ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នកតំណាង​​រាស្ត្រ​នៃ​គណបក្ស​ជំទាស់​ ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា


​លោក​ ប៉ុល ហម​ ​ពាក់​អាវយឺត​ពណ៌ប្រផេះ​ ​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជាឥស្សរជន​កំពូល​ទីបី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅកាន់​ អ្នកសារព័ត៌មាន​ និង​អ្នក​គាំទ្រ​ គណបក្ស​ប្រឆាំង​អំពី​ករណី​ លោក​ ​កឹម​ ​សុខា​ ប្រធានស្តីទីគណបក្ស​ប្រឆាំង​ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ សិ្ថត​នៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​ ២​ ក្នុង​ខ័ណ្ឌមាន​ជ័​យ ​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ ​ទី​ ២៨​ ​ខែ​ ​ឧសភា​ ឆ្នាំ​ ​២០១៦​។(​ហ៊ុល រស្មី​/VOA)

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ លោក​និង​សកម្មជន​ផ្សេងទៀត​ មិន​ព្រម​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ នោះ​ឡើយ​ ព្រោះ​លោក​ កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​អ្វី​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក។

ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ជំទាស់​ បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ នៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​ ខែ​ឧសភា​នេះ​ ហើយ​បាន​នាំ​យក​ញត្តិ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ ប្រឆាំង​នឹង​ការ​រំលោភបំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ត្រ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ស្ថាប័ន​តុលាការ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​ប្រកាស​ធ្វើ​ពហិការ​ កើតមាន​ឡើង​នៅ​ស្រប​ពេល​ដែល​ក្រុម​សកម្មជន​ និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ ត្រៀម​ខ្លួន​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ដោយ​មានការ​ហែ​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​បាទ​បរមនាថ​ នរោត្តម​ សីហមុនី ផង​ដែរ​ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ លោក​ កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ អេង​ ឆៃអ៊ាង​ អ្នកតំណាងរាស្ត្រ​គណបក្ស​ជំទាស់​ ​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ទី​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ទេ។​ ​

«​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មិន​អាច​ទៅ​អង្គុយ​ប្រជុំ​នៅ​រដ្ឋសភា​ទេ។ យើង​មិន​អាច​ទៅ​អង្គុយ​នៅ​រដ្ឋសភា​ មើល​គេ​វាយ​ក្បាល​យើង​ទេ។ យើង​អត់​ទៅចូល​រួម​ប្រជុំ​ទេ»។​

បន្ថែម​លើ​ការ​អធិប្បាយ​ របស់​ ​លោក​ អេង ឆៃអ៊ាង​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ ​ការ​ដង្ហែ​ញត្តិ​នោះ​ ក៏​មាន​គោល​បំណង​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកនយោបាយ​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ ដើម្បី​គំរាម​កំហែង​ និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល។​ នេះ​បើ​យោងទៅតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ឧសភា​ ឆ្នាំ​ ​២០១៦។​

ការយក​ញត្តិ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ និង​ការ​ត្រៀម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ កើត​មាន​ឡើង​បន្ទាប់​ក្រុម​អាជ្ញាធរ​មានសមត្ថកិច្ច​ បាន​បើក​កិច្ច​ប្រតិបត្តិការ​ តាម​ស្វែងរក​លោក​ កឹម សុខា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

នៅ​គ្រា​នោះ​ ​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ បាន​បើក​ប្រតិបត្តិការ​តាម​ស្វែងរក​លោក​ កឹម សុខា ​នៅ​លើ​ផ្លូវ​នរោត្តម​ ស្ថិត​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ ដោយ​ឃាត់​រថយន្ត​លោក​ កឹម​ សុខា​ ដែល​មាន​តែ​ភរិយា​របស់​លោក​អង្គុយ​ក្នុង​រថយន្ត។​

បន្ទាប់​ពី​រក​លោក​ កឹម សុខា​ មិន​ឃើញ​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​បាន​ធ្វើ​ដំណើរ​ ​ទៅ​ដល់​ទី​ស្នាក់​ការ​កណ្ដាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ​ នៅ​ម៉ោង​ជាង​១២ថ្ងៃ​ត្រង់​ តែនៅ​មិន​អាច​រក​លោក​ កឹម​ ​សុខា​ ​ឃើញ​ដដែល។​

