លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ ប្រកាសថា លោកនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីនាពាក់កណ្តាលខែមីនាខាងមុខ ដើម្បីទុកមុខឲ្យរដ្ឋាភិបាលអូស្រ្តាលី បើទោះបីជាមេដឹកនាំប្រទេសអាស៊ានមួយចំនួនកំពុងរារែកចិត្តក្តី។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តមួយនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមីនានេះ លោក ហ៊ុន សែន លើកឡើងថា ក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីនាពាក់កណ្តាលខែមីនាខាងមុខ មេដឹកនាំអាស៊ានមួយចំនួនកំពុងរារែកចិត្តមិនប្រាកដថា នឹងទៅចូលរួម ឬយ៉ាងនោះ ប៉ុន្តែលោកថា លោកនឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីប្រជុំចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់។ លោកបន្ថែមថា ការសម្រេចទៅចូលរួមនេះគឺដោយសារលោកចង់ផ្តល់កិត្តិយសដល់អូស្រ្តាលី បន្ទាប់ពីអូស្រ្តាលីបានសុំការគាំទ្រពីលោក ដើម្បីឲ្យមានកិច្ចប្រជុំរវាងអូស្រ្តាលី និងអាស៊ាន។
លោកមានប្រសាសន៍ថា៖
«ឮថា ប្រធានាធិបតី ឌូតឺតេ របស់ហ្វីលីពីន ថា គាត់អត់ទៅទេ ឲ្យតំណាង។ មិនដឹងថា តើលោកជំទាវ អង់សានស៊ូជី ឬក៏ប្រធានាធិបតី ធានចរ របស់មីយ៉ាន់ម៉ាទៅ ឬអត់ បើមួយថ្ងៃៗជេរគាត់អារឿងរ៉ូហ៊ីងយ៉ាយ៉ាងនេះ? ហើយប្រាយុទ្ធចាន់អូចា ទៅ ឬអត់ បើមួយថ្ងៃៗជេរគាត់យ៉ាងនេះ? ឯខ្ញុំទៅ! ខ្ញុំទៅ! ខ្ញុំបញ្ជាក់ថាខ្ញុំទៅ! ខ្ញុំទៅខ្លួនឯង! ខ្ញុំមិនចាត់តាំងតំណាងទេ។ ខ្ញុំចង់ផ្តល់កិត្តិយសឲ្យអូស្រ្តាលី»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសអូស្រ្តាលីដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅថ្ងៃទី១៧-១៨ ខែមីនាខាងមុខនេះដើម្បីពិភាក្សាពាក់ព័ន្ធនឹងការងារផ្សេងៗរបស់ប្រជាជាតិអាស៊ាននិងអូស្ត្រាលី។
ក្នុងការសួរដេញដោលក្នុងព្រឹទ្ធសភាអូស្រ្តាលីកាលពីសប្តាហ៍មុន លោកស្រី Frances Adamson រដ្ឋលេខាធិការក្រសួងការបរទេសអូស្រ្តាលី បានថ្លែងថា អូស្រ្តាលីនឹងប្រើប្រាស់កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងស៊ីដនី នាពាក់កណ្តាលខែមីនានេះ ដើម្បីប្រឈមមុខជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការថ្លែងថា លោកនឹងប្រើហិង្សាលើក្រុមអ្នកតវ៉ាអូស្រ្តាលីដែលដុតរូបថត។
ការដេញដោលក្នុងព្រឹទ្ធសភាអូស្រ្តាលីនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី២១ ខែកុម្ភៈ បានព្រមានតាមវាយដល់ផ្ទះ ចំពោះពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីណាដែលដុតទីងមោងរូបលោក នៅពេលលោកចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នាពេលខាងមុខ។ ក្រោយការព្រមាននេះ គេឃើញប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីបាននាំគ្នាដុតទីងមោងរូបលោក ហ៊ុន សែន ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា៕