស្ពឺ​ ចាប់​ពីថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​ ២០១៨​នេះ។​

ដើម្បីជា​ការរំឭក​ដល់​សាធារណៈជន​អំពី​ការ​ធ្វើ​សមយុទ្ធ​នេះ ក្រសួង​ការ​ពារ​ជាតិ​បានថ្លែង​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ថា៖

«អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ មេត្តា​ជ្រាប​ និង​សូមកុំ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សំឡេង​ផ្ទុះ​ និង​ការ​ចល័ត​យុទ្ធោបករណ៍​តាម​កម្មវិធី​ និង​ទីកន្លែង​ខាង​លើ។ ​ដើម្បី​ធានា​សុវត្ថិភាព​ គណៈ​កម្មការ​ដឹកនាំ​លំហាត់​ សំណូម​ពរ​ដល់​រដ្ឋ​លេខាធិការ​អាកាស​ចរណ៍​ស៊ីវិល​ និង​អាជ្ញា​ធរ​ដែន​ដី​ដែល​មាន​ការ​ពាក់​ព័ន្ធ ​សូម​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លំហាត់​បាញ់​គ្រាប់​ពិតនេះ​ និង​សូម​ហាម​ឃាត់​ដល់​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ចូលទៅ​ក្នុង​តំបន់​ខាង​លើ​ និង​ការ​ហោះ​ហើរ​ឆ្លងកាត់​តំបន់ ​និង​តាម​ពេល​វេលា​ខាង​លើ»។​

កងទ័ព​កម្ពុជា​បាន​បង្កើន​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​កងទ័ព​ចិន​ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​លុបចោល​ការ​ធ្វើ​លំហាត់​យោធា​សំខាន់ៗ​មួយ​ចំនួន​ជាមួយ​សហ​រដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ​ ២០១៧។​ នាពេល​កន្លង​មក​ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​យល់​ឃើញ​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​ កំពុង​តែ​ព្យាយាម​ឃ្លាត​ឆ្ងាយ​ពី​មហា​អំណាច​សហ​រដ្ឋ​អាមេរិក​ និង​បង្កើន​ការ​ពឹង​ផ្អែក​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​លើ​ប្រទេស​ចិន។​ ការណ៍​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ «ជោគ​វាសនា​របស់​កម្ពុជា​គឺ​ស្ថិត​លើប្រទេស​ចិន»។​

លោក​នាយ​ឧត្តម​សេនីយ៍​ ឈុំ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ លំហាត់​យោធា​រួមគ្នា​រវាង​កម្ពុជា​ និង​ចិន​ជា​លើក​ទីពីរ​នេះ​ នឹង​មានកងទ័ព​ពីខាង​កម្ពុជា​ចំនួន​ជាង​២០០នាក់​ និង​ខាង​ចិន​ជិត​២០០​នាក់។ ​លោក​មិន​អាច​បញ្ជាក់អំពី​ប្រភេទ​នៃ​សម្ភារៈ​យោធា​ ដែល​កង​ទ័ព​របស់​ប្រទេស​ទាំងពីរ​នេះ​នឹង​ប្រើ​ក្នុង​ពេល​ធ្វើ​លំហាត់​យោធា​រួម​គ្នា​នេះ​ទេ។​

ទាក់​ទិន​ការ​បន្ត​ឡើង​វិញ​នៃសម​យុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ព​សហ​រដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​ផ្អាក​កាលពី​ឆ្នាំ​២០១៧​នោះ ​ លោក​ឈុំ សុជាតិ​ថ្លែង​ថា ​មិន​ទាន់​មាន​ព័ត៌មានលម្អិត​ដើម្បី​បញ្ជាក់​រឿង​នេះ​ទេ។​

«អាហ្នឹង​រង់​ចាំមើល​បន្តិច​ទៀត។​ ខ្ញុំ​អត់ទាន់​មាន​អីថ្មី​ទេ»។​

សម​យុទ្ធ​យោធា​រួមគ្នា​ធំមួយ​រវាង​កម្ពុជា​ ​និង​ចិន​ជា​លើក​ដំបូង​បង្អស់​ត្រូវបាន​ធ្វើឡើង​ ​កាល​ពី​ចុង​ឆ្នាំ​ ២០១៦។​ ក្រោយការ​ធ្វើសម​យុទ្ធ​នេះ ​ប្រទេសចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណងជាង​១៥០​លាន​ដុល្លារ​ សម្រាប់​ការ​សាង​សង់​ពហុ​កីឡាដ្ឋាន​ថ្មី​មួយ​ស្ថិត​លើ​ផ្ទៃដី​ទំហំ​៨៥​ហិកតា។ ​អ្នក​វិភាគ​និយាយ​ថា​ គោល​ជំហរ​អព្យាក្រិត្យរបស់​កម្ពុជា​ក្នុង​ទំនាក់​ទំនង​ការ​បរទេស​នឹង​នាំ​ឲ្យមាន​ចម្ងល់​ ​ ប្រសិន​បើ​ប្រទេស​នេះ​ពឹង​ផ្អែក​ជ្រុល​លើ​ប្រទេស​ចិន​តែ​មួយ​នោះ៕

XS
SM
MD
LG