ក្រោយពីត្រូវបាត់បង់មធ្យោបាយផ្សាយតាមវិទ្យុនៅក្នុងការបង្ក្រាបចំពោះសារព័ត៌មានឯករាជ្យនៅកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៧ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី កំពុងខិតខំបន្តបម្លែងខ្លួន និងអតីតកម្មវិធីវិទ្យុសំខាន់ៗរបស់ខ្លួន ឲ្យទៅការផ្សាយកម្មវិធីតាមប្រព័ន្ធអ៊ីនធឺណិតនិងបណ្តាញសង្គមវិញ។ កិច្ចប្រឹងប្រឹង ទាក់ទាញប្រិយមិត្តតាមអនឡាញនេះគឺដើម្បីជំនួសឲ្យអ្នកស្តាប់កម្មវិធីវិទ្យុរាល់នាក់ដែលខ្លួនបានបាត់បង់កាលពីជាងពីរឆ្នាំមុន។
ភ្នំពេញ -- នៅប៉ុន្មាននាទីមុនការចាប់ផ្តើមកម្មវិធីផ្សាយ «តុមូលវីអូឌី» អ្នកសម្របសម្រួល លឹម ធីតា បានប្រុងប្រៀបរៀបចំកំណត់ត្រានិងជជែកលេងជាមួយភ្ញៀវដែលជាវាគ្មិនប្រចាំថ្ងៃ។ បុគ្គលិកនៅក្នុងបន្ទប់គ្រប់គ្រងការផ្សាយ ក៏កំពុងរៀបចំខ្លួននិងពិនិត្យរាល់ឧបករណ៍ផ្សាយទាំងអស់ដែលដូចនឹងដំណើរការផ្សាយតាមរលកអាកាសជាច្រើនឆ្នាំមកហើយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ ឬ វីអូឌី។
ប៉ុន្តែពេលនេះជាឆ្នាំ២០១៩ ហើយជាជាងធ្វើការផ្សាយផ្ទាល់តាមរលកអាកាសនោះ កម្មវិធី«តុមូលវីអូឌី»នៅពេលនេះ កំពុងបង្កើតឲ្យមានការផ្សាយបែបថ្មីរបស់ខ្លួនតាមបណ្តាញអនឡាញវិញ។
ផលិតករ ស្រី សុភ័ក្ត្រ នៅក្នុងបន្ទប់គ្រប់គ្រងការផ្សាយ ធ្វើការត្រួតពិនិត្យចុងក្រោយជាមួយអ្នកបច្ចេកទេស មុននឹងផ្តល់ភ្លើងខៀវតាមវិទ្យុទាក់ទងអេកូម ទៅអ្នកស្រី លឹម ធីតា ដែលកំពុងរង់ចាំបើកកម្មវិធីនៅក្នុងបន្ទប់ផ្សាយនោះ៖
«ចាស៎ នាងខ្ញុំធីតាសូមគោរពនិងសូមជម្រាបសួរដល់ទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនានូវការផ្សាយពីតុមូលវីអូឌី ដែលកំពុងតែផ្សាយតាមរយៈទំព័រហ្វេសប៊ុក [vodkhmer.news] ទាំងអស់ជាទីគោរព និងជាទីនឹករឭកពីចម្ងាយ។ ….. ចាស៎នៅថ្ងៃនេះ យើងនឹងធ្វើការពិភាក្សាទៅលើប្រធានបទថ្មីមួយទៀតដែលនិយាយអំពីវិធានការលុបបំបាត់អំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌។»
ក្នុងអំឡុងពេលមួយម៉ោងបន្ទាប់មក កម្មវិធីតុមូលនេះបានបន្តការផ្សាយផ្ទាល់របស់ខ្លួនដោយមានសម្ភាសន៍វាគ្មិនជា មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលសំខាន់មួយរូប មន្ត្រីដែលជាសកម្មជនសិទ្ធិមនុស្សមួយរូប និងសមាជិកនៃក្រុមប្រឹក្សាពិគ្រោះយោបល់ថ្នាក់ជាតិមួយដែលមានសមាសភាពគណបក្សមិនជាប់ឆ្នោត ដែលនេះបញ្ជាក់ពីតុល្យភាព និងឯករាជ្យភាពនៃការផ្សាយរបស់វិទ្យុវីអូឌីដែលគេតែងស្គាល់កន្លងមក។
វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី បានផ្តល់នូវក្តីសង្ឃឹមខ្លះពីស្ថានភាពដ៏សោកសៅសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ វិទ្យុវីអូឌី បានស្ថិតនៅក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលប្រតិបត្តិការរបស់ពួកគេខ្លះត្រូវបានគំរាមកំហែងពីការបិទនៅមុនការបោះឆ្នោតឆ្នាំ២០១៨ ខណៈដែលរដ្ឋាភិបាលលោកហ៊ុន សែនព្យាយាមបំបាត់សំឡេងអ្នកប្រឆាំង។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យខ្លះបានរងការវាយប្រហារយ៉ាងខ្លាំងក្លាតាមរយៈអ្វីដែលជាការផាកពិន័យពន្ធច្រើនហួសហេតុ ឬខ្លះទៀតត្រូវបានដកអាជ្ញាប័ណ្ណ ដែលរួមមានស្ថានីយដៃគូផ្សព្វផ្សាយទាំង៥របស់វិទ្យុវីអូឌីផងដែរ ហើយការដកអាជ្ញាប័ណ្ណនេះធ្វើឲ្យ អ្នកស្តាប់រាប់លាននាក់ភ្លាមៗនោះលែងអាចទទួលសណ្តាប់កម្មវិធីផ្សាយវីអូឌីបានទៀត។
លោក Daniel Bastard ប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានហៅវិធានការនេះថាជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំដែលបាន«បណ្តាលឲ្យមានការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ»របស់កម្ពុជា។
ជនរងគ្រោះពីយុទ្ធនាការនេះរួមមាន៖ ការបិទកាសែត The Cambodia Daily ដែលមានគេគោរពច្រើន ក៏ដូចជាការបិទស្ថានីយវិទ្យុរាប់សិបស្ថានីយនៅទូទាំងប្រទេស ការបំបិទសំឡេងនិងការិយាល័យនៅកម្ពុជានៃបណ្តាញផ្សាយបរទេសមួយគឺវិទ្យុអាស៊ីសេរី (ដែលជាស្ថានីយបណ្តាញរួមជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA) និងការលក់កាសែតភ្នំពេញប៉ុស្តិ៍ទៅឲ្យអ្នកវិនិយោគម៉ាឡេស៊ីដែលមានក្រុមហ៊ុនទំនាក់ទំនងសាធារណៈធ្លាប់បានធ្វើការឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក Bastard ថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកថា៖ «ប្រព័ន្ធផ្សព្វផ្សាយដូចជា Cambodia Daily វិទ្យុអាស៊ីសេរី ឬ វីអូឌី បានជួយឲ្យពលរដ្ឋកម្ពុជាអាចទទួលបានព័ត៌មានដែលមិនស្ថិតក្រោមគ្រប់គ្រងដោយរដ្ឋាភិបាល។ បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាភាគច្រើនមិនអាចទទួលបានព័ត៌មានឯករាជ្យទៀតទេ ហើយត្រូវស្តាប់នូវការផ្សាយបែបឃោសនារបស់រដ្ឋាភិបាលវិញ។»
«វិទ្យុរបស់ប្រជាពលរដ្ឋ»
នៅពេលដែលមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្កើតកម្មវិធីវិទ្យុសំឡេងប្រជាធិបតេយ្យនៅឆ្នាំ២០០៣ ផែនការយុទ្ធសាស្ត្ររបស់ខ្លួនបានកំណត់ឲ្យវិទ្យុនេះដើរតួជា«វិទ្យុផ្តល់សេវាសាធារណៈដែលមិនលម្អៀង បែបផ្សព្វផ្សាយ និងអប់រំ នៅកម្ពុជា»។
វិទ្យុវីអូឌីត្រូវបានទទួលកិត្តនាមខាងផ្នែកកម្មវិធីផ្សាយទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលរួមមានកម្មវិធី «តុមូលវីអូឌី» ផងដែរ ដែលកម្មវិធីនេះផ្តល់ឱកាសដល់អ្នកស្តាប់អាចទូរស័ព្ទចូលរួមសួរវាគ្មិននិងបញ្ចេញមតិទាក់ទងនឹងប្រធានបទព័ត៌មានថ្មីៗ។ កម្មវិធីផ្សាយនានារបស់ខ្លួនធ្វើឲ្យវីអូឌីសក្តិសមទៅនឹងពាក្យ«វិទ្យុរបស់ប្រជាពលរដ្ឋ» ដែលមានសរសេរពីក្រោមស្លាកសញ្ញាវីអូឌីក្នុងបន្ទប់បញ្ជាការផ្សាយ។
នៅមុនការបង្ក្រាបរបស់រដ្ឋាភិបាលលោកហ៊ុន សែន កាលពីឆ្នាំ២០១៧ វីអូឌីធ្លាប់មានបណ្តាញស្ថានីយវិទ្យុដៃគូនៅតាមខេត្ត ក៏ដូចជាបង្កើតបណ្តាញ«ពលរដ្ឋសារព័ត៌មាន» (citizen journalists) ដំបូងគេនៅកម្ពុជា ហើយបានអះអាងថាខ្លួនមានលទ្ធភាពផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរចំនួន៧លាននាក់ ក្នុងចំណោមពលរដ្ឋខ្មែរ៩លាននាក់ដែលបានចុះឈ្មោះបោះឆ្នោតពេលនោះ។
កម្មវិធី«តុមូលវីអូឌី»បាននាំមកនូវវាគ្មិននិងអ្នកជំនាញពីពហុវិស័យដើម្បីមកឆ្លើយសំណួរអ្នកស្តាប់ដែលទូរស័ព្ទចូលកម្មវិធីផ្សាយផ្ទាល់នេះ អំពីប្រធានបទជាក់លាក់ណាមួយ។
វីអូឌីបានរស់រានពីការបង្ក្រាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយ មួយផ្នែកក៏ដោយសារអង្គការមេរបស់ខ្លួនគឺមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការផ្សព្វផ្សាយឯករាជ្យ បានចុះបញ្ជឺរួចរាល់នៅក្រសួងមហាផ្ទៃ។ អង្គការនេះទទួលបានការឧបត្ថម្ភថវិកាពីអង្គការនិងមូលនិធីអន្តរជាតិ។ វីអូឌីបដិសេធមិនបញ្ជាក់ពីចំនួនមូលនិធិរបស់ខ្លួនទេ ប៉ុន្តែគេហទំព័ររបស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់ការផ្សព្វផ្សាយឯករាជ្យ មានរាយនាមអង្គការឧបត្ថម្ភថវិកាមួយចំនួនដូចជា មូលនិធិ Open Society និង Bread for the World ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អង្គការ Diakonia របស់ស៊ុយអែត និងអង្គការ DanChurchAid របស់ដាណឺម៉ាក។
កាលពីខែកញ្ញាឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាចាត់វិធានការប្រឆាំងនឹងស្ថានីយដៃគូរបស់វីអូឌី ដែលស្ថានីយទាំង៥នេះស្ថិតនៅក្នុងចំណោមស្ថានីយវិទ្យុ FM ចំនួន៣២នៅតាមខេត្តចំនួន២០នៃប្រទេសកម្ពុជាដែលត្រូវប៉ះពាល់។ វិធានការប្រឆាំងនឹងបណ្តាញផ្សាយផ្សាយនេះបានធ្វើឲ្យវីអូឌីបាត់បង់អ្នកស្តាប់តាមវិទ្យុទាំងអស់ភ្លាម ហើយអនុញ្ញាតឲ្យរដ្ឋាភិបាលបំបិទសំឡេងរិះគន់ក្នុងស្រុកដោយមិនបានបិទប្រតិបត្តិការផលិតកម្មវិធីរបស់វីអូឌីនោះទេ។
លោក ណុប វី ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងប្រាប់ VOA ថា ទោះបីលែងមានបណ្តាញចែកផ្សាយតាមវិទ្យុក៏ដោយ ក៏វីអូឌីពេលនោះនៅបន្តផលិតកម្មវិធីសំខាន់ៗរបស់ខ្លួនដូចជាកម្មវិធី«តុមូលវីអូឌី» ខណៈដែលស្ថាប័នព័ត៌មានឯករាជ្យមួយនេះបន្តព្យាយាមរកដំណោះស្រាយ។
ដោយវីអូឌីពេលនោះនៅមានបុគ្គលិកដែលធ្លាប់តែផលិតកម្មវិធីសម្រាប់វិទ្យុនោះ លោក ណុប វី ថា ការបាត់បង់បណ្តាញផ្សាយតាមវិទ្យុ ធ្វើឲ្យរយៈពេលប៉ុន្មានខែក្រោយការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជារយៈពេលលំបាកហើយកម្មវិធីផ្សាយត្រូវជួបការរអាក់រអួលយ៉ាងខ្លាំង។
លោកថា ស្ថានភាពលំបាកនេះ ក៏បានបង្ខំឲ្យវីអូឌីត្រូវគិតគូរឡើងវិញពីយុទ្ធសាស្ត្រនៃការផ្សាយរបស់ខ្លួន៖ «អញ្ចឹងយើងជួបបញ្ហាហ្នឹង យើងក៏បានរៀបចំឲ្យមានជាវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ភ្លាមៗនៅក្នុងដើមឆ្នាំ២០១៨ ហើយចាប់ពីពេលហ្នឹងមក យើងមានការវិវត្តខ្លួនយើងខ្លាំងទៅលើផ្នែកឌីជីថល។»
លោក ណុប វី ពន្យល់បន្ថែមថា ពេលនោះវីអូឌីបានសម្រេចប្រែក្លាយការផលិតកម្មវិធីវិទ្យុរបស់ខ្លួនឲ្យទៅជាការផលិតកម្មវិធីទូរទស្សន៍តាមអនឡាញវិញ ដោយប្រែក្លាយកម្មវិធីផ្សាយតាមវិទ្យុនានារបស់ខ្លួនឲ្យមកជាការផ្សាយតាមបណ្តាញអ៊ីនធឺណិតវិញ។ កម្មវិធី «វីអូឌីតុមូល» ក៏ប្រែក្លាយជាទម្រង់កម្មវិធីទូរទស្សន៍ដែលផ្សាយតាមបណ្តាញហ្វេសប៊ុកជាចម្បង និងផ្សាយឡើងវិញតាមទំព័រ YouTube របស់វីអូឌីដែរ។
ប្រធានបទក្តៅ កម្មវិធីផ្សាយដែលវែកញែក
ចាប់តាំងពីការចាប់កំណើតជាថ្មីជាកម្មវិធីតាមអនឡាញទាំងស្រុងមកនោះ កម្មវិធី «តុមូលវីអូឌី» ដែលផ្សាយផ្ទាល់ចេញពីបន្ទប់ផ្សាយមួយនៅការិយាល័យវីអូឌីក្នុងសង្កាត់បឹងកេងកងទី១ដ៏ពេញនិយមរបស់រាជធានីភ្នំពេញ នៅតែបន្តផ្តោតទៅលើប្រធានបទព័ត៌មាននានាដែលពេលខ្លះត្រូវបានចាត់ទុកថាជាប្រធានបទរសើបខាងនយោបាយ។
នៅក្រោយពេលសម្របសម្រួលកម្មវិធីផ្សាយតុមូលវីអូឌីមួយរយៈពេលមួយម៉ោងកាលពីខែកញ្ញាកន្លងទៅអំពីអំពើពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា អ្នកស្រី លឹម ធីតា ដែលមានទឹកមុខនឿយហត់បន្តិច សម្តែងនូវក្តីរីករាយដែលអ្នកស្រីអាចបម្រើការខាងវិស័យសារព័ត៌មានក្នុងស្ថាប័នព័ត៌មានឯករាជ្យមួយបាន។ ប្រធានបទដែលអ្នកស្រីបានសម្របសម្រួលមុននោះជាប្រធានបទរសើបមួយនៅកម្ពុជា ពីព្រោះវាអាចទម្លាយឲ្យឃើញអំពីអំពើពុករលួយក្នុងជួររដ្ឋាភិបាល និងការប្រព្រឹត្តមិនត្រឹមត្រូវរបស់មន្ត្រី និងអ្នកមានអំណាច រួមទាំងមន្ត្រីដែលមានតួនាទីប្រឆាំងនឹងអំពើពុករលួយផងដែរ។
អ្នកស្រី លឹម ធីតា រីករាយនឹងលទ្ធផលខ្លះៗដែលអាចកើតមានពីកម្មវិធីសារព័ត៌មានវិជ្ជាជីវៈបែបនេះថា៖ «ខ្ញុំពេញចិត្តចំពោះកិច្ចការងារហ្នឹង ហើយបើទោះបីជាអ្នកមានផលប្រយោជន៍លើហ្នឹងមិនសប្បាយចិត្ត ក៏ប៉ុន្តែយើងមានមោទនភាពនៅពេលដែលយើងបានផ្សព្វផ្សាយព័ត៌មានឬក៏កង្វល់របស់ប្រជាពលរដ្ឋ ហើយត្រូវបានមន្ត្រីថ្នាក់លើ គាត់យកចិត្តទុកដាក់ដោះស្រាយ។»
ជាការណ៍ពិត នៅមុននោះបន្តិច វាគ្មិនមួយនៃកម្មវិធីរបស់អ្នកស្រីនៅថ្ងៃនេះ គឺ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទទួលស្គាល់ថារដ្ឋាភិបាលលោកហ៊ុន សែនមានសាវតារមិនល្អខ្លះនៅក្នុងការចាត់វិធានការដាក់ពិន័យ ចំពោះមេធាវីនិងចៅក្រមរបស់ខ្លួនដែលបានប្រព្រឹត្តអំពើពុករលួយ។
មន្ត្រីរដ្ឋាភិបាលរូបនេះថ្លែងថា៖ «យើងក៏បានធ្វើការដោះស្រាយច្រើនរួចមកហើយពាក់ព័ន្ធទៅនឹងអំពើពុករលួយភាពអសកម្មរបស់មន្ត្រីយុត្តិធម៌របស់យើង រួមទាំងភាពមិនប្រក្រតីដែលប្រព្រឹត្តដោយមេធាវីដែលជាសមាជិកគណៈមេធាវី។ ហើយយើងបានដាក់ចេញជាវិធានការនិងដោះស្រាយបានច្រើន ក៏ប៉ុន្តែយើងទទួលស្គាល់បញ្ហានៅមាន វានៅមានជាបុគ្គលដែលតែងធ្វើការឆ្លៀតឱកាស»។
លោកជិន ម៉ាលីន ពន្យល់បន្ថែមនៅក្នុងកម្មវិធីតុមូលផ្សាយផ្ទាល់នោះថា នៅឆ្នាំ២០១៨មានមន្ត្រីជាចៅក្រម និងព្រះរាជអាជ្ញាជិត២០រូបដែលបានទទួលវិធានការពិន័យ។
នៅពេលនោះ វាគ្មិនមួយរូបទៀតនៅក្នុងកម្មវិធីតុមូលវីអូឌីគឺ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់របស់រដ្ឋាភិបាល បានប្រតិកម្មនឹងប្រសាសន៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ដោយលោក ពេជ្រ ស្រស់ រិះគន់ថា វិធានការចំពោះមន្ត្រីយុត្តិធម៌ដែលពុករលួយ មិនមានតម្លាភាពគ្រប់គ្រាន់ទេ។
អ្នកសម្របសម្រួល លឹម ធីតា នៅពេលនោះក៏ទទួលសំណួរ និងមតិពីអ្នកស្តាប់ដែលបានទូរស័ព្ទចូលមួយចំនួន ហើយបញ្ចប់ការទទួលមតិនេះដោយអានខ្លឹមសារទាំងស្រុងនៃមតិរបស់ប្រិយមិត្តមួយរូបដែលបានចូលរួមមតិតាមបណ្តាញសង្គមហ្វេសប៊ុក នៅពីក្រោមវីដេអូផ្សាយផ្ទាល់នោះថា៖ «នាងខ្ញុំសូមអានខូមិនថ៍(មតិ)មួយពីហ្វេសបុក [...]៖ អំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ គួរឲ្យអស់សំណើច សូម្បីតែប្រព័ន្ធយុត្តិធម៌ដែលជា[ស្ថាប័ន]អនុវត្តច្បាប់ពុករលួយហើយ ដូច្នេះរដ្ឋបាលសាធារណៈផ្សេងៗទៀតមិនដឹងស៊ីរូងដល់ខួរឆ្អឹងហើយក៏មិនដឹង។»
ទស្សនាកម្មវិធី«តុមូលវីអូឌី»ថ្ងៃទី១១ ខែកញ្ញា ត្រង់នេះ៖
ការលំបាកសម្រាប់សារព័ត៌មានឯករាជ្យមានបន្ត
រហូតមកដល់ពេលនេះ ប្រធានបទរសើបនានាដែលកម្មវិធីតុមូលបានលើកយកមកពិភាក្សាមិនទាន់បានបង្កឲ្យមានបញ្ហាអ្វីជាមួយមន្ត្រីរដ្ឋាភិបាលនៅឡើយ ដោយអ្នកស្រី លឹម ធីតា អះអាងថា ការណ៍នេះក៏អាស្រ័យដោយកម្មវិធីកិច្ចពិភាក្សានេះធ្វើឡើងប្រកបដោយវិជ្ជាជីវៈសារព័ត៌មាន ដោយកិច្ចពិភាក្សាប្រធានបទនីមួយៗ ទោះបីរសើបយ៉ាងណាក៏ដោយ តែងតែបញ្ចូលទស្សនៈមានតុល្យភាព និងគ្រប់ជ្រុងជ្រោយ រួមទាំងទស្សនៈរបស់មន្ត្រីរដ្ឋាភិបាលផងដែរ។
សូម្បីវាគ្មិនលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានបង្ហាញមុខលើកញ្ចក់ទូរស្សន៍អនឡាញនេះ ក្បែរលោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្ស អាដហុក ក៏បានសរសើរកម្មវិធីតុមូលវីអូឌីថាបានជួយនាំសារ និងទស្សនៈរបស់លោកទៅកាន់ប្រជាពលរដ្ឋដែរ។
លោក ជីន ម៉ាលីន បញ្ជាក់ប្រាប់ VOA ក្រោយកម្មវិធីផ្សាយផ្ទាល់នោះថា៖ «អ្វីដែលយើងទទួលបានគឺជាការជជែកគ្នាមួយដែលមានការយោគយល់គ្នា។ ពីព្រោះ មែនទែនទៅ ជួនកាលដូច បងនៅខាងសង្គមស៊ីវិល យើងធ្វើការដើម្បីអភិវឌ្ឍសង្គមដូចគ្នាទេ ក៏ប៉ុន្តែពេលខ្លះយើងមានរបៀបរបបនៃការធ្វើការផ្សេងគ្នា បញ្ហាប្រឈមក៏មានផ្សេងគ្នាដែរ។ អញ្ចឹងជាការល្អក្នុងការអង្គុយជជែកគ្នា ផ្លាស់ប្តូរយោបល់ ហើយទទួលយកក្តីបារម្ភពីគ្នាទៅវិញទៅមក ហើយដាក់ចេញជាដំណោះស្រាយរួម។»
បើទោះបីជាកម្មវិធីតុមូលវីអូឌីតំណាងឲ្យពន្លឺនៃក្តីសង្ឃឹមខ្លះនៅក្នុងបរិយាកាសសារព័ត៌មានមួយដែលរឹតត្បឹតក្តី ក៏វិទ្យុវីអូឌីនៅតែត្រូវបង្ហាញឲ្យបានថា ការផ្សាយថ្មីតាមទម្រង់អនឡាញរបស់ខ្លួនអាចទាក់ទាញមកវិញនូវអ្នកស្តាប់កម្មវិធីវិទ្យុរាប់លាននាក់ដែលវីអូឌីបានបាត់បង់នៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាលពីជាងពីរឆ្នាំមុន។
អ្នកស្រី លឹម ធីតា ដែលជាប្រធានផ្នែកផលិតកម្មវិធីវិទ្យុផងនោះ រំឭកថា៖ «កាលពីមុនយើងធ្វើរ៉ាដយូ(វិទ្យុ) ប្រិយមិត្តរបស់យើងរ៉ាដយូ ហើយប្រិយមិត្តយើងច្រើន ហើយគាត់អាចរួម ដូចក្នុងមួយម៉ោងយើងអាចទទួលបានប្រាំនាក់ប្រាំមួយនាក់ទេ។ ប៉ុន្តែគាត់ខល(ទូរស័ព្ទ)មកចូលរួមមានច្រើន។ ប៉ុន្តែដល់ពេលយើងបម្លែងពី[វិទ្យុុមកឌីជីថល] យើងឃើញថាការថយចុះនៃខល័រ (អ្នកទូរស័ព្ទចូល)។»
ដោយសារបណ្តាញសង្គមហ្វេសប៊ុកនិងអ៊ីនធឺណិត ទើបតែក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីនេះ បានក្លាយជាប្រភពព័ត៌មានចម្បងសម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺមានប្រជាប្រិយភាពជាងបណ្តាញទូរទស្សន៍និងវិទ្យុ ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថលថ្មីនេះនៅមានលក្ខណៈថ្មីថ្មោងនៅឡើយ ដោយមានបច្ចេកទេសនៃការផ្សាយពាណិជ្ជកម្ម ការរឹតត្បឹតកម្រិតផ្សព្វផ្សាយអាចមើលឃើញដោយសាររូបមន្តលេខកូដអ៊ីនធឺណិត ឬ algorithm ខណៈដែលមានព័ត៌មានអំពីភាពចម្រូងចម្រាសអំពីការរឹតត្បឹតសេរីភាពលើបណ្តាញអ៊ឹនធឺណិត និងការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំជាដើម។
ការប្រឈមខាងផ្នែកនយោបាយ និងហិរញ្ញវត្ថុដែលស្ថាប័នសារព័ត៌មានឯករាជ្យដូចជាវិទ្យុវីអូឌីនេះ ជួបប្រទះ នៅពេលបង្វែរមកផ្សាយទាំងស្រុងក្នុងប្រព័ន្ធអ៊ឺនធឺណិតនោះ ជាការលំបាកមិនធ្ងន់ធ្ងរដូចសោដនាដកម្មមួយទៀត គឺការបាត់បង់មធ្យោបាយផ្សាយតាមវិទ្យុទាំងស្រុង។ នេះបើតាមការបញ្ជាក់របស់លោក Daniel Bastard នៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។
លោក Bastard ពន្យល់ប្រាប់ VOA ថា៖ «វាប្រាកដណាស់ថា ស្ថានភាពនៃ[សារព័ត៌មានឯករាជ្យ]កន្លងទៅអាចធ្ងន់ធ្ងរជាងនេះខ្លាំងណាស់ប្រសិនបើអត់មានបណ្តាញអ៊ីនធឺណិតសម្រាប់ផ្សាយ ប៉ុន្តែកន្លងទៅការផ្សាយតាមវិទ្យុជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ជូនព័ត៌មានដល់សហគមន៍នានានៅតំបន់ដាច់ស្រយាល ដើម្បីអាចផ្សាយព័ត៌មាន[ជាសំឡេង]ទៅដល់ប្រជាជនដែលមិនចេះអក្សរ ដែលមិនអាចអានព័ត៌មានជាអត្ថបទសរសេរ[ក្នុងអនឡាយ]បាន»។
លោកបន្ថែមថា «ព័ត៌មានតាមអនឡាញមិនអាចជំនួសព័ត៌មានតាមវិទ្យុបានទេ ជាពិសេសដោយសារព័ត៌មានតាមអ៊ីនធឺណិតមានការចែកចាយមិនសើ្មភាពគ្នា។»
លោក Daniel Bastard មានសុទិដ្ឋិនិយមថា គេអាចជំរុញព័ត៌មានឯករាជ្យតាមអនឡាយដោយផ្អែកលើមូលដ្ឋានគ្រឹះនៃអ្វីដែលលោកបានហៅថា «ប្រពៃណីនៃវេទិកាការជជែកសាធារណៈនិងការអភិវឌ្ឍវិស័យសារព័ត៌មាន» នៅកម្ពុជាដែលមានក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក ហើយបើទោះបីបច្ចុប្បន្នប្រទេសកម្ពុជាបានក្លាយជារដ្ឋគ្រប់គ្រងបែបឯកបក្សក្តី។ ប៉ុន្តែលោកនៅមានការបារម្ភអំពីប្រតិបត្តិការរបស់ស្ថាប័នសារព័ត៌មានឯករាជ្យដូចវីអូឌីដែលនៅរស់រានក្រោយការបង្ក្រាបឆ្នាំ២០១៧ ប្រសិនបើវីអូឌីកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងតាមបណ្តាញអ៊ីនធឺណិតឬកាន់តែពង្រីកការធ្វើព័ត៌មានបែបស៊ើបអង្កេតបន្ថែមទៀតនោះ»។
មន្ត្រីរដ្ឋាភិបាលតែងបដិសេធថា រដ្ឋាភិបាលលោកហ៊ុន សែនមិនបានព្យាយាមរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយនោះទេ ទោះបីតាមមធ្យោបាយអនឡាញ ឬតាមមធ្យោបាយផ្សព្វផ្សាយផ្សេងទៀតដូចវិទ្យុនិងទូរទស្សន៍ក៏ដោយ។ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ VOA ក្នុងពេលថ្មីៗនេះថា ការដកអាជ្ញាប័ណ្ណ និងការបិទការផ្សាយរបស់ស្ថានីយវិទ្យុនៅក្នុងការបង្ក្រាបនៅឆ្នាំ២០១៧ ជាការត្រឹមត្រូវដោយលោកបញ្ជាក់ថា៖ «ចំណុចមួយចំនួនដែលកើតឡើងកាលពីឆ្នាំ២០១៧ ២០១៨ គឺគ្រាន់តែថាយើង ទាមទារឲ្យអ្នកសារព័ត៌មានអស់ហ្នឹងគោរពទៅតាមវិធានច្បាប់ដែលយើងមានជាធរមានតែប៉ុណ្ណឹងទេ»។
លោក ណុប វី ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាអង្គការមេគ្រប់គ្រងកម្មវិធីវិទ្យុវីអូឌី សង្ឃឹមថា ការបន្តធ្វើកិច្ចការកែប្រែអភិវឌ្ឍខ្លួនឲ្យទៅជាបណ្តាញផ្សាយតាមឌីជីថល ដែលរួមមានការបង្កើតគេហទំព័រព័ត៌មានវីអូឌីជាភាសាអង់គ្លេសក្នុងពេលថ្មីៗនេះផង នឹងអាចទាក់ទាញអ្នកអាននិងទទួលព័ត៌មានវីអូឌីកាន់តែច្រើន ក្នុងចំនួនមួយដែលអាចជំនួសឲ្យចំនួនអ្នកស្តាប់កម្មវិធីវិទ្យុវីអូឌីរាប់លាននាក់ដែលត្រូវបាត់បង់ក្រោយការបង្ក្រាបនៅឆ្នាំ២០១៧។
លោក ណុប វី ថ្លែងថា ដរាបណាកម្មវិធីដូចជា«តុមូលវីអូឌី» អាចបន្តជំរុញនូវកិច្ចពិភាក្សាសាធារណៈក្នុងទម្រង់មួយដែលមានប្រយោជន៍ ទាំងសម្រាប់ប្រជាពលរដ្ឋនិងសម្រាប់រដ្ឋាភិបាលផងដែរនោះ លោកគិតថាកម្មវិធីវីអូឌីនឹងអាចបន្តការផ្សាយរបស់ខ្លួនទៀត។
លោក ណុប វី បញ្ជាក់ពីកិច្ចការសារព័ត៌មានតាមបណ្តាញឌីជីថលទៅអនាគតថា៖ «ការបារម្ភនៅតែជាផ្នែកតូចនៅឡើយទេ អ្វីដែលយើងធ្វើហ្នឹង [កិច្ចការសារព័ត៌មាន] ជានិច្ចកាលវាតែងតែមានការប៉ះទង្គិចហើយ។ យើងអត់ចាំបាច់ទៅដល់មានភាពជោគជ័យអ្វីច្រើនផង។ ខ្ញុំគិតថាក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្នកពាក់ព័ន្ធឬមួយក៏រដ្ឋាភិបាលក៏តាមដាន ក៏មើលកម្មវិធីរបស់យើងដែរ។
នៅពេលសួរថា នៅពេលខាងមុខនេះ ថាតើវីអូឌីនៅក្នុងអនឡាញអាចទទួលការបិទ ឬមិនបិទពីរដ្ឋាភិបាលនោះ លោក ណុប វី គិតថា វាអាស្រ័យលើកត្តាបច្ចេកវិទ្យាផង និងកត្តាផ្សេងទៀតដែលស្ថាប័នលោកមិនអាចទស្សន៍ទាយមុនបានថារដ្ឋាភិបាលអាចមានវិធានការអ្វីទៀតនៅពេលខាងមុខនោះ។
«យើងប្រហែលជាត្រូវការពេលវេលាបន្តទៀត ឬមួយក៏យើងដើរមួយជំហាន យើងអាចមើលមួយជំហានអញ្ចឹង៕»