ប្រតិបត្តិ​ការ​តាម​រក​លោក​ កឹម សុខា ធ្វើ​ឡើង​ដោយ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ​ ​ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​សកម្ម​ជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ពុះ​កញ្ជ្រោល​ ដោយ​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​កាន់​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​ចាប់ខ្លួន​លោក កឹម សុខា។​ ​ពួកគេ​មួយ​ចំនួន​បាន​ប្រាប់​ VOA​ ថា​ ពួក​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​លោក​ កឹម​ សុខា​ ដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ នៅក្រោយ​ពេល​ដែល​ ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​មិន​ឃើញ​ លោក​ កឹម សុខា ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នោះ​បានផ្ញើ​លិខិត​ជូន​លោក​ ហេង សំរិន​ ប្រធាន​សភា​ជាតិ​ រៀបរាប់​ពី​វិធានការណ៍​ច្បាប់​ដើម្បី​តាម​ឃាត់​ខ្លួន​លោក​ កឹម សុខា​ ដែល​មិនព្រម​ចូលខ្លួន​ទៅ​បំភ្លឺ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ពី​បទ​សញ្ចរកម្ម​ចំនួន​ពីរ​លើក។​

ក្រុម​កង​អន្តរាគមន៍​ពិសេស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ប៉ុនប៉ង​ចូល​ឆែក​ឆេរ​ទីស្នាក់​កណ្តាល់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ​ ​២០១៦ រាជធានី​ភ្នំពេញ​ តែ​ដកថយ​មក​វិញ។ (រូបថត​ផ្តល់​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ)​
ក្រុម​កង​អន្តរាគមន៍​ពិសេស​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ប៉ុនប៉ង​ចូល​ឆែក​ឆេរ​ទីស្នាក់​កណ្តាល់​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែលើ​ ខ័ណ្ឌ​មានជ័យ​ កាលពី​ថ្ងៃ​ ២៦​ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​ ២៦​ ខែ​ ឧសភា​ ឆ្នាំ​ ​២០១៦ រាជធានី​ភ្នំពេញ​ តែ​ដកថយ​មក​វិញ។ (រូបថត​ផ្តល់​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ)​

នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​លិខិត​ផ្ញើ​ជូន​លោក​ ហេង​ សំរិន​ ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ យល់​ឃើញ​ថា​ ការ​ប្រព្រឹត្ត​របស់​លោក ​កឹម​ សុខា​ ដែល​មិន​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ​ទាំង​ពីរ​លើក​នេះ​ គឺ​ជា​បទ​ល្មើស​ តាម​មាត្រា​៥៣៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា៖

​«រាល់​បុគ្គល​ណា​ ដែល​ត្រូវ​បាន​កោះហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ​ ឬ​ចៅ​ក្រម​ស៊ើបសួរ​ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ ហើយ​មិន​ព្រម​ចូលខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ ដោយ​គ្មាន​មូលហេតុ​ស​ម​ស្រប​ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី១​ (មួយ)​ ខែ​ ទៅ​ (ប្រាំមួយ)​ ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០.០០០​សែន​ (មួយ​សែន)​ រៀល​ ​ទៅ​ ១.០០០.០០០ (មួយ​លាន)​ រៀល។»

​លិខិត​នោះ​ បាន​បន្ត​ថា​ លោក​ កឹម សុខា​ បាន​ឲ្យ​មេធាវី​លោក​បញ្ជូន​លិខិត​មួយ​ច្បាប់​បញ្ជាក់​ពី​មូល​ហេតុ​ដែល​លោក​មិន​អាច​ទៅ​បំភ្លឺនៅ​តុលាការ តែ​អយ្យការ​អម​សាលា​ដំបូង​មិន​បាន​ពន្យល់​ពី​មូល​ហេតុ​នោះ​ទេ​ ហើយ​ថែមទាំងបាន​ចោទ​មេធាវី​លោក​ កឹម សុខា​ ថា​ ​មិន​បាន​បញ្ជាក់​មូល​ហេតុច្បាស់​លាស់។​

ថ្វី​ត្បិត​តែ​មាន​ការ​លើក​ឡើង​ពី​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​យ៉ាង​នេះ​ក្ដី​ មេធាវី​ការពារ​ក្តី​ លោក​ ​កឹម សុខា​ បាន​បញ្ជាក់​ប្រាប់​ VOA​ ​ កាល​ពី​ពេល​កន្លង​មក​ថា​ ហេតុផល​សំខាន់​ដែល​ លោក​ កឹម សុខា​ មិន​ចូលខ្លួន​ទៅ​តុលាការ​ គឺ​ដោយសារ​ លោក​នៅ​មាន​អភ័យឯកសិទ្ធិ​ ហើយ​ជាប់​បំពេញ​បេសកកម្ម​ការ​ងារ​ជា​តំណាង​រាស្ត្រ។​

​លោក​ អេង​ ​ឆៃ​អ៊ាង​ តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បញ្ជាក់​ពី​ជំហរ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​មេធាវី​លោក​ កឹម សុខា​ ហើយ​លោក​បាន​ច្រាន​ចោល​ ការ​ចោទ​ប្រកាន់​ថា​ លោក​ កឹម សុខា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្ដែង។

ដោយ​មិន​បាន​ផ្ដោត​ទៅ​លើ​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ញើ​ជូន​ទៅ​សភា​ជាតិ​ ក្រុម​សកម្ម​ជន​ និង​អ្នកគាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ជំហរ​ការពារ​លោក​ កឹម សុខា​ផង​ដែរ​ថា​ លោក​ កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រង​ភ្នំពេញ​នោះ​ទេ។

ពួក​គេ​អះអាង​ថា​ ពួកគេ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ប្រឆាំង​ការ​ចាប់​ខ្លួន​ លោក​ កឹម សុខា។​

លោក​ ខាន់​ រឿន​ វ័យ​៦៦​ ឆ្នាំ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ លោក​និង​សកម្មជន​ផ្សេងទៀត​ មិន​ព្រម​ឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ នោះ​ឡើយ​ ព្រោះ​លោក​ កឹម សុខា​ មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​អ្វី​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក។

លោក​បន្ថែម​ថា​ លោក​នឹង​ចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ មិន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ និង​ត្រៀម​ខ្លួន​ស្លាប់​ ប្រសិន​បើ​មានការ​បង្ក្រាប​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច។

«អត់​មាន​បញ្ហា​ទេ បើ​ស្លាប់​ចំពោះ​ជាតិ​ ស្លាប់​ចុះ​ អត់មាន​បញ្ហា»។

អ្នកស្រី​ មី​ សារ៉េត​ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ បាន​និយាយ​ផង​ដែរ​ អំពី​ការ​ការ​ពារ​លោក​ កឹម សុខា​យ៉ាង​ដូច្នេះ​ថា៖​

«ឯកឧត្ដម​ កឹម​ សុខា ​អត់មាន​កំហុស​អី​ទាំង​អស់។​ បើ​សិន​ជា​យើង​យក​ស្នេហា​មក​ ហើយ​ចោទ​ទៅ​ចូល​តុលាការ​ បាន​ន័យ​ថា​អីចឹង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ សូម​អស់​លោក​ទាំង​អស់​ហ្នឹង​ យក​អ្នក​ដែល​មាន​ស្នេហា​ទាំង​អស់​ដែល​ជា​មន្ត្រី​គ្រាក់ៗ​ ដែល​មាន​ស្រី​រាប់​ភ្លេច​ រាប់​ឡូន​ សូម​ឲ្យ​ចាប់​ទាំង​អស់​គ្នា​ទៅ​។​ បើ​លោក​ចាប់​ កឹម សុខា​ ខ្ញុំ​អត់​សុខចិត្ត​ទេ។​ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ខ្ញុំ​នឹង​ការពារ​គាត់​មិន​ឲ្យ​ចាប់​ទេ»។​

