ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋ​មន្ត្រី​​វ័យ​ក្មេង ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​នឹង​លេច​មុខ​ឆាប់ៗ​នេះ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងនៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ទី​៧​ខាង​មុខ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ​គណៈ​រដ្ឋ​មន្ត្រីថ្មី​នឹង​មាន​កូន​ៗ​របស់​រដ្ឋ​មន្ត្រី​ដែល​ឡើង​កាន់​តួនាទី​ជំនួស​ឪពុក​របស់​ពួក​គេ​។ ​អ្នក​តាម​ដានយល់​ថា ការ​តែង​តាំង​សែ​ស្រឡាយ​មិន​គួរ​កើត​ឡើង​ក្នុង​សម័យ​ទំនើប ព្រោះវា​នឹង​អាច​ប៉ះ​ពាល់​ដល់​អភិ​បាល​កិច្ច​ល្អ។

​អ្នកតាមដាន​មើល​ឃើញថា​ ជិត៤​ទស​វត្សរ៍មកនេះ មាន​ការ​តែង​តាំង​សែ​ស្រឡាយ​ឱ្យ​កាន់​តួនាទី​រដ្ឋធំៗ​ដែល​ធ្វើ​ឱ្យមន្ត្រីមួយ​ចំនួន​ដែល​មាន​សមត្ថ​ភាព​ ដែល​មិន​មាន​សែ​ស្រឡាយ​អាក់​អន់​ស្រពន់​ចិត្ត​ផង​ដែរ។

​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​លោក ​យង់ គិមអេង ​យល់​ថា​ ការ​ដាក់​សែស្រឡាយ​ទៅ​គ្រប់​គ្រង​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ ​មិន​គួរ​កើត​ឡើង​ក្នុង​សម័យ​ទំនើប​ នាពេលបច្ចុប្បន្ន​នេះ​ទេ ​ព្រោះ​វា​នឹង​អាច​ប៉ះ​ពាល់​ដល់​អភិ​បាល​កិច្ច​ល្អ​ក្នុង​សង្គម។

លោក​ថ្លែង​ថា៖ «ចំ​ពោះ​បញ្ហា​នេះ វា​អត់​មាន​អ្វី​ដែល​ថា​ថ្មី​ទេ។ គ្រាន់​ថាជា​រឿង​មួយ​ដែលប្រជា​ពលរដ្ឋមួយ​ចំនួន​ក៏​បាន​លើក​ឡើ​ង​ដែរ​ថា​បញ្ហា​ទាំង​អស់​នេះ មិន​គួរ​កើត​ឡើង​ក្នុង​សម័យ​ទំនើប​នាពេល​បច្ចុប្បន្ន​នេះ ព្រោះ​ថា ការ​ដាក់​សែ​ស្រឡាយ សាច់​ញាតិ​ វា​នឹង​ធ្វើ​ឱ្យ​បញ្ហា​អភិបាល​កិច្ចអស់​ប្រសិទ្ធ​ភាព ​ពីព្រោះ​ដោយ​សារ​ថា​ម្នាក់ៗ មាន​អ្នក​ដែល​ចាំ​ការពារ​នៅ​ពី​ក្រោយ»។

លោក​បន្ថែម​ថា ​ការ​គ្រោង​រៀប​ចំឱ្យ​កូនរបស់​រដ្ឋ​មន្ត្រី​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ជំនួស​ឪពុក​ពួក​គេ​នោះ​ ក៏​នឹង​ធ្វើ​ឱ្យ​មន្ត្រី​ដែល​មាន​សមត្ថភាព​មួយ​ចំនួន​អាក់​អន់​ស្រពន់​ចិត្ត​ផង​ដែរ។

លោក​ថ្លែង​ថា៖ ​«នៅ​ក្នុង​ការ​ប្រែ​ប្រួល ​ផ្លាស់​ប្តូរ​ណា​មួយ​ ចៀស​មិន​រួច​ទេ អំពី​ការ​អាក់​អន់​ស្រពន់​ចិត្ត​ ពីព្រោះ​ជា​ធម្មតា គឺ​អាច​នឹង​មាន​មន្ត្រី​ដែល​គាត់​ធ្វើ​កិច្ច​ការ​យូរ​ហើយ​ ក៏​មាន​សមត្ថភាព​ដែរ​ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​តែង​តាំង ដោយ​សារ​គាត់​អត់​មាន​សែ​ស្រឡាយ​អី​ហូរ​ហែ អាហ្នឹង​ក៏​ជា​បញ្ហា​ដែរ»។
​ ​
លោក ​យង់ គិមអេង​ យល់​ថា ​រដ្ឋាភិបាល​អាណត្តិ​ទី៧​ដែល​នឹង​ដឹកនាំ​ដោយ​ លោក ហ៊ុន ម៉ាណែត ​នឹង​ប្រើប្រាស់​ពេល​វេលា​ច្រើន ក្នុង​ការសម្រប​សម្រួល​បញ្ហា​ផ្ទៃ​ក្នុង​គណ​បក្ស​ ជា​ជាងការអភិវឌ្ឍ​ប្រទេស។

បើ​តាម​បញ្ជី​ឈ្មោះ​ក្រៅ​ផ្លូវ​ការ​មួយ​ច្បាប់ដែល​រៀប​រាប់​អំពី​សមាសភាព​រដ្ឋា​ភិបាល​ប​ម្រុង​ទុក​ គេ​ឃើញ​កូន​ប្រុស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ​ស ខេង ​គឺ​លោក ស សុខា ដែល​បច្ចុប្បន្ន​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ​នឹង​ទៅ​កាន់​តួនាទី​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។ ​កូន​ប្រុស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក ទៀ បាញ់ ​គឺ​លោក ទៀ សីហា ដែល​បច្ចុ​ប្បន្ន​ជាអភិ​បាល​ខេត្ត​សៀមរាប ​នឹង​ទៅ​កាន់​តួនាទី​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​។ ​កូន​ស្រី​របស់ លោក ​ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា និង​នវា​នុវត្តន៍ ​គឺ​អ្នក​ស្រី ចម និម្មល​ ដែល​បច្ចុ​ប្បន្ន​ជា​រដ្ឋ​លេខា​ធិកា​រ​ក្រសួង​ពាណិជ្ជ​កម្ម នឹង​ឡើង​ទៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម។ បើ​តាម​បញ្ជី​ក្រៅ​ផ្លូវ​ការ​នោះ កូន​មួយ​ចំនួន​ទៀតរបស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឡើង​ជំនួស​រដ្ឋមន្រ្តី​ផ្សេង​ទៀត។

លោក​ ប៉ា ច័ន្ទរឿន ​ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា​ថ្លែង​ថា​ យន្តការ​នៃ​ការ​ផ្ទេរ​តំណែង​ទម្រង់​ក្រុម​គ្រួសារ​នេះ​ អាច​មាន​គុណ​វិបត្តិ​ច្រើន​ជាង​គុណ​សម្បត្តិ​ ដែល​អាច​បង្កើតឱ្យមាន​បក្ខពួក​និយម បង្ក​ជាជម្លោះ​ផល​ប្រយោជន៍​ដែល​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិ​រដ្ឋ។

លោក​ប្រាប់​វីអូអេ​ថា៖ «គ្រួសារ​និយមអាចបង្កើត​ឱ្យ​មាន​បក្ខពួក​និយម​កើត​ឡើង ហើយ​ចំណុច​មួយ​ទៀត​គឺវា​ក៏​អាច​បង្កើត​ឱ្យមាន​ទំនាស់​ផល​ប្រយោជន៍​អាច​ឈាន​ទៅ​ដល់​ការ​ចុះ​ខ្សោយ​នៃ​ដំណើរ​ការ​នីតិរដ្ឋ​អំពើ​ពុក​រលួយ ការ​រំលោភ​អំណាច និង​ភាព​អយុត្តិធម៌​នៅ​ក្នុង​នោះ»។

លោក​បន្ថែមថា​បរិ​បទ​នៃ​ការ​ផ្ទេរ​អំណាច​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ​ ដែល​មាន​ភាព​ទន់​ខ្សោយ ចៀស​មិន​ផុត​ពី​ភាព​ចម្រូង​ចម្រាស​ផ្ទៃ​ក្នុង​បក្ស​ ដែល​ជា​ហេតុ​ទាម​ទារ​ឱ្យ​មាន​ការ​បែង​ចែក​អំណាច​។

​លោក​ថ្លែង​ថា៖ «​ស្ថាប័ន​រដ្ឋ​របស់​យើង​នៅ​មាន​ភាព​ទន់​ខ្សោយ​ ដូចជា​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ មិន​អាច​ចៀស​ផុត​ទេ​ពី​ការ​សម្រប​សម្រួល​ខាង​ផ្នែក​នយោ​បាយ និង​ការ​ផ្ដល់​អត្ថ​ប្រយោជន៍​ទៅ​ដល់​សមាជិក​ដទៃ​ទៀត​នៃ​គណបក្ស​មួយ​ដែល​ឈ្នះ​ឆ្នោត ការ​បែង​ចែក​ទាំង​អំណាច ទាំង​ផល​ប្រយោជន៍​បែប​នេះ​ធ្វើ​អាច​ធ្វើឱ្យដំណើរ​ការ​នៃ​ការ​ផ្ទេរ​អំណាច​នេះ​វា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​»។​

​ទាក់​ទង​នឹង​បញ្ជី​ឈ្មោះ​ក្រៅ​ផ្លូវ​ការ ដែល​រៀប​រាប់​អំពី​សមាស​ភាព​រដ្ឋា​ភិបាល​ថ្មី លោក ​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាចបញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​បាន​រៀប​ចំសមាស​ភាព​គណៈរដ្ឋ​មន្ត្រី និង​សមាសភាព​រដ្ឋា​ភិបាល​នោះ​ពិត​មែន។ លោក​ថា​ នៅ​ថ្ងៃ​ទី២២ ខែ​សីហា​ ខាង​មុខ បញ្ជី​ឈ្មោះ​ផ្លូវ​ការ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

​ប៉ុន្តែ​លោក​ថា​ ឯក​សារ​បញ្ជី​ឈ្មោះ​នៃ​សមាស​ភាព​រដ្ឋា​ភិបាល​ប​ម្រុង​ទុក​មួយ​នេះ គឺជា​មូល​ដ្ឋាន​មួយ​ ​ក្រោយ​ពេលលោក​ ហ៊ុន ម៉ាណែត ​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹត្យ ​ដើម្បី​ឱ្យ​ចាត់​តាំង និង​រៀបចំ​សមាស​ភាពគណៈ​រដ្ឋមន្ត្រី​ថ្មី ​រួចសុំ​សេច​ក្តី​ទុក​ចិត្តពីរដ្ឋ​សភា​ ទើប​គណៈ​រដ្ឋ​មន្ត្រី​ថ្មី ទទួល​ស្គាល់​ជាផ្លូវ​ការ។

​លោកបញ្ជាក់​ថា​៖ «​គណ​បក្ស​ប្រជា​ជ​ន​មិន​មាន​ទម្លាប់​ធ្វើ​អ្វីដោយ​ចៃដន្យ​ទេ។ យើង​ធ្វើ​តែង​តែ​មាន​គម្រោង ​តែង​តែ​មាន​ផែន​កា​រ​ច្បាស់​លាស់​។ ​អ៊ីចឹង​ផែន​កា​រ​ និង​ទម្រង់​នេះ​ហើយ​ ដែល​បែក​ធ្លាយ​មក​ខាង​ក្រៅ​។ តែ​ទោះ​បែក​ធ្លាយម​ក​ខា​ង​ក្រៅ ក៏​យើង​អាច​ចាត់​ទុក​ថា​ជា​ឯក​សារ​ជា​មូលដ្ឋាន ដើម្បីឱ្យ​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី ដែល​ជាប់​ឆ្នោត​ថ្មី​នេះ ដាក់​រៀប​ចំ​ ដើម្បីសុំ​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា»។

បើ​តាម​លោក សុខ ឥសាន​ ការ​ត្រៀម​តែង​តាំង​សមាស​ភាព​គណៈ​រដ្ឋមន្ត្រីថ្មី​ដែល​ភាគ​ច្រើន​ជា​កូន​ៗ​របស់​រដ្ឋមន្ត្រី​ គឺ​ដោយ​សារ​ឪពុក​របស់​ពួ​ក​គេជា​រដ្ឋ​មន្ត្រី​ចាស់​ៗ សុទ្ធ​តែជា​ឥ​ស្សរ​ជន​មាន​គុណ​សម្បត្តិ​ ​មាន​ស្នាដៃ ​និង​គោល​ជំហរ​ល្អ​ចំពោះ​ជាតិ​មាតុ​ភូ​មិ​។

លោក សុខ ឥសាន ​បញ្ជាក់​បន្ថែម​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដោយ​ជ្រើស​យកកូន​ចៅ​ដែល​មាន​ពូជ​ពង្ស​ល្អ​ឱ្យ​បន្ត​វេន។ លោក​បន្ត​ថា ​គណបក្ស​ប្រជាជ​ន​កម្ពុជានិង​គណ​បក្ស​ដទៃ​ក៏​តែង​តែកសាង​យុវជន​របស់​ខ្លួន ដើម្បី​ស្នង​តំណែង ដែល​ស្រប​តាម​របប​ប្រជាធិ​ប​តេយ្យ​ សេរី ពហុបក្ស។

បើតាមលោក​ សុខ ឥសាន​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​មានវប្បធម៌​ច្រណែន​គ្នា​អំពី​តួនាទី​អ្វី​នោះ​ទេ។

លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​ អត់​មាន​វប្បធម៌ច្រណែន​គ្នា​អំពី​តួនាទី​ទេ​។ វា​អាស្រ័យ​តួនាទី ​តំណែង​ កាន់​កន្លែង​ណា​មួយ​ ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ស្រប​តាម​សមត្ថភាព គោល​ជំហរ ​ក៏​ដូច​បទ​ពិសោធន៍របស់​មន្ត្រី​ម្នាក់ៗ។ អ៊ីចឹង​មន្ត្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នេះ ត្រូវ​ទទួល​ការ​ចាត់​តាំង​ និង​តែង​តាំង​ ដោយ​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​គ្មាន​ទស្សនៈ​ណា​មួយ ដែល​ច្រណែន​ឈ្នានីស​គ្នា​ទេ​»​។

​បើ​តាម​ការ​បង្ហោះ​សារ​ និង​រូបភាព​នៅ​លើគណនី​ហ្វេស​ប៊ុក​របស់​លោក ទៀ បាញ់ រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃអាទិត្យ គេ​ឃើញ​លោក ទៀ សីហា ក្នុង​សម្លៀក​បំពាក់​ជា​ទាហាន អម​ឪពុក​របស់​លោក ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​មូល​ដ្ឋាន​សមុ​ទ្រ​រាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​អាច​ជា​សញ្ញា​ក្នុង​ការ​ផ្ទេរ​តួនាទី​នៅ​ពេល​ខាង​មុខ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ទៀ សីហា និង​លោក ស សុខា បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នកស្រី ជា សិរី ​ដែល​ជា​កូន​ស្រីរបស់​លោក ជា ​ចាន់​តូ ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ត្រូវ​បា​ន​ព្រះ​មហា​ក្សត្រ​តែង​តាំង​ជា​អគ្គ​ទេសា​ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ជំនួស​ឪពុក​របស់​អ្នកស្រី៕

XS
SM
MD
LG