ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​សាលា​ស្រី​នៅ​ខេត្ត​សៀមរាប​ចង់​រៀន​ឲ្យ​បាន​ខ្ពស់


កុមារី​គុល ស្រីម៉ៅ ឈរ​នៅ​មុខ​សាលារៀន​របស់​នាង​ដែល​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខែមីនា​ឆ្នាំ២០១៥ ដើម្បី​ផ្សព្វផ្សាយ «គម្រោង​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា» «Let Girls Learn»។
កុមារី​គុល ស្រីម៉ៅ ឈរ​នៅ​មុខ​សាលារៀន​របស់​នាង​ដែល​លោកស្រី Michelle Obama ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខែមីនា​ឆ្នាំ២០១៥ ដើម្បី​ផ្សព្វផ្សាយ «គម្រោង​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា» «Let Girls Learn»។

សិស្ស​ស្រី​ក្រីក្រ​នៅ​ខេត្ត​សៀមរាប​ចង់​បន្ត​ការ​សិក្សា​រហូត​យ៉ាង​ហោច​ណាស់​ដល់​ចប់​វិទ្យាល័យ។​

នៅ​វិទ្យាល័យ​ហ៊ុន សែន​ប្រាសាទ​បាគង​ជា​វិទ្យាល័យ​ដែល​ភរិយា​របស់​លោក​ ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក ​Barack Obama​ ​បាន​ទៅ​ទស្សនកិច្ច​នោះ​ បាន​ដំណើរការ​សិក្សា​ដូច​ធម្មតា​វិញ​ បន្ទាប់​ពី​កិច្ច​ទស្សនកិច្ច​របស់​លោកស្រី។​ លោក​ស្រី​ Michelle Obama​ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ក្នុង​គោល​បំណង​លើក​កម្ពស់ការ​សិក្សា​របស់​កុមារី​តាម​រយៈ​គម្រោងផ្តល់​ឱកាស​ឲ្យសិស្ស​ស្រី​បាន​រៀន​ឬ​ហៅ​ថា​ «Let Girls Learn»។​

បន្ទាប់​ពី​ទស្សនកិច្ច​ និង​បន្ទាប់​ពី​ដំណើរ​ត្រឡប់​ទៅ​វិញ​របស់​លោកស្រី​ Michelle Obama​ សិស្ស​ស្រី​នៅ​ខេត្ត​សៀមរាប​ ជាពិសេស​សិស្ស​ស្រី​នៃ​វិទ្យាល័យ​ហ៊ុន សែន ​ប្រាសាទ​បាគង​ ត្រឡប់​ទៅ​រៀន​ជា​រៀងរាល់​ថ្ងៃដូច​ធម្មតា។​

កុមារី​គុល ស្រីម៉ៅ​ ​អាយុ​១៣​ឆ្នាំ ​រៀន​នៅ​ថ្នាក់​ទី​៧។​ កុមារីគល់ ស្រីម៉ៅ​សិស្ស​ស្រី​នៃ​សាលា​នេះ ​បាន​និយាយ​ថា ​នាង​គ្រាន់​តែ​ចង់សិក្សា​ឲ្យ​បាន​ចប់ចុង​ចប់ដើមដើម្បី​ក្លាយ​ជា​គ្រូ​បឋម​សិក្សា​ម្នាក់​ទៅ​ថ្ងៃ​អនាគត​ដើម្បី​ជួយ​ក្មេង​ក្រីក្រ​ជំនាន់​ក្រោយ បន្ទាប់​ពី​នាងឲ្យបាន​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់។ ​ប៉ុន្តែ​ភាព​ក្រីក្រ​របស់​គ្រួសារ​កុមារី​គល់ ស្រីម៉ៅ​អាច​ជា​ឧបសគ្គ​សម្រាប់​ការ​សិក្សា​របស់​នាង។​

កុមារី​គុល ស្រីម៉ៅ​និយាយ​ថា៖​

«ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ ខ្ញុំ​អាច​រៀន​ចប់ ​ហើយ​អាច​ក្លាយ​ជា​គ្រូ​ ព្រោះ​គ្រួសារ​របស់​ខ្ញុំ​ក្រ​ពេក»។​

លោកស្រី​ Michelle Obama​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ទស្សនកិច្ច​រយៈពេល​ខ្លី​ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ម​វិធី​លើក​កម្ពស់​ការ​សិក្សា​របស់​ក្មេងស្រី​តាម​រយៈ​គម្រោង​ផ្តល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា ឬ​ហៅ​ថា​ Let Girls Learn​ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សេតវិមាន​ ហើយ​ដែល​មាន​គោល​បំណង​ផ្តល់​ឱកាស​សិក្សា​ឲ្យ​ក្មេង​ស្រី ​និង​ស្ត្រី​ចំនួន​៦២​លាន​នាក់​នៅ​ទូទាំង​ពិភព​ ដែលមិន​បាន​ទទួល​ការ​សិក្សា។​

ក្មេង​ស្រី​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​និយាយ​ថា​ ពួក​គេ​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​អប់រំ​ដែល​អាច​ជួយ​ពួក​គេឲ្យបាន​ចៀស​ផុត​ពី​ភាព​ក្រីក្រ។​

ម្តាយ​របស់​កុមារី​គល់ ស្រីម៉ៅ​គឺអ្នកមីង​ផ្លុង ភា​ ​ដែល​ជា​កម្មករ​សំណង់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចិញ្ចឹម​កូន​ទាំង​ប្រាំ​របស់​គាត់​ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​ ២០០៣។​ កុមារី​គល់ ស្រីម៉ៅ​គឺ​ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​ប្រាំ​របស់​គាត់។ ​អ្នក​មីង​ត្រូវ​ទទួល​ខុសត្រូវ​ទៅ​លើ​ការ​ចំណាយ​ផ្សេងៗ​ ដូច​ជា​ការ​សិក្សា​របស់​កូន​ សម្លៀក​បំពាក់ ​និង​ម្ហូប​អាហារ​ជាដើម។​

អ្នក​មីងឲ្យ​កូនស្រីគុល ស្រីម៉ៅ​១០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ទៅ​សាលា​រៀន​ដើម្បី​ទិញ​ចំណី​ ឬ​សម្ភារៈសិក្សា​នៅ​សាលា។​

នៅ​ឯ​ផ្ទះ​របស់​ពួក​គេ​ ដែល​នៅ​ចម្ងាយប្រហែល​៤០​គីឡូម៉ែត្រ​នៅ​ខាង​ក្រៅ​ទីក្រុង​សៀមរាប ​ពួក​គេ​ពុំ​មាន​សម្ភារៈ​អ្វី​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ពិភព​ខាង​ក្រៅ​ទេ។ ​ពួក​គេ​ពុំ​មាន​កំព្យូទ័រ​ ​ទូរទស្សន៍​ ទូរស័ព្ទ​ដៃ​ ឬ​សូម្បី​វិទ្យុ​ថោកមួយ​ក៏​គ្មាន​ដែរ។ ​គ្រួសារ​នេះ​បរិភោគ​បាយ​ជាមួយ​ត្រី​ចៀន​សម្រាប់​អាហារ​ចម្បង​ប្រចាំ​ថ្ងៃ។​ ពួក​គេ​រស់​នៅ​ក្នុង​ខ្ទម​ចាស់​ទ្រុឌទ្រោម​ ដែល​តូច​ ស្ទើរតែ​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​សម្រាកនៅ​ក្នុង​ពេល​ដូច​គ្នា​នេះ។​

កុមារី​គុល ស្រី​ម៉ៅ​និយាយ​ថា​ ការ​អប់រំ​គឺ​ជា​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យនាង​អាច​ចេញ​ពី​ផុត​ពី​ភាព​ក្រីក្រ​ដើម្បី​ចៀសវាង​ពី​ជីវិត​ដូច​ម្តាយ​របស់​នាង​ដែល​ជា​កម្មករ​សំណង់រក​ប្រាក់​ស្ទើរ​តែ​មិន​គ្រប់​សម្រាប់​ម្ហូប​អាហារ​នៅ​ក្នុង​គ្រួសារ។​

នាង​និយាយ​ថា៖​«ខ្ញុំ​មិន​ចង់​ដូច​ជា​ម្តាយ​របស់​ខ្ញុំ​ទេ»។​

កុមារីគុល ​ស្រី​ម៉ៅ​និយាយ​ថា​ ម្តាយ​របស់​នាង​មិន​អាច​រក​ការងារ​ល្អ​ប្រសើរ​ក្រៅ​ពី​ជា​កម្មករ​សំណង់​នោះ​ទេ​ ដោយ​សារ​តែ​គាត់​ជា​អនក្ខរជន។​

នាង​បាន​និយាយ​ថា​ វិធី​ដ៏​ល្អ​បំផុត​របស់​នាង​ដើម្បី​ចេញ​ពី​ភាព​ក្រីក្រ​គឺ​ក្លាយជា​គ្រូ​បង្រៀន ​ប៉ុន្តែ​ភាព​ក្រីក្រ​របស់​គ្រួសារ​របស់​នាង​អាច​ជា​ឧបសគ្គ​ដែល​រារាំង​មិនឲ្យ​នាង​សម្រេច​បាន​គោល​ដៅ​ទៅ​អនាគត​របស់​នាង។​

នាង​បាន​និយាយ​ថា៖​ «គ្រួសារ​របស់​ខ្ញុំ​ក្រីក្រ​ពេក។ ​ខ្ញុំ​គិត​ថា ​ខ្ញុំ​មិន​អាច​ធ្វើ​ឱ្យ​ក្តី​សុបិន​របស់​ខ្ញុំ​ក្លាយ​ជា​ការណ៍​ពិត​នោះ​ទេ»។​

នាង​បាន​មិន​បាន​ឮអំពី​កម្មវិធី ​«Let Girls Learn»គឺ​«សូម​ឱ្យ​ក្មេង​ស្រី​រៀន»​នោះទេ​ ប៉ុន្តែ​នាង​បាន​និយាយ​ថា ​នាង​សង្ឃឹម​ថា​ ស្ត្រី​ភរិយា​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក​អាច​ជួយ​នាង​និង​ក្មេងៗ​ស្រី​ក្រីក្រ​ដ​ទៃ​ទៀត។​

ជីវិត​របស់​កុមារីគុល ​ស្រី​ម៉ៅ​គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ជីវិត​ក្មេង​ស្រី​ក្រីក្រ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ជនបទ​ដែល​ត្រូវ​តែ​ធ្វើ​ការ​នៅ​ផ្ទះ​ដើម្បី​ជួយធ្វើការងារ​ម្តាយ​របស់​ពួក​គេនិងមើល​ថែ​ប្អូនៗ​របស់​ពួក​គេ។​

ជា​រៀង​រាល់​ថ្ងៃ​ បន្ទាប់​ពី​កុមារី​គុល​ ស្រី​ម៉ៅ​ចេញ​ពី​សាលា​រៀន​មក​ដល់​ផ្ទះ ​នាង​ប្រញាប់​ប្រញាល់​លាង​ចាន​ និង​សម្អាត​ផ្ទះ​ និង​ជួយ​ម្តាយ​ចម្អិនអាហារ។​ នាង​ឆ្លៀត​រៀន​នៅផ្ទះ​នៅ​ពេល​យប់។ ​ទោះ​បី​ជា​នាង​រវល់នឹង​ការងារ​ទាំង​នេះ​ក៏ដោយ​ ក៏​នាង​នៅ​តែ​អាច​ថែ​រក្សា​ពន្ទុ​ក្នុង​ការ​សិក្សា​របស់​នាង​ឲ្យនៅ​ក្នុង​ចំណោម​សិស្ស​កំពូល​ទាំង​១០​នាក់​នៅ​ក្នុង​ថ្នាក់​រៀន​របស់​នាង។​

នាង​និយាយ​ថា​ ប្រសិន​បើ​នាង​មិន​ត្រូវ​ធ្វើ​កិច្ចការ​ទាំង​នេះ​ទេ​ នាង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ជាង​សិស្ស​ដទៃៗ​ទៀត​នៅ​ក្នុង​ថ្នាក់​របស់​នាង។​

នាង​បាន​និយាយ​ថា៖​«ខ្ញុំ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​រៀន​ទេ»។​

កុមារី​គុល​ ស្រី​ម៉ៅ​ត្រូវ​ចំណាយ​ពេល​៣០​នាទី​ដើម្បី​ធាក់​កង់​ទៅ​សាលា​រៀន​និង​៣០​នាទី​ត្រឡប់​មក​វិញ។​

នាង​បាន​និយាយ​ថា​ នាង​មិន​ដែល​បាន​ហូប​គុយទាវទេ។ ​នាង​មិន​ដែល​បាន​ទៅ​ទី​ក្រុង​ភ្នំពេញ​ ឬ​ទី​ក្រុង​សៀមរាប​នោះ​ទេ ​បើ​ទោះ​ជា​នាង​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ក៏​ដោយ។​ នាង​ក៏​មិន​ដែល​បាន​ឃើញ​ប្រាសាទ​អង្គរវត្ត​នៅ​ទីក្រុង​សៀមរាប​នោះ​ដែរ។​

នាង​និយាយ​ថា ​បើ​សិន​ជា​អាច​ នាង​ចង់​បាន​ទូរទស្សន៍​មួយ​ដើម្បី​មើល​ព័ត៌មាន។​

នាង​និយាយ​ថា៖​«ខ្ញុំ​នឹង​អាច​មើល​ព័ត៌មាន​ឲ្យដឹង​ថា​ មាន​អ្វី​ខ្លះ​កើត​ឡើង»។​

រឿង​រ៉ាវ​របស់​គ្រួសារ​នាង​ក៏ដូច​ជាគ្រួសារ​ដទៃទៀត​ដែរ គឺជារឿង​ធម្មតានៅ​ជុំវិញ​ក្រុង​សៀមរាប​ ដែល​ជា​កន្លែង​ដ៏​ល្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ដោយសារ​តែ​មាន​ប្រាសាទ​អង្គរ​វត្ត​និង​ប្រាសាទ​ផ្សេងៗ​ជា​ច្រើន​ទៀត។​

អ្នក​គ្រូវង្ស ណាវី ​ដែល​បង្រៀន​នៅ​វិទ្យាល័យ​នេះ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​បាន​ដឹង​ថា ​ក្មេង​ស្រី​ឈប់​មក​រៀន​ដោយ​សារ​តែ​ភាព​ក្រីក្រ។​ ​ អ្នកគ្រូ​បាន​និយាយ​ថា៖​ «ផ្នែក​ដ៏​លំបាក​បំផុត​នោះ​គឺ​ភាព​ក្រីក្រ​របស់​ក្រុម​គ្រួសារ​សិស្ស»។​

អ្នកគ្រូ​បាន​បន្ថែម​ថា៖​ «ក្រុម​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​នៅ​តែ​បន្ត​បញ្ជូន​កូន​របស់​ពួក​គេ​ទៅ​សាលា​រៀន។ ​មាន​គ្រួសារ​ក្រីក្រ​ខ្លះ​ចង់​ឱ្យ​កូន​របស់​ពួក​គេ​ឈប់​ទៅ​រៀន​ដើម្បី​ជួយរក​ប្រាក់។ ​គ្រួសារ​ជាច្រើន​ធ្វើ​បែប​នេះ ​ដោយ​សារ​តែ​ពួក​គេ​ត្រូវការប្រាក់​ដែល​បាន​មក​ពី​ការ​ធ្វើ​ការ​ភ្លាមៗ»។​

ក្មេងស្រី​ខ្លះ​ឈប់​រៀន​ ដោយ​សារ​តែ​ក្មេង​ស្រី​ផ្សេង​ទៀត​ឈប់​មក​រៀន។​ ពេល​ខ្លះ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​គឺ​មាន​រយៈ​ពេល​ឆ្ងាយ​ពេក។ ​ពេល​ខ្លះ​ពួក​គេ​មក​ដល់​ផ្ទះ​យឺត​ នៅ​ពេល​ងងឹត​ដែល​អាច​មាន​គ្រោះថ្នាក់។​

គ្រួសារ​កុមារី​សែន សុផៃ​ប្រឈម​មុខ​នឹង​បញ្ហា​ដូច​គ្នា​គឺ​ភាព​ក្រីក្រ។ ​កុមារី​សែន សុផៃ ​ដែល​ជា​សិស្ស​ថ្នាក់​ទី៨​ចង់​ក្លាយ​ជា​មគ្គុទេសក៍​ទេសចរណ៍ ដែល​អាច​រក​ប្រាក់​បាន​៣០​ដុល្លារ​ដល់​៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ចិញ្ចឹម​គ្រួសារ​នៅ​ថ្ងៃ​អនាគត។ ​បើ​ទោះ​បី​ជា​នាង​ជា​សិស្ស​ឆ្លាត​ និង​រៀន​ពូកែ​នៅ​សាលា​ក៏​ដោយ ​ក្រុម​គ្រួសារ​របស់​នាង​និយាយ​ថា​ ​ថ្ងៃ​ណា​មួយ​ សុផៃ​អាច​នឹង​ត្រូវ​ចាក​ចេញ​ពី​សាលា។​

ម្តាយ​របស់​នាង​មាន​កូន​បួន​នាក់​នៅ​ក្នុង​បន្ទុក​ដើម្បី​ចិញ្ចឹម។​ ម្តាយ​របស់​នាង​សុ ផៃ​បាន​និយាយ​ថា៖​«ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ថា​ នៅ​ថ្ងៃ​មួយ​សុផៃ​អាច​នឹង​ត្រូវ​ឈប់​រៀន»។​

បន្ថែម​ពី​លើ​នោះ​ ក៏​មាន​ជម្លោះ​នៅ​ក្នុង​គ្រួសារ​ផង​ដែរ។ ​ម្តាយ​របស់​នាង​បាន​និយាយ​ថា៖​ «ប្តី​របស់​ខ្ញុំ​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ។ ​ពេល​ខ្លះ​គាត់​រក​រឿង»។​

កាល​ពី​ឆ្នាំ​មុន​ កុមារី សែន សុផៃ​ ឈប់​រៀន​ដើម្បី​មើល​ថែ​ទាំ​ឪពុក​របស់​នាង​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​ ខណៈ​ពេល​ដែល​ម្តាយ​របស់​នាង​ធ្វើការ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។​

ជា​រៀង​រាល់​ថ្ងៃ​ នាង​ត្រូវក្រោក​ពីដេក​នៅ​ក្នុង​ពាក់​កណ្តាល​យប់​ដើម្បី​ជួយ​ម្ដាយ​របស់​នាង​បេះ​ផ្កា​កំផ្លោក​យក​ទៅ​លក់​នៅ​ផ្សារ។ ​នាង​ចូល​គេង​នៅ​ម៉ោង​ប្រហែល​៧​យប់​ និង​ភ្ញាក់​ពី​គេង​នៅប្រហែលកណ្តា​ល​អធ្រាត្រ​ ឬ​ម៉ោង​១​យប់​ដើម្បី​ជួយ​ម្តាយ​របស់​នាង។ ​នាង​បញ្ចប់ការងារ​របស់​នាង​នៅ​ម៉ោង​៤​ព្រឹក ​បន្ទាប់​មក​នាងជួយ​ម្តាយ​របស់​នាង​ចង​បាច់​ផ្កា​កំផ្លោក​ទាំង​នោះ។ ​ពួក​គេ​អាច​ចង​បាន​៤០​បាច់​ក្នុង​មួយ​យប់។​ ផ្កា​កំផ្លោក​មួយ​បាច់​តម្លៃ​ប្រហែល​៣០០​រៀល។​

កុមារី​សែន សុផៃ​មិន​បាន​ឮ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ​Michelle Obama​ ទេ។ ​នាង​បាន​និយាយ​ថា៖ «ព្រោះ​យើង​អត់មានវិទ្យុ​ទេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG