ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​បោះឆ្នោត​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​នឹង​បំណង​របស់​លោក ហ៊ុន សែន


លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាអំពីការប្តេជ្ញាចិត្តដឹកនាំរដ្ឋាភិបាល ក្រោយពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាអំពីការប្តេជ្ញាចិត្តដឹកនាំរដ្ឋាភិបាល ក្រោយពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ ហ៊ុន ម៉ាណែត​ ទទួលបានសំឡេង​គាំទ្រ​ច្រើន​លើស​លប់​ក្នុង​រដ្ឋ​សភាធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​កម្ពុជា​ និង​បាន​ប្រកាស​ធានា​លើ​ការ​កែ​ទម្រង់​អភិបាល​កិច្ច​ និងពង្រឹង​ស្ថាប័ន​សាធារណៈ​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​ ហើយ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​និង​សង្គម​កម្ពុជា។ ​លោក​ក៏​ប្តេជ្ញា​បន្ត​រក្សា​សន្តិភាព ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស ​និង​អនុវត្ត​តាម​គោល​នយោបាយ​សំខាន់ៗ​ផ្សេង​ទៀត។

អំឡុង​ពេល​រដ្ឋ​សភា​នៃ​នីតិ​កាល​ទី​៧ ​បន្ត​សម័យ​ប្រជុំលើក​ទី១​ នៅ​ថ្ងៃ​អង្គារ​ទី​២២​ ខែ​សីហានេះ​ សមាជិក​សភា​ចំនួន​១២៣​រូប ​ក្នុង​ចំណោម​១២៥​រូប​ ​បាន​បោះឆ្នោត​គាំទ្រ​លោក ​ហ៊ុន ម៉ាណែត​ ដែល​នឹង​ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ​ជា​មួយ​គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​លោក​នៅ​ថ្ងៃ​ទី​២៣ ​ខែ​សីហា​។​

​ការ​ឡើង​កាន់​អំណាច​របស់​លោក​ ​ហ៊ុន ម៉ាណែត​ បាន​បញ្ចប់​ការ​គ្រប់គ្រង​របស់​ឪពុក​លោក​គឺ​លោក ​ហ៊ុន សែន ​ដែល​បាន​ធ្វើជា​នាយក​រដ្ឋ​មន្ត្រី​ចំនួន​៣៨ឆ្នាំ។​

តំណាងរាស្ត្រ​ចូលរួម​សម័យ​ប្រជុំសភា​លើក​ទីមួយ​នៃ​នីតិកាល​ទី៧។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
តំណាងរាស្ត្រ​ចូលរួម​សម័យ​ប្រជុំសភា​លើក​ទីមួយ​នៃ​នីតិកាល​ទី៧។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​ក្រោយ​ការ​ផ្តល់​សេចក្តី​ទុក​ចិត្ត​របស់​រដ្ឋសភា​ឱ្យធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ក្នុង​អាណត្តិ​ទី៧​នេះ​ លោក ​ហ៊ុន​ ម៉ាណែត​ ​បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​សភា​នោះថា​ ​ក្នុង​នាម​លោក​ដែល​ដឹកនាំ​រដ្ឋា​ភិបាល​អា​ណត្តិ​ទី៧ នឹង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​និង​សង្គម​កម្ពុជា​ ​ដែល​នេះជា​ចំណុច​មួយ​ក្នុង​ចំណោម​ការ​ធានា​ទាំង​៥​របស់​រដ្ឋាភិបាល​លើ​ការអនុវត្តកម្ម​វិធី​គោល​នយោបាយ​ដើម្បី​ប្រជាជន។​

លោក ​ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖ ​«ការ​ធានា​បន្ត​ជំរុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​និង​សង្គម​កម្ពុជា ​ក្នុង​គ្រប់​វិស័យ​ ដែល​ផ្តោត​លើ​អាទិភាព​លើ​ការ​កែ​ទម្រង់​អភិបាល​កិច្ច​សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ ​ដែល​មាន​សមត្ថភាព​ខ្ពស់ ​ខ្លាំង​ ​វៃឆ្លាត ​និង​ស្អាតស្អំ រួម​បញ្ចូល​ផង​ដែរ​នូវ​កា​រពង្រឹង​គោល​ការណ៍​នីតិ​រដ្ឋ​ ​និង​ការ​ពង្រឹង​យុត្តិធម៌​ក្នុងសង្គម...»។​

ក្រៅពី​នេះ ​លោក​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា ​រដ្ឋាភិ​បាល​អាណត្តី​ទី៧​នេះ​ នឹងធានា​ការពារ​ឱ្យ​បាន​ជា​ដាច់​ខាត​នូវ​សន្តិភាព ​ស្ថិរ​ភាព​ សន្តិសុខ​ និង​សុវត្ថិភាព​ ​ព្រម​ទាំង​ការពារ​ឯក​រាជ្យ​ អធិប​តេយ្យ​ និង​បូរណ​ភាពទឹកដី​ឱ្យ​បាន​គង់​វង្ស​ចីរ​កាល ​មិន​ឱ្យ​កម្លាំង​ណា​មក​បំពាន ​ឬ​បំផ្លាញ​បាន​ឡើយ។​

​បើ​តាម​លោក ​ហ៊ុន ម៉ាណែត ក្នុង​ឆ្នាំ​២០២៣​នេះ​ ​រដ្ឋា​ភិបាល​ថ្មី​នឹង​យក​ចិត្ត​ទុក​លើ​ការ​ពង្រីក​សេវា​ថែ​ទាំ​សុខ​ភាព ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​បច្ចេក​ទេស កម្មវិធី​ជាតិ​ជំនួយ​សង្គម ​ការ​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ការ​ដាក់​ចេញ​នូវ​យន្ត​ការ​សម្រប​សម្រួល ​និង​កម្មវិធី​ហិរញ្ញ​ប្បទាន​សំដៅ​លើក​ស្ទួយ​ផលិត​កម្ម ​រក​ទីផ្សារ​ ​និង​រក្សា​លំនឹង​តម្លៃ​កសិ​ផល និង​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេក​ទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ​សង្កាត់​ជាដើម។ ​

​លោក ​ហ៊ុន ម៉ាណែត បន្ថែម​ថា ​ការ​សម្រេច​ចិត្ត​របស់​ពល​រដ្ឋ​កម្ពុជា​ដែលបោះ​ឆ្នោត​ឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ​កាល​ពីថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣ ​ក៏​ជាការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពីការ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ ចំពោះ​ក្រុម​អគតិ​មួយ​ចំនួន ​ដែល​ញុះ​ញង់ ​អុជ​អាល ​បំផុស​ប្រជា​ពល​រដ្ឋឱ្យ​ធ្វើ​ទៅ​តាមមហិច្ឆតា​របស់​ពួក​គេ។​

ក្រោយ​ពេល​បញ្ចប់​សម័យ​ប្រជុំរដ្ឋសភា​លើក​ទី១​នេះ ​លោក ​ហ៊ុន សែន ​ដែល​អះអាង​ថា ​លោក​នឹង​ក្លាយ​ជាប្រធាន​ព្រឹទ្ធ​សភា​នៅ​ខែ​មីនា​ ឆ្នាំ​២០២៤​នោះ​ បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ក្នុងបរិវេណ​រដ្ឋ​សភា។ ​ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​ឱ្យសំឡេង​សហ​រដ្ឋ​អាមេរិក​(វីអូអេ​)​ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​ដែល​មាន​វត្ត​មាន​ក្នុង​សភា​ប្រាប់​ថា ​មិន​អាច​ឱ្យ​ចូល​រួម​សន្និសីទ​នោះ​បាន​ទេ។​

រូបភាពនៃកន្លែងធ្វើសន្និសីទសារព័ត៌មានដែលមិនមានអ្នកអង្គុយត្រូវបាន​អ្នកសារព័ត៌មាន​វីអូអេថតបានមុនពេលមន្ត្រីនៅទីនោះបណ្តេញអ្នកសារព័ត៌មាន​វីអូអេ​ចេញពីកន្លែងដែលលោក ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មាន ក្នុងវិមានរដ្ឋសភា​នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបភាពនៃកន្លែងធ្វើសន្និសីទសារព័ត៌មានដែលមិនមានអ្នកអង្គុយត្រូវបាន​អ្នកសារព័ត៌មាន​វីអូអេថតបានមុនពេលមន្ត្រីនៅទីនោះបណ្តេញអ្នកសារព័ត៌មាន​វីអូអេ​ចេញពីកន្លែងដែលលោក ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មាន ក្នុងវិមានរដ្ឋសភា​នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយក​រដ្ឋមន្ត្រី​។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ុន សែន ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ក្រោយ​សភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយក​រដ្ឋមន្ត្រី​។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្នុង​សន្និសីទ​ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ​លោក ​ហ៊ុន សែន​ ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​គោល​បំណង​របស់​លោក​ដែល​ចង់ឱ្យលោក ​ហ៊ុន ម៉ាណែត ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ បាន​ក្លាយ​ជា​ការណ៍​ពិត។ ​

​លោក​ថ្លែង​ថា៖ ​«ខ្ញុំ​កំពុង​ក្លាយ​ខ្លួន​ជា​ឪពុក​នាយក​រដ្ឋ​មន្ត្រី។ ​ប៉ុន្មាន​ម៉ោង​មុន​នេះ ​ខ្ញុំជា​នាយក​រដ្ឋ​មន្ត្រី។​ ប៉ុន្តែ​ពេល​ខ្ញុំ​និយាយ​នេះ ​ខ្ញុំ​គឺ​ជា​ឪ ​[របស់]​នាយក​រដ្ឋមន្ត្រី។ ​អ្នកទាំង​អស់​គ្នា​ធ្លាប់​ឮ​ទេ​ថា​ ខ្ញុំ​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​ឪ​នាយក​រដ្ឋមន្ត្រី។​ ឥឡូវ​ខ្ញុំ​សម្រេច​នូវ​អ្វីដែល​ខ្ញុំ​ចង់​បាន​ហើយ»។

លោក ​ហ៊ុន សែន​ ​បន្ថែម​ថា កូន​ប្រុស​គាត់​ និង​អ្នក​ជំនាន់ថ្មី ​ពិតជា​មា​ន​លទ្ធ​ភាព​ធ្វើ​កិច្ចការ​នានា​ និង​បន្តរែក​ពន់​កិច្ចការ​ដែល​នៅ​សេស​សល់​ពី​អ្នក​ដឹកនាំចាស់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ពួក​គេ​ពិត​ជា​មាន​លទ្ធ​ភាព​ដើម្បីធ្វើ​កិច្ច​ការ​ទាក់ទង​ជាមួយ​អ្វី​ដែល​ជា​កិច្ចការ​ដែល​នៅសេស​សល់។​ វា​មិន​មែន​គ្រាន់​តែ​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ទៅ​មុខទេ។ ​កិច្ច​ការអម្រែក ​ដែលដាក់​ពី​អ្នក​ជំនាន់​ចាស់ ​វា​ពិត​ជាធ្ងន់​ណាស់​សម្រាប់​អ្នក​បន្ត​វេន​ ដែល​ពួក​គេ​នឹង​បន្ត​រែក​ពន់​កិច្ច​ការ​ដែល​យើង​ធ្លាប់​រែក​ពន់»។​

លោក ​ហ៊ុន សែន ​ចាត់​ទុក​ថា​ ថ្ងៃ​ទី​២២ ​ខែ​សីហានេះ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​កម្ពុជា​បាន​ធ្វើ​ដើម្បី​និរន្តរ​ភាព​នៃ​សន្តិភាព​ និង​កា​រអភិវឌ្ឍ។​

ដោយ​ឡែក​ ​នៅ​ថ្ងៃ​អង្គារ​ ទី២២ ​ខែ​សីហា​នេះ​ ព្រះ​មហា​ក្សត្រ​នរោត្តម​សីហមុនី បាន​ចេញ​ព្រះ​រាជ​ក្រឹត្យត្រាស់​បង្គាប់ដោយ​តែង​តាំង​លោក​ ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋ​មន្ត្រី​ ​និង​បានតែង​តាំង​ឧប​នាយក​រដ្ឋមន្ត្រី​ចំនួន​១០​រូប ​ទេស​រដ្ឋមន្ត្រី​ចំនួន​២១​រូប ​និង​តែង​តាំង​ ​រដ្ឋ​មន្ត្រី​ចំនួន​៣០​រូបឱ្យ​ដឹក​នាំ​នៅតាម​ក្រសួង​ស្ថាប័ន​រដ្ឋ។​

​ព្រះ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់​នោះ​ បាន​បង្ហាញ​ថា ​លោក​ ស សុខា ​បាន​ទៅ​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំនួស​ឱ្យ​ឪពុក​លោក ​គឺ​លោក ​ស ខេង ​លោក​ ទៀ សីហា​ កូន​ប្រុស​លោក​ ទៀ បាញ់​ បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ ​ចំណែកកូន​ស្រី​របស់​លោក ​ចម ប្រសិទ្ធ ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម ​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា ​និង​នវានុវត្តន៍ ​គឺ​អ្នក​ស្រី ​ចម និម្មល​ ​នឹង​ទៅ​កាន់​តួនាទី​ជារដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និង​កូនៗ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​ទៀត ​នឹង​ឡើង​ជំនួស​រដ្ឋមន្រ្តី​ចាស់ៗផ្សេង​ទៀត​ផង​ដែរ។​

ព្រះ​មហា​ក្សត្រ​ក៏​បាន​តែង​តាំង​លោក ​ហ៊ុន សែន ​ឱ្យ​ធ្វើ​ជា​ប្រធានឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ ​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី លោក ​ហេង សំរិន ​ធ្វើ​ជា​ប្រធាន​កិត្តិយស​នៃ​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ ​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ​និងលោក ​ស ខេង​ លោក ​ទៀ បាញ់ ​និង​អ្នកស្រី ​ម៉ែន សំអន ​ជា​ឧត្តម​ប្រឹក្សា​ក្រុម​ផ្ទាល់​ព្រះ​មហា​ក្សត្រ ​មាន​ឋានៈស្មើ​ឧប​នាយក​រដ្ឋ​មន្ត្រី។ ​នេះ​បើ​តាម​ព្រះ​រាជ​ក្រឹត្យ​ត្រាស់​បង្គាប់ ​ចុះថ្ងៃ​ទី២២ ​ខែ​សីហា។​

ក្នុង​កម្មវិធី ​Hello VOA ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ លោក​ ប៉ិច ពិសី កត់​សម្គាល់​ថា​ ការ​ផ្លាស់​ប្តូរតំណែង​ពី​ឪពុក​ ឬម្តាយ​ទៅ​កូន ​ឱ្យ​កាន់​តួនាទី​ធំៗ​ ក្នុងជួរ​រដ្ឋាភិបាល​បែប​នេះ ​គឺមិន​ធ្លាប់​កើត​មាននៅតំបន់​អាស៊ី​ និង​សាកល​លោក​ទេ។ ​លោក​ថា ​នេះ​ជាការ​ផ្លាស់​ប្តូរ​បែប​ប្រព័ន្ធ​គ្រួសារ​ និង​សែស្រឡាយ​និយម។ ​

​លោក​ថ្លែង​ថា៖ ​«ការ​ផ្លាស់​ប្តូរ​នេះ​ទៀត​សោត ​យើង​ឃើញ​មាន​ការ​ប្តូរ​ដោយ​សែ​ស្រឡាយ ​ហើយ​លក្ខណៈ​គ្រួសារនិយម​មាន​ន័យ​ថា ​ការ​ផ្លាស់​ប្តូរ​ពី​ម្តាយ​ទៅ​កូន​តែ​ម្តង ​ហើយ​សុទ្ធតែកាន់​តំណែង​សំខាន់ៗ​ តំណែង​ផ្នែក​នយោបាយ​ផង​ តំណែង​ផ្នែក​បច្ចេកទេស​ផង​នៅក្នុង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​នេះ។ ​ដូច្នេះ​វា​ជា​ការ​ផ្លាស់ប្តូរ​មួយ​ធំ​ សម្រាប់​កម្ពុជា ​ហើយ​សម្រាប់​ពលរដ្ឋ។ ​ការ​ផ្លាស់​ប្តូរ​នេះ ​យើងអាច​មើល​ឃើញ​ថា ​ជា​ការ​ផ្លាស់ប្តូរ​ដែល​មិនធ្លាប់​មាន​ទេ ​សម្រាប់​តំបន់​ក្តី​ នៅ​សាកល​លោក​ក្តី ​ដែល​ជា​ការ​ផ្លាស់​ប្តូរ​បែប​ប្រព័ន្ធ​គ្រួសារ​ និង​សែស្រឡាយ​និយម​នេះ»។

​បើ​តាម​លោក​ ប៉ិច ពិសី ​ប្រជា​ពលរដ្ឋកំពុង​ចាំ​មើល​ការ​ដឹក​នាំ​ប្រទេស​កម្ពុជាដោយ​អ្នក​ជំនាន់​ថ្មី​ផង​ដែរ​ ដូច្នេះ​អ្នក​ជំនាន់​ថ្មី​ត្រូវ​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ។

​លោក​ថា៖​ ​«បាទ ​ខ្ញុំ​គិត​ថា​ អាទិភាព​ចម្បង​ទីមួយគឺ​ការ​កសាង​ទំនុក​ចិត្ត​ពី​ពល​រដ្ឋ ​ជា​អាទិភាព​ទី​មួយ។​ ឥឡូវ​យើង​បាន​ដឹង​ហើយ​ថា​ ពលរដ្ឋ​កំពុង​តែ​ចាំមើល ​ហើយមាន​ការ​មន្ទិល​សង្ស័យ​ច្រើន ​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ចិត្ត​ច្រើន​ថា ​តើ​ទិស​ដៅ​ជាតិ​ ដែល​ថ្នាក់​ដឹកនាំ​ថ្មី​ដែល​នឹង​រៀបចំ ​និង​អនុវត្ត​នោះ ​នឹង​ដើរ​ទៅ​ទិស​ខាង​ណា ​ទាក់​ទង​វិស័យ​នយោ​បាយ ​ទាក់​ទង​សេដ្ឋ​កិច្ច ​ទាក់ទង​សង្គម​ ហើយ​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ​ដែល​អាច​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ទាំង​មូល​ហ្នឹង។ ​អ៊ីចឹងប្រជា​ពលរដ្ឋ​កំពុង​រង់​ចាំ​មើល»។ ​
​ ​
​ក្នុង​សម័យ​ប្រជុំ​សភា​លើក​ទី​១​នីតិ​កាល​ទី៧ ​នា​ព្រឹក​ថ្ងៃ​អង្គារ ​ទី​២២ ​ខែ​សីហា ​ឆ្នាំ​២០២៣​នេះ ​រដ្ឋ​សភាបាន​បោះ​ឆ្នោតគាំទ្រលោក​ស្រី​ ឃួន ​សុដារី​ ឱ្យ​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា ​លោក​ ជាម យៀប ​ធ្វើ​ជា​អនុ​ប្រធាន​ទី​១​ និង​ លោក វង សូត ​ធ្វើ​ជា​អនុ​ប្រធាន​ទី២ ​ដោយ​សំឡេង​គាំទ្រ​១២៣​ លើ​១២៥ ​នៃ​សមាជិក​រដ្ឋ​សភា​ទាំង​មូល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG