ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍៖ការ​ប្រឹក្សា​ជាមួយ​សាស្ត្រាចារ្យ​ក្រៅថ្នាក់រៀន​មាន​សារៈសំខាន់


អ្នកនាង ប៉ិល ដាឡែន ជា​និស្សិត​អនុបណ្ឌិត​ផ្នែក International Educational Development នៅ​សកលវិទ្យាល័យ Columbia។ (រូបថត​ឲ្យ)

កំណត់​និពន្ធ៖ ការ​សិក្សា​ស្រាវ​ជ្រាវ​ទ្រង់​ទ្រាយ​តូច​មួយ​បាន​រក​ឃើញ​ថា ការ​ចូលរួម​របស់​និស្សិត​ស្រី​ក្នុង​សកម្មភាព​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​មាន​ភាព​សកម្ម​ជាង​ការ​ចូល​រួម​របស់​និស្សិត​ប្រុស។ បនែ្ថម​លើ​នេះ និស្សិត​មិន​សូវ​ស្វែង​រក​ពេលវេលា​ដើម្បី​ប្រឹក្សា​ជាមួយ​នឹង​សាស្ត្រាចារ្យ​ក្រៅ​ថ្នាក់​រៀន​ប៉ុន្មាន​ទេ ដោយ​សារ​ការ​ខ្វះ​នូវ​កម្មវិធី​ជួប​ពិភាក្សា​រវាង​សាស្ត្រាចារ្យ និង​និស្សិត។ បើ​យោង​តាម អ្នកនាង ប៉ិល ដាឡែន ឲ្យ​ដឹង​ថា ការ​ប្រឹក្សា​យោបល់​ក្រៅ​ថ្នាក់​រៀន​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា​របស់​និស្សិត។ ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាង ទែន សុខស្រីនិត នៃ VOA បាន​សន្ទនា​ជាមួយ​នឹង​អ្នកនាង ប៉ិល ដាឡែន ជុំវិញ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​នាង ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​របស់​អ្នក​នាង​នៅ​សាកលវិទ្យាល័យ Columbia តាម​រយៈ​គម្រោង​អាហារូបករណ៍ Fulbright។

VOA៖ ជាកិច្ចចាប់ផ្តើមនាងខ្ញុំសូមអញ្ជើញ ដាឡែន ណែនាំខ្លួនជូនលោកអ្នកស្តាប់។

អ្នកនាង ប៉ិល ដាឡែន៖ នាង​ខ្ញុំ​ឈ្មោះ ប៉ិល ដាឡែន បច្ចុប្បន្ន​ជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​ផ្នែក International Educational Development នៅ Teacher College របស់​សាកល​វិទ្យាល័យ Columbia នៅ​ទីក្រុង​ញូយ៉ក។

VOA៖ តើ​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​លំបាក និង​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា​យើង​យ៉ាង​ដូច​ម្តេច​ដែរ?

អ្នកនាង ប៉ិល ដាឡែន៖ ការ​លំបាក​ទី​មួយ គឺ​ខាង​ផ្នែក​ភាសា។ ភាសា​គឺ​លំបាក​សម្រាប់​យើង​ក្នុង​ការ​អាន។ បើ​សិន​ជា​គាត់​ជា​ជន​ជាតិ​អាមេរិក ពួក​គាត់​អាន​ឯកសារ​តែ​ម្តង​គឺ​គាត់​អាច​យល់​ន័យ​បាន។ ប៉ុន្តែ សម្រាប់​យើង​ជា​ជន​ជាតិ​ខ្មែរ​វិញ នៅ​ពេល​ដែល​យើង​អាន​ម្តង ជួន​កាល​យើង​មិន​អាច​យល់​អ្វី​ដែល​មាន​នៅ​ក្នុង​អត្ថបទ​នោះ​បាន​ទេ។ ដូច្នេះ យើង​ត្រូវ​អាន​រហូត​ដល់​ទៅ​ពីរ ឬ​បី​ដង។ យើង​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ច្រើន​មែន​ទែន​ដើម្បី​ការ​អាន ដើម្បី​យល់​ឯកសារ​ឲ្យ​បាន​ច្បាស់​លាស់។ ហើយ​មួយ​ទៀត​នោះ​គឺ​ថា នៅ​ទី​នេះ​វា​ខុស​ប្លែក​ពី​នៅ​ប្រទេស​កម្ពុជា​យើង ត្រង់​ថា រាល់​ពេល​ដែល​យើង​អាន​ឯកសារ ឬ​ក៏​ធ្វើ​ការ​សរសេរ​លើ​អត្ថបទ​អ្វី​មួយ គេ​ត្រូវ​ការ​ឲ្យ​យើង​វិភាគ។ គឺ​មិន​មែន​អាន​ហើយ ចង​ចាំ​អ្វី​ដែល​យើង​អាន​នោះ​ទេ។ ដូច្នេះ រាល់​ពេល​យើង​ត្រូវ​វិភាគ​ថា តើ​អត្ថបទ​នេះ​មាន​ចំណុច​ល្អ​ត្រង់​ណា ឬ​ក៏​ចំណុច​ខ្វះ​ខាត​ត្រង់​ណា ហើយ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​អភិវឌ្ឍ​វា​ឲ្យ​កាន់​តែ​ល្អ​ឡើង។ នេះ​គឺ​ជា​ចំណុច​មួយ ដែល​ខ្ញុំ​គិត​ថា វា​មាន​ការ​លំបាក​មែន​ទែន ដោយ​សារ​តែ​យើង​មិន​បាន​ពង្រឹង​ផ្អែក​វិភាគ​នេះ នៅ​ពេល​ដែល​យើង​នៅ​ប្រទេស​កម្ពុជា។

VOA៖ ទាក់​ទង​ទៅ​នឹង​ចំណាប់​អារម្មណ៍​នៃ​ការ​ស្រាវជ្រាវ​សម្រាប់​គម្រោង​ថ្នាក់​អនុបណ្ឌិត​នេះ តើ​ដាឡែន​ផ្តោត​លើ​ផ្នែក​អ្វី​ដែរ?

អ្នកនាង ប៉ិល ដាឡែន៖​ សម្រាប់​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត គឺ​នាង​ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយ​នៅ​ប្រទេស​កម្ពុជា​យើង គឺ​ផ្តោត​ទៅ​លើ​ការ​ចូល​រួម​របស់​និស្សិត​ក្នុង​កម្រិត​ឧត្តម​សិក្សា ថា​តើ​និស្សិត​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា​ក្នុង​ការ​រួម​ចំណែក​នៅ​ក្នុង​ថ្នាក់​រៀន ដោយ​ផ្តោត​ទៅ​លើ​យេនឌ័រ។ មាន​ន័យ​ថា តើ​និស្សិត​ស្រី និង​និស្សិត​ប្រុស​ចូល​រួម​សកម្មភាព​យ៉ាង​ណា​នៅ​ក្នុង​ថ្នាក់​ឧត្តម​សិក្សា។

VOA៖ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ជា​បឋម​នេះ តើ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​រក​ឃើញ​យ៉ាង​ដូច​ម្តេច​ដែរ? តើ​ការ​ចូល​រួម​របស់​និស្សិត​ស្រី និង​និស្សិត​ប្រុស​មាន​លក្ខណៈ​ស្រដៀង​គ្នា និង​ខុស​គ្នា​ដល់​កម្រិត​ណា​ដែរ?

អ្នកនាង ប៉ិល ដាឡែន៖ មុន​នឹង​ខ្ញុំ​និយាយ​អំពី​លទ្ធផល​ដែល​ទទួល​បាន​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​នេះ ខ្ញុំ​ចង់​ពន្យល់​ពី​គំនិត​ស្តី​អំពី​ការ​ចូលរួម​របស់​និស្សិត​នេះ ដែល​ភាសា​អង់គ្លេស យើង​ហៅ​ថា Student's Engagement។ យើង​មើល​ទៅ​លើ​ថា តើ​កូន​សិស្ស​គាត់​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​រៀន​យ៉ាង​ណា ចំណាយ​ពេល​យ៉ាង​ណា​នៅ​ក្នុង​ការ​រៀន​សូត្រ​ក្នុង​ថ្នាក់​ឧត្តម​សិក្សា តើ​គាត់​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សាស្ត្រាចារ្យ​ក្រៅ​ថ្នាក់​រៀន​ដែរ​ឬ​ទេ ដើម្បី​វិភាគ​អត្ថបទ ឬ​ក៏​ការ​ស្រាវ​ជ្រាវ​របស់​គាត់​បន្ត​ទៀត។ ហើយ​ក៏​មើល​ទៅ​លើ​ថា តើ​គាត់​ពេញ​ចិត្ត​ជាមួយ​នឹង​ការ​សិក្សា​របស់​គាត់​នៅ​ក្នុង​ថ្នាក់​រៀន​នៅ​កម្រិត​ឧត្តម​សិក្សា​ឬ​ក៏​អត់។ លទ្ធផល​ដែល​នាង​ខ្ញុំ​រក​ឃើញ​តាម​រយៈ​ការ​សិក្សា​នោះ គឺ​ថា និស្សិត​ស្រី​មាន​ភាព​សកម្ម និង​សហការ​ក្នុង​ការ​រៀន​សូត្រ​ជាង​និស្សិត​ប្រុស ក៏​ប៉ុន្តែ លក្ខណៈ​ខុស​គ្នា​នេះ​គឺ​មាន​ទ្រង់​ទ្រាយ​តូច​ទេ មិន​ជា​ធំ​ប៉ុន្មាន​ទេ ដោយ​សារ​តែ​យើង​សួរ​គាត់​ថា តើ​គាត់​ចូល​រួម​នៅ​ក្នុង​សកម្មភាព ដែល​យើង​ផ្តល់​ឲ្យ​នៅ​ក្នុង​កម្រង​សំណួរ​ញឹក​ញាប់​ប៉ុណ្ណា។

មួយ​វិញ​ទៀត គឺ​ខ្ញុំ​រក​ឃើញ​ថា និស្សិត​ស្រី​គាត់​បាន​ចំណាយ​ពេល​រៀបចំ និង​ធ្វើ​កិច្ចការ​សាលា​ច្រើន​ជាង​និស្សិត​ប្រុស ខណៈ​ពេល​ដែល​និស្សិត​ប្រុស​គាត់​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ទំនាក់​ទំនង និង​ការ​កំសាន្ត​សប្បាយ​ផ្សេងៗ​ជាង​និស្សិត​នារី។ ម្យ៉ាង​វិញ​ទៀត យើង​រក​ឃើញ​ថា និស្សិត​នៅ​ក្នុង​កម្រិត​ឧត្តម​សិក្សា​មិន​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សាស្ត្រាចារ្យ​ស្តី​អំពី​ការ​សិក្សា​របស់​គាត់​នោះ​ទេ។ នៅ​ពេល​ដែល​យើង​សួរ​ថា តើ​គាត់​មាន​បាន​ទំនាក់​ទំនង​ជាមួយ​នឹង​សាស្ត្រាចារ្យ ដើម្បី​សុំ​សេចក្តី​ណែនាំ​ថា​តើ​គាត់​គួរ​តែ​អភិវឌ្ឍ​ការ​សិក្សា​របស់​គាត់​យ៉ាង​ណា ចម្លើយ​ភាគ​ច្រើន​គឺ គាត់​មិន​ដែល ឬ​ក៏​ពេល​ខ្លះ​ទើប​បាន​ទៅ​ជួប​សាស្ត្រាចារ្យ ដើម្បី​ពិភាក្សា​យោបល់​នៅ​ក្រៅ​ម៉ោង​បង្រៀន។

ចំណុច​នេះ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​ទែន។ បើ​យើង​មើល​ទៅ​លើ​ទ្រឹស្តី​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​វិញ គឺ​គេ​បាន​និយាយ​ថា ការ​សិក្សា​របស់​និស្សិត​នៅ​ថ្នាក់​ឧត្តម​សិក្សា​នេះ ទំនាក់​ទំនង​រវាង​និស្សិត​ជាមួយ​នឹង​សាស្ត្រាចារ្យ​គឺ​មាន​សារៈសំខាន់​មែន​ទែន ពី​ព្រោះ​សាស្ត្រាចារ្យ​អាច​ជួយ​ណែ​នាំ បង្ហាញ​ផ្លូវ​ទៅ​ដល់​និស្សិត តើ​គាត់​គួរ​តែ​ធ្វើ​យ៉ាង​ណា ដើម្បី​អភិវឌ្ឍ​ខ្លួន​គាត់ និង​ការ​សិក្សា។ ប៉ុន្តែ នេះ​ជា​ចំណុច​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​អ្វី​ដែល​យើង​គួរ​តែ​អភិវឌ្ឍ​ទៅ​ថ្ងៃ​ខាង​មុខ។

VOA៖ ទាក់​ទង​នឹង​ចំណុច​នេះ តាម​មតិ​យោបល់​របស់​ដាឡែន​ផ្ទាល់ តើ​ពី​សំណាក់់​សាស្ត្រាចារ្យ​ផ្ទាល់ គាត់​គួរ​តែ​រៀប​ចំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ដូច​ម្តេច ដើម្បី​ធ្វើ​ឲ្យ​និស្សិត​ទាក់​ទង​គាត់​ដោយ​ភាព​ងាយ​ស្រួល ហើយ​ពី​ខាង​និស្សិត​វិញ តើ​គាត់​គួរ​តែ​ផ្លាស់​ប្តូរ​ឥរិយាបថ​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យ​ទំនាក់​ទំនង​រវាង​សាស្ត្រាចារ្យ និង​និស្សិត​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន?

អ្នកនាង ប៉ិល ដាឡែន៖ ចំពោះ​បញ្ហា​នេះ​ផ្ទាល់​គឺ​វា​ផ្តោត​លើ​បញ្ហា​និស្សិត​ផ្ទាល់ និង​ក៏​ដូច​ជា​កត្តា​គ្រូ​បង្រៀន​ដែរ។ បើ​សិន​ជា​យើង​មើល​លើ​ទំនោរ​របស់​សង្គម​ខ្មែរ​បច្ចុប្បន្ន យើង​ឃើញ​ថា​និស្សិត​ភាគ​ច្រើន គឺ​ច្រើន​តែ​រៀន​ពីរ​ជំនាញ​ក្នុង​ពេល​តែ​មួយ។ ដូច្នេះ ជួន​កាល​គាត់​ទៅ​សាលា«‍ក»នៅ​ពេល​ព្រឹក ហើយ​ទៅ​សាលា​«ខ‍»​នៅ​ពេល​ល្ងាច។ ដូច្នេះ វា​បណ្តាល​ឲ្យ​និស្សិត​មិន​មាន​ពេល​វេលា​ច្រើន ដើម្បី​ឆ្លៀត​ជួប​ជាមួយ​នឹង​គ្រូ​បង្រៀន​ពិភាក្សា​ក្រៅ​ម៉ោង​បង្រៀន។ ហើយ​ប្រសិន​បើ​យើង​ក្រឡេក​មើល​លើ​កត្តា​គ្រូ​បង្រៀន​ផ្ទាល់​គឺ​ភាគ​ច្រើន គាត់​បំពេញ​ការងារ​ពេញ​ម៉ោង មាន​ន័យ​ថា គាត់​បង្រៀន​តាំង​ពី​ព្រឹក​ទល់​ល្ងាច គឺ​គាត់​មិន​មាន​ម៉ោង​ដើម្បី​ឲ្យ​និស្សិត​មក​ជួប​ទៀង​ទាត់​រៀង​រាល់​សប្តាហ៍ ឬ​ក៏​រៀង​រាល់​ថ្ងៃ​នោះ​ទេ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ចំណុច​ខ្វះ​ខាត​ការ​ទំនាក់​ទំនង​រវាង​និស្សិត និង​សាស្ត្រាចារ្យ​ក្នុង​កម្រិត​ឧត្តម​សិក្សា​នេះ៕

XS
SM
MD
LG