ក្រោយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងការពារសមាជិកនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) ថា ពួកគេបានបំពេញការងារទៅតាមច្បាប់កំណត់ និងច្រានចោលការរិះគន់ថា ស្ថាប័ននេះលម្អៀងទៅកាន់គណបក្សកាន់អំណាចរបស់លោក។
ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៦ និងថ្ងៃ ៧ ខែកក្កដា ឆ្នាំ ២០២២ ក្នុងខេត្តព្រះសីហនុ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា វាពិបាកស្វែងរកមនុស្សដែលមិនប្រកាន់និន្នាការនយោបាយមកបំពេញការងាររៀបចំការបោះឆ្នោតនេះ។ លោកកោតសរសើរសមាជិកនិងថ្នាក់ដឹកនាំរបស់ គ.ជ.ប បច្ចុប្បន្នថា បានគោរពតាមគោលការណ៍ច្បាប់ បទបញ្ជា និងអព្យាក្រឹតភាពរបស់ខ្លួន។
លោកថ្លែងថា៖ «អ៊ីចឹងយើងសួរថា យើងអាចទៅរកមនុស្សអព្យាក្រឹត ដែលគ្មានគណបក្សនោះបានទេ? បុកអង្ករដើររកប្រហែលក៏ពិបាកដែរ។ អ៊ីចឹងវាត្រូវការប្រភពដើមបក្សនេះ បក្សនោះ មាននិន្នាការឆ្វេង មាននិន្នាការស្តាំ គ្រប់ពណ៌សម្បុរមក ចៀសមិនផុតទេ។ វាអត់សំខាន់ទេ វាមិនសំខាន់ ហើយវាមិនខុស ដោយសាររបបនយោបាយយើងចែងអ៊ីចឹង ច្បាប់រដ្ឋធម្មនុញ្ញយើងចែងអ៊ីចឹង»។
លោក ស ខេង ឲ្យដឹងទៀតថា ការលាលែងពីតំណែងជាសមាជិករបស់ គ.ជ.ប ជាសិទ្ធិបុគ្គល ប៉ុន្តែលោកចាត់ទុកវាជាកំហុសមួយ។
លោកបន្ថែមថា៖ «វាអាចទាញយកការសន្និដ្ឋានមួយ។ សុំទោសបើខ្ញុំនិយាយទៅវាលើស អ្នកដែលបានដើរចេញនោះទេ ដែលមានកំហុស។ ម៉េចបានខ្ញុំថាអ៊ីចឹង ពីព្រោះគាត់មានបក្សណាទៀត? ថាឥឡូវ CNRP [គណបក្សសង្គ្រោះជាតិ] ត្រូវរំលាយ ប៉ុន្តែគាត់មិនមែន CNRP ឯណា ពីព្រោះគាត់លាលែងពី CNRP ហើយ ត្រង់គាត់ចូលទៅវិញចូល CNRP ភ្លាមៗ ខ្ញុំមិនដឹងទេ...មានន័យថាម៉េច មានន័យថាគាត់មិនសប្បាយចិត្តទាក់ទងការរំលាយ CNRP ខ្ញុំថាអ៊ីចឹងចុះ។ អ៊ីចឹងមានន័យថាគាត់ផ្សារខ្លួនភ្ជាប់ជាមួយ CNRP។ បើអ៊ីចឹងមានន័យថា គាត់ចូលមកដើម្បីបម្រើការឱ្យបក្សមួយហ្នឹង មិនមែនបម្រើប្រទេសជាតិទេ។ ថាអ៊ីចឹងក៏អាចបានដែរ»។
ស្ថាប័ន គ.ជ.ប រងការរិះគន់ជាបន្តបន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាល ដោយថា សមាសភាពមន្ត្រី គ.ជ.ប ភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យស្ថាប័ននេះ មិនមានអព្យាក្រឹតភាពពេញលេញនៅឡើយ ។
បើតាមច្បាប់ស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ដែលត្រូវបានធ្វើវិសោធនកម្ម ក្រោយមានកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំ ២០១៤ សមាសភាពទាំង ៩ រូបនៃ គ.ជ.ប គឺ ៤ រូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤ រូបជ្រើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរដ្ឋាភិបាល និងមួយរូប ជ្រើសរើសដោយការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេថា លោកមិនជឿថា ក្នុងប្រទេសកម្ពុជា រកបុគ្គលអព្យាក្រឹត ដើម្បីធ្វើការក្នុងស្ថាប័នរៀបចំការបោះឆ្នោតមិនបាននោះទេ។
លោកថ្លែងថា៖ «ដោយឡែកទាក់ទងសមាសភាព គ.ជ.ប ខ្ញុំមិនជឿថានៅក្នុងប្រទេសកម្ពុជាទាំងមូលយើងរកមិនបានមនុស្សអព្យាក្រឹត៩រូបនោះទេ។ ខ្ញុំមិនជឿទាល់តែសោះ។ ក្នុងន័យនេះ គឺយើងអាចស្វែងរកបាន អ្នកដែលលាឈប់ពីនិន្នាការគណបក្សលើសពី ៥ ឆ្នាំ។ ខ្ញុំជឿថាមាន ហើយមានច្រើន»។
លោកបន្ថែមថា ឯករាជ្យភាពរបស់មន្ត្រី គ.ជ.ប គឺជារឿងសំខាន់ ដើម្បីផ្តល់ភាពយុត្តិធម៌ និងអព្យាក្រឹតភាពសម្រាប់គណបក្សទាំងអស់ដែលចូលរួមប្រកួតប្រជែង។
លោកបញ្ជាក់ថា៖«ចុះបើយើងប្រកួតជាមួយកីឡាករមួយ យើងប្រកួតជាមួយគេ ហើយកីឡាករម្ខាងនោះមានតាំងពីអ្នកវាយគង តាំងពីអ្នកវាយជួង តាំងពីអាជ្ញាកណ្តាល មានតាំងពីអ្នកដាក់ពិន្ទុ សុទ្ធតែគ្នាគេទាំងអស់។ សំណួរសួរថាតើកីឡាករមួយចំហៀងទៀតនោះនឹងអាចប្រកួតឈ្នះដែរឬទេ? ហើយទទួលបានការកាត់ក្តីត្រឹមត្រូវដែរឬទេ?»។
ចំណែកលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា បើមិនចង់ឱ្យមានការរិះគន់លើស្ថាប័នគ.ជ.ប ស្ថាប័ននេះគួរតែយកសមាសភាពរបស់ថ្នាក់ដឹកនាំពីគណបក្សភ្លើងទៀនមួយចំនួន ដើម្បីឱ្យមានតុល្យភាពក្នុងការបំពេញការងារដែលប្រជាពលរដ្ឋអាចទុកចិត្តបាន។
លោកថ្លែងថា៖ «បើយើងគិតថាមិនអាចចៀសផុតពីគណបក្សនយោបាយ ក្នុងនោះគណបក្សភ្លើងទៀនមានសំឡេងប្រជាពលរដ្ឋគាំទ្រជិត ២ លាននាក់ដែរតើ។ អ៊ីចឹងអាចតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋបានដែរ។ យើងជជែកគ្នាទៅ អាចបែងចែកដូចមុនមក ឱ្យខាងភ្លើងទៀនមានតំណាងក្នុង គ.ជ.ប ហ្នឹងបានដែរទៅ វាក៏ជាការមួយល្អដែរ... ដើម្បីឱ្យគូប្រកួតបោះឆ្នោតពេលខាងមុខ យើងអាចទទួលយកបាន ហើយចៀសវាងការរិះគន់នោះ»។
លោក អ៊ូក អ៊ី ដែលជាស្ថាបនិកម្នាក់នៃគណបក្សកម្ពុជានិយម ប្រាប់វីអូអេថា គណបក្សកម្ពុជានិយមចង់ឱ្យស្ថាប័ន គ.ជ.ប អនុវត្តច្បាប់មុនឆ្នាំ ២០១៧ ដែលមានស្រាប់ និងចង់ឱ្យមានការផ្លាស់ប្តូរសមាសភាពរបស់ថ្នាក់ដឹកនាំ គ.ជ.ប ដោយត្រូវជ្រើសយកបុគ្គលសាធារណៈមិនមាននិន្នាការគណបក្សណាមួយ។ លោកបន្ថែមថាប្រសិនបើស្ថាប័នពាក់ព័ន្ធមានឆន្ទៈពិតប្រាកដ នោះនឹងអាចរកបានមនុស្សឯករាជ្យមកធ្វើការងារនេះបាន។
លោកបញ្ជាក់ថា៖ «ទីមួយ យើងសូមឱ្យស្ថាប័នដែលមានស្រាប់ អនុវត្តឱ្យបានពេញលេញតាមនីតិវិធីគោលការណ៍ដែលមានស្រាប់។ ទីពីរទាក់ទងសមាសភាព គ.ជ.ប សម្រាប់កម្ពុជានិយមយើងយល់ឃើញថាដើម្បីឱ្យគណបក្សទាំងអស់អាចទទួលយកបាន ស្ថាប័ននេះក៏គួរតែមានការកែប្រែសមាសភាពមិនគួរឱ្យមានតែគណបក្សនេះទេ។ យើងគួរថាសមាសភាពមន្ត្រីដឹកនាំគ.ជ.ប គួរតែចេញពីបុគ្គលសាធារណៈដែលមិនជាប់ពាក់ព័ន្ធ ឬក៏មានតួនាទីនៅក្នុងគណបក្សណាមួយ»។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល កត់សម្គាល់ថា ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិមក វាធ្វើឱ្យសមាសភាពនៃសមាជិករបស់ស្ថាប័នគ.ជ.ប លែងមានទម្រង់ដើម ដូចចែងក្នុងច្បាប់បោះឆ្នោត។
លោកថ្លែងថា៖ «រឿងសំខាន់ គឺការធានាត្រូវធ្វើម៉េចឱ្យគណបក្សក្រៅរដ្ឋាភិបាល ធ្វើម៉េចអាចរក្សាអាសនៈរបស់ខ្លួនបាននៅក្នុងតួនាទី។ អ៊ីចឹងនៅក្នុងកិច្ចការងារនេះ បើយើងនិយាយពីស្ថាប័ន គ.ជ.ប មួយ វាពាក់ព័ន្ធច្រើនទាក់ទងច្បាប់ និងការបោះឆ្នោត ដែលត្រូវធ្វើការកែទម្រង់ច្បាប់ផ្សេងៗ។ ជាពិសេសច្បាប់ដែលវិសោធនកម្មច្បាប់ក្រោយឆ្នាំ ២០១៧ ត្រូវមោឃភាព [និង]ត្រូវពិនិត្យមើលនូវការកែឡើងវិញ ដើម្បីឱ្យធានាក្នុងសមាសភាពដែលរដ្ឋធម្មនុញ្ញាបានចែងហ្នឹង»។
បើតាមគេហទំព័ររបស់ គ.ជ.ប សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង ៩ នាក់បច្ចុប្បន្ន រួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក នុត សុខុម ជាអនុប្រធាន និងសមាជិករួមមាន លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។
បើតាមច្បាប់បោះឆ្នោត ប្រធាន អនុប្រធាន និងសមាជិកនៃស្ថាប័ន គ.ជ.ប មានអាណត្តិ ៥ ឆ្នាំ ហើយត្រូវផុតអាណត្តិនៅពេលមានសមាសភាពថ្មីចូលកាន់តំណែង។ ក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពថ្មី សមាសភាពដែលមានស្រាប់ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតស្របតាមច្បាប់ជាធរមាន៕