ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដឹក​ជញ្ជូន​សម្ភារៈ​ផ្ដល់​ជំនួយ​ជួប​ការ​លំបាក​ ខណៈ​ស្ថានភាព​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​តែ​យ៉ាប់យ៉ឺន


 ក្មេងស្រីជនជាតិ​រ៉ូហ៊ីងយ៉ាទើបមកដល់ថ្មី កំពុងអោបកញ្ចប់ជំនួយរបបអាហារ ក្នុងជំរំ Kutupalong ប្រទេសបង់ក្លាដេស កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
ក្មេងស្រីជនជាតិ​រ៉ូហ៊ីងយ៉ាទើបមកដល់ថ្មី កំពុងអោបកញ្ចប់ជំនួយរបបអាហារ ក្នុងជំរំ Kutupalong ប្រទេសបង់ក្លាដេស កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ស្ថានភាព​អាក្រក់​នៃ​ផ្លូវ​ថ្នល់​និង​អាកាសធាតុ​ បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ ក្នុង​ការ​ដឹក​ជញ្ជូន​ជំនួយ​ចាំបាច់​ ដល់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ដ៏​តូច​ណែន​តាន់តាប់​ក្នុង​ប្រទេស​បង់ក្លាដេស។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ហៅ​កាត់​ IOM (International Organization for Migration) បាន​រាយការណ៍​ថា​ មាន​ជនភៀសខ្លួន​ជនជាតិ​ រ៉ូហ៊ីងយ៉ា​ជាង​ ៨០០.០០០ នាក់​ កំពុង​រស់នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ Cox's Bazar។ មាន​មនុស្ស​ជាង​ ៦០០.០០០ នាក់ បាន​រត់​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​អំឡុង​ពេល​២​ខែ​ចុង​ក្រោយ​នេះ។​ ជនជាតិ​រ៉ូហ៊ីងយ៉ា​ដទៃ​ទៀត​បាន​មក​ដល់​ទី​នោះ​ បន្ទាប់​ពី​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​នាំ​ពាក្យ​អង្គការ​ IOM លោក​ Joel Millman បាន​និយាយ​ថា​ ភាគ​ច្រើន​នៃ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​ទើប​តែ​មក​ដល់​ថ្មី​ កំពុង​រស់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​តង់​ដ៏​ណែន​តាន់​តាប់។ លោក​បាន​ឲ្យ​ដឹង​ថា​ ភ្លៀង​ធ្លាក់​ច្រើន​ខ្លាំង និង​បញ្ហា​ដឹក​ជញ្ជូន​ផ្សេងៗ​ទៀត​ កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ​និង​គ្រឿង​ជំនួយ​ផ្សេងៗទៀត​ ដែល​ត្រូវបាន​ដឹក​តាម​កប៉ាល់​ទៅ​កាន់​តំបន់​ ដែល​ជនភៀស​ខ្លួន​ទាំង​អស់​នោះ​ត្រូវ​ការ។​

លោក​និយាយ​ថា​ ​ការ​សាងសង់​ផ្លូវ​បន្ថែម​ ព្រម​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​មូលដ្ឋាន​ដូចជា​ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​ជណ្ដើរ​ ត្រូវ​តែ​សាងសង់​បន្ថែម​ទៀត ដើម្បី​ធានា​ថា ​ជនភៀសខ្លួន​ទាំង​នោះ​ អាច​ទទួល​បាន​សេវា​ទាំងនោះ​កាន់​តែ​រហ័ស ហើយ​មាន​ប្រសិទ្ធភាព។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ឧទាហរណ៍​ ទឹក​ប្រមាណ​ ៧៤១.០០០ លីត្រ​ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​ទៅ​កាន់​ជំរំ​ទាំង​នោះ​ ដោយសារ​តែ​ការ​ទទួល​បាន​ទឹក​នៅ​មាន​កំណត់ ជា​ពិសេស​ការ​ដឹក​ជញ្ជូន​ទឹក​ឲ្យ​ទៅ​ដល់​ទីកន្លែង​ផ្ទាល់... ការ​ដឹកជញ្ជូន​ទឹក​នេះ ត្រូវ​ធ្វើ​ឡើង​តាម​ជម្រាល​ជើង​ភ្នំ ដើម្បី​ជញ្ជូន​ទៅ​កាន់​កន្លែង​មាន​មនុស្ស​ចាស់ ​និង​ក្មេងៗ​ ដែល​ពួកគេ​មិន​អាច​ទៅ​យក​ដោយ​ខ្លួន​ឯង​បាន»។

លោក​ Millman និយាយ​ថា​ ជន​ភៀស​ខ្លួន​ទាំង​នោះ​ បាន​មក​ដល់​ជំរំ​ដោយ​មាន​សម្ភារៈ​និង​របស់​របរ​ជាប់​ខ្លួន​តិច​តួច ឬ​ក៏​គ្មាន​ទាល់​តែ​សោះ។ លោក​បន្ថែម​ថា​ ពួកគេ​គ្មាន​មធ្យោបាយ​ដើម្បី​សាងសង់​លំនៅឋាន​ ដែល​អាច​រស់នៅ​បាន ​ឬ​អាច​ការពារ​ខ្លួន​ពី​អាកាស​ធាតុ​អាក្រក់​នោះ​ទេ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ អង្គការ​ IOM បាន​ផ្តល់​សម្ភារៈ​ចាំបាច់​បឋម​សម្រាប់​ការ​រស់នៅ​ ដើម្បី​ជួយ​ក្រុម​គ្រួសារ​ទាំង​នោះ។

លោក​បាន​លើក​ឡើង​ថា៖ «តម្រូវ​ការ​ថ្នាំ​ពេទ្យ​នៅ​ក្នុង​ជំរំ​ ត្រូវការ​ខ្លាំង​ណាស់​ ជា​ពិសេស​ ដោយ​សារ​ជនភៀស​ខ្លួន​ជា​ច្រើន​នាក់ បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ ដើម្បី​ទៅ​ដល់​ប្រទេសបង់ក្លាដេស។ ហើយ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​រង​អំពើ​បៀតបៀន​លើ​រាងកាយ​ និង​ផ្លូវ​ភេទ។ ហើយ​ពួក​គេ​ ឥឡូវ​កំពុង​រស់​នៅ​ក្នុង​ជំរំ ​ដែល​មាន​មនុស្ស​រស់​នៅ​ណែន​តាន់តាប់ ដែល​ទីកន្លែង​ទាំង​នោះ​មិន​ទាន់​ត្រូវបាន​រៀបចំ​រួច​រាល់​ សម្រាប់​ការ​ស្នាក់​នៅ​របស់​ជន​ភៀស​ខ្លួន​លើស​ពី​ ៨០០.០០០​នាក់»។

លោក​ Millman និយាយ​ថា​ អង្គការ​ IOM បាន​រៀបចំ​មណ្ឌល​ផ្ដល់​សេវា​សុខភាព​បឋម​ និង​សង្គ្រោះ​បន្ទាន់​ សម្រាប់​អ្នក​ជំងឺ​ ៥៣.០០០ នាក់។ លោក​ថា​ សម្ភារៈ​ក្នុង​ការ​ផ្តល់​សេវា​បង្កើត​កូន និង​ទីភ្នាក់ងារ​តាមដាន​ស្ថិរភាព​នៃ​ស្ថានភាព​សុខភាព​របស់​អ្នក​ជំងឺ​ ត្រូវបាន​បង្កើត​ឡើង​ សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ ដែល​រស់​នៅ​ក្នុង​ជំរំ Kutupalong ដ៏​ធំ​នោះ៕

​ប្រែសម្រួល​ដោយ នូវ ពៅលក្ខិណា

XS
SM
MD
LG