ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ហៅ​ប្រតិកម្ម​របស់​បេសកកម្ម​ការទូត​បរទេស​នៅ​កម្ពុជា​ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

រូបឯកសារ៖ លោក ​ប្រាក់ សុខុន រដ្ឋមន្រ្តី​ថ្មី​នៃ​​​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថ្លែង​​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ជំនួបទ្វេភាគី​​ជាមួយ​រដ្ឋមន្រ្តីក្រសួង​ការបរទេស​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិនលោក ​វ៉ាង យី (ួWang Yi) នៅថ្ងៃ​សុក្រទី២២ ​ខែ​មេសា​ ឆ្នាំ​២០១៦ នៅរាជធានី​ភ្នំពេញ។ (ឡេង ឡែន/VOA)

ក្រសួង​ការបរទេស​កម្ពុជា​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា «រដ្ឋ​អធិបតេយ្យ​នេះ គឺ​គ្រាន់តែ​អនុវត្ត​ច្បាប់​ និង​ធ្វើ​តាម​នីតិវិធី​ច្បាប់​ និង​តុលាការ​ដូច​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​រដ្ឋ​នានា ​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ដូច​ខាង​ដើម​នោះ​ប៉ុណ្ណោះ»។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​របស់​បេសកកម្ម​ការ​ទូត​បរទេស​មួយ​ចំនួន​ទាក់ទិន​នឹង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា ថា​«​ខ្វះ​ចំណេះ​ដឹង​ ឬ​ធ្វើ​ជា​មិន​ដឹង​អំពី​ក្រម​ព្រហ្មទណ្ឌ ​និង​នីតិវិធី​នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មិថុនា​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ប្រតិភូ​សភាព​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ចុះ​ផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០១៦។ (រូបថត​ផ្តល់​ឲ្យ)

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ​កើត​ឡើង ក្រោយ​ពី​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃទី​៣០ ​ខែ​ឧសភា​កន្លង​ទៅ​នេះ ដោយ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​យាយី​ ឬ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​ផ្លូវ​តុលាការ​ទៅលើ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត។

សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​នេះ ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បន្ត​ការ​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​ និង​ដោយ​សន្តិវិធី​ជាមួយ​គណបក្ស​ប្រឆាំង ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សហភាព​អឺរ៉ុប​មើល​ឃើញ​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​លក្ខខណ្ឌ​ដែល​ត្រូវ​តែ​មាន​រួច​ជា​ស្រេច សម្រាប់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។

​ដោយ​មិន​បញ្ជាក់​ចំ​ឈ្មោះ​អំពី​ស្ថាន​បេសកកម្ម​ការទូត​ណាមួយ​ដែល​ខ្លួន​ចង់​សំដៅ​ទៅ​រក​នោះ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​នឹង​ប្រតិកម្ម​នៃ​បេសកកម្ម​ការទូត​នោះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ដោយ​ចាត់​ទុក​ប្រតិកម្ម​នោះ​ ថា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​មួយ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា «រដ្ឋ​អធិបតេយ្យ​នេះ គឺ​គ្រាន់តែ​អនុវត្ត​ច្បាប់​ និង​ធ្វើ​តាម​នីតិវិធី​ច្បាប់​ និង​តុលាការ​ដូច​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​រដ្ឋ​នានា ​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ដូច​ខាង​ដើម​នោះ​ប៉ុណ្ណោះ»។

សេចក្តី​ថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រ​ចាំ​នៅ​កម្ពុជា​ ដែល​បញ្ជាក់​ពី​ការ​សោកស្តាយ​ចំពោះ​«ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​មាន​លក្ខណៈ​គ្រោះថ្នាក់‍» នាពេល​ថ្មីៗ​នេះ ដែល​ត្រូវបាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃច័ន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦។

លោក កឹម សុខា អនុប្រធាន​ និង​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្ដី​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​មួយ ដែល​គណបក្ស​ប្រឆាំង ​និង​អ្នក​តាមដាន​នយោបាយ​មួយ​ចំនួន​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។

អ្នក​តំណាងរាស្ត្រ​ និង​សកម្មជន​គណបក្សប្រឆាំង​ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន ​និង​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈពេល​ថ្មីៗ​នេះ ខណៈ​ដែល​កម្ពុជា​គ្រោង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​របស់​ខ្លួន ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG