រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីបញ្ហាចំណាកស្រុក និងពាណិជ្ជកម្ម ស្របពេលដែលមានភានតានតឹងកើនឡើងរវាងប្រទេសទាំងពីរ នៅមុនពេលចូលមកដល់នៃកាលបរិច្ឆេទផុតកំណត់នៃកិច្ចព្រមព្រៀងមួយដែលនឹងលុបចោលការគំរាមកំហែងអំពីការយកពន្ធគយលើទំនិញរបស់ម៉ិកស៊ិក។
នៅក្រោមកិច្ចព្រមព្រៀងកាលពីខែមិថុនាជាមួយនឹងសហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិកបានសន្យាថានឹងរារាំងលំហូរជនចំណាកស្រុកខុសច្បាប់ពីទ្វីបអាមេរិកកណ្ដាលឲ្យបាននៅត្រឹមថ្ងៃទី ២២ ខែកក្កដា ដើម្បីជៀសវាងមិនឲ្យសហរដ្ឋអាមេរិកយកពន្ធគយលើទំនិញរបស់ខ្លួន។
ការជួបពិភាក្សារវាងលោក Pompeo និងលោក Ebrard ដែលគ្រោងនឹងធ្វើឡើងនៅម៉ោង ១០ កន្លះព្រឹកថ្ងៃអាទិត្យនេះនៅក្នុងទីក្រុង Mexico City បានធ្វើឡើងមួយថ្ងៃមុនពេលរយៈពេល ៤៥ ថ្ងៃនៃកិច្ចព្រមព្រៀងនេះផុតកំណត់ និងស្របពេលដែលសមាជិកសភាអាមេរិកាំងដេញដោលគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់មួយដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង ដែលហៅកាត់ថា NAFTA។
ប្រសិនបើសហរដ្ឋអាមេរិកគិតថា ប្រទេសម៉ិកស៊ិកមិនបានធ្វើគ្រប់គ្រាន់ដើម្បីរារាំងជនចំណាកស្រុកទេ ប្រទេសទាំងពីរនឹងពិភាក្សាគ្នាអំពីការផ្លាស់ប្ដូរក្បួនច្បាប់ដើម្បីឲ្យអ្នកសុំសិទ្ធិជ្រកកោនភាគច្រើនដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសម៉ិកស៊ិក មិនមែនក្នុងសហរដ្ឋអាមេរិកទេ៕