ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​អន្តរជាតិ​ថា បទ​បញ្ជា​ថ្មី​របស់​ប្រធានាធិបតី​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​តប់​ប្រមល់


និស្សិត​ចិន​រង់ចាំ​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ដើម្បី​ចូល​សម្ភាសន៍​សុំ​ទិដ្ឋាការ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។
និស្សិត​ចិន​រង់ចាំ​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ដើម្បី​ចូល​សម្ភាសន៍​សុំ​ទិដ្ឋាការ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

បទបញ្ជា​នាពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​ផ្អាក​ការ​ចេញ​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​ជា​អចិន្ត្រៃយ៍បាន​ធ្វើ​ឲ្យ​និស្សិត​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក​មាន​អារម្មណ៍​ថា​មិន​ច្បាស់​លាស់​អំពី​គម្រោង​នា​ពេល​អនាគត​របស់​ពួកគេ​និង​ស្ទាក់ស្ទើរ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូលរៀន។

ទោះបី​ជា​ការ​សម្រេចចិត្ត​នេះ​មិន​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​ទិដ្ឋាការ​របស់​និស្សិត​ក៏​ដោយ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិចារណា​ទៅលើ​កម្មវិធី​ផ្តល់​សិទ្ធិ​ហ្វឹកហ្វឺន​ការងារ​ក្រោយ​បញ្ចប់​ការសិក្សា​របស់​និស្សិត​អន្តរជាតិ «នៅ​ក្នុង​រយៈ​ពេល​៣០ថ្ងៃ​ពី​ការ​ប្រកាសបទបញ្ជា​នេះ» ហើយ​អាច​នឹង​មាន​ការ​ណែនាំ​ឲ្យ​មាន ​«វិធានការ​ផ្សេងៗ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​អាមេរិក​ឡើង​វិញ»​ ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩។

ទិដ្ឋាការ​សម្រាប់​និស្សិត​ស្ថិត​ក្រោមប្រភេទ​ទិដ្ឋាការមិន​អន្តោប្រវេសន៍​ដែល​ផ្តល់​ជូន​ដល់​ជនបរទេស​ដែល​ចង់​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ជា​បណ្តោះ​អាសន្ន។

កញ្ញា Athiyah Azum និស្សិត​ផ្នែក​សារព័ត៌មាន​នៅ​ឯសាកលវិទ្យាល័យ Maryland ដែល​បញ្ចប់​ការ​សិក្សា​នៅ​ខែ​ឧសភា​នេះ ថ្លែងថា គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​ការ​ ​លក្ខណៈ​ជា​ការ​បណ្តុះបណ្តាល​កាងារ​ក្រោយ​បញ្ចប់​ការ​សិក្សា​ ឬ​ហៅថា OPT ប៉ុន្តែ​គាត់​បារម្ភខ្លាច​មិន​ទទួល​បាន​ការ​អនុញ្ញាត​ ទាន់​មុន​ពេល​ទិដ្ឋាការ​របស់​គាត់​ផុត​កំណត់។

កញ្ញា​ប្រាប់ VOA ​ថា៖ «នៅពេល​ខ្ញុំ​ដាក់​ពាក្យ​ធ្វើការ ខ្ញុំ​ត្រូវ​បញ្ជាក់​ក្នុង​លិខិតថា ខ្ញុំ​មិនត្រូវ​ការ​ឲ្យ​ក្រុមហ៊ុន​ធានា​ឧបត្ថម្ភ​ខ្ញុំ ខ្ញុំមាន​សិទ្ធិ​ធ្វើ​ការ​ចាប់​ពីថ្ងៃទី១ ខែមិថុនាទៅ ​ដោយ​សារ​ខ្ញុំ​រំពឹងថា​នឹង​បាន​វា»។

សិទ្ធ​ធ្វើការ​ហ្វឹកហ្វឺន​ក្រោយ​បញ្ចប់​ការសិក្សារ​ឬ​ដែល​គេហៅថា OPT អនុញ្ញាត​ឲ្យ​និស្សិត​មហាវិទ្យាល័យ​ដែល​មក​អាមេរិក​តាម​ទិដ្ឋាការ​និស្សិត​អាច​បន្ត​ស្នាក់នៅ​និង​ធ្វើ​ការ​តាម​មុខវិជ្ជា​របស់​ពួកគេ​រហូត​ដល់​៣ឆ្នាំ។

កញ្ញា Azum អតីត​និស្សិត​កម្មសិក្សា​ឲ្យ VOA បាន​ពន្យល់ថា​ ទោះ​បី​ជា​បទបញ្ជា​ប្រធានាធិបតី​មិន​ប៉ះពាល់​ដល់​និស្សិត​ដូចជារូប​គាត់​ក្តី វា​បាន​បន្ថែម​ដល់​ក្តី​បារម្ភ​ដែល​មាន​ស្រាប់។

កញ្ញា Azum ថ្លែងថា៖ «ពេលខ្ញុំទទួល​បាន​ព័ត៌មានថា ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ នឹង​ចេញ​បញ្ជា​ហាម​ឃាត់​ជន​អន្តោរប្រវេសន៍​ជា​បណ្តោះអាសន្ន វាធ្វើ​ឲ្យ​ខ្ញុំ​មិនដឹងថា​ ខ្ញុំត្រូវ​ធ្វើ​ដូចម្តេច មិនដឹងថា​អាច​បន្ត​នៅ​អាមេរិក​បាន​ឬអត់ ហើយ​មិន​ដឹងថា​នឹង​មាន​អ្វី​កើត​ឡើង​តទៅ​មុខ​ទៀត»។

យោងតាម​ទីភ្នាក់ងារ​អាមេរិក​ទទួល​បន្ទុក​ខាងការ​ផ្តល់​សញ្ជាតិ​ និង​កិច្ចការ​អន្តោប្រវេសន៍​ ឬហៅ​កាត់ថា USCIS បាន​ឲ្យដឹងថា ការិយាល័យ​នានា​នឹង​បើក​ឡើង​វិញ​នៅ​ថ្ងៃទី៤ ខែ​មិថុនា ប៉ុន្តែ​បុគ្គលិក​ទីភ្នាក់ងារ USCIS ត្រូវ​បន្ត​ធ្វើការ​តាម​កាតព្វកិច្ច​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​សាធារណៈ។

អស់​រយៈពេល​ជាង​១ខែ​ហើយ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ឈប់​ទិដ្ឋាការ​ទាំងអស់​ក្រៅ​ពី​ទិដ្ឋាការ​អន្តោប្រវេសន៍។ ជើងហោះហើរ​ត្រូវ​លុប​ចោល។ ការិយាល័យ​អន្តោប្រវេសន៍​បាន​បិទទ្វារ។ សាលារៀន​បង្រៀន​តាម​អនឡាញ។

អ្នកនាង Rebecca Hamlin ប្រធាន​ផ្នែក​ជ្រើសរើស​សិស្ស​ចូលរៀន​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ Massachusetts នៅ​ទីក្រុង Amherst ថ្លែងថា មាន​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធនឹង​និស្សិត​អន្តរជាតិ ព្រោះ​គ្មាន​អ្នកណា​អាច​ដាក់​ពាក្យ​ចូល​មករៀន​ក្នុង​អាមេរិក​បាន បើ​ទោះ​បី​ជា​សាលា​បាន​ទទួល​យក​និស្សិត​នោះ​រួច​ហើយ​ក៏ដោយ។

អ្នក​នាង​ថ្លែង​ថា៖ «យើងបាន​ទទួលទូរស័ព្ទ​សួរ​អំពី​រឿង​នេះ​កាលពីខែមុន ថាតើ​សិស្ស​អាច​ចូលរៀន​ក្នុង​ឆ្នាំសិក្សា២០២០ នៅរដូវ​ស្លឹកឈើ​ជ្រុះ​នេះ​បាន​ឬទេ។ រហូត​មក​ដល់​ពេល​នេះ​យើង​មិនមាន​ចម្លើយ​សម្រាប់​ពួកគេ​នោះទេ»។

អ្នកនាង Hamlin ​ថ្លែងថា បទបញ្ជា​ប្រធានាធិបតី​មិន​ផ្តល់​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​នេះ​ពិត​ជា​គ្រោះ​មហន្តរាយ​មួយ​ដល់​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​នៅ​ក្នុង​ប្រទេស​នេះ​មែន»។

វិស័យ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​នៅ​អាមេរិក​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ដទៃ​ទៀត​កាលពី​ឆ្នាំ២០១៨ ដែល​បាន​បញ្ចុះ​ថ្លៃ​សិក្សា ផ្តល់​មធ្យោបាយ​ធ្វើ​អន្តោប្រវេសន៍ និង​មិនសូវ​មាន​ភាព​ចម្រូងចម្រាស​សម្រាប់​និស្សិត​អន្តរជាតិ។

របាយការណ៍​របស់​គេហទំព័រ​ព័ត៌មាន​ឧត្តមសិក្សា Inside Higher Ed ​រាយការណ៍ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរៀន​ឆ្នាំសិក្សា​២០២០​ប្រមាណ​១៥ភាគរយ​បាន​ថយ​ចុះ​ រួច​បញ្ចូល​ទាំង​ការ​ថយ​ចុះ​២៥ភាគរយ​នៃចំនួន​និស្សិត​អន្តរជាតិ​ដែលចុះ​ឈ្មោះ​ចូលរៀន។ ការ​រក​ឃើញ​នេះ​អាច​មាន​ន័យថា​ខាត​បង់​ប្រាក់​ចំណូល២៣ពាន់​លាន​ដុល្លារ។

កាសែត Chronicle of Higher Education រាយការណ៍ថា ទោះបីជា​មហាវិទ្យាល័យ​នានា​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ប៉ះប៉ូវ​ការ​ខាត​បង់​ក៏ដោយ ស្ថាប័ន​ទាំង​នេះបាន​ផ្អាក​ការងារ​បុគ្គលិក​រាប់​រយ​នាក់​របស់​ខ្លួន​ជា​បណ្តោះអាសន្ន ហើយ​បាន​ប្រកាស​ថា​បាន​ខាត​ប្រាក់​ចំណូល​ជាង១០០លាន​ដុល្លារ។ មហាវិទ្យាល័យ​តូចៗ​ប្រហែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ហើយ​ប្រហែល​មិន​អាច​រើប​ឡើង​វិញ​បានពីបញ្ហា​ហិរញ្ញវត្ថុ​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩។

យោង​តាម​របាយការណ៍​ Open Doors ប្រចាំឆ្នាំ​របស់​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ IIE បាន​ឲ្យដឹងថា​ មាន​និស្សិត​អន្តរជាតិ​ ១.០៩៥.២៩៩ នាក់​ ឬ​៥,៥ភាគរយ​នៃ​និស្សិត​ទាំង​អស់​ដែល​មាន​ចំនួន​ ១៩.៨២៨.០០០នាក់​នៅ​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧត្តមសិក្សា​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំសិក្សា ២០១៨ ដល់២០១៩។

ក្នុង​ចំណោម​និស្សិត​អន្តរជាតិ​ទាំងអស់​ មាន​និស្សិត​មក​ពី​ប្រទេស​ចិន​ច្រើន​ជាង​គេ​គឺ​ ៣៦៩.៥៤៨ នាក់ ឬ ៣៣,៧ភាគរយ។ និស្សិត​មកពី​ប្រទេស​ឥណ្ឌាមាន​ច្រើន​ទី២ គឺ​ ២០២.០១៤នាក់​ឬ១៨,៤ភាគរយ​នៃ​ចំនួន​និស្សិត​អន្តរជាតិ​ទាំងអស់។

អ្នកនាង Hamlin ថ្លែងថា៖ «បញ្ហា​ដែល​អកុសល​បំផុត​គឺ​ថា​យើង​មិន​ទាំង​អាច​ឲ្យ​ជម្រើស​សិស្ស​រៀន​តាម​អនឡាញ​ ចំពោះ​និស្សិត​ដែល​ទិដ្ឋាការ​របស់​ពួកគេ​មិន​អាច​ចេញ​ឲ្យ​ទាន់​ពេល​វេលា។ ពីព្រោះ​សូម្បី​តែ​ពួកគេ​សុខចិត្ត​រៀន​អនឡាញ​ពី​ក្រៅ​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​យើង​មិន​អាច​ឲ្យ​ពួកគាត់​ចុះ​ឈ្មោះ​ផ្លូវការ​បាន​ទេ​បើ​ពួកគាត់​មិន​ទទួល​បាន​ទិដ្ឋាការ​សិស្ស។

