ប្រទេសកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមខាងផ្នែកអភិវឌ្ឍន៍ធនធានមនុស្សជាច្រើននៅពេលចូលក្នុងសហគមន៍អាស៊ាននៅដើមឆ្នាំ២០១៦ ក្នុងនោះមានភាពមិនស៊ីសង្វាក់គ្នារវាងការអប់រំនិងទីផ្សារការងារ បញ្ហាក្នុងផ្នែកឧត្តមសិក្សា កង្វះការយល់ដឹងពីការចូលរួមក្នុងអាស៊ាននិងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបញ្ហាប្រឈមខាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាដើម។ នេះបើតាមការស្រាវជ្រាវមួយ។
លោក រ៉ាណា សុវត្ថិ បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យមីនីសូតា ដែលបានធ្វើការសិក្សាស្រាវជ្រាវពីការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីHello VOAកាលពីថ្ងៃព្រហស្បតិ៍ថា៖
«ប្រទេសកម្ពុជាមានការផ្គត់ផ្គង់ហួសកម្រិតខាងផ្នែកអាជីវកម្ម ផ្នែកគ្រប់គ្រង ផ្នែកភាសាបរទេសនិងព័ត៌មានវិទ្យាជាដើម។ ប៉ុន្តែអ្វី ដែលយើងត្រូវការជាចាំបាច់នោះគឺផ្នែកវិទ្យាសាស្រ្តសុខាភិបាល ផ្នែកវិស្វកម្ម កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម»។
ប្រទេសកម្ពុជានិងប្រទេស៩ទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នឹងចូលរួមក្នុងសហគមន៍អាស៊ាននៅដំណាច់ឆ្នាំ២០១៥។ ប៉ុន្តែប្រទេសកម្ពុជានៅមិនទាន់ចាប់យកផ្នែកមួយចំនួនដែលជាតម្រូវការចាំបាច់នៅតំបន់អាស៊ាននៅឡើយទេ។
លោករ៉ាណា សុវត្ថិបានគូសបញ្ជាក់ថា៖
«បើយើងនិយាយពីអាស៊ានវិញ គឺអាស៊ានមានវិស័យមួយចំនួនដែលគេទុកជាអាទិភាពក្នុងការធ្វើសមាហរណកម្ម។ វិស័យទាំងនោះ មានដូចជាវិស័យផលិតផលកសិកម្ម ការដឹកជញ្ជូនផ្លូវអាកាស គ្រឿងអេឡិកត្រូនិកនិងសុខាភិបាលជាដើម។
លោកក៏មើលឃើញដែរថា នៅមានការខ្វះខាតខាងផ្នែកឧត្តមសិក្សាគុណភាពនៃការអប់រំ សមធម៌នៃការអប់រំ អភិបាលកិច្ច ហើយខ្វះខាតសមត្ថភាពខាងការស្រាវជ្រាវទាំងក្នុងចំណោមនិស្សិតនិងសាស្ត្រចារ្យដែលអាចមកពីកង្វះសម្ភារៈដែលបម្រើដល់ការស្រាវជ្រាវ និងមិនសូវមានការលើកទឹកចិត្ត។
ក្រៅពីនេះ ប្រទេសកម្ពុជានៅខ្វះកិច្ចសហការក្នុងចំណោមស្ថាប័នពាក់ព័ន្ធនានា គឺពួកគេនៅធ្វើអ្វីដោយឡែកៗពីគ្នាដោយមិនទាន់បានជជែកគ្នារកវិធីដោះស្រាយបញ្ហាប្រឈមទាំងអស់ជាមួយគ្នាទេ។
លោកបញ្ជាក់ថា៖
«ទម្រង់អន្តរកាលនេះត្រូវការការចូលរួមឱ្យដិតដល់មែនទែនពីភាគីផ្សេងៗគឺ មិនមែនតែរដ្ឋាភិបាលនិងផ្នែកឯកជនមួយទេគឺត្រូវមានកិច្ចសហការគ្នាផ្នែករដ្ឋាភិបាលផ្នែកសហជីពអង្គការក្រៅរដ្ឋាភិបាលនិងផ្នែកឯកជន»។
លោកបន្ថែមថាមានការចូលរួមរបស់វិស័យឯកជនដែរប៉ុន្តែនៅខ្វះការគាំទ្រពីរដ្ឋាភិបាល ការលើកទឹកចិត្ត កង្វះគោលដៅ គោលនយោបាយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យឯកជនទាំងនេះ។ ហើយស្ថាប័នដែលអាចធ្វើបានគឺហាក់ដូចជានៅដោយឡែកសម្រាប់បម្រើតែផលប្រយោជន៍ផ្ទៃក្នុងរបស់ពួកគេតែប៉ុណ្ណោះ៖
«មានកម្មវិធីបណ្តុះបណ្តាលបុគ្គលិកមួយចំនួនប៉ុន្តែគឺជាស្ថាប័នអន្តរជាតិហើយគឺជាស្ថាប័នធំៗ។ ស្ថាប័នជាតិនិងស្ថាប័នតូចៗមិនសូវមានកម្មវិធីបណ្តុះបណ្តាលឬពង្រឹងជំនាញរបស់បុគ្គលិកយើងទេ»។
យ៉ាងណាក៏ដោយ លោករ៉ាណា សុវត្ថិមើលឃើញថាការចូលក្នុងសហគមន៍អាស៊ាននឹងផ្តល់កាលានុវត្តភាពសម្រាប់ប្រទេសដ៏ក្រីក្រមួយនេះដែរ។
លោកបានបន្ថែមថា៖
«កាលានុវត្តភាពគឺការសម្របសម្រួលដល់ការផ្លាស់ប្តូរពីកន្លែងមួយដល់កន្លែងមួយសម្រាប់អ្នកដែលមានជំនាញខ្ពស់។ បើនិយាយពីប្រទេសកម្ពុជាយើងគឺយើងអាចទទួលយកអ្នកជំនាញផ្សេងៗហើយអ្នកជំនាញរបស់យើងក៏គាត់អាចទៅ តំបន់ផ្សេងៗនៅតំបន់អាស៊ានណាដែលមានភាពងាយស្រួល»។
ហើយវាក៏នឹងជួយចូលរួមដល់ការបំបិទគម្លាតខ្លះដែរខាងផ្នែកឌីជីថលដែលកម្ពុជាមានជាមួយនឹងប្រទេសមួយចំនួនក្នុងតំបន់ហើយលោកមានសុទ្ទិដ្ឋិនិយមបើស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជាធ្វើការជាមួយគ្នា។
ប្រទេសសមាជិកអាស៊ានមានប្រ៊ុយណេ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីញ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម៕