ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គំនិត​ផ្តួចផ្តើម​«ការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត»​ទទួល​​ប្រតិកម្ម​ចម្រុះ


ក្រាហ្វិក​ផ្សព្វផ្សាយ​អំពី​គំនិត​ផ្តួចផ្តើម​​«ការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត» ត្រូវ​បាន​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​​សាធារណការ​និង​ដឹក​ជញ្ជូន​​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០។ (Facebook/Cambodia MPWT official page)

មតិ​គាំទ្រ​គំនិត​នេះ​គិត​ថា​គំនិត​ផ្តួចផ្តើម​«ការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត»​នេះ​នឹង​​បន្ថែម​ចំណូល​ដល់​រដ្ឋ ខណៈ​អ្នក​មិន​គាំទ្រ​បារម្ភ​ថា​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​នឹង​ជំរុញ​ឲ្យ​មាន​សម្ភារៈនិយម​កាន់​តែ​ខ្លាំង។

ក្រោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ដាក់​ដំណើរ​ការ​ «ការ​លក់លេខ​ចុះ​បញ្ជី​ពិសេស» សម្រាប់​រថយន្ត មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ទៅ​លើ​គំនិត​ផ្តួច​ផ្តើម​មួយ​នេះ ដោយ​អ្នក​ខ្លះ​ថានេះ​ជា​ «ការ​ជំរុញ​សម្ភារៈ​និយម​ឬ​ជំនឿ​និយម»។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដាក់ឲ្យ​ដំណើរ​ការ​ជាផ្លូវការ​«ការ​លក់លេខចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត» កាលពី​ថ្ងៃ​អង្គារ។ យោងតាម​សេចក្តី​ជូន​ដំណឹង​របស់ក្រសួង សាធារណជន​ដែល​ជាម្ចាស់​យានយន្ត​ក្នុង​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ទិញ ស្នើ​ទិញ ឬដេញថ្លៃ តាម​រយៈប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ចុះ​បញ្ជី​យានយន្ត«ការ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត»។

លោក វ៉ាស៊ឹម សូរិយា អ្នក​នាំពាក្យ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ប្រាប់ VOA ​ថា ការ​បង្កើត​គំនិត​ផ្តួចផ្តើម​នេះ​ឡើង គឺ​ធ្វើឡើងតាម​សំណូម​ពរ​ជាច្រើន​ពី​ម្ចាស់​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ថែម​ថា​ ការ​បង្កើត​នេះ​នឹង​បន្ថែម​ចំណូលដល់​រដ្ឋាភិបាល​ផង​ដែរ។

លោក​មាន​ប្រសាសន៍ថា៖ «ជា​ឧទាហរណ៍​មួយ​គឺ​ផ្លាក​លេខ​ថ្មី គឺ​ទោះ​ជាយើងនៅ​ណា​ក៏ដោយ​ ក៏​យើង​អាច​ដាក់​ស្លាក​លេខ​ថ្មី​បាន​ដែរបាទ។ ទីពីរ​គឺ​រក​ចំណូល​ថវិកាជាតិ»។

យោង​តាម​គេហទំព័រ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​នានា​អាច​ស្វែង​រក​ស្នើ និង​ទិញ​លេខ​រថយន្ត​ដែល​ខ្លួន​ពេញ​ចិត្ត​តាម​ប្រព័ន្ធ​អនឡាញ ​ដោយ​គ្រាន់តែ​ចូល​ទៅ​គេហទំព័រ​របស់​ក្រសួង។ ចំណែក​តម្លៃ​របស់​ស្លាក​លេខ​នីមួយ​ៗ គឺ​ខុសគ្នា​ទៅ​តាម​សេរី​លេខ ដែល​មាន​រហូត​ដល់​១០០​លាន​រៀល ឬ​ប្រមាណ​ ២៥.០០០​ដុល្លារ​អាមេរិក សម្រាប់​តម្លៃ​ដេញ​ថ្លៃ​ទៅ​លើ​ផ្លាក​លេខ​ឈ្មោះ Loy9។

លោក វ៉ាស៊ឹម សូរិយា ទទួល​ស្គាល់​ថា​មាន​ការ​រិះគន់​លើ​បញ្ហា​នេះ ដែល​លោក​ចាត់​ទុក​ជា​រឿង​ធម្មតា ប៉ុន្តែ​លោក​ថា​ ក្រសួង​ក៏ទទួល​បាន​ការគាំទ្រ​ច្រើន​ផង​ដែរ។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​អាស្រ័យ​នៅ​លើ​ការ​ផ្តល់​វិញ្ញាបនបត្រ​ឬ​ពេល​ដែល​យើង​លក់​លេខ​ហ្នឹង​ទៅ ក៏​យើង​ត្រូវ​សិក្សា បើ​សិនជា​វា​មិន​ស្រួល​ ឬក៏​វា​ប៉ះពាល់ យើង​បិទចោល ឬ​ក៏​ហៅ​គេ​ឲ្យ​មក​ប្តូរ​វិញ»។

លោក​ ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​និង​អ្នកវិភាគ​សេដ្ឋកិច្ច​ម្នាក់​ បាន​លើក​ឡើង​ថា លោក​មិន​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​នេះ​ទេ។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ផល​ចំណេញ​គឺ​អ្នក​មាន​លុយ​ច្រើន ឬ​មាន​ជំនឿ​ខ្លាំង បង់​លុយ​ទៅ​រដ្ឋ។

លោក​បន្ថែម​ថា៖ «សូម​កុំ​មាន​ការ​ច្រឡំ​ថា យើង​ត្រូវ​តែ​ឬ​គួរតែ​ដាក់​ឈ្មោះ​យើង នៅ​លើ​យានយន្ត​យើង​ដូច​គេ​អ្នក​មាន​នោះ​ទេ។ វា​ជា​ប្រព័ន្ធ​សម្រាប់​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖«ផល​វិបាក​ចម្បង គឺ​ការ​ជំរុញ​សម្ភារៈ​និយម​ឬ​ជំនឿ​និយម។ នៅ​ក្នុង​សង្គម គួរ​មាន​ការ​ជំរុញ​ឲ្យ​មាន​ការ​ឲ្យ​តម្លៃ​លើ​សីលធម៌ និង​សិទ្ធិ​ស្មើគ្នា ជា​ជាង​ការ​បែង​ចែក​ទៅ​តាម​ទ្រព្យ​សម្បត្តិ»។

លោក គង់ រតនៈ ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ប្រាប់VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​លក់​លេខ​យានយន្ត​ពិសេស​នេះ​មាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន​ ដោយសារ​តែ​វា​អាច​បង្កើន​ចំណូល​ចូល​ស្ថាប័ន​រដ្ឋ ហើយ​ម្ចាស់​យានយន្ត​ក៏​អាច​មាន​ជម្រើស​ច្រើន​ ដើម្បី​ទទួល​បាន​លេខ​ដែល​ខ្លួន​ពេញចិត្ត​ផង​ដែរ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​វាជា ​មុខ​របរ​ថ្មី​របស់​រដ្ឋាភិបាល​ដែល​គាត់​ចង់​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ស្ថាប័ន​រដ្ឋ​អាហ្នឹង​ជា​រឿង​មួយ​ដែល​យើង​មើល​ឃើញ ហើយ​សម្រាប់ខ្ញុំ ការ​បង្កើត​ឲ្យ​មាន​ជម្រើស​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​វា​ជា​រឿង​ល្អ»។

ប៉ុន្តែ​លោក​ថា វា​អាច​មាន​ការ​ពិបាក​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចំណាំ​ ឬ​អាន​អក្សរ​អង់គ្លេស​នោះ​បាន នៅ​ពេល​ដែល​ម្ចាស់​រថយន្តប្រើ​ស្លាក​លេខ​ពិសេស ​បង្កគ្រោះ​ថ្នាក់​ ហើយ​រត់​គេច។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ម្ចាស់​យានយន្ត​ដែល​អាច​ស្វែងរក​បាន​តាមរយៈ QR Code នៅ​លើ​ស្លាក​លេខ​ថ្មី​នេះ។

លោក​បាន​និយាយ​ថា៖ «បើសិន​ជា​ទិន្នន័យ​នេះ​វា​ធ្លាក់​ទៅ​ដល់​ដៃ​មនុស្ស​ខិលខូច ​ឬ​ក៏​ក្រុម​ដែល​លួច​ទិន្នន័យ​វា​អាច​នាំ​មក​នូវ​ផល​ប៉ះពាល់​មួយ​ដែលពិបាក​នឹង​ស្មាន»។

បើ​តាម​ផ្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួន​នេះ ផ្នែក​ខាង​លើ​មាន​សរសេរ​អក្សរ​ខ្មែរ​ ​«កម្ពុជា»​ ផ្នែក​កណ្ដាល​ជា​លេខ​ចុះ​បញ្ជី​មាន​លេខ​ ​ឬ​/​និង​ ​អក្សរ​ឡាតាំង មិន​លើស​ពី​៨​ខ្ទង់​ ​និង​ផ្នែក​ខាង​ក្រោម​សរសេរ​អក្សរ​ឡាតាំង​ «CAMBODIA»។

សាធារណជន​អាចអាច​ដាក់ឈ្មោះ ​ឬលេខ​ដែល​ខ្លួន​ពេញចិត្ត​បាន​ ​លើក​លែងតែ​ឈ្មោះ​ទី​កន្លែង​ប្រវត្តិ​សាស្ត្រ​ ឈ្មោះ​ប្រាសាទ​ ​ឈ្មោះ​រាជធានី-ខេត្ត​ ​ឈ្មោះ​ក្រសួង​-​ស្ថាប័ន​ ​គណបក្ស​នយោបាយ​ ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​និង​ជន​ល្បីឈ្មោះ​ ​ជា​ដើម។ នេះ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG