ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​៣០​រូបលះបង់​តំណែង​តំណាង​រាស្ត្រ


ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងថតរូបជាមួយមន្ត្រីរដ្ឋាភិបាល ក្នុងសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងថតរូបជាមួយមន្ត្រីរដ្ឋាភិបាល ក្នុងសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប) ​បាន​សម្រេច​ផ្ទេរ​ឈ្មោះ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៣០​នាក់ ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ តាម​សំណើ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដោយ​មូល​ហេតុ​ថា ​ពួក​គេ​នឹង​ទៅ​បំពេញ​តួនាទី​ជា​រដ្ឋ​មន្ត្រី​ ឧប​នាយក​រដ្ឋ​មន្ត្រី ​និង​ទេស​រដ្ឋ​មន្ត្រី។ ​ដោយ​ឡែក​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​នឹង​បន្ត​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី ​និង​តំណាង​រាស្រ្ត​ដដែល។ ​នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប ​និង​គណ​បក្ស​ប្រជាជន​កម្ពុជា។​

បើ​យោង​តាម​សេចក្តី​សម្រេច​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ​ចុះ​ថ្ងៃទី​២៤ ​ខែ​សីហា ​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣០​រូប ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​តួនាទី​ជា​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​នេះ ​ក្នុង​នោះ​រួម​មាន​លោក ​កើត រិទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិ​ធម៌ ​លោក ​ហង់​ជួន ណារ៉ុន​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ ​អ្នក​ស្រី អ៊ឹង ​កន្ថាផាវី ​រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​នារី ​អ្នកស្រី ​ចម និម្មល ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​លោក ហ៊ុន ម៉ានី ​រដ្ឋ​មន្រ្តី​ក្រសួង​មុខងារ​សាធារណៈ ​លោក ​កែវ រតនៈ ​រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ ​និង​ថាម​ពល​ លោក ​សាយ សំអាល់ ​រដ្ឋ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី ​លោក ​សុខ ចិន្តា​សោភា ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស ​លោក ​ជា វ៉ាន់ដេត​ រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ លោក ​ចាយ បូរិន​ រដ្ឋ​មន្រ្តី​ក្រសួង​ធម្មការ​និង​សាសនា ​លោក ​ឌិត ទីណា ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក​ ឆាយ ​ឫទ្ធិសែន ​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍ​ជនបទ​ និង​លោក ​អ៊ាង សុផល្លែត​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។​

មន្រ្តី​គណ​បក្ស​កាន់​អំណាច​ដែល​បោះ​បង់​តំណែង​តំណាង​រាស្រ្ត​ផ្សេង​ទៀត​ រួម​មាន​លោក ​សក់ សេដ្ឋា ​លោក ​លូ គឹមឈន់ ​លោក​ អ៊ុក រ៉ាប៊ុន​ លោក ​លី ណារុន​ លោក​ ថោង ខុន ​លោក ​ស៊ុន ចាន់ថុល ​លោក​ វង្សី វិស្សុត ​លោក ​ជូ ​វិជិត្ត ​លោក​ ព្រុំ សុខា ​លោក ​អូស្មាន់ ​ហាស្សាន់ ​លោក ​ស្បោង សារ៉ាត់លោក​ ហ៊ឺ បាវី ​អ្នកស្រី ​តឹក​រ៉េតកំរង ​ លោក ​តឹករ៉េត សំរេច ​លោក​ សូ ខនឬទ្ធីគុណ​ លោក ​អ៊ី ឈាន ​និង​លោក ​គន់ គីម។​

ដោយ​ឡែក​កូន​ប្រុស​របស់​លោក ​ទៀ បាញ់ ​គឺ​លោក ​ទៀ សីហា ​និង​កូន​ប្រុស​របស់​លោក ​ស ខេង ​គឺ​លោក ​ស សុខា​ នៅ​បន្ត​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​តំណាង​រាស្រ្ត​ដដែល។​

វីអូអេ​បាន​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​លោក ​កើត រិទ្ធ ​លោក ​ឌិត ទីណា​ លោក សាយ សំអាល់ ​លោក ​សក់ សេដ្ឋា​ និង​លោក​ អ៊ាង សុផល្លែត​ តែ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ។ ​

លោក ​ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​គ.ជ.ប ​ប្រាប់​វីអូអេ​ថា​ ការ​លុប​ឈ្មោះ​តំណាង​រាស្ត្រ​ទាំង​៣០​នាក់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នេះ ​យោង​តាម​សំណើ​របស់​គណ​បក្ស។ ​លោក​បន្ថែម​ថា​បេក្ខ​ជន​ពេញ​សិទ្ធិ ​និង​បេក្ខ​ជន​បម្រុង ​ដែល​មាន​ក្នុង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​ ដែល​ស្ថាប័ន​គ.ជ.ប​ ទទួល​ស្គាល់​ជា​ផ្លូវការ​ កាល​ពី​ថ្ងៃទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០២៣ ​នឹង​ត្រូវ​រំកិល​ឱ្យ​ឡើង​ជា​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ​ជំនួស។​

លោក​ថ្លែង​ថា៖ ​«ការ​លុប​ឈ្មោះ​របស់​បេក្ខជន​នៃ​គណ​បក្សនយោបាយ​ណា​មួយ​តាម​ការ​ស្នើ​សុំ​របស់​សាមី​គណ​បក្ស ​[គឺ]​ គ.ជ.ប ​នឹង​រំកិល​ឈ្មោះ​បន្ត​បន្ទាប់​តាម​លេខ​រៀង ​ដើម្បី​ចូល​ទៅ​ដាក់​បំពេញ​ឱ្យ​បេក្ខ​ជន​នៃ​គណ​បក្ស​នយោបាយ​ណា​ដែល​លោក​ទទួល​ជ័យ​លាភី»។​

អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ ថ្លែង​ថា ​ការ​ផ្លាស់​ប្តូរ​នេះ គឺ​ដោយ​សារ​តំណាង​រាស្ត្រ​មួយ​ចំនួន​ ត្រូវ​ទៅ​កាន់​តំណែង ​តួនាទី​ក្នុង​ជួរ​រដ្ឋា​ភិបាល។ ​លោក​បន្ត​ថា ​បើ​ទោះ​បី​ជា​លោក​ ទៀ សីហា ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​និង​លោក​ ស សុខា ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ដែល​កាន់​តួនាទី​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ផង​ និង​ជា​តំណាង​រាស្ត្រ​ផង​ គឺ​មិន​ទាស់​ខុស​អ្វី​ឡើយ ​និង​មិន​មាន​ការ​តម្រូវ​ឱ្យ​លា​លែង​តួនាទី​ជា​តំណាង​រាស្ត្រ​នោះ​ទេ ​លុះ​ត្រា​តែ​អ្នក​ដែល​មាន​តួនាទី​ជា​ទេស​រដ្ឋមន្ត្រី ​ទើប​ត្រូវ​លា​លែង​តួនាទី​តំណាង​រាស្រ្ត។ ​លោក​បន្ថែម​ថា ​ការ​លាលែង​របស់​មន្រ្តី​ជាន់​ខ្ពស់​ខ្លះ​ពី​តំណាង​រាស្រ្ត​ ដោយ​សារ​ផ្អែក​លើ​តម្រូវ​ការ​ការងារ​របស់​ពួកគេ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ឧបមា ​ឯក​ឧត្តម ​ស សុខា ​អ៊ីចឹង​ គាត់​ធ្វើ​ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​គាត់​ជា​តំណាង​រាស្ត្រ​ផង​ អត់​មាន​លា​លែង​ទេ។​ ប៉ុន្តែ​ឧទាហរណ៍​ថា ​ពី​មុន​មក ​តាម​ខ្ញុំ​ចាំ​ គឺ​ថា​ឯក​ឧត្តម​ខ្លះ​ជា​តំណាង​រាស្ត្រ​ផង ​ជា​ទេស​រដ្ឋមន្ត្រី​ផង​ ឥឡូវ​ដោយ​សារ​គោល​ការណ៍​គណ​បក្ស​ [គឺ]​ទេស​រដ្ឋមន្ត្រី ​មិន​អាច​ក្លាយ​ជា​តំណាង​រាស្ត្រ​ផង ​ហើយ​នឹង​ទេស​រដ្ឋ​មន្ត្រី​ផង​ទេ។​ អាហ្នឹង​គឺ​ថា​គាត់​ត្រូវ​លាលែង​ហើយ។​ បើ​គាត់​ទៅ​កាន់​ការងារ​[រដ្ឋាភិបាល]​អី​ គាត់​ត្រូវ​លា​លែង​ពី​តំណាង​រាស្ត្រ។ ​អ៊ីចឹង​ទុក​ឱ្យ​អ្នក​ក្រោយ​គេ​លេខ​រៀង​បន្ទាប់​ហ្នឹង ​គេ​ឡើង​មក​ធ្វើ​តំណាង​រាស្ត្រ»។​

បើ​តាម​លោក​ សុខ ឥសាន ​ក្នុង​ករណី​ដូច​លោក​ ស សុខា ​និង​លោក​ ទៀ សីហា ​ដែល​កាន់​តួនាទី​ជា​រដ្ឋ​មន្ត្រី​ និង​តំណាង​រាស្ត្រ​ គឺ​មិន​ប៉ះ​ពាល់​ប្រសិទ្ធ​ភាព​ការងារ​នោះ​ទេ ​ប៉ុន្តែ​ពួក​គាត់​អាច​ក្តាប់​ស្ថាន​ការណ៍​ក្នុង​ប្រទេស​បាន​ល្អ​ថែម​ទៀត។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ បាន​ឱ្យដឹង​ថា​ តំណាង​រាស្ត្រ​ថ្មី​ដែល​ត្រូវ​ឡើង​ជំនួស​ ក៏​ត្រូវ​ប្រកាស​សុពល​ភាព​ដោយរដ្ឋ​សភា​ តាម​រយៈ​ការ​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ និង​ត្រូវ​ស្បថ​ក្នុង​ព្រះ​មរប​រាជ​វាំង​ផង​ដែរ។​ លោក​បន្ត​ថា ​ការ​ផ្លាស់​ប្តូរ​តំណាង​រាស្ត្រ​ ដែល​ទើប​តែ​ធ្វើ​ឡើង​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឬ​ក្រោយ​រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​លើក​ទី១ ​កាល​ពី​ថ្ងៃ​ទី​២១ ​និ​ង​២២ ​ខែ​សីហា​កន្លង​ទៅ​ គឺ​យោង​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា៕

XS
SM
MD
LG