មន្ត្រីរដ្ឋសភាជាតិ និងអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងមានការខ្វែងគំនិតគ្នាចំពោះការអនុញ្ញាតរបស់សភាឲ្យតុលាការបន្តចាត់ការរឿងក្តីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅគ្រាដែលស្ថាប័នតុលាការពុំទាន់អាចបញ្ជាក់ឲ្យដឹងបន្ថែមពីចំណាត់ការរបស់ខ្លួនចំពោះលោក កឹម សុខា។
មន្ត្រីសភាជាតិកម្ពុជា នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់របស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានថ្លែងថា ស្ថាប័ននីតិប្បញ្ញត្តិ នឹងពុំធ្វើកិច្ចការរបស់ខ្លួនដោយឯករាជ្យ នៅមុនការសម្រេចរបស់តំណាងរាស្ត្រគណបក្សគ្រប់គ្រងប្រទេស ដែលបានអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើសំណុំរឿងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានសើ្នសុំឲ្យរដ្ឋសភា «ការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ និងការពារតម្លៃរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដោយមិនត្រូវធ្វើអ្វីរំលោភនីតិវិធី និងច្បាប់ ជាពិសេស រំលោភលើរដ្ឋធម្មនុញ្ញ តាមតែការគាបសង្កត់បង្គាប់ បញ្ជាពីស្ថាប័នផ្សេង ដែលផ្ទុយពីគោលការណ៍នៃមាត្រា ៥១ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីអំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការនោះទេ»។
បន្ទាប់ពីការចេញសេចក្តីថ្លែងការណ៍នេះ សភាដែលមានតែអ្នកតំណាងរាស្ត្រ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ បានផ្តល់ការយល់ព្រមឲ្យអំណាចតុលាការបន្តសំណុំរឿងលោក កឹម សុខា ដែលត្រូវបានតុលាការធ្វើការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអំពើសញ្ចរកម្ម។ ការសម្រេចរបស់សភា កើតឡើងនៅក្រោយពេលលោក កឹម សុខា ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានបដិសេធមិនចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួនពីរលើក។
ដើម្បីគាំទ្រការសម្រេចរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងច្រានចោលរាល់ការចោទប្រកាន់ថា សភាបានរំលោទរដ្ឋធម្មនុញ្ញ អ្នកនាំពាក្យសភាជាតិ លោក ឡេង ប៉េងឡុង បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដែល VOA ទទួលបាន នៅថ្ងៃទី១ ខែមិថុនា នេះថា៖
«ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន រដ្ឋសភាមានសិទ្ធិបញ្ចេញមតិ និងអនុម័តដោយឯករាជ្យ ពុំទទួលការគាបសង្កត់ ឬបង្គាប់បញ្ជាពីនរណាឡើយ»។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសភាបានបន្តថា ការសម្រេចរបស់សភាកាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦ លើករណីលោក កឹម សុខា បានធ្វើត្រឹមត្រូវតាមច្បាប់ ដោយទី១ សមាជិកសភាទំាង៦៨រូប មិនគាំទ្រឲ្យតុលាការផ្អាកការចោទប្រកាន់លោក កឹម សុខា ព្រោះសមាជិកសភាយល់ថា លោក កឹម សុខា បានប្រព្រឹត្តល្មើសជាក់ស្តែង ទី២ ការសម្រេចនេះ គឺស្របនឹងបទបញ្ញត្តិនៃមាត្រា៨០នៃរដ្ឋធម្មនុញ្ញ និងស្របតាមបទបញ្ញត្តិនៃប្រការ៤១ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ប្រការ៤១ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា បានបញ្ជាក់ថា៖ «ការអនុម័តទាំងឡាយត្រូវយកតាមមតិភាគច្រើន ដែលមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ក្រៅពីនេះ មតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភា ទាំងមូល ត្រូវទុកជាបានការ វៀរលែងតែមានការកំណត់ក្នុងច្បាប់ដោយឡែក។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា ការបកស្រាយនេះ គឺផ្ទុយពីមាត្រា ៨០ នៃរដ្ឋធម្មនុញ្ញដែលនិយាយពីអភ័យឯកសិទ្ធិ និងការប្រព្រឹត្តបទល្មើសជាក់ស្តែងដោយអ្នកតំណាងរាស្ត្រ។
«មាត្រា៨០ហ្នឹង ក៏បានជជែកច្បាស់លាស់ដែរ អំពីអ្វីដែលហៅថា បទព្រហ្មទណ្ឌជាក់ស្តែង គឺបាននិយាយអំពីការណ៍ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ដែលកើតមាន ត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការប៉ះពាល់ទៅដល់អាយុជីវិតអ្នកដទៃ អីជាដើម មិនមែននិយាយអំពីអ្នកតំណាងរាស្ត្រ មិនចូលទៅឆ្លើយបំភ្លឺ ក្នុងការសើ្នសុំជាសាក្សីនៅតុលាការទេ»។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ ថ្លែងថា លោកបានសេរសេរលិខិតមួយផ្ញើទៅកាន់លោក ហេង សំរិន ប្រធានសភា ឲ្យផ្តល់ឯកសារនានា នៃការតាក់តែងមាត្រា ៨០ ដែលលោកយល់ថា សភានៅមានការបកស្រាយខុសចំពោះមាត្រានេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភា មានប្រសាសន៍ថា លោក សុន ឆ័យ អាចរកបានឯកសារនេះនៅក្នុងបណ្ណាល័យរបស់សភា។ លោកបញ្ជាក់បន្តថា សភាពុំបានព្យួរអភ័យឯកសិទ្ធិលោក កឹម សុខា នោះទេ។ លោកថា ការសម្រេចរបស់សភា គឺផ្អែកលើហេតុផលសំខាន់មួយថា អនុប្រធានស្តីទី គណបក្សសង្គ្រោះជាតិរូបនេះ បានប្រព្រឹត្តបទល្មើសជាក់ស្តែង។
លោក ឡេង ប៉េងឡុង ថ្លែងថា៖
«សេចក្តីសម្រេចហ្នឹង អត់មានពាក់ព័ន្ធអភ័យឯកសិទ្ធិផង អត់មានពាក់ព័ន្ធអភ័យឯកសិទ្ធិទេ ដូចជា ករណីពីរមុន ករណីឯកឧត្តម អ៊ុំ សំអាន ករណីឯកឧត្តម ហុង សុខហួរ ហ្នឹង អត់មានព្យួរអភ័យឯកសិទ្ធិ គាត់ទេ អត់មានទេ»។
លោក ឡេង ប៉េងឡុង បានបន្តថា ប្រសិនបើចង់ឲ្យស្ថាប័នតុលាការផ្អាកការចោទ លោក កឹម សុខា លុះត្រាតែលោក កឹម សុខា ទទួលបានសំឡេង បីភាគបួននៅក្នុងសភា គឺស្មើនឹងអ្នកតំណាងរាស្ត្រ ៩៣រូប។
ការសម្រេចដោយសភាដែលគ្របដណ្តប់ដោយគណបក្សកាន់អំណាចឲ្យបន្តរឿងក្តីលោក កឹម សុខា នោះ កើតឡើងបន្ទាប់ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានផ្ញើលិខិតជម្រាបលោក ហេង សំរិន ប្រធានសភាជាតិថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនចូលខ្លួនមកឆ្លើយបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើក គឺជាបទល្មើស តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ តាមមាត្រានេះ ប្រសិនបើជនសង្ស័យ ត្រូវរកឃើញថាមានទោស ជនសង្ស័យនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅប្រាំមួយខែ និងពិន័យជាប្រាក់ ពីមួយសែនទៅមួយលានរៀល។
ថ្វីត្បិតតែមានការលើកឡើងខុសៗគ្នានៃការសម្រេចរបស់សភាជាតិចំពោះ លោក កឹម សុខា ស្ថាប័នតុលាការមិនទាន់អាចបញ្ជាក់បានទេ អំពីការឃាត់ខ្លួន លោក កឹម សុខា ដែលជាអតីតអនុប្រធានទីមួយនៃសភាជាតិ។ នេះ បើតាមការបញ្ជាក់ របស់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃ ពុធនេះថា រឿងក្តីលោក កឹម សុខា កំពុងស្ថិតក្នុងដៃរបស់ចៅក្រម ស៊ើបសួរ។ លោកថា មិនទាន់ដឹងថា ចៅក្រមស៊ើបសួរចេញដីកាចាប់ខ្លួនលោក កឹម សុខា នៅពេលណានោះទេ។
«អាហ្នឹងធម្មតា គេចេញដីកាបង្គាប់ឲ្យចូលខ្លួនសិន។ ខ្ញុំអត់ដឹងថា យ៉ាងម៉េចទេ ប៉ុន្តែតាមធម្មតា គាត់នៅហ្នឹង យើងធ្វើដីកាបង្គាប់ឲ្យចូលខ្លួន ប៉ុន្តែខ្ញុំអត់ទាន់ដឹងថា ថ្ងៃណាទេ ព្រោះចៅក្រមស៊ើបសួរ អត់ទាន់បានជួបគាត់ផង ខ្ញុំអត់ទាន់ជួបគាត់ មិនដឹងគាត់ចេញនៅខ្ញុំអត់ដឹងទេ»។
លោក សម សុខគង់ មេធាវីការពារក្តី លោក កឹម សុខា បានប្រាប់ VOA ថា ក្រុមមេធាវីការពារក្តី លោក កឹម សុខា នឹងពិនិត្យមើលទិដ្ឋភាពផ្លូវច្បាប់ផ្សេងទៀត ដើម្បីជួយកូនក្តីរបស់លោក។ ក្នុងនោះ លោកថា ក្រុមមេធាវីនឹងបន្តផ្អែកលើមាត្រា ៨០នៃរដ្ឋធម្មនុញ្ញ ដែលបានបញ្ជាក់ថា ប្រសិនបើតំណាងរាស្ត្រប្រព្រឹត្តបទល្មើសជាក់ស្តែង ច្បាប់អនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួន ហើយសមត្ថកិច្ចត្រូវធ្វើរបាយការណ៍ទៅរដ្ឋសភាតាមរយៈក្រសួងយុត្តិធម៌។ បន្ទាប់មក សភាត្រូវរកឲ្យបានសំឡេងពីរភាគបីនៃសមាជិកសភាទាំងមូលរបស់ខ្លួនដើម្បីព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្រនោះ។
«រដ្ឋសភាកាលពីថ្ងៃ ៣០នេះ រដ្ឋសភា យើងឃើញសំឡេងហ្នឹង វាអត់បានពីរភាគបីទេ គឺយើងឃើញ៦៨សំឡេងហ្នឹង គឺថាវាមិនទាន់បាន ពីរភាគបី។ អញ្ចឹងបើយើងយោងទៅតាមរដ្ឋធម្មនុញ្ញវាអត់មានលក្ខណៈត្រឹមត្រូវ ហើយអត់ទាន់អនុលោមទៅតាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញ»។
នៅគ្រាដែលលោក កឹម សុខា ពុំទាន់ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជូនមកតុលាការ មានសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៦រូបហើយ ដែលបានជាប់ឃុំឃាំង ក្នុងនោះក៏មានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា និង លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបដែលជាប់ចោទក្នុងរឿងផែនទី និងរឿងព្រំដែនកម្ពុជាវៀតណាម៕