ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងមហាផ្ទៃ៖ ជន​បរទេស​សរុប​ជិត​ ៩០០ នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​អំពើ​ជួញដូរ​និង​រត់ពន្ធ​មនុស្ស


រូបឯកសារ៖ រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញមេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញ ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។
រូបឯកសារ៖ រូបថតដែលចែកចាយដោយប៉ូលិសថៃកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ បង្ហាញមេបញ្ជាការប៉ូលិសថៃលោក Surachate Hakparn និយាយជាមួយជនរងគ្រោះដែលត្រូវបានសង្គ្រោះពីភ្នំពេញ ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងករណីបង្ខាំងឲ្យធ្វើការ។

ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​កម្ពុជា​បានជួយ​សង្រ្គោះ​ជន​បរទេស ​ដែល​ត្រូវបាន​រាយការណ៍​ថា​ជា​ជនរងគ្រោះ​នៃ​អំពើជួញដូរ​និង​រត់ពន្ធ​មនុស្ស​ សរុប​ប្រមាណ​ ៩០០ នាក់​ ចាប់តាំង​ពី​ដើម​ខែមករា រហូត​ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ នេះ។ នេះបើយោងតាម​សេចក្តី​អំពាវនាវ​របស់​លោក ស ខេង រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ ដែល​វីអូអេ​ទទួល​បាន។

កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធើណិត (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម​ និង​ជំរិត​ទារ​ប្រាក់​ជា​ដើម។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ អាជ្ញាធរ​មានសមត្ថកិច្ច​បាន​ធ្វើប្រតិបត្តិការ​ចំនួន ៨៧ ករណី ដោយ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន​ ៨៦៥ នាក់​ ចាប់តាំង​ពីដើម​ខែម​ករា ដល់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២។ ក្រសួង​បាន​លើកឡើង​បន្ថែម​ថា​ អាជ្ញាធរ​បាន​កសាង​សំណុំរឿង​ចំនួន ១៧ ករណី បញ្ជូន​ទៅ​តុលាការ​ ហើយ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​ ៦០ នាក់។

បើតាម​សេចក្តី​អំពាវនាវ​របស់​ក្រសួង​មហាផ្ទៃ នៅ​ក្នុងសប្តាហ៍ទី ៤ នៃ​ខែ​សីហានេះ សមត្ថកិច្ច​បាន​ជួយសង្រ្គោះ​ជន​រងគ្រោះ​សរុបចំនួន​ ២៥ នាក់ទៀត​ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២៣ នាក់ នៅ​ក្នុង​ខេត្តព្រះសីហនុ ពោធិ៍សាត់ ស្វាយរៀង និង​ខេត្តឧត្តរមានជ័យ។ ក្រសួង​បាន​បញ្ជាក់​បន្ថែម​ថា​ នៅ​មាន​ករណី​សេសសល់​បន្ថែម​ទៀត ដែល​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​សង្គ្រោះ​ និង​ចុះ​បង្ក្រាប។

បើផ្អែក​តាម​ការ​ស្រាវជ្រាវ​និង​សួរចម្លើយ ក្រសួង​មហាផ្ទៃបាន​រក​ឃើញ​ថា​ ជន​បរទេស​ទាំងនោះ​មួយ​ចំនួន​ធំ ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​មេក្លោង​នៅក្នុង​ប្រទេស​ខ្លួន និង​មាន​បក្សពួក​នៅ​ក្នុង​កម្ពុជា​ ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ធ្វើ​ការ​ឆបោក​ឲ្យ​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់​ ចូល​មក​ប្រទេស​កម្ពុជា ក្រោម​ការសន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់។

ប៉ុន្តែ​ជាក់ស្តែង​ជនទាំង​នោះ ត្រូវបាន​ចាត់​ឲ្យ​បម្រើ​ការងារ​ក្នុងល្បែង​ស៊ីសង​អនឡាញ​ខុសច្បាប់ ហើយ​ក្លាយជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ និង​រត់ពន្ធ​មនុស្ស​ ដោយ​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​ធ្វើការ​ជួញដូរ ឬ​ផ្ទេរបន្ត​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ ឬពី​ក្រុមមួយ​ទៅក្រុម​មួយ​ ដោយ​ពុំមាន​ការ​ព្រមព្រៀង​ពី​សាមីខ្លួន។ ក្នុង​ករណី​ខ្លះ​ទៀត ពួកគេ​រង​អំពើហិង្សា​និង​ការ​គំរាមកំហែង​ផ្សេងៗ ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​ពី​ក្រុម​ឧក្រិដ្ឋជន។ នេះ​បើតាម​ក្រសួង​មហាផ្ទៃ។

នៅ​ក្នុង​លិខិត​អំពាវនាវ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដដែល​នោះ លោក ស ខេង បាន​ថ្លែង​ថា៖ «ក្នុង​នាម​រាជរដ្ឋាភិបាល​ និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្តាយ​ និង​សូម​ថ្កោលទោស​ចំពោះ​អំពើ​អមនុស្សធម៌​ទាំង​នេះ»។

ក្រសួង​មហាផ្ទៃ​ក៏​បាន​អំពាវនាវ​ឲ្យ​សាធារណជនអន្តរជាតិ​ ស្ថានតំណាង​បរទេស​ប្រចាំកម្ពុជា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ បន្ត​សហការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស​ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត​ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប​បាន​ទាន់​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា ក្នុង​រយៈពេល ៦ ខែ​ចុងក្រោយ​នេះ ស្ថានទូត​បរទេស​មួយ​ចំនួន​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន ដែល​ត្រូវបាន​អះអាង​ថា រងគ្រោះ​ដោយសារ​ការ​បង្ខាំង និង​បង្ខំ​ឱ្យ​ធ្វើការ​នៅ​កម្ពុជា ក្នុងនោះ​មាន​ពលរដ្ឋ​បង់ក្លាដែស ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងថៃ។

លោក​បានបញ្ជាក់ក្នុងសម្តីដើម​ថា៖ «ក្រសួង​ការបរទេស​តែងតែ​សម្រប​សម្រួល បញ្ជូន​សំណើសុំ​កិច្ច​អន្តរាគមន៍​របស់​ស្ថាន​តំណាង​បរទេស​ ទៅកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​និង​ធ្វើកិច្ច​អន្តរាគមន៍។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាបន័​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​លើក​កម្ពស់​យន្តការ​ទទួល​បណ្តឹង សំណើ​សុំ​អន្តរាគមន៍ និង​ចាត់ការ​ពាក្យបណ្តឹង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែលជា​ជនសង្ស័យ​ថា រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស»។

កាលពីពេលកន្លង​ទៅ សារព័ត៌មាន​ Taipei Times​ ក៏បាន​ចុះផ្សាយ​ថា​ ជនជាតិ​តៃវ៉ាន់​ត្រូវបាន​ជួយ​សង្គ្រោះពីកម្ពុជា​ផង​ដែរ។ ចំណែក​សារព័ត៌មាន Al Jazeera ក៏បាន​ចុះផ្សាយ​អំពី​ជនជាតិ​ចិន​ក្លាយជា​ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​នេះដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG