ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប៖​ សន្លឹក​ឆ្នោត​មិន​បាន​ការ មាន​ប្រមាណ​១៦​ម៉ឺន​សន្លឹក​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥


រូប​ឯកសារ៖ នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ ​កាល​ពី​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
រូប​ឯកសារ៖ នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ ​កាល​ពី​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ទិន្នន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ​បង្ហាញ​ថា​ សន្លឹក​ឆ្នោត​មិន​បាន​ការ មាន​ប្រមាណ​១៦​ម៉ឺន​សន្លឹក​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ គ.ជ.ប ឱ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ប្រមាណ​៧​លាន​៤​សែន​នាក់ គឺ​ស្មើ​នឹង​៨០,៣២%​នៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ចេញ​ទៅ​បោះឆ្នោត ។ ហើយ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​១៥៧.៣៩០​សន្លឹក។

កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សន្លឹក​ឆ្នោត​មិន​បាន​ការ មាន​ប្រមាណ​៦០​ម៉ឺន​សន្លឹក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គ.ជ.ប។

គ.ជ.ប​ឱ្យ​ដឹង​ថា​គណបក្ស​ចំនួន​៩ ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ចំនួន​១៧ ដែល​ចូលរួម​ប្រកួត​ប្រជែង​បាន​ទទួល​អាសនៈក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ដែល​សរុប​មាន​១១.៦២២​អាសនៈ។ ក្នុង​នោះ គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​៩.៣៧៦​អាសនៈ ប្រមាណ​៨០%​នៃ​អាសនៈ​សរុប។ គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ ទទួល​បាន​២.១៩៨​អាសនៈ គឺ​ស្មើ​ប្រមាណ​១៨%​នៃ​អាសនៈ​សរុប។ គណបក្ស​ដទៃ​ទៀត​ដែល​ទទួល​បាន​អាសនៈ រួម​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​១៩​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​១៣​អាសនៈ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ទទួល​បាន​៦​អាសនៈ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួល​បាន​៥​អាសនៈ គណបក្ស​យុវជន​កម្ពុជា ទទួល​បាន​៣​អាសនៈ គណបក្ស​កម្ពុជា​និយម ទទួល​បាន​១​អាសនៈ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួល​បាន​១​អាសនៈ។

គណបក្ស​ភ្លើង​ទៀន​ធ្លាប់​បាន​ប្រកាស​ថា ​ខ្លួន​ទទួល​បាន​តំណែង​មេ​ឃុំ​តែ​៤​ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​ចំនួន​១.៦៥២​ទូទាំង​ប្រទេស។

គ.ជ.ប មិន​ទាន់​បាន​បង្ហាញ​ចំនួន​អ្នក​បោះឆ្នោត​ដែល​បាន​បោះ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើង​ទៀន​នៅ​ឡើយ​ទេ។ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​នឹង​ប្រកាស​លទ្ធផល​លម្អិត និង​ផ្លូវការ​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG