ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សជំទាស់ បានប្រកាសធ្វើពហិការមិនចូលរួមប្រជុំសភា នៅថ្ងៃច័ន្ទទី៣០ ខែឧសភានេះ ហើយបាននាំយកញត្តិពីប្រជាពលរដ្ឋខ្មែរទៅថ្វាយព្រះមហាក្សត្រខ្មែរ ប្រឆាំងនឹងការរំលោភបំពានលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រពីអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។
ការប្រកាសធ្វើពហិការ កើតមានឡើងនៅស្របពេលដែលក្រុមសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង ត្រៀមខ្លួនធ្វើមហាបាតុកម្មអហិង្សា ដោយមានការហែញត្តិទៅថ្វាយព្រះមហាក្សត្រខ្មែរសម្ដេចព្រះបាទបរមនាថ នរោត្តម សីហមុនី ផងដែរដើម្បីប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សជំទាស់ បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងនៅទីស្នាក់កណ្ដាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលប្រជុំសភានៅថ្ងៃច័ន្ទនេះទេ។
«តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺមិនអាចទៅអង្គុយប្រជុំនៅរដ្ឋសភាទេ។ យើងមិនអាចទៅអង្គុយនៅរដ្ឋសភា មើលគេវាយក្បាលយើងទេ។ យើងអត់ទៅចូលរួមប្រជុំទេ»។
បន្ថែមលើការអធិប្បាយ របស់ លោក អេង ឆៃអ៊ាង គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ការដង្ហែញត្តិនោះ ក៏មានគោលបំណងសុំឲ្យមានការដោះលែងអ្នកនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល បញ្ឈប់ការប្រើប្រាស់ស្ថាប័នរដ្ឋ ដើម្បីគំរាមកំហែង និងដាក់សម្ពាធលើអង្គការសង្គមស៊ីវិល។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៦។
ការយកញត្តិពីប្រជាពលរដ្ឋខ្មែរទៅថ្វាយព្រះមហាក្សត្រខ្មែរ និងការត្រៀមធ្វើមហាបាតុកម្មអហិង្សា កើតមានឡើងបន្ទាប់ក្រុមអាជ្ញាធរមានសមត្ថកិច្ច បានបើកកិច្ចប្រតិបត្តិការ តាមស្វែងរកលោក កឹម សុខា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
នៅគ្រានោះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចប្រដាប់ដោយអាវុធនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការតាមស្វែងរកលោក កឹម សុខា នៅលើផ្លូវនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់រថយន្តលោក កឹម សុខា ដែលមានតែភរិយារបស់លោកអង្គុយក្នុងរថយន្ត។
បន្ទាប់ពីរកលោក កឹម សុខា មិនឃើញ ក្រុមអាជ្ញាធរមានសមត្ថកិច្ច បានធ្វើដំណើរ ទៅដល់ទីស្នាក់ការកណ្ដាលនៃគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅម៉ោងជាង១២ថ្ងៃត្រង់ តែនៅមិនអាចរកលោក កឹម សុខា ឃើញដដែល។
ប្រតិបត្តិការតាមរកលោក កឹម សុខា ធ្វើឡើងដោយក្រុមអាជ្ញាធរមានសមត្ថកិច្ចនេះ ក៏បានធ្វើឲ្យក្រុមសកម្មជនរបស់គណបក្សសង្គ្រោះជាតិមានភាពពុះកញ្ជ្រោល ដោយពួកគេបានធ្វើដំណើរមកកាន់ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ដើម្បីរារាំងមិនឲ្យមានការចាប់ខ្លួនលោក កឹម សុខា។ ពួកគេមួយចំនួនបានប្រាប់ VOA ថា ពួកគេនឹងមិនអនុញ្ញាតឲ្យមានការឃាត់ខ្លួនលោក កឹម សុខា ដែលនៅមានអភ័យឯកសិទ្ធិនោះទេ។
យ៉ាងណាក៏ដោយ នៅក្រោយពេលដែល ក្រុមអាជ្ញាធរមានសមត្ថកិច្ចរកមិនឃើញ លោក កឹម សុខា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ដដែលនោះបានផ្ញើលិខិតជូនលោក ហេង សំរិន ប្រធានសភាជាតិ រៀបរាប់ពីវិធានការណ៍ច្បាប់ដើម្បីតាមឃាត់ខ្លួនលោក កឹម សុខា ដែលមិនព្រមចូលខ្លួនទៅបំភ្លឺការចោទប្រកាន់របស់តុលាការពីបទសញ្ចរកម្មចំនួនពីរលើក។
នៅក្នុងផ្នែកខ្លះនៃលិខិតផ្ញើជូនលោក ហេង សំរិន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនចូលខ្លួនមកឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើស តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា៖
«រាល់បុគ្គលណា ដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ខែ ទៅ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០សែន (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល។»
លិខិតនោះ បានបន្តថា លោក កឹម សុខា បានឲ្យមេធាវីលោកបញ្ជូនលិខិតមួយច្បាប់បញ្ជាក់ពីមូលហេតុដែលលោកមិនអាចទៅបំភ្លឺនៅតុលាការ តែអយ្យការអមសាលាដំបូងមិនបានពន្យល់ពីមូលហេតុនោះទេ ហើយថែមទាំងបានចោទមេធាវីលោក កឹម សុខា ថា មិនបានបញ្ជាក់មូលហេតុច្បាស់លាស់។
ថ្វីត្បិតតែមានការលើកឡើងពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញយ៉ាងនេះក្ដី មេធាវីការពារក្តី លោក កឹម សុខា បានបញ្ជាក់ប្រាប់ VOA កាលពីពេលកន្លងមកថា ហេតុផលសំខាន់ដែល លោក កឹម សុខា មិនចូលខ្លួនទៅតុលាការ គឺដោយសារ លោកនៅមានអភ័យឯកសិទ្ធិ ហើយជាប់បំពេញបេសកកម្មការងារជាតំណាងរាស្ត្រ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីជំហរស្រដៀងគ្នាទៅនឹងការលើកឡើងរបស់មេធាវីលោក កឹម សុខា ហើយលោកបានច្រានចោល ការចោទប្រកាន់ថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្ដែង។
ដោយមិនបានផ្ដោតទៅលើលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផ្ញើជូនទៅសភាជាតិ ក្រុមសកម្មជន និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជំហរការពារលោក កឹម សុខាផងដែរថា លោក កឹម សុខា មិនបានប្រព្រឹត្តបទល្មើសជាក់ស្ដែង ដូចការចោទប្រកាន់របស់តុលាការក្រងភ្នំពេញនោះទេ។
ពួកគេអះអាងថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការធ្វើមហាបាតុកម្មអហិង្សា ប្រឆាំងការចាប់ខ្លួន លោក កឹម សុខា។
លោក ខាន់ រឿន វ័យ៦៦ ឆ្នាំ សកម្មជនគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ប្រាប់ VOA ថា លោកនិងសកម្មជនផ្សេងទៀត មិនព្រមឲ្យមានការចាប់ខ្លួនលោក កឹម សុខា នោះឡើយ ព្រោះលោក កឹម សុខា មិនបានប្រព្រឹត្តខុសដូចអ្វីដែលតុលាការក្រុងភ្នំពេញ បានធ្វើការចោទប្រកាន់មកលើរូបលោក។
លោកបន្ថែមថា លោកនឹងចូលរួមធ្វើមហាបាតុកម្មអហិង្សា មិនឲ្យមានការចាប់ខ្លួន និងត្រៀមខ្លួនស្លាប់ ប្រសិនបើមានការបង្ក្រាបពីក្រុមអាជ្ញាធរមានសមត្ថកិច្ច។
«អត់មានបញ្ហាទេ បើស្លាប់ចំពោះជាតិ ស្លាប់ចុះ អត់មានបញ្ហា»។
អ្នកស្រី មី សារ៉េត អ្នកគាំទ្រគណបក្សប្រឆាំង បាននិយាយផងដែរ អំពីការការពារលោក កឹម សុខាយ៉ាងដូច្នេះថា៖
«ឯកឧត្ដម កឹម សុខា អត់មានកំហុសអីទាំងអស់។ បើសិនជាយើងយកស្នេហាមក ហើយចោទទៅចូលតុលាការ បានន័យថាអីចឹង នៅក្នុងប្រទេសកម្ពុជា សូមអស់លោកទាំងអស់ហ្នឹង យកអ្នកដែលមានស្នេហាទាំងអស់ដែលជាមន្ត្រីគ្រាក់ៗ ដែលមានស្រីរាប់ភ្លេច រាប់ឡូន សូមឲ្យចាប់ទាំងអស់គ្នាទៅ។ បើលោកចាប់ កឹម សុខា ខ្ញុំអត់សុខចិត្តទេ។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំនឹងការពារគាត់មិនឲ្យចាប់ទេ»។
ឆ្លើយតបទៅនឹងផែនការធ្វើបាតុកម្មអហិង្សា ការពារមិនឲ្យមានការចាប់ខ្លួន លោក កឹម សុខាជាអ្នកតំណាងរាស្ត្រដែលនៅមានអភ័យឯកសិទ្ធិ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា គម្រោងការធ្វើបាតុកម្មអហិង្សានេះ នឹងមិនធ្វើឲ្យរដ្ឋាភិបាលបារម្ភនោះទេ ដោយលោក ជឿថា ចំនួនអ្នកចូលរួមនឹងមិនច្រើនដូចការធ្វើបាតុកម្មក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ ២០១៣នោះទេ។
«ខ្ញុំយល់ថា ចំណុចកំពូល ដែលគណបក្សប្រឆាំងលោកធ្វើហ្នឹង គឺថា ឆ្នាំ២០១៣ហ្នឹងវាកំពូល វាអស់ហើយ។ ឥឡូវនេះ បើទោះចង់ប្រមូលយ៉ាងណាក៏ដោយ ក៏វាមិនបានរាប់សែន រាប់ម៉ឺនដែរ»។
លោក សុខ ឥសាន បានបន្ថែមថា រហូតមកដល់ពេលនេះ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា មិនមានគម្រោងជួបចរចាជាមួយមន្ត្រីនៃគណបក្សសង្គ្រោះជាតិនោះទេ បើទោះបីជា លោក ប៉ុល ហំម ឥស្សរជនកំពូលទីបី ក្នុងគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងកាលពីថ្ងៃសៅរ៍ថា គណបក្សប្រឆាំងបានរៀបចំសមាសភាពសម្រាប់ចរចារួចហើយក៏ដោយ។
VOA ព្យាយាមសុំការអធិប្បាយពីលោកនាយឧត្ដមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃអំពីវិធានការណ៍របស់ក្រុមអាជ្ញាធរមានសមត្ថកិច្ចដែលអាចធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការដង្ហែញត្តិកាលពីអាទិត្យ តែនៅមិនទាន់អាចទាក់ទងបាន។
ប៉ុន្តែលោកបានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកមួយថា អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការណ៍ ប្រសិនបើការដង្ហែញត្តិបង្កផលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ។
នៅស្របពេលដែលមានការប្រកាសពីការដង្ហែញត្តិពីគណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យសភាជាតិ បានមានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃអាទិត្យថាករណីលោក កឹម សុខា នឹងត្រូវដាក់ទៅក្នុងរបៀបវារៈប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បន្ទាប់ពីសភាបានទទួលលិខិតពីអយ្យការអមតុលាការក្រុងភ្នំពេញ។
ការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ នឹងធ្វើឡើង នៅគ្រាដែលសភាបើកកិច្ចប្រជុំពេញអង្គ ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភាមួយរូប អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីអនីតិជន និងសេចក្ដីព្រាងច្បាប់ស្ដីពីការជំរុញវិនិយោគរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។
«គណៈអចិន្ត្រៃយ៍ នឹងបើកប្រជុំ យកករណីនេះ ដាក់ក្នុងប្រជុំអចិន្ត្រៃយ៍ ដើម្បីសម្រេចថាតើករណីនេះ ដាក់ចូលសម័យប្រជុំពេញអង្គជារបៀបវារៈមួយដែរ ឬយ៉ាងណា»។ នេះបើយោងតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង។
នៅមុនការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អំពីករណីលោក កឹម សុខា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យដដែលនោះ បានចេញសេចក្ដីថ្លែងការណ៍ សុំឲ្យរដ្ឋសភា ការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ និងការពារតម្លៃរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដោយមិនត្រូវធ្វើអ្វីរំលោភនីតិវិធី បទបញ្ញត្តិ និងច្បាប់ ជាពិសេស រំលោភលើរដ្ឋធម្មនុញ្ញ តាមតែការកៀបសង្កត់បង្គាប់បញ្ជាពីស្ថាប័នផ្សេង។
សេចក្ដីថ្លែងការណ៍នោះបានបន្តថា រដ្ឋសភាមិនត្រូវអនុញ្ញាតឲ្យមានការចោទប្រកាន់ ឬចាប់ខ្លួនលោក កឹម សុខា ដោយគ្រាន់តែយកលេសសំអាងថា ជាសាក្សីដែលមិនបានចូលបំភ្លឺនៅតុលាការនោះទេ ព្រោះការមិនចូលបំភ្លឺរបស់សាក្សីនេះ មិនមែនជាបទល្មើសជាក់ស្ដែងឡើយ តែជាបទល្មើសអកម្ម ហើយគ្មានព្យសនកម្មចេញពីការមិនចូលបំភ្លឺនោះទេ។
ដោយឡែក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្ដីថ្លែងការណ៍សំដែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយកម្លាំងនៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ និងការប្រឈមមុខដោយមានអាវុធ ជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
ស្ថានទូត បានចាត់ទុកព្រឹត្តិការណ៍នោះជាជំហានគ្រោះថ្នាក់មួយ និងស្នើឲ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ បន្តការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីទៅនឹងវិបត្តិនេះ។
រីឯ មេដឹកនាំសហជីពសេរីកម្មករ លោក ជា មុន្នី កាលពីថ្ងៃទី ២៧ ខែ ឧសភា បានប្រកាសស្នើឲ្យកម្មករកម្មការិនីទាំងអស់ ប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួនកូដកម្មមិនធ្វើការ ក្នុងករណីមានការចាប់ឃាត់ខ្លួន លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក៏ដូចជាតំណាងរាស្ត្រទូទាំងប្រទេសកម្ពុជា ដែលកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ។
តាមការបញ្ជាក់ពី លោក ជា មុន្នី សមាជិករបស់សហជីពសេរីកម្មករ មានចំនួនជិត ១០ម៉ឺននាក់នៅទូទាំងប្រទេស។
ស្របពេលជាមួយគ្នានេះ សមាគមគ្រូបង្រៀនឯករាជ្យកាលពីថ្ងៃអាទិត្យ បានផ្ញើសារអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូចូលរួមកូដកម្ម ឬបាតុកម្មអហិង្សាស្របច្បាប់ ក្នុងករណីមានការចាប់ខ្លួន លោក កឹម សុខា។
ថ្វីត្បិតតែមានការប្រកាសបែបនេះក្ដី លោក អាត់ ធន់ មេដឹកនាំសហភាពការងារកម្ពុជា បានប្រាប់ VOA ថា លោកនឹងបន្តតាមដានស្ថានការណ៍នយោបាយនេះ និងស្នើឲ្យសមាជិកលោក រក្សាភាពស្ងៀមស្ងាត់។
លោកបន្ថែមថា សហភាពការងាររបស់លោក នឹងប្រកាន់គោលជំហរមិនពាក់ព័ន្ធនឹងកិច្ចការនយោបាយឡើយ៕