ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី ​Michelle Obama ទៅ​​ជប៉ុន​និង​ប្រទេស​កម្ពុជា​ជំរុញ​កម្ម​វិធី ​«Let Girls Learn»

  • សុខ ខេមរា

នៅមុន​ពេល​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​របស់​លោក​ស្រី​នៅ​ប្រទេស​ជប៉ុន​និងកម្ពុជា ​លោកស្រី ​Michelle Obama ​និង​ស្វាមី​គឺ​លោក​ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា​ ​បាន​ថ្លែង​ថា ​ការណ៍​ដែល​ក្មេងស្រី​ប្រមាណ​៦២​លាន​នាក់ ​មិនមាន​លទ្ធភាព​ទៅ​សាលារៀន​នៅជុំវិញ​ពិភពលោក​គួរ​ជា​អាទិភាព​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​អាមេរិក។ ​សេចក្តី​ថ្លែង​ដូច្នេះយោង​ថា ​ការ​ដែល​មាននារី​រាប់​សិប​លាន​នាក់​មិនបាន​ទទួល​ការ​អប់រំ​គ្រប់គ្រាន់​គឺ​មិន​ត្រឹមតែ​ជា​ «ការ​ខ្ជះខ្ជាយ​សក្តានុពល​របស់​មនុស្ស​ដ៏គួរ​ឲ្យ​សោកស្តាយ​ជា​ទី​បំផុត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​វិស័យ​សុខាភិបាល​សាធារណៈ ​ការ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​ ព្រមទាំង​វិបុលភាព​ពិភពលោកធ្លាក់​ចុះ ​និង​ជា​ការ​គំរាម​ទៅ​លើ​សន្តិសុខ​ នៃ​ប្រទេសទាំងអស់​ក្នុង​ពិភព​លោក»។​

លោកស្រី​ Michelle Obama ​គឺជា​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​ដំបូង​គេ​ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។​ លោកស្រីមាន​ផែនការ​នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង​សៀមរាប ​ដែល​នៅ​ទីនោះ​លោកស្រី​នឹង​ជួប​ជាមួយ​សមភាគី​ខ្មែរគឺ​លោកស្រី​ប៊ុន រ៉ានី ​ភរិយា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ហើយសំណេះ​សំណាល​ជាមួយ​សិស្ស​និង​ពួក​អ្នក​ស្ម័គ្រ​ចិត្ត ​ហើយនឹង​មើល​កម្មវិធី​ក្នុង​សហគមន៍​ខ្លះ ​ដែល​គេ​និយាយ​ថា ​បាន​ពង្រីក​ឱកាស​ខាង​អប់រំ​ដល់​នារី។​

លោក ​ជា កុសល ​អ្នក​សម្រប​សម្រួល​ប្រចាំ​កម្ពុជា​នៃ​អង្គការ​សកម្មភាព​សម្រាប់បឋម​សិក្សា​នៅ​កម្ពុជា​ហៅ​កាត់​ថា ​Kape ​ដែល​ធ្វើការ​ទាក់ទង​នឹង​សិស្សានុ​សិស្ស​កម្ពុជា​បាន​ថ្លែង​ថា៖​

«ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​លោកស្រី​អូបាម៉ា​ទាក់ទង​ទៅ​នឹង​គោល​នយោបាយ​នៃ​ការ​ផ្តល់​ឱកាស​ឲ្យក្មេង​ស្រី​បាន​សិក្សា​នេះ​ ​ខ្ញុំ​គិត​ថា ​ជា​គំនិត​មួយ​ល្អ ​ពីព្រោះ​នៅ​ប្រទេស​កម្ពុជា ​ដូចខ្ញុំ​មើល​ឃើញ​គឺ​ថា ​ពេលខ្លះ​គឺ​ថា ​សិស្ស​ស្រី​គឺ​គាត់​មាន​ឱកាស​តិច​ជាង​សិស្ស​ប្រុស​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា»។​

លោក​ថ្លែង​ថា​ រឿង​នេះ​គឺ​ទាក់ទង​នឹង​ទម្លាប់របស់​ឪពុក​ម្តាយ​ ដែល​តែង​តែ​ផ្តល់​ឱកាស​ដល់​កូនប្រុស​ច្រើន​ជាង​កូនស្រី​ក្នុង​ការ​ចូល​រៀន​ ​ដែល​រឿង​នេះ​លោក​សង្ឃឹម​ថា​ តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​របស់​លោកស្រី​មីសែល​ អូបាម៉ា​នឹង​មានការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​នេះ។​

«អញ្ចឹង​ខ្ញុំ​គិត​ថា ​គំនិត​ផ្តួចផ្តើម​នេះ​ល្អ។ ​ទី១​គឺ​ដើម្បី​ជួយ​ដល់​សិស្ស​ស្រី​ដែល​គ្នា​មាន​ឱកាស​តិចតួច។​ ទី២​គឺ​ថា ​ផ្តល់​ការ​យល់​ដឹង​ទៅ​ដល់​ឪពុក​ម្តាយ​ដែល​គាត់​ធ្លាប់​តែ​មាន​គំនិត​ថា​ បើ​សិន​ជា​មាន​ជម្រើស​តែ​មួយ​គឺ​គាត់​ផ្តល់​ឲ្យ​ទៅ​កូន​ប្រុស​ ​ហើយ​នៅ​ពេល​ដែល​គម្រោង​នេះ​ត្រូវ​អនុវត្ត​ ខ្ញុំ​គិត​ថា ​វា​នឹង​អាច​ផ្សព្វ​ផ្សាយ។​ ​ដូច្នេះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ជ្រាប​ទៅ​ដល់​ឪពុក​ម្តាយ​ ផ្នត់​គំនិតរបស់ឪពុក​ម្តាយ​ទាំង​ឡាយ​ឲ្យ​គាត់​អាច​ថ្លឹង​ថ្លែង​ថា ​តើ​រវាង​កូនស្រី​ហើយ​នឹង​កូន​ប្រុស​វា​សំខាន់​យ៉ាង​ម៉េច។​ កុំ​ឲ្យ​គាត់​គិត​ថា ​នៅ​ពេល​ដែល​ត្រូវការ​សម្រេច​ចិត្ត​គឺ​គាត់​គិត​ថា​ ​គឺ​កូនប្រុស​សំខាន់​ជាង»។​

លោក ​រ៉ុង ឈុន ​ប្រធាន​សមាគមន៍​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ​ ចាត់​ទុក​ថា​ គំនិត​របស់​លោក​ស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.​ជា​គំនិត​ល្អ​ តែ​លោក​បាន​អះអាង​ថា ​កម្ពុជា​ពិបាក​នឹង​ធ្វើ​តាម​គំនិត​ផ្តួចផ្តើម​នេះ​ ទោះ​ជា​ប្រព័ន្ធ​អប់រំ​មិន​អាក្រក់​ក្តី។​ លោក​ថ្លែង​ដូច្នេះ ​ដោ​យយោង​ថា ​ដោយ​សារ​ការ​បំបាត់​ភាព​ក្រីក្រ​មិនទាន់​ធ្វើ​បាន​ ​ជោគជ័យ​។ ​ដូច្នេះ​អំពើ​ពុករលួយ​នៅ​ញាំញី​ប្រទេស​កម្ពុជា ហើយ​គ្មាន​បរិក្ខា​សិក្សា​ ដូចជា​កុំព្យូទ័រ​នោះទេ រហូត​កម្រិត​វិទ្យាល័យ។​

«អញ្ចឹង​ បើ​យើង​ធៀប​ទៅ​នឹង​ការ​អប់រំ​នៅប្រទេស​ជឿនលឿន​ ខ្ញុំ​ធ្លាប់​ដើរ​ចូល​មើល​នៅ​ស.រ.អា.​ ​នៅ​អូស្ត្រាលី ​នៅ​បារាំងក្តី ​យើង​ឃើញ​គេ​បំពាក់​បរិក្ខា​សិក្សា​ហ្នឹង​ដូច​ជា​ប្រព័ន្ធ ​IT ​ហ្នឹង​តាំង​ពី​កម្រិត​បឋម​ទៅ។​ ដូច្នេះយើង​មិនអាច​ប្រៀប​ផ្ទឹម​ជា​មួយ​គេ​បាន​ទេ»។​

លោក​បាន​កោត​សរសើរ​ចំពោះ​គំនិត​របស់​លោក​ស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.ចំពោះ​ការ​លើក​កម្ពស់​ ការអប់រំ​សិស្សនារី។

«តាមការ​ពិតអ្វី​ដែលលោកស្រី​អូបាម៉ា​បាន​លើកឡើងថា​នឹងជម្រុញ​ឲ្យកុមារី​ទទួល​បាន​ការអប់រំ ល្អ​ប្រសើរហ្នឹង​ វាស្រប​ទៅនឹង​គោលនយោបាយ​អន្តរជាតិ​ដែរ ​ដែល​គេ​ធ្វើយុទ្ធនាការ​ការអប់រំ​ហ្នឹង​ ហើយ​យើង​គិតថាល្អ ​ប៉ុន្តែកម្ពុជា​យើងមិនអាច​ទៅ​រួចទេ​ពីព្រោះ​កម្រិត​នៃការ​បោះបង់​ថ្នាក់ហ្នឹងវា​ នៅតែ​ជា កម្រិតខ្ពស់​ដដែល​ពីព្រោះ​អាការ​កាត់បន្ថយ​ភាពក្រីក្រ​ហ្នឹង​ រដ្ឋាភិបាល​មិនទទួល​ទាន់​ទទួលបាន​ជោគជ័យ​ទេ»។

លោក​ រ៉ុង ឈុន ​បានជម្រុញ​ថារដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ចាំបាច់​ធ្វើកិច្ចការ​ច្រើន​ទៀត​ក្នុងការ​ដោះ ស្រាយបញ្ហា​គន្លឹះជា​ច្រើន​ទាក់ទងនឹង​បញ្ហាអប់រំ​នៅកម្ពុជា។

«កត្តាគន្លឹះត្រូវដោះស្រាយ​ប្រាក់ខែ​គ្រូបង្រៀន ​រឿងហ្នឹង​ដែលជា​កត្តាគន្លឹះ​ចាំបាច់​បំផុត ​ហើយ​បើសិន ជាកត្តា​ប៊ៀវត្ស​ហ្នឹងមិន​ត្រូវបាន​ដោះស្រាយ​ជូនគ្រូ​បង្រៀន​ឲ្យ​បានសមរម្យទេ​ ការអប់រំ​នៅ​កម្ពុជា យើងនឹង​មិនអាច​ទទួលបាន​គុណភាព​នោះ​ទេ។ ​ហើយ​ជាពិសេសកត្តា​សង្គម​ កត្តាសង្គម​មួយទៀត ក៏ធ្វើឲ្យរាំង​ស្ទះទៅដល់​ដំណើរការ​អប់រំដែរ ​ដែល​ប្រជាពលរដ្ឋ​អាណាព្យាបាល​សិស្សហ្នឹង​គាត់បាត់​បង់​ទំនុកចិត្ត​ទៅលើការ​អប់រំ​ពីព្រោះ​គាត់ខំ​ចំណាយ​លុយច្រើន​ឲ្យកូនរៀន​ នៅពេល​ដែលកូន​គាត់​រៀនចប់​ទៅអត់មាន​ការធ្វើ​ បើមាន​ការងារ​ធ្វើប្រាក់​ឈ្នួលតិចតួច ​អាហ្នឹង​ដែលជា​ឧបសគ្គ​ផងដែរ ​ហើយ​ឧបសគ្គ មួយទៀត​នោះ ​ការរៀន​ឥឡូវហ្នឹង​វាចំណាយ​ខ្ពស់​ ដោយសារគ្រូ​ប្រមូលលុយ ​លក់របស់​របរ ​លក់ មេរៀន ​លក់​ក្រដាសទៅចំណាយ​ខ្ពស់​ ហើយដល់​តែគាត់​ក្រីក្រ​ គាត់អត់​អាច​បញ្ជូន​កូនគាត់​ទៅ​រៀន ដល់​ខាងលើ​បានទេ ​អាហ្នឹង​ដែលជា​ចំណោទ»។

បើតាម​តួលេខ​របស់អង្គការ​USAID ​ស.រ.អា.កាលពី​ជាង៥ឆ្នាំ​កន្លង​ទៅបាន​ឲ្យដឹងថា​មាន​ក្មេងស្រី ២០ភាគរយ ​រៀននៅ​ថ្នាក់ទី​៧ ទី​៨ និង ទី​៩ ដែល​បោះបង់​ចោលការ​សិក្សា​យ៉ាងច្រើន​ ដោយសារ កត្តាផ្សេងៗ​គឺ ​តម្រូវការ​ចាំបាច់​ត្រូវរកលុយ ​ជួយ​កិច្ចការផ្ទះឬការ​រកស៊ី​ មិនអាច​មានលុយ​ចំណាយ ដល់​សាលា​រៀនខ្សោយ​ និង​រៀនមិនទាន់​គេ។

លោកផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ម្នាក់បាន​ការពារ​គោល​នយោបាយ​រដ្ឋាភិបាល​កម្ពុជា​ដោយ​អះអាងថា៖

«កម្ពុជា​យកចិត្ត​ទុកដាក់​ខ្ពស់ចំពោះនារី​ភេទ​ដើម្បី​ឲ្យចូលរួម​ច្រើនក្រៅពី​ការងារ​គ្រួសារ ​គេអាច​មាន លទ្ធភាព​ច្រើនចូល​មកក្នុង​ការរៀន​សូត្រ​ ដូចជា​ការចូលរួម​សម្រេច​របស់​នារី​ក៏ដូចបាន​ចែង​ក្នុងរដ្ឋ ធម្មនុញ្ញ​ រួចស្រេច​គឺយើង​មាន​សិទ្ធិស្មើគ្នា​ ហើយ​គណបក្ស​ប្រជាជន​បាននាំមុខ​ឲ្យនារី​ចូលរួម​ឲ្យបាន​ច្រើន»។

លោកថា​ស.រ.អា.គួរលើក​ទឹកចិត្ត​ឲ្យមាន​ការវិនិយោគ​និងធ្វើ​ឲ្យមាន​កំណើន​សេដ្ឋកិច្ច​នៅកម្ពុជា​កើនឡើង ដើម្បីឲ្យ​ពលរដ្ឋខ្មែរ ​បានទទួលការ​អប់រំខ្ពស់​និង​បញ្ជូនកូនទៅ​រៀន​នៅស.រ.អា.​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ អំ សំអាត ​ប្រធាន​ក្រុមបចេ្ចកទេស​សើបអង្កេត​នៃអង្គការ​សិទ្ធិមនុស្ស លីកាដូ​បានទទូច​ចង់ឃើញ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ចំពោះ​គំនិតផ្តួចផ្តើម​របស់លោក​ស្រី អូបាម៉ា ក្នុងការ​ជួយសិស្សស្រី​ផ្នែកការ​អប់រំ​នោះ។

«ខ្ញុំគិត​ថាវត្តមាន​របស់​លោកស្រី​ បារ៉ាក់ ​អូបាម៉ា​គឺជាការ​ជម្រុញ​និងការ​លើក​ទឹកចិត្ត​ដល់ស្រី​កម្ពុជា​ឲ្យ មានការ​ចូលរួម​ជាពិសេស​ទាក់ទង​នឹងវិស័យ​អប់រំ​ ជាពិសេសទាក់ទង​ទៅដល់ការ​ចូលរួម​ក្នុងការ អភិវឌ្ឍន៍​សហគមន៍​ក៏ដូចជា​ប្រទេស​ជាតិ ​គឺអភិវឌ្ឍ​ប្រទេសជាតិ​យើង។​ កាលណាមាន​ស្ត្រីចូលរួម ច្រើន​ប្រទេសយើងនឹងមាន​ការអភិវឌ្ឍ​ច្រើន​ ហើយក៏ជា​កិច្ចការពារ​មួយសម្រាប់​ផល​ប្រយោជន៍ ស្ត្រីផង​ដែរ»។

លោកបាន​ជម្រុញដល់​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​តាមការ​ណែនាំ​របស់​អសប​ដើម្បី​ការពារ សិទ្ធិស្រ្តី ​ជាពិសេស​អ្នកតស៊ូមតិ​ជាស្ត្រី។

«កុំឲ្យដូច​ពេលបច្ចុប្បន្ន​នៅពេល​ដែលស្រ្តី​លោកធ្វើ​ការតស៊ូមតិ​ គាត់ធ្វើការ​តវ៉ា​ គាត់ត្រូវ​ប្រឈមមុខ នឹងការ​គម្រាម​កំហែងគ្រប់​បែបយ៉ាង​ព្រមទាំង​ការចាប់​ដាក់ពន្ធនាគារ​និងការ​ប្រើប្រាស់​អំពើរ​ហិង្សា នោះ»។

លោកអំ សំអាត​ថ្លែងយ៉ាង​ដូច្នេះ​ដោយយោង​ទៅលើការ​ចាប់ឃុំខ្លួន​ស្រី្តបឹងកក់​ចំនួន១១នាក់ ​ដោយ គ្រាន់តែ​តវ៉ាលើ​បញ្ហាដីធ្លី​និងស្វែងរក​អន្តរាគមន៍​រឿងទឹក​ជំនន់លិចផ្ទះ​ ហើយនឹងការ​ចាប់ឃុំខ្លួន​សកម្ម នយោបាយ​នានា​និងការ​យាយី​សកម្មជន​សង្គមស៊ីវិល​ផងនោះ។

លោក Evan Medeiros ​នាយកជាន់​ខ្ពស់​នៃកិច្ចការ​អាស៊ីរបស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ អាមេរិក​ថ្លែងថា ​លោកស្រី​ អូបាម៉ា​ នឹងសង្កត់​អំពីការ​ចាំបាច់​ឲ្យមាន​ប្រព័ន្ធ​នយោបាយ​បើកចំហរ​និងរួម​បញ្ចូល​មួយនិងការ​អនុញ្ញាតិ​ឲ្យសង្គម​ស៊ីវិល​មានមុខ​នាទីមួយ​នៅក្នុង​អភិបាលកិច្ចល្អ​ហើយនឹង​មិនព្រ​រងើយ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ ​ក្រៅពី​បញ្ហាលើក​កម្ពស់អប់រំ​ដល់សិស្សស្រី​ដែល ​ត្រូវគេ​ដឹងថា​នៅមាន​មួយចំនួន​បន្តបោះបង់​ចោលការ​សិក្សានៅ​ឡើយនោះ។

នាង​គង់ ស្រីពៅ​អាយុ៣០ឆ្នាំ​ មកពីខេត្ត​កំពង់ចាម។​បច្ចុប្បន្ននាង​ធ្វើជាកម្មករ​រោងចក្រដែក​ផលិត ម៉ាស៊ីន​ច្រូតនៅក្នុង​ប្រទេសថៃ​ដើម្បី​ទទួលបាន​កំរ៉ៃខ្ពស់​ជាង​ក្នុង​ប្រទេស​កម្ពុជា។​ នាង​អះអាងថា​នាង បាន​បោះបង់​ចោលការ​សិក្សា​តាំងពីបឋម​សិក្សា​ ដោយសារ​ជីវភាពខ្វះខាត​និងជួយលក់​នុំម្តាយ។

«ខ្ញុំម៉ែខ្ញុំឲ្យ​ទៅរៀនដែរ ​តែដូចថាខ្ញុំ​ទៅមាន​តែកន្ច្រែង​នុំមាន​អីទៅតាម​ទៅ ​ខ្ញុំរៀន​អត់ចូល។​ និយាយ​រួម ទៅខ្ញុំក្រ​តែម្តង​ ខ្ញុំដេក​មិនដែល​ឆ្អែត ​ខ្ញុំរៀនអត់​ចូលតែ​ម្តង»។

នាងបាន​សំដែងការ​ត្រេកអរ​ចំពោះការ​លើក​កម្ពស់​របស់​លោកស្រី​ភរិយា​ប្រធានាធិបតី​ស.រ.អា.​ក្នុង​ការ​អប់រំសម្រាប់សិស្ស​ស្តី្រ នាងដោយ​អះអាង​ថា​ កូន​ចៅ​ជំនាន់​ក្រោយ​នឹង​ទទួល​បាន​ការ​សិក្សា​និង​មានការ​ចេះ​ដឹង​ច្រើន។​

លោកស្រី​មីសែល​អូបាម៉ា​នឹង​អញ្ចើញ​ទៅ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃសុក្រ​នេះ​ក្នុង​ដំណើរ​ទស្សន​កិច្ច​បីថ្ងៃ​ ​មុន​ពេល​លោកស្រី​បញ្ចប់​ទស្សន​កិច្ច​ក្នុង​ប្រទេស​ជប៉ុន​៣​ថ្ងៃ៕

XS
SM
MD
LG