ខណៈដែលមនុស្សនៅជុំវិញពិភពលោកត្រូវគេណែនាំឲ្យរក្សាគម្លាតពីគ្នាដើម្បីបង្ការការឆ្លងនៃមេរោគកូរ៉ូណា ឬកូវីដ១៩ (Covid-19) ជនអន្តោប្រវេសន៍មិនមានសំបុត្រស្នាមរាប់ពាន់នាក់ដែលនៅតាមមណ្ឌលឃុំឃាំងនានារបស់សហរដ្ឋអាមេរិកមិនមានជម្រើសទេ ប៉ុន្តែត្រូវប្រើប្រាស់កន្លែងរួមគ្នាយ៉ាងចង្អៀតដោយមិនអាចរក្សាគម្លាតពីគ្នាបាន។
អ្នកនាំពាក្យមួយរូបនៃទីភ្នាក់ងារអន្តោប្រវេសន៍និងគយដែលហៅកាត់ថា ICE ថ្លែងប្រាប់ VOA ថា គិតមកត្រឹមថ្ងៃទី១៣ ខែមីនា មិនទាន់មានករណីឆ្លងមេរោគកូវីដ១៩ ត្រូវគេរកឃើញក្នុងចំណោមអ្នកជាប់ឃុំឃាំងក្នុងមណ្ឌលឃុំឃាំងរបស់ ICE នៅឡើយ។
អង្គភាពនេះមិនបានបញ្ជាក់ថាខ្លួនមានឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណានៅមណ្ឌលឃុំឃាំងដែរឬទេ ឬថាតើមានអ្នកជាប់ឃុំឃាំងត្រូវបានគេធ្វើតេស្តដែរឬទេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារ ICE និយាយថា ខ្លួនធ្វើការណែនាំរបស់មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិក ក្នុងការស្គែនពិនិត្យនិងដាក់ឲ្យនៅដោយឡែកពីគេរាល់អ្នកជាប់ឃុំទាំងឡាយណាដែលមានរោគសញ្ញានៃជំងឺកូវីដ១៩។
អ្នកស្រី Jenny Burke អ្នកនាំពាក្យរបស់ ICE បានសរសេរនៅក្នុងសារអ៊ីមែលមកកាន់ VOA ថា៖ «ICE កំពុងធ្វើការយ៉ាងសកម្មជាមួយស្ថាប័នដៃគូខាងសុខាភិបាលថ្នាក់រដ្ឋនិងថ្នាក់មូលដ្ឋាន ដើម្បីកំណត់ថា តើមានអ្នកជាប់ឃុំឃាំងណាតម្រូវឲ្យមានការធ្វើតេស្តឬតាមដានបន្ថែមឬយ៉ាងណាដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគនេះ»។
អ្នកតស៊ូមតិខាងសិទ្ធិជនអន្តោប្រវេសន៍មិនពេញចិត្តនឹងវិធានការទាំងនេះ ទេដោយពួកគេថា ការផ្ទុះរាតត្បាតនៃមេរោគកូវីដ១៩ នឹងបង្កមហន្តរាយដល់កន្លែងចង្អៀតដូចមណ្ឌលឃុំឃាំងទាំងនេះ។
អ្នកស្រី Rebekah Entralgo អ្នកនាំពាក្យនៃអង្គការសេរីភាពសម្រាប់ជនអន្តោប្រវេសន៍ (Freedom for Immigrants) ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាថ្លែងថា៖ «ទីភ្នាក់ងារ ICE មិនត្រូវបានគេបំពាក់សម្ភារៈគ្រប់គ្រាន់ដើម្បីគ្រប់គ្រងហានិភ័យពិតប្រាកដនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ទេ។ ICE បានបង្ហាញម្តងហើយម្តងទៀតថាខ្លួនមិនមានបំពាក់សម្ភារៈគ្រប់គ្រាន់ដើម្បីអាចទប់ទល់នឹងការរាតត្បាតនៃជំងឺឆ្លងទេ ដូចមានឧទាហរណ៍ស្រាប់កាលពីរដូវក្តៅឆ្នាំមុន នៅពេលដែលមានជនអន្តោប្រវេសន៍ដែលជាប់ឃុំឃាំងជាង៩០០នាក់ បានឆ្លងអុតស្វាយនិងជំងឺសាលាទែន (ក្រឡទែន)»។
កាលពីឆ្នាំ២០១៩ ទីភ្នាក់ងារ ICE បានរកឃើញការឆ្លងជំងឺសាលាទែនចំនួន៩០០ករណីក្នុងចំណោមជនអន្តោប្រវេសន៍ពេញវ័យដែលជាប់នៅមណ្ឌលឃុំឃាំងចំនួន៥៧កន្លែងពីខែកញ្ញាឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៩។ ជិត៤០០ករណីនៃករណីទាំងអស់ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Texas។
ក្រុមការពារសិទ្ធិជនអន្តោប្រវេសន៍និយាយថា ដោយករណីឆ្លងមេរោគកូវីដ១៩កាន់តែកើនចំនួនច្រើនឡើងនៅសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍ដែលមិនមានក្រដាសស្នាម មានងាយឆ្លងមេរោគនេះពីបុគ្គលិក ICE ណាដែលមានផ្ទុកមេរោគកូរ៉ូណា។ ដូចគ្នានឹងពន្ធនាគារដែរ មណ្ឌលឃុំឃាំងជាកន្លែងដែលងាយរងគ្រោះពីការផ្ទុះជំងឺរាតត្បាត។
ទីភ្នាក់ងារ ICE ថាខ្លួនបានត្រៀមខ្លួនរួចរាល់ ដោយមណ្ឌលឃុំឃាំងចំនួន១៦ក្នុងចំណោមមណ្ឌល២០កន្លែងមានរៀបចំបន្ទប់ពិសេសសម្រាប់ដាក់ឲ្យនៅដោយឡែកនៃករណីជំងឺឆ្លងតាមខ្យល់ ឬហៅកាត់ថា បន្ទប់ AIIR។
អ្នកស្រី Jenny Burke អ្នកនាំពាក្យរបស់ ICE បានសរសេរថា៖ «ផ្នែកសេវាសុខាភិបាលរបស់ ICE នឹងផ្តល់កន្លែងស្នាក់ព្យាបាលដល់អ្នកជាប់ឃុំទាំងឡាយណាដែលមានហានិភ័យឆ្លងមេរោគកូវីដ១៩ និងដែលមានចេញរោគសញ្ញាគ្រុនឬរោគសញ្ញាផ្លូវដង្ហើម ឲ្យនៅក្នុងបន្ទប់ពិសេស AIIR»។
ខណៈនេះដែរ អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកក៏ជំរុញវិធានការក្នុងរឿងនេះដែរ។
តំណាងរាស្ត្រពីខាងគណបក្សប្រជាធិបតេយ្យបានស្នើឲ្យក្រសួងសន្តិសុខមាតុភូមិផ្តល់នូវផែនការត្រៀមគ្រាអាសន្ននៅក្នុងករណីដែលមានការផ្ទុះរាតត្បាតនៃមេរោគកូរ៉ូណានៅកន្លែងមណ្ឌលឃុំឃាំង។
នៅក្នុងសំបុត្រមួយ លោកស្រី Carolyn Maloney តំណាងរាស្ត្រពីរដ្ឋញូវយ៉ក និងលោក Jamie Raskin អ្នកតំណាងរាស្ត្រពីរដ្ឋ Maryland និយាយថា កន្លែងឃុំឃាំងនានារបស់ក្រសួងសន្តិសុខមាតុភូមិ «អាចងាយរងគ្រោះពីការឆ្លងនៃមេរោគកូរ៉ូណាដោយសាររដ្ឋបាលលោកត្រាំបានប្រើប្រាស់ការឃុំឃាំងហួសហេតុ»។
តំណាងរាស្ត្រ ទាំងពីររូបបានបន្ថែមថា៖ «ក្រសួងសន្តិសុខមាតុភូមិមានប្រវត្តិដែលគេចងក្រងបានច្បាស់លាស់អំពីការបរាជ័យក្នុងការទប់ស្កាត់នៃការឆ្លងជំងឺនេះក្នុងចំណោមមនុស្សដែលងាយរងគ្រោះហើយដែលជាប់ឃុំឃាំងនៅតាមមណ្ឌលឃុំឃាំងនានា»។
ទីភ្នាក់ងារ ICE ទទូចថា ខ្លួននឹងមានវិធានការជាជំហ៊ានៗដែលចាំបាច់ ដើម្បីការពារជនទាំងឡាយណាដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួន។ កាលពីថ្ងៃទី១៣ ខែមីនា (សុក្រ សប្តាហ៍មុន) ទីភ្នាក់ងារ ICE បានប្រកាសអំពីការផ្អាកម៉ោងឲ្យភ្ញៀវនិងសាច់ញាតិពីខាងក្រៅមកសួរសុខទុក្ខក្នុងមណ្ឌលឃុំឃាំង ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគកូរ៉ូណា។ ការចូលមកជួបនៃអ្នកប្រឹក្សាច្បាប់ត្រូវទីភ្នាក់ងារ ICE អនុញ្ញាតឲ្យមានជាបន្ត។
ទីភ្នាក់ងារអន្តោប្រវេសន៍និងគយ ICE និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយស្របទៅតាមដៃគូស្ថាប័នសហព័ន្ធដទៃទៀត ទីភ្នាក់ងារ ICE កំពុងចាត់វិធានការជាជំហានសំខាន់ៗ ដើម្បីរក្សាសុវត្ថិភាពនៃអ្នកទាំងឡាយដែលស្ថិតនៅក្នុងការថែទាំរបស់យើងខ្ញុំ។ ជំហានប្រុងប្រយ័ត្នមួយគឺយើងបានផ្អាកម៉ោងសួរសុខទុក្ខនៅគ្រប់មណ្ឌលឃុំឃាង»៕
ប្រែសម្រួលដោយ សឹង សុផាត