ខណៈដែលគណបក្សប្រឆាំងកំពុងបន្តស្វែងរកស្នាមមេដៃគាំទ្រពីប្រជាពលរដ្ឋខ្មែរ ប្រឆាំងនឹងការរំលោភអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ និងស្នើឲ្យមានការដោះលែងអ្នកកំពុងជាប់ឃុំ និងបញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីគំរាមកំហែងសង្គមស៊ីវិល និងគណបក្សប្រឆាំងរដ្ឋាភិបាលបានត្រៀមចាត់វិធានការពិនិត្យស្នាមមេដៃប្រជាពលរដ្ឋ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សប្រឆាំង ដែលបានថ្វាយជូនព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
ការសម្រេចបង្កើតគណៈកម្មការនេះ កើតឡើងបន្ទាប់ពីលោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតជម្រាបលោក ស ខេង កាលពីថ្ងៃទី៣១ ខែឧសភា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលព្រះរាជសារលិខិត របស់ព្រះមហាក្សត្រខ្មែរ អំពីលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃប្រមាណ១៧៣.១៤៤នាក់ ដែលបានទូលស្នើសុំព្រះរាជអន្តរាគមន៍ពីទ្រង់។
លិខិតរបស់លោក ស៊ូ ភិរិន្ទ អតីតអភិបាលខេត្តសៀមរាប បានស្នើឲ្យលោក ស ខេង ចាត់មន្ត្រីលោក ធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាជន និង ជាពិសេសបោកទាំងព្រះមហាក្សត្រ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានបញ្ជាក់ក្នុងលិខិតរបស់លោកចុះថ្ងៃទី២ ខែមិថុនានេះថា គណៈកម្មការដែលក្រសួងមហាផ្ទៃសម្រេចបង្កើតនឹងធ្វើកោសល្យវិច័យស្នាមមេដៃនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ចុះស្រាវជ្រាវផ្ទាល់ពីប្រជាពលរដ្ឋដែលបានផ្តិតមេដៃ និងចាត់វិធានការជំនាញផ្សេងទៀតតាមនីតិវិធី ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃស្នាមមេដៃរបស់ប្រជាពលរដ្ឋ។
លោក ស ខេង បានបន្តថា គណៈកម្មការដែលបានបង្កើតឡើងនេះ មានសិទ្ធិបង្កើតអនុគណៈកម្មការតាមរាជធានី-ខេត្ត ដើម្បីជាជំនួយការ ដែលមានអភិបាលរងរាជធានី-ខេត្តមួយរូបជាប្រធានស្នងការនគរបាលរាជធានី-ខេត្ត ជាអនុប្រធាន និងមានសមាជិកតាមតម្រូវការចាំបាច់។ លោក ស ខេង ក៏បានអនុញ្ញាតឲ្យគណៈកម្មការនេះ នូវសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃផងដែរ។
ការប្រកាសបង្កើតគណៈកម្មការស្វែងរកការណ៍ពិតនៃស្នាមមេដៃនេះកើតមានឡើង នៅស្របពេលដែលគណបក្សសង្គ្រោះជាតិបានបន្តប្រមូលយកស្នាមមេដៃពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ខណៈដែលអនុប្រធានគណបក្សប្រឆាំងលោក កឹម សុខា កំពុងប្រឈមមុខនឹងការកោះហៅពីស្ថាប័នតុលាការ។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទថា មានការជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើសញ្ចរកម្ម។ លោកក៏រងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា ដែលប្តឹងទារសំណងជំងឺចិត្តពីលោកចំនួន១លានដុល្លារអាមេរិក។ បណ្តឹងនេះមានដើមចមចេញពីរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ដែលគេសង្ស័យថា លោកមានជាមួយនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលប្តឹងទារសំណងជំងឺចិត្តពីលោកចំនួន៣០ម៉ឺនដុល្លារអាមេរិក។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់ VOA ថា ក្រសួងមហាផ្ទៃ គួរយកពេលគិតពីបញ្ហាជាតិសំខាន់ៗ ដូចជាបញ្ហាជនអន្តោប្រវេសន៍ ព្រំដែន និងអំពើអយុត្តិធម៌សង្គមជាដើម ជាជាងការចំណាយពេលវេលាលើការស្រាវជ្រាវញត្តិនេះ។
លោក យឹម សុវណ្ណ ថ្លែងថា៖
«ភាពក្រីក្ររបស់ប្រជារាស្ត្រ បញ្ហាព្រំដែន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់មករស់នៅក្នុងប្រទេស កម្ពុជា ឃើញដោះស្រាយបានប៉ុន្មាននាក់ ហើយនិងបញ្ហាពុករលួយ បញ្ហាអីទាំងអស់ហ្នឹង អំពើអយុត្តិធម៌សង្គម ដីធ្លីប្រជាពលរដ្ឋ រឿងស្អីទាំងអស់។ បញ្ហាសេដ្ឋកិច្ច បញ្ហាអីហ្នឹង វានៅច្រើនណាស់ ដែលយើងត្រូវគិត ហើយរឿងនេះរវាងប្រជារាស្ត្រនិងព្រះមហាក្សត្រទេ»។
លោកបានបន្ថែមថា ប្រជាពលរដ្ឋអាចមកផ្តល់ស្នាមមេដៃខ្លួននៅទីលានប្រជាធិបតេយ្យ ឬក៏នៅពីមុខព្រះបរមរាជវាំងពេលណាក៏បានដែរដើម្បីបញ្ជាក់ឆន្ទៈរបស់ខ្លួន ប្រសិនបើក្រសួងមហាផ្ទៃអនុញ្ញាត។
លោកថា ការប្រមូលស្នាមមេដៃនេះគឺគ្រាន់តែជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដែលមិនពេញចិត្តនឹងការរំលោភរដ្ឋធម្មនុញ្ញ និងការរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រតែប៉ុណ្ណោះ។
លោក យឹម សុវណ្ណ មិនអាចឲ្យដឹងបានទេថា តើចំនួនញត្តិដែលប្រជាពលរដ្ឋផ្តល់ជូនដល់គណបក្សប្រឆាំងពេលនេះ មានប៉ុន្មាននោះឡើយ តែលោកថា ញត្តិដែលប្រជាពលរដ្ឋផ្តល់ជូននេះ គឺមិនទាន់បាន៥ភាគរយនៃចំនួនអ្នកបោះឆ្នោតជិតបីលាននាក់ ដែលបានបោះជូនគណបក្សប្រឆាំងកាលពីឆ្នាំ២០១៣។
VOA ព្យាយាមទាក់ទងលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីសុំការអធិប្បាយអំពីចំណាត់ការរបស់ក្រសួងមហាផ្ទៃ ប្រសិនបើលទ្ធផលនៃការស្រាវជ្រាវ បង្ហាញថា មានភាពមិនប្រក្រតីចំពោះការប្រមូលស្នាមមេដៃនេះមែននោះ តែមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធម្សិលមិញនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ប្រាប់ VOA ថា ប្រសិនបើការស្រាវជ្រាវរកឃើញមានភាពមិនប្រក្រតីក្នុងការប្រមូលស្នាមមេដៃនោះមែន នោះគណបក្សប្រឆាំងបានសាងចំណុចអវិជ្ជមានចំនួនពីរ គឺទីមួយ អ្វីដែលគណបក្សប្រឆាំងបានធ្វើក្នុងការប្រមូលស្នាមមេដៃ គឺជាអំពើអសីលធម៌ដែលភូតកុហកព្រះមហាក្សត្រ និងសាធារណជន។ ទីពីរ គឺជាសកម្មភាពខុសច្បាប់ចំពោះការក្លែងបន្លំឯកសារ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា ការបង្កើតឲ្យមានគណៈកម្មការស្រាវជ្រាវរកខុសត្រូវចំពោះការប្រមូលមេដៃនេះ គឺជាចេតនាចង់សងសឹកពីរដ្ឋអំណាចកម្ពុជា ទៅលើគណបក្សប្រឆាំង។ លោកថា ការណ៍នេះមិនបានផ្តល់ផលចំណេញអ្វីដល់ប្រជាពលរដ្ឋខ្មែរទាល់តែសោះ។
លោកថ្លែងថា៖ «ខ្ញុំគិតថា អានេះជាផ្នែកមួយ ដែលចំណាយលុយ ដែលពលរដ្ឋបានបង់ពន្ធ មានទាំងខ្ញុំផង អ្នកបង់ពន្ធហ្នឹង យកទៅប្រើទៅលើរឿងអត់ប្រយោជន៍ ដែលអត់បានគិតពីរឿងជាតិទេ ប៉ុន្តែយកលុយទៅខ្ជះខ្ជាយប្រើតែរឿងផ្ទាល់ខ្លួន ដែលគេគិតថា ជារឿងធំហើយខ្ញុំគិតថា នៅក្នុងរយៈពេល ប្រាំ [ទៅ] ប្រាំមួយខែចុងក្រោយនេះ រដ្ឋាភិបាល ហាក់ដូចជា មិនបានធ្វើការកំណែទម្រង់អីឲ្យបានលឿនទៅមុខទេ ក្រៅពីរឿងនៅចាំតែសងសឹករឿងបុគ្គលផ្ទាល់ខ្លួនទៅវិញទៅមក»។
លោក មាស នី បានចាត់ទុកថា សកម្មភាពស្រាវជ្រាវរកស្នាមមេដៃនេះ អាចជាចេតនារបស់រដ្ឋាភិបាលក្នុងការគំរាមកំហែងក្រុមអ្នកគំាទ្រគណបក្សប្រឆាំង។ លោកបានបញ្ជាក់បន្តថា សកម្មភាពនេះក៏អាចជាយុទ្ធនាការរបស់រដ្ឋាភិបាលថ្មីមួយទៀត ក្នុងការតាមចាប់កំហុសដាក់សម្ពាធលើគណបក្សប្រឆាំង។ លោកក៏បានចោទជាសំណួរថា តើរដ្ឋាភិបាលនឹងមានការទទួលខុសត្រូវយ៉ាងដូចម្តេច ក្នុងការដោះស្រាយបញ្ហានយោបាយនាពេលបច្ចុប្បន្ននេះ ប្រសិនបើស្នាមមេដៃដែលទទួលបាននោះ គឺជាស្នាមមេដៃដែលផ្តល់ឲ្យដោយប្រជាពលរដ្ឋខ្មែរពិតបា្រកដនោះ៕