ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៍​មុខជំនាញ​សិក្សា និង​ការងារ​ជួយ​សិស្សនិស្សិត​ជ្រើស​រើស​មាគ៌ាការងារ


ស្លាក​សញ្ញា​ពិព័រណ៍មុខជំនាញ​សិក្សា និង​ការងារ​លើក​ទី៦ រៀប​ចំឡើង​ដោយ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋអាមេរិក (FUSAAC)
ស្លាក​សញ្ញា​ពិព័រណ៍មុខជំនាញ​សិក្សា និង​ការងារ​លើក​ទី៦ រៀប​ចំឡើង​ដោយ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋអាមេរិក (FUSAAC)

នៅ​ថ្ងៃ​អាទិត្យ ទី៣ ខែ​ឧសភា​ខាង​មុខ​នេះ ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​លើក​ទី៦ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​សាធារណៈ​ដ៏​មាន​សារៈសំខាន់​មួយ ដែល​ផ្តល់​ព័ត៌មាន​គន្លឹះ​ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​ជុំវិញ​ការ​ជ្រើស​រើស​មុខ​ជំនាញ និង​អំពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា។

ឆ្នាំ​នេះ​គឺ​ជា​លើក​ទី៦​ហើយ ដែល​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​បាន​ប្រារព្ធ​ធ្វើ​ឡើង។ ពិព័រណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សមាជិក​ស្ម័គ្រ​ចិត្ត​នៃ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋអាមេរិក ឬ​ហៅ​ថា (FUSAAC) និង​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថាន​ទូត​អាមេរិក​នៅ​រាជ​ធានី​ភ្នំពេញ។

កញ្ញា ហ៊ត សៀកហួយ ប្រធាន​រៀបចំ​គម្រោង​កម្មវិធី​ពិព័រណ៍​ឆ្នាំ​នេះ ឲ្យ​ដឹង​ថា ពិព័រណ៍​ជំនាញ​សិក្សា និង​ការ​ងារ​នេះ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង ក្នុង​ការ​ផ្តល់​ព័ត៌មាន​គន្លឹះ​ទាក់​ទង​នឹង​ជំនាញ​សិក្សា និង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ដល់​សិស្ស​វិទ្យាល័យ។

«‍កម្មវិធី​របស់​យើង​នឹង​បន្ត​ទទួល​ជោគ​ជ័យ និង​ផ្តល់​ជា​គន្លឹះ​សំខាន់​ផ្សេងៗ​ដើម្បី​ឲ្យ​សិស្ស​ពិចារណា និង​យល់​ដឹង​ថា​តើ​ទីផ្សារ​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ​មាន​អ្វី​ខ្លះ ហើយ​មាន​មុខ​វិជ្ជា​អ្វី​ខ្លះ​ដែល​មាន​បង្រៀន​នៅ​តាម​ស្ថាប័ន​នានា ហើយ​ថា​តើ​គាត់​គួរ​ជ្រើស​រើស​មុខ​វិជ្ជា​នេះ​ដោយ​ពឹង​ផ្អែក​លើ​គន្លឹះ​អ្វី​ខ្លះ»។

សិស្ស​វិទ្យាល័យ និង​មហាវិទ្យាល័យ​ប្រមាណ​២ពាន់​នាក់​រំពឹង​ថា​នឹង​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​លើក​ទី៦​នេះ។ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចូល​រួម​ជា​អធិបតី ហើយ​នឹង​ថ្លែង​សន្ទុរកថា​បើក​កម្មវិធី​ពិព័រណ៍​ដ៏​មាន​សារៈសំខាន់​នេះ។

កម្ម​វិធី​ពិព័រណ៍​នេះ​នឹង​ចាប់​ផ្តើម​ឡើង​ដោយ​ការ​ពិភាក្សា​រួម​គ្នា​មួយ​រវាង​សិស្ស​និស្សិត ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី ហង់ ជួនណារ៉ុន អំពី​តួនាទី​យុវជន​ក្នុង​ការ​អភិវឌ្ឍ​សង្គម។ នៅ​ពេល​រសៀល ភ្ញៀវ​កិត្តិយស​ប្រមាណ​៦០នាក់​នឹង​ធ្វើ​បទ​បង្ហាញ​អំពី​មុខ​ជំនាញ​សិក្សា និង​ចែក​រំឡែក​បទ​ពិសោធន៍​ការងារ និងវិធីសាស្ត្រ​ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​បរទេស​។

ជាមួយ​គ្នា​នេះ សកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​មួយ​ចំនួន​ធំ​នឹង​ដាក់​តាំង​ពិព័រណ៍​ព័ត៌មាន​ទាក់​ទង​នឹង​មុខ​ជំនាញ​សិក្សា​ដែល​មាន​បង្រៀន​នៅ​តាម​ស្ថាប័ន​របស់​ខ្លួន។

ប្រមាណ​៦០ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុជា​មាន​អាយុ​ក្រោម​៣០ឆ្នាំ ហើយ​ជា​រៀង​រាល់​ឆ្នាំ យុវជន​ប្រមាណ​២៥​ម៉ឺននាក់​ត្រូវ​ការ​ការងារ​ធ្វើ។ ដើម្បី​ត្រៀម​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​ការងារ កញ្ញា ហ៊ត សៀកហួយ យល់​ថា វា​ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​ដែល​សិស្ស និង​និស្សិត​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រ​ដោយ​មិន​យក​ប្រាក់​កម្រៃ​ក្នុង​វិស័យ​អប់រំ និង​សង្គម​ជា​ដើម។

«‍តាម​បទ​ពិសោធន៍​របស់​ខ្ញុំ បើ​ទោះ​បី​ជា​យើង​ធ្វើ​ការងារ​ស្ម័គ្រ​ដោយ​មិន​ទទួល​ប្រាក់​កម្រៃ​ក្តី ក៏​ប៉ុន្តែ វា​អាច​ជួយ​ឲ្យ​យើង​ទៅ​ដល់​កន្លែង​មួយ ដែល​យើង​នឹក​ស្មាន​មិន​ដល់ គឺ​វា​ផ្តល់​ទាំង​បទ​ពិសោធន៍​ការងារ ឲ្យ​យើង​ជួប​ជាមួយ​នឹង​មនុស្ស​ជោគជ័យ ហើយ​ឲ្យ​យើង​ខំ​ប្រឹង​តាម​ពួក​គាត់។ ហើយ​ជាមួយ​គ្នា​នោះ​ដែរ វា​ក៏​ឲ្យ​យើង​មាន​ឱកាស​ដើម្បី​ទទួល​បាន​អាហារូបករណ៍​ផ្សេងៗ»។

ក៏​ប៉ុន្តែ សៀកហួយ បាន​រំឭក​ថា សិស្ស​និស្សិត​មិន​គួរ​មាន​ការ​រំពឹង​ទុក​មក​វិញ​ពី​ការងារ​ស្ម័គ្រ​ចិត្ត​ដែល​ខ្លួន​កំពុង​តែ​ធ្វើ​នោះ​ទេ ហើយ​ថា ការងារ​ស្ម័គ្រចិត្ត​នេះ​គួរ​តែ​ផ្តោត​សំខាន់​លើ​ការ​ដក​ស្រង់​បទ​ពិសោធន៍​ការងារ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង និង​ការ​អភិវឌ្ឍន៍​សង្គម៕

XS
SM
MD
LG