កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា កន្លងទៅនេះ កម្ពុជាបានប្រារព្ធមហោស្រពជាតិលើកទី១ស្តីអំពីវិទ្យាសាស្ត្រ និងវិស្វកម្ម (1st Cambodia Science and Engineering Festival) ដែលត្រូវបានរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម ដែលយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រ និងការសហការពីក្រសួងអប់រំ យុវជន និងកីឡា។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឲ្យឃើញថា យុវជនកម្ពុជាមានចំណាប់អារម្មណ៍ខ្លាំង និងមានការយល់ដឹងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដែលជំរុញឲ្យមានការច្នៃប្រឌិតថ្មីសម្រាប់ការអភិវឌ្ឍន៍ និងវិនិយោគទុនក្នុងប្រទេស។
ការស្រាវជ្រាវជាច្រើនពីប្រទេសអភិវឌ្ឍន៍បង្ហាញថា ការអប់រំខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលស្គាល់ថា (STEM Education) ជំរុញឲ្យមានការច្នៃប្រឌិតថ្មី ដែលផ្តល់ផលប្រយោជន៍ដល់ការវិនិយោគទុន ការអភិវឌ្ឍ និងទំនើបកម្មក្នុងប្រទេស។ បើទោះបីកម្ពុជាគឺជាប្រទេសកំពុងអភិឌ្ឍន៍ក្តី រដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ និងចាប់ផ្តើមបណ្តាក់ទុនលើវិស័យនេះ ដោយជំរុញឲ្យយុវជនកម្ពុជាចាប់យកជំនាញ STEM នេះ។
ជាក់ស្តែង កាលពីថ្ងៃសុក្រ ទី១៣កន្លងទៅនេះ ក្រោមការសហការ និងការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា អង្គការ USAID និងមូលនិធិសប្បុរសធម៌ Golden West យុវជនកម្ពុជាស័្មគ្រចិត្តមួយក្រុមបានរៀបចំកម្មវិធីមហោស្រពជាតិលើកទី១នៅកម្ពុជាស្តីពីវិទ្យាសាស្ត្រ និងវិស្វកម្ម។ មហោស្រពនេះធ្វើឡើងក្នុងគោលបំណងជំរុញឲ្យមានការលើកកម្ពស់ការអប់រំខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬSTEM Education និងបង្កើតឲ្យមានអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីរបស់កម្ពុជា។
មហោស្រពនេះត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ លោក Allen Tan នាយកគ្រប់គ្រងទូទៅរបស់មូលនិធិសប្បុរសធម៌ Golden West អ្នកតំណាងស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ជាពិសេសគឺអ្នកជំនាញខាងវិទ្យាសាស្ត្រ និងយុវជនកម្ពុជាវ័យក្មេងជាច្រើននាក់។ មហោស្រពជាតិលើកទី១នេះមានការតាំងពិព័ណ៌ស្តីពីការច្នៃប្រឌិតខាងវិទ្យសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យាទំនើប និងការធ្វើបទបង្ហាញរបស់អ្នកជំនាញផ្សេងៗ។
បន្ថែមលើការតាំងពិព័ណ៌ និងការធ្វើបទបង្ហាញ មហោស្រពជាតិលើកទី១ស្តីពីវិទ្យសាស្ត្រ និងវិស្វកម្ម មានរៀបចំជាគម្រោង៣ធំៗផ្សេងទៀត។ ទី១ គឺការធ្វើដំណើរស្តីពីវិទ្យសាស្ត្រ ដោយក្រុមការងារនឹងធ្វើដំណើរចុះទៅតាមទីរួមខេត្តក្បែររាជធានីភ្នំពេញ រយៈពេល២សប្តាហ៍ដើម្បីផ្សព្វផ្សាយតាមសាលារៀនអំពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងឲ្យសិស្សានុសិស្សសាកល្បងនឹងការធ្វើពិសោធន៍ថ្មី។
ទី២ គឺការជ្រើសរើសសិស្ស និងនិស្សិតឆ្នើមឲ្យធ្វើការជាមួយនឹងអ្នកវិទ្យាសាស្ត្រជំនាញ ដើម្បីឲ្យពួកគេបង្កើតជាគម្រោងច្នៃប្រឌិតថ្មីសម្រាប់កម្មវិធីមហោស្រពជាតិ។
ទី៣ គឺសិក្ខាសាលាមហោស្រព ដោយផ្តល់ឱកាសឲ្យក្មេងៗសិស្សានុសិស្សប្រឡូកក្នុងការធ្វើពិសោធន៍ផ្សេងៗ ជំរុញឲ្យក្មេងៗបង្ហាញពីសមត្ថភាពច្នៃប្រឌិត ហើយក៏ជំរុញឲ្យលោកគ្រូ និងអ្នកគ្រូបង្កើតកម្មវិធីបង្រៀនថ្មីៗ ដែលជំរុញឲ្យមានការច្នៃប្រឌិតថ្មីកាន់តែច្រើនឡើង។
ខណៈដែលកម្ពុជាកំពុងតែដើរឆ្ពោះទៅរកការអប់រំដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានវាយតម្លៃថា ប្រទេសកម្ពុជាមានសក្តានុពលភាពខ្ពស់ក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស និងព័ត៌មានវិទ្យាដើម្បីជួយពន្លឿនការរីកដុះដាលសេដ្ឋកិច្ចនៃប្រទេសនេះ។
ក្នុងបទសម្ភាសន៍ជាមួយនឹងVOA ខេមរភាសា លោកស្រី Geraldine Richmond ជាជំនួយការពិសេសរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងជាប្រេសិតវិទ្យាសាស្រ្តអាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឲ្យដឹងថា សិស្ស និស្សិតកម្ពុជាមានភាពប៉ិនប្រសប់ និងចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងបង្កើត apps គឺកម្មវិធីថ្មីៗសម្រាប់ទូរស័ព្ទចល័តនិងកុំព្យូទ័រ។
ជាក់ស្តែង មានកម្មវិធីមួយចំនួនត្រូវបានរៀបចំឡើងដើម្បីជំរុញឲ្យការច្នៃប្រឌិតថ្មី រួមមានកម្មវិធីសប្តាហ៍ក្រុមហ៊ុនថ្មីថ្មោងភ្នំពេញ ហៅថា (Startup Weekend Phnom Penh) ដោយបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យយុវជននៅប្រទេសកម្ពុជាបង្ហាញសមត្ថភាពច្នៃប្រឌិតរបស់ខ្លួនក្នុងកម្មវិធីប្រកួតប្រជែងយករង្វាន់ និងឈានទៅប្រកួតប្រជែងជាមួយអ្នកបង្កើតក្រុមហ៊ុនថ្មីថ្មោង Startup ផ្សេងៗទៀតជុំវិញពិភពលោក។
ខណៈដែលយុវជនវ័យក្មេងកម្ពុជាបានចូលរួមយ៉ាងសកម្ម និងមានការចាប់អារម្មណ៍ខ្លាំងលើវិទ្យាសាស្ត្រ និងវិស្វកម្ម មានឱកាសជាច្រើនដែលយុវជនកម្ពុជាអាចចូលរួមបង្ហាញសមត្ថភាពច្នៃប្រឌិតថ្មីនៅក្នុងឆាកអន្តរជាតិ។ ជាមួយគ្នានោះ គម្រោងផ្តួចផ្តើមការច្នៃប្រឌិតថ្មីពិភពលោកតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហៅថា Global Innovation through Science and Technology បង្កើតកម្មវិធីប្រកួតប្រជែងជាលក្ខណៈសាកលលោក ដែលមានឈ្មោះថាការប្រកួតប្រជែង Tech-I។
ការប្រកួតប្រជែង Tech-I នេះបង្កើតឡើងក្នុងគោលបំណង«បង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកជំនួញនៅក្នុងបណ្តាទ្វីអាមេរិកឡាទីន មជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក ដោយផ្តល់ជាវគ្គបណ្តុះបណ្តាល និងថវិកាទៅដល់អ្នកជំនួញវ័យក្មេង និងអ្នកច្នៃប្រឌិតថ្មីតាមរយៈបច្ចេកវិទ្យា ដើម្បីជំរុញឲ្យមានការវិវត្តន៍របស់មនុស្ស និងភាពរុងរឿង។
ដូច្នេះ តើអ្នកចូលចិត្តការស្រាវជ្រាវ បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីដែរឬទេ? បើអ្នកចូលចិត្ត ហើយចង់ក្លាយជាអ្នកច្នៃប្រឌិតថ្មីសម្រាប់កម្ពុជា និងពិភពលោក នោះមហោស្រពជាតិលើកទី១ស្តីពីវិទ្យាសាស្ត្រ និងវិស្វកម្មរបស់កម្ពុជា កម្មវិធី Startup Weekend Phnom Penh និងកម្មវិធីប្រក្រួតប្រជែងពានរង្វាន់ Tech-I គឺសម្រាប់អ្នកទាំងអស់គ្នា៕