ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ លោក ឈាង វណ្ណារិទ្ធ​ ថា​ឡាវ​មាន​ឱកាស​លេច​ធ្លោ​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១៦


រូប​ឯកសារ៖ លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកល​វិទ្យាល័យ Leeds នៅ​ចក្រភព​អង់គ្លេស។
រូប​ឯកសារ៖ លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកល​វិទ្យាល័យ Leeds នៅ​ចក្រភព​អង់គ្លេស។

ឆ្នាំ​​២០១៦​នេះ​ក៏​ជា​ឆ្នាំ​ទី​១​នៃ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​​​​ផង​ដែរ។

កំណត់​និពន្ធ៖ ប្រទេស​ឡាវ​នឹងក្លាយ​ជា​ប្រធាន​សមាគម​អាស៊ាន​ជា​លើក​ទី​២​នៅថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ ២០១៦ ខាង​មុខក្រោយ​ពី​ធ្វើ​ជា​ប្រធាន​អាស៊ាន​កាល​ពី​ឆ្នាំ​២០០៤។ ឆ្នាំ២០១៦​នេះ​ក៏​ជា​ឆ្នាំ​ទី​១​នៃ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ។ អ្នក​វិភាគ​មួយ​រូប​គឺ លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកល​វិទ្យាល័យ Leeds នៅ​ចក្រភព​អង់គ្លេស បាន​ពិភាក្សាជាមួយ​លោក​ សឹង សុផាត នៃ​ VOA ​អំពី​ឱកាស​និង​ការ​ប្រឈម​សំខាន់ៗ​ខាង​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ ដែល​ប្រទេស​ឡាវ​នឹង​ប្រឈម​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ក្រោយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

គម្លាត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន៖

លោក ឈាង វណ្ណារិទ្ធ ថ្លែង​ថា ប្រទេសឡាវដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រហាក់​ប្រហែល​នឹង​កម្ពុជានឹង​ប្រឈម​នឹង​កិច្ចការ​យ៉ាង​ច្រើន​ក្នុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន ប៉ុន្តែនេះ​ក៏ជាឱកាស​សម្រាប់​ប្រទេសដែល​មិន​មាន​ជាប់​សមុទ្រ​នេះ​បង្រួម​គម្លាត​អភិវឌ្ឍ​សេដ្ឋកិច្ចរវាង​ប្រទេស​អាស៊ាន​នានា។ លោក​ថា ប្រទេស​ឡាវ​នឹង​ផ្តោត​លើ​ការ​ត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​គមនាគមន៍​ផ្លូវ​គោក​ក្នុង​តំបន់ និង​ការ​ជំរុញការ​ត​ភ្ជាប់​រវាង​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ជាមួយ​ក្រុមហ៊ុន​ធំៗ។ លោក​ថា សហគ្រាស​ធុន​តូច​និង​មធ្យម​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដោយ​សារ​គេត្រូវ​ការ​មូលធន​ចំណាយ​តិច​និង​បង្កើត​ការងារ​ក្នុង​មូលដ្ឋាន​តែ​ម្តង។

​គ្រប់គ្រង​ជម្លោះ​នយោបាយ​តំបន់៖

ឆ្នាំ​២០១៦​ដែល​ប្រទេស​ឡាវ​ធ្វើ​ជា​ប្រធាន​ មិន​ត្រឹមតែ​ជា​ឆ្នាំ​ដែល​មាន​សារៈ​សំខាន់​ខាង​សម្រាប់​សេដ្ឋកិច្ច​អាស៊ាន​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាឆ្នាំ​សំខាន់​សម្រាប់​នយោបាយ​អន្តរជាតិ​របស់​អាស៊ាន​ផង​ដែរ។ មេដឹកនាំ​អាស៊ាន​នឹង​ជួប​ជុំ​គ្នា​ជា​លើក​ដំបូងបំផុត​នៅ​សហរដ្ឋ​អាមេរិក ដែល​នេះ​លោក ឈាង វណ្ណារិទ្ធ ថា​នឹង​ផ្តល់​ឱកាស​ដល់​ប្រទេស​ឡាវ​និង​អាស៊ាន​ដើម្បី​លេច​ធ្លោ​ក្នុង​ឆាក​អន្តរជាតិ។ ម្យ៉ាង​ទៀត​លោក​ថា ប្រទេស​ឡាវ​ទំនង​ជា​នឹង​អាច​ចាត់ចែង​បញ្ហា​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បានដោយ​ជៀស​វាង​បាន​នូវ​ភាព​ចម្រូងចម្រាស​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​អាស៊ាន​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២។ ប៉ុន្តេ​ឡាវ​ខ្លួន​ឯង​នឹង​ប្រឈម​នឹង​ការ​ត្រូវ​ដោះស្រាយ​បញ្ហា​ទំនប់​វារី​អគ្គីសនី​ចម្រូង​ចម្រាស់​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិត​ខាង។

ភូមិសាស្ត្រ​មេគង្គ​និង​សមុទ្រ​ចិន​ខាង​ត្បូង៖

ការណ៍​ដែល​ប្រទេស​ឡាវ​ជា​ប្រធាន​អាស៊ាន​ក៏​ទំនង​នឹង​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​តំបន់​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​មួយ​ គឺ​តំបន់​ទន្លេ​មេគង្គ។ ប្រទេស​ឡាវ​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​អនុតំបន់​ទន្លេ​មេគង្គ​នៃ​អាស៊ី​អាគ្នេយ៍​ដី​គោក ដែល​រួម​មាន​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា ថៃ និង​វៀតណាម​ផង​ដែរ ដែល​ប្រទេស​និមួយៗ​មាន​ផលប្រយោជន៍​ខុសៗ​គ្នា។ លោក ឈាង វណ្ណារិទ្ធ ថ្លែង​ប្រាប់​ VOA ថា តំបន់​នេះ​កាន់​តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​ខាង​ភូមិសាស្ត្រ​នយោបាយ​សម្រាប់​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក ដែល​មហាអំណាច​ទាំង​ពីរ​នេះ​ក្នុង​ពេល​កន្លង​មក​បាន​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ជា​ជាង​បញ្ហា​សន្តិសុខ។​ ប៉ុន្តែ​លោក​ថា ដោយ​សារ​ទី​តាំង​តំបន់​នេះ​នៅ​ជិត​នឹង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​តំបន់​មេគង្គ​នេះ​ជា​«ច្រក​ទ្វារ​យុទ្ធសាស្ត្រ‍»​មួយ​របស់​ចិន។ ការណ៍​នេះ​ធ្វើ​ឲ្យ​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ងាយ​មាន​ឥទ្ធិពល​ទៅ​លើ​តំបន់​មេគង្គ។

XS
SM
MD
LG