ឆ្លើយ​តប​ទៅ​នឹង​ផែនការ​ធ្វើ​បាតុកម្ម​អហិង្សា​ ការពារ​មិន​ឲ្យ​មានការ​ចាប់​ខ្លួន​ លោក​ កឹម សុខា​ជា​អ្នក​តំណាងរាស្ត្រ​ដែល​នៅ​មាន​អភ័យ​ឯក​សិទ្ធិ​ លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ថ្លែង​ថា​ ​គម្រោងការ​ធ្វើ​បាតុកម្ម​អហិង្សា​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បារម្ភ​នោះ​ទេ​ ដោយ​លោក​ ជឿ​ថា​ ចំនួន​អ្នក​ចូល​រួម​នឹង​មិន​ច្រើន​ដូច​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​ ២០១៣​នោះ​ទេ។

«ខ្ញុំ​យល់​ថា ចំណុច​កំពូល​ ដែល​គណបក្ស​ប្រឆាំង​លោក​ធ្វើ​ហ្នឹង​ គឺ​ថា​ ឆ្នាំ​២០១៣​ហ្នឹង​វា​កំពូល​ វា​អស់​ហើយ។​ ឥឡូវនេះ​ បើ​ទោះ​ចង់​ប្រមូល​យ៉ាង​ណា​ក៏​ដោយ​ ក៏​វា​មិនបាន​រាប់​សែន​ រាប់​ម៉ឺន​ដែរ»។​

លោក​ សុខ​ ឥសាន​ បាន​បន្ថែម​ថា​ រហូតមកដល់​ពេលនេះ​ មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​គម្រោង​ជួប​ចរចាជាមួយ​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ បើ​ទោះ​បី​ជា​ លោក​ ​ប៉ុល ហំម ឥស្សរជន​កំពូលទី​បី​ ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​គណបក្ស​ប្រឆាំង​បាន​រៀបចំ​សមាសភាព​សម្រាប់​ចរចា​រួច​ហើយ​ក៏ដោយ។

​VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោកនាយ​ឧត្ដមសេនីយ៍​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អំពី​វិធានការណ៍​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​អាច​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដង្ហែញត្តិ​កាល​ពី​អាទិត្យ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន។

ប៉ុន្តែ​លោក​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ នឹង​ចាត់​វិធានការណ៍ ប្រសិនបើ​ការ​ដង្ហែ​ញត្តិ​បង្ក​ផល​ប៉ះ​ពាល់​ដល់​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ។

នៅ​ស្រប​ពេល​ដែល​មាន​ការ​ប្រកាស​ពី​ការ​ដង្ហែ​ញត្តិ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​អ្នក​នាំ​ពាក្យ​សភា​ជាតិ​ ​បាន​មាន​ប្រសាសន៍​ប្រាប់​ ​VOA កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ករណី​លោក​ កឹម សុខា​ នឹង​ត្រូវ​ដាក់​ទៅ​ក្នុង​របៀបវារៈ​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ បន្ទាប់​ពី​សភា​បាន​ទទួល​លិខិត​ពី​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ។​

​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​ នឹង​ធ្វើ​ឡើង នៅ​គ្រា​ដែល​សភា​បើក​កិច្ចប្រជុំ​ពេញអង្គ​ ដែល​នឹង​ធ្វើ​ការបោះ​ឆ្នោត​ជ្រើស​រើ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អនីតិជន ​និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ជំរុញ​វិនិយោគ​រវាង​រាជ​រដ្ឋាភិបាលកម្ពុជា​ និង​រដ្ឋាភិបាលហុងគ្រី។​

«គណៈ​អចិន្ត្រៃយ៍​ នឹង​បើក​ប្រជុំ​ យក​ករណី​នេះ​ ដាក់​ក្នុង​ប្រជុំ​អចិន្ត្រៃយ៍​ ដើម្បី​សម្រេច​ថា​តើ​ករណី​នេះ​ ដាក់​ចូល​សម័យ​ប្រជុំ​ពេញ​អង្គជា​របៀបវារៈ​មួយ​ដែរ​ ឬ​យ៉ាង​ណា»។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ឡេង​ ប៉េងឡុង។​

​នៅ​មុន​ការ​បញ្ជាក់​របស់​លោក ឡេង​ ប៉េងឡុង​ អំពី​ករណី​លោក​ កឹម សុខា ក្រុម​សមាជិកសភា​គណ​បក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ដដែល​នោះ​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ សុំ​ឲ្យ​រដ្ឋសភា​ ការ​ពារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្ត្រ និង​ការពារ​តម្លៃ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ដោយ​មិន​ត្រូវ​ធ្វើ​អ្វី​រំលោភ​នីតិវិធី​ បទបញ្ញត្តិ​ និង​ច្បាប់​ ជាពិសេស​ រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ តាម​តែ​ការ​កៀប​សង្កត់​បង្គាប់​បញ្ជា​ពី​ស្ថាប័ន​ផ្សេង។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​បន្ត​ថា​ រដ្ឋសភា​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចោទប្រកាន់​ ឬ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ដោយ​គ្រាន់​តែ​យកលេស​សំអាង​ថា​ ជា​សាក្សី​ដែល​មិនបាន​ចូល​បំភ្លឺ​នៅ​តុលា​ការ​នោះ​ទេ​ ព្រោះ​ការ​មិន​ចូល​បំភ្លឺ​របស់​សាក្សី​នេះ​ មិនមែន​ជា​បទល្មើស​ជាក់​ស្ដែង​ឡើយ​ តែ​ជា​បទ​ល្មើស​អកម្ម​ ហើយ​គ្មាន​ព្យសនកម្ម​ចេញ​ពី​ការ​មិន​ចូល​បំភ្លឺ​នោះ​ទេ។​ ​

​ដោយ​ឡែក​ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​សំដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ដាក់​ពង្រាយ​កម្លាំង​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​គណ​បក្សសង្គ្រោះ​ជាតិ​ និង​ការ​ប្រឈម​មុខ​ដោយ​មាន​អាវុធ​ ជាមួយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

ស្ថាន​ទូត​ បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នោះ​ជា​ជំហាន​គ្រោះថ្នាក់​មួយ​ និងស្នើ​ឲ្យ​រដ្ឋាភិបាល​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ត​ការ​សន្ទនា​ ដើម្បីស្វែង​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី​ទៅ​នឹង​វិបត្តិនេះ។

រីឯ​ មេដឹកនាំ​សហជីព​សេរី​កម្មករ​ លោក​ ជា មុន្នី​ កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ ឧសភា​ បាន​ប្រកាស​ស្នើ​ឲ្យ​កម្មករ​កម្មការិនី​ទាំង​អស់​ ប្រើ​ប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​កូដកម្ម​មិន​ធ្វើ​ការ​ ក្នុង​ករណី​មាន​ការ​ចាប់​ឃាត់​ខ្លួន​ លោក កឹម សុខា​ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ ក៏ដូចជា​តំណាង​រាស្ត្រ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ​សភា​នៅ​ឡើយ។

​តាម​ការ​បញ្ជាក់​ពី​ លោក​ ជា មុន្នី​ សមាជិក​របស់​សហជីព​សេរី​កម្មករ​ មាន​ចំនួន​ជិត​ ១០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ សមាគម​គ្រូបង្រៀន​ឯករាជ្យ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ផ្ញើ​សារ​អំពាវនាវ​ ដល់​លោក​គ្រូ ​អ្នក​គ្រូ​ចូលរួម​កូដកម្ម​ ឬ​បាតុកម្ម​អហិង្សា​ស្របច្បាប់​ ក្នុង​ករណី​មាន​ការ​ចាប់ខ្លួន​ ​លោក​ ​កឹម​ ​សុខា។​

ថ្វីត្បិត​តែ​មាន​ការ​ប្រកាស​បែបនេះ​ក្ដី​ ​លោក​ អាត់​ ធន់​ មេដឹកនាំ​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​ VOA ​ថា​ ​លោក​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នយោបាយ​នេះ​ និង​ស្នើ​ឲ្យ​សមាជិក​លោក​ រក្សា​ភាព​ស្ងៀម​ស្ងាត់។

លោក​បន្ថែម​ថា​ សហភាព​ការងារ​របស់​លោក​ នឹង​ប្រកាន់​គោលជំហរ​មិន​ពាក់​ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ឡើយ៕

XS
SM
MD
LG