ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រូវ​ការ​១៧៣​លាន​ដុល្លារ​សម្រាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ខេត្ត​ព្រះ​សីហនុ


 រូបឯកសារ៖ ស្ថានភាពទឹកជំនន់ ទឹកភ្លៀង និងប្រព័ន្ធប្រឡាយបង្ហូរទឹកចេញពីក្រុងព្រះសីហនុ។ (រូបថតពី​ហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន)
រូបឯកសារ៖ ស្ថានភាពទឹកជំនន់ ទឹកភ្លៀង និងប្រព័ន្ធប្រឡាយបង្ហូរទឹកចេញពីក្រុងព្រះសីហនុ។ (រូបថតពី​ហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន)

រដ្ឋា​ភិបាល​នឹង​អនុវត្ត​ផែន​ការ​ដូច​គ្នា​នេះ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​រំដោះ​ទឹក​កខ្វក់។

បន្ទាប់​ពីបាន​សិក្សា​ជាមួយ​ក្រុម​ហ៊ុន​ចិន​លើផែនការ​មេ​លើ​ការ​កសាង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះ​សីហនុ​នោះ​ ​រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ថា ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ត្រូវ​ការ​ថវិកា​ជាង​១៧០​លាន​ដុល្លារ​អាមេរិក។​ លោក​ស៊ុន ចាន់ថុល ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា​ រដ្ឋា​ភិបាល​នឹង​អនុវត្ត​ផែន​ការ​ដូច​គ្នា​នេះ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​រំដោះ​ទឹក​កខ្វក់។

រដ្ឋា​ភិបាល​ត្រូវ​ការ​ថវិកា​យ៉ាង​តិច​១៧៣​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដើម្បីកែ​លម្អ​ប្រព័ន្ធបង្ហូរ​ទឹក​កខ្វក់​ និង​ប្រព័ន្ធ​ប្រឡាយរំដោះ​ទឹក​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សីហនុ។

លោក​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​សិក្ខាសាលា​ស្តីពី​ការ​រៀបចំ​ផែនការ​មេ​ និង​ការ​សិក្សាគម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ទី​ក្រុង​ព្រះ​សីហនុ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ទឹក​ប្រាក់​ទាំង​នេះនឹ​ង​ត្រូវ​ប្រើ​ប្រាស់​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ទឹក​កខ្វក់​ និង​រំដោះ​ទឹក​ភ្លៀង​ ​ការ​កសាងប្រព័ន្ធ​ចម្រោះ​ទឹក​ប្រព័ន្ធ​លូ និង​កសាង​ប្រព័ន្ធ​បូម​ទឹក​ស្អុយ​ចូល​ទីតាំង​ចម្រោះ។

«អ៊ីចឹង​បូក​សរុប​ប្រហែល​ជា​១៧៣​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិកដើម្បី​ដោះ​ស្រាយ​ប្រព័ន្ធ​ទឹក​ស្អុយ​ដំណាក់​កាល​ទីមួយ និង​ប្រព័ន្ធ​រំដោះ​ទឹក​ភ្លៀង​ដំណាក់​កាល​ទី​មួយ»។​

លោក​ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណៈការ​ និង​ដឹកជញ្ជូន​ ថ្លែងជាមួយក្រុម​អ្នក​កាសែតក្នុង​ទីក្រុង​អំពីការ​អភិវឌ្ឍន៍​ប្រព័ន្ធទឹកកខ្វក់​ ក្នុង​ក្រុង​ព្រះសីហនុ ថ្ងៃទី​២៣​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
លោក​ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណៈការ​ និង​ដឹកជញ្ជូន​ ថ្លែងជាមួយក្រុម​អ្នក​កាសែតក្នុង​ទីក្រុង​អំពីការ​អភិវឌ្ឍន៍​ប្រព័ន្ធទឹកកខ្វក់​ ក្នុង​ក្រុង​ព្រះសីហនុ ថ្ងៃទី​២៣​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ ​ ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​បណ្តាល​ឲ្យ​លិច​លង់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ និង​ផ្លូវ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មួយ​ចំនួន។ ​ជន​រង​គ្រោះ​ចំនួន​បី​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នេះ​ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​និង​ខ្មែរ​ពីរនាក់​ប្តី​ប្រពន្ធ​ដែល​ជា​កម្មករ​សំណង់។​

លោក​យូ វាសនា​ ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ​និង​ជា​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​របស់​សហ​ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ហៅ​កាត់​ថា CCFC ស្វាគមន៍​ចំពោះ​ការរៀបចំ​កែ​លម្អ​ប្រព័ន្ធ​ទឹក​កខ្វក់​រដ្ឋាភិបាល។​

«យើង​ក៏​មាន​ការ​អបអរ​សាទរ​ដែរ​ ក៏ប៉ុន្តែយើង​ចាំ​តាម​ដាន​មើល​ដែរ។​ ការ​អភិវឌ្ឍ​គាត់​មាន​រយៈ​ពេលលឿន​ ឬមួយ​ក៏យូរ​តទៅ​មុខ​ទៀត»។​

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រុង​ព្រះ​សីហនុ​មាន​កំណើន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។​ ការ​អភិវឌ្ឍនេះ​បាន​ជំរុញ​កំណើន​ចំនួន​អគារ​ពាណិជ្ជ​កម្ម​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ អគារ​ខុនដូ​ និង​លំនៅ​ដ្ឋាន​យ៉ាង​ឆាប់​រហ័ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។​

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ បរិមាណ​ទឹក​កខ្វក់ក្នុង​ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ នឹង​មាន​ចំនួន​ប្រមាណ​២៥៧០០​ម៉ែត្រ​គូប​ ក្នុង​មួយ​ថ្ងៃនៅ​ឆ្នាំ​២០១៨​ និង​មាន​បរិមាណ​ប្រមាណ៤៧០០០ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃនៅ​ឆ្នាំ​២០២៣​ និង​ប្រមាណ​៦៤០០០​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០៣០។​

ទន្ទឹម​នឹង​ការ​ត្រៀម​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទឹក​កខ្វក់​ ​ លោក​យូ វាសនា​ សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​របស់​សហ​ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ហៅ​កាត់​ថា​ ​CCFC បង្ហាញ​កង្វល់​ចំពោះ​ការ​ចាក់​លុបអូរ​ ​បឹង​ និង​ព្រែកមួយ​ចំនួន​ក្នុង​ក្រុង​ព្រះ​សីហនុដែល​បាន​បង្ក​ការ​ជន់​លិច​ក្នុង​ក្រុង​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ។​

ក៏​ប៉ុន្តែ​ឆ្លើយតបទៅ​នឹង​សំណួរ​របស់​ VOA​ ​លោក​គួច ចំរើន​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ខាង​លើ​នេះ។​

«អ្នក​ដែល​បាន​មើល​ឃើញ​ សូម​ឲ្យ​ជាក់​ស្តែង​ទៅ​តាម​ហ្នឹង​ គ្រាន់​តែ​ថា​ ការ​លុបនៅ​កន្លែង​ខ្លះគឺ​ជា​ដី​កម្មសិទ្ធិ​ ប៉ុន្តែ​កន្លែង​ខ្លះ​ វា​ជា​ការ​រំលោភ»។​

អភិបាល​ក្រុង​ព្រះសីហនុ​ លោក ​គួច ចំរើន​ ថ្លែង​មួយ​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ ​អំពី​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹកកខ្វក់​ ក្នុង​ក្រុងព្រះសីហនុ​ ថ្ងៃ​ទី​២៣ ខែសីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)
អភិបាល​ក្រុង​ព្រះសីហនុ​ លោក ​គួច ចំរើន​ ថ្លែង​មួយ​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ​ ​អំពី​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹកកខ្វក់​ ក្នុង​ក្រុងព្រះសីហនុ​ ថ្ងៃ​ទី​២៣ ខែសីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

លោក​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនឲ្យដឹង​ថា​ ការ​ធ្វើ​ប្រព័ន្ធដោះ​ស្រាយ​ទឹក​កខ្វក់​ដូច​គ្នា​នេះ​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ខេត្ត​កំពត​ កែប​ កោះកុង​ បាត់​ដំបង​ និង​ខេត្ត​កំពង់​ចាម​ផង​ដែរ៕

XS
SM
MD
LG