ក្រោយ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ OPT

កញ្ញា Azum សង្ឃឹម​ថា​ កិច្ចការ​ដែល​បុគ្គលិក​ស្ថាប័ន USCIS កំពុង​តែ​ធ្វើ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ១៩​នេះ​ អាច​អនុញ្ញាត​ឲ្យ​គាត់​មាន​សិទ្ធិ​ធ្វើការ​ហ្វឹកហ្វឺន​ដោយ​ប្រើ OPT ទាន់​ត្រឹម​ខែ​មិថុនា។

កញ្ញា Azum ថ្លែងថា៖ «បន្ទាប់ពី​ចប់​កម្មវិធី​ហ្វឹកហ្វឺន​ប្រើ​កម្មវិធី OPT ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​អាច​បន្ត​ធ្វើ​ការ​កាន់​តែ​ច្រើន​ប្រើប្រាស់​កម្មវិធី OPT នេះ។ បន្ទាប់​មក​ ក្រោយ​ពេល​ខ្ញុំ​បង្កើន​បទ​ពិសោធន៍​ការងារ​របស់​ខ្ញុំ​ ខ្ញុំ​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើការ​តាម​រយៈ​ទិដ្ឋាការ​បែប ​H1B នៅ​ឆ្នាំ​ក្រោយ​ទៀត»។

ទិដ្ឋាការ H1B អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិន​មែន​ជា​ជន​អន្តោប្រវេសន៍​អាច​ធ្វើការ​បណ្តោះ​អាសន្ន​នៅ​អាមេរិក។ មេធាវី​ផ្នែក​អន្តោប្រវេសន៍​ថ្លែងថា ដើម្បី​ការ​ទទួល​បាន​ទិដ្ឋាការ H1B ដើម្បី​ធ្វើការ​គឺ​ជា​គោលបំណង​ទូទៅ​មួយ​សម្រាប់​និស្សិត​អន្តរជាតិ។

អ្នកស្រី Rosanna Berardi មេធាវី​អន្តោប្រវេសន៍​មកពីទីក្រុង Buffalo រដ្ឋ New York បាន​ថ្លែងថា អតិថិជន​របស់​អ្នកស្រីភាគច្រើន​ដែល​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ H1B គឺ​ជា​និស្សិត​អន្តរជាតិ។

អ្នកស្រី​ថ្លែងថា៖ «ពួកគេ​នឹង​មិន​អាច​បន្ត​ធ្វើការ​ក្រោយ​រៀន​ចប់​ ព្រោះ​ប្រសិន​បើ​ពួកគេ​មិន​អាច​ទទួល​បាន​ទិដ្ឋាការ H1B ក្រោយ​ទិដ្ឋាការ​និស្សិត​របស់​ពួកគេ​អស់​សុពលភាព ពួកគេ​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​ពួកគេ​វិញ»។

យោង​តាម​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ Immigration and Nationality Act សិស្ស​និស្សិត​ដែល​ទិដ្ឋាការ​និស្សិត​របស់​ពួកគេ​ផុត​សុពលភាព​ ពួកគេ​មាន​ពេល ៦០ថ្ងៃ​ដើម្បី​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។​

អ្នកស្រី Berardi ថ្លែងថា៖ «អ្នកខ្លះ​មក​អាមេរិក​៦ឆ្នាំ​ហើយ។ ពួកគេ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ និង​ថ្នាក់​អនុបណ្ឌិត។ ពួកគេ​ចង់​ធ្វើ​អន្តោប្រវេសន៍ ព្រោះ​ពួកគេ​ចង់​បំពេញ​ក្តី​សុបិន្ត​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ ឬ American dream។ ពួកគេ​ធ្វើ​វា​ដោយ​ស្របច្បាប់ និង​តាម​ដំណាក់កាល។ ពួកគេ​បង់​ប្រាក់​ជូន​រដ្ឋាភិបាល ហើយ​ពួកគេ​បង់​ពន្ធ»៕

ប្រែសម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG