បទសម្ភាសន៍ VOA ៖ អ្នកការទូតអាមេរិកនិយាយពីអាស៊ាន ចិន និងឥណ្ឌូប៉ាស៊ីហ្វិក
ស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីចុងបូព៌ា មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ជាពិសេសនៅពេលមួយឆ្នាំដំបូងនៃសហរដ្ឋអាមេរិក ក្រោមលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនាំឱ្យសណ្ដាប់ធ្នាប់សន្តិសុខ នយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ឯនាយមហាសាគរប៉ាស៊ីហ្វិកឯណេះវិញ មានការរំកិលផ្លាស់ប្ដូរទីតាំងមិនដូចសព្វមួយដង។ អំឡុងដំណើរទស្សនកិច្ចខ្លីមួយនៅទីក្រុងភ្នំពេញ កាលពីដើមខែមិនាកន្លងទៅ អ្នកស្រី Jane Bocklage ភារធារីនៃស្ថានតំណាងសហរដ្ឋអាមេរិកប្រចាំអគ្គលេខាធិការដ្ឋានអាស៊ាននៅទីក្រុងចាកាតា បានផ្ដល់កិច្ចសម្ភាសន៍ពិសេសមួយដល់ VOA ផ្នែកខេមរភាសា ដែលអ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានជជែកអំពីទំនាក់ទំនងអាស៊ាន-អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ហាប្រទាញប្រទង់រវាងអាមេរិក និងចិន និងក៏ដូចជាយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រាប់តំបន់អាស៊ីផងដែរ៕