ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​បញ្ជាក់​ថា មិន​មាន​ការ​រំលោភ​បំពាន​របស់​យោធា​លើ​ជន​រ៉ូហ៊ីងយ៉ា​នោះ​ទេ


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​​ប៊ែលហ្ស៊ិក Didier Reynders នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​​ប៊ែលហ្ស៊ិក Didier Reynders នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ដោយ​មាន​ក្ដី​រំពឹង​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា របាយការណ៍​របស់​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ចេញ​ផ្សាយ បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​ទាហាន​របស់​ខ្លួន​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​ជន​អំបូរ Rohingya កាន់​សាសនា​ឥស្លាម​នោះ​ទេ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​បាន​បដិសេធ​នូវ​របាយការណ៍​នោះ​ភ្លាមៗ។ អង្គការ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក បាន​ថ្កោល​ទោស​របាយការណ៍​នេះ​ថា​ជា​ការ​ប៉ុនប៉ង​របស់​យោធា​មីយ៉ាន់ម៉ា​ក្នុង​ការ​លាក់​បាំង​ទង្វើ​របស់​ខ្លួន ដែល​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​បញ្ជាក់​ថា​ជា​ស្ថានការណ៍​នៃ​ការ​សម្លាប់​រង្គាល អំពើ​ហិង្សា​ផ្លូវ​ភេទ ការ​លួច​ប្លន់ និង​ការ​បំផ្លិចបំផ្លាញ។

ពួក​យោធា​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​អនុវត្ត​នូវ​យុទ្ធនាការ​សម្លាប់​រង្គាល​សំដៅ​ទៅ​លើ​ភូមិ​នានា​របស់​ជន​អំបូរ Rohingya ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​ពួក​សកម្ម​ប្រយុទ្ធ Rohingya ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​មីយ៉ាន់ម៉ា​នៅ​ភាគ​ពាយព្យ​នៃ​រដ្ឋ Rakhine កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ។

យុទ្ធនាការ​សម្លាប់​រង្គាល​នេះ​បាន​បណ្ដាល​ឲ្យ​ជន​អំបូរ Rohingya ប្រហែល ៦ សែន​នាក់ ភៀស​ខ្លួន​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដេស​ដែល​នៅ​ក្បែរ​ខាង ដែល​អ្នក​ទាំង​នោះ​បាន​ប្រាប់​អង្គការ​សិទ្ធិ​មនុស្ស​នានា​អំពី​ភាព​សាហាវ​ឃោរឃៅ​ដែល​ប្រព្រឹត្តិ​ឡើយ​ដោយ​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​បាញ់​រះ​មិន​រើស​មុខ ការ​ចាប់​រំលោភ និង​ការ​ដុត​ភូមិ​ជា​ដើម។

អង្គការ​សហប្រជាជាតិ​បាន​ហៅ​សកម្មភាព​របស់​យោធា​មីយ៉ាន់ម៉ា​ទាំង​នេះ​ថា​ជា «ឧទាហរណ៍​ដ៏​ជាក់​ច្បាស់​បំផុត​នៃ​ការ​បោស​សម្អាត​ជាតិ​សាសន៍»។

នៅ​ក្នុង​របាយការណ៍​នោះ យោធា​មីយ៉ាន់ម៉ា​អះអាង​ថា ពួកគេ​បាន​សម្លាប់ «ពួក​ភេរវជន» Rohingya តែ ៣៧៦ នាក់​ប៉ុណ្ណោះ ដោយ​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ​ជន​ភៀស​ខ្លួន Rohingya ដែល​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស៕

របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​មួយ​ថ្ងៃ​មុន​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi គ្រោង​នឹង​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson នៅ​ក្នុង​ទីក្រុង​ម៉ានីល នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវការ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន៕

XS
SM
MD